ក្រុមអ្នកការពារសិទ្ធិមនុស្សជាង ២០០នាក់បានប្រមូលផ្ដុំគ្នានៅថ្ងៃសុក្រនេះ នៅទីលានប្រជាធិបតេយ្យថ្មីក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញនៅក្នុងប្រទេសកម្ពុជា ដោយបានលើកឡើថាអ្វីដែលពួកខ្លួនបាននិយាយរងសម្ពាធកាន់តែខ្លាំង។
ក្នុងឱកាសប្រារព្ធខួបទី៧៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិ សកម្មជននិយាយថាស្ថានភាពបច្ចុប្បន្ននេះ វាមិនមានរឿងគួរឲ្យអំណរច្រើននោះទេ។
លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានធ្លាក់ចុះក្នុងអំឡុងវិបត្តិកូវីដ-១៩ រយៈពេលពីរឆ្នាំមកនេះ ដោយថានាំឲ្យករណីបំពានសិទ្ធិមនុស្សមានការកើនឡើង។
លោកមានប្រសាសន៍ថា៖ «យើងបារម្ភអំពីការគំរាមកំហែងលើសិទ្ធិបញ្ចេញមតិ ការម្រមូលផ្ដុំ និងការជួបជុំផ្នែកនយោបាយ» ដោយលោកបន្ថែមថា៖ «យើងក៏បារម្ភអំពីការបន្តចាប់ខ្លួន និងអំពើហិង្សាប្រឆាំងនឹងសកម្មជន និងអ្នកនយោបាយ ខណៈដែលអាជ្ញាធរមិនទាន់បានរកឃើញជនដៃដល់ ឬឃាតករ»។
សកម្មជនបរិស្ថាន កញ្ញា ស៊ុន រដ្ឋា ជាសមាជិករបស់អង្គការមាតាធម្មជាតិ ដែលទើបត្រូវបានដោះលែងពីពន្ធនាគារ កាលពីដើមខែវិច្ឆិកា ក្រោយជាប់ឃុំអស់ប្រាំខែដោយសារការតស៊ូមតិ បានលើកឡើងថា សកម្មជនបរិស្ថានមិនត្រូវបានអាជ្ញាធរលើកទឹកចិត្តនោះទេ តែផ្ទុយទៅវិញមានតែការហាមឃាត់ និងគំរាមកំហែង។
កញ្ញាឲ្យដឹងនៅថ្ងៃសុក្រនេះថា៖ «ខ្ញុំសូមជំរុញឲ្យរដ្ឋាភិបាលទម្លាក់រាល់បទចោទប្រឆាំងនឹងសកម្មជនបរិស្ថាន ក៏ដូចជាសកម្មជនផ្សេងទៀត ដែលបានប្រើប្រាស់សិទ្ធិរបស់ខ្លួន ដូចជាយុវជន ក៏ដូចជាជនរងគ្រោះបញ្ហាដីធ្លី»។
ដូចគ្នាដែរ កញ្ញា ឈឿន ដារ៉ាវី សមាជិករបស់ក្រុមយុវជនខ្មែរថាវរៈ ដែលត្រូវទើបដោះលែងពីពន្ធនាគារនៅថ្ងៃជាមួយ កញ្ញា រដ្ឋា ដែរនោះ បានលើកឡើងថា សិទ្ធិធ្វើការរបស់ខ្លួនបានរងការគំរាមកំហែងជាច្រើនពីអាជ្ញាធរ។
កញ្ញាបន្ថែមថា៖ «មានបញ្ហាសង្គមជាច្រើន ដូចជាបញ្ហាព្រៃឈើ និងអយុត្តិធម៌សង្គម ដែលអាចបង្អាក់ស្មារតីយុវជន ដែលចូលរួមខ្វល់ខ្វាយពីរឿងសង្គម»។

ការជួបជុំនៅថ្ងៃសុក្រនេះ ធ្វើឡើងប្រហែលមួយខែបន្ទាប់ពីមានការដោះលែងសកម្មជនជាង១០នាក់ នៅសប្ដាហ៍តែមួយកាលពីខែវិច្ឆិកា ពីពន្ធនាគារ។ ភាគច្រើននៃអ្នកដែលត្រូវដោះលែងនោះ បានរងបទចោទពីបទញុះញង់ និងការចោទប្រកាន់ទាក់ទងនឹងការបញ្ចេញមតិរបស់ពួកគេ។ របាយការណ៍អង្គការលីកាដូ បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានចាប់ខ្លួនមនុស្ស ១៥៨នាក់ដោយសារតែការបញ្ចេញមតិតាមប្រព័ន្ធអនឡាញ ហើយក្នុងនោះមានមនុស្សចំនួន ៧៣នាក់ កំពុងនៅបន្តជាប់ឃុំនៅឡើយគិតត្រឹមចុងឆ្នាំនេះ។
របាយការណ៍អង្គការលីកាដូ លើកឡើងទៀតថារដ្ឋាភិបាលបានប្រើប្រាស់បណ្ដាញតាមដានដ៏ទូលំទូលាយរបស់ខ្លួនក្នុងការបង្ក្រាប ពិសេសលើសកម្មជន ដោយមានទាំងការបំពារបំពាន និងការចោទប្រកាន់បទឧក្រិដ្ឋ។
ការតវ៉ារបស់អង្គការសង្គមស៊ីវិលនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធការទូតពីសហរដ្ឋអាមេរិក អំពីអ្វីដែលក្រសួងពាណិជ្ជកម្មអាមេរិកបានហៅថាជាអំពើពុករលួយជាប្រព័ន្ធ និងការរំលោភសិទ្ធិមនុស្ស។
ដូចគ្នាដែរកាលពីខែវិច្ឆិកា សភាអាមេរិកក៏បានអនុម័តច្បាប់ដែលអាចបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹង «មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល យោធា ឬមន្ត្រីកងកម្លាំងប្រដាប់អាវុធផ្សេងទៀត» ដែលរងការចោទថាបានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ការដាក់ទណ្ឌកម្មអាចរួមទាំងការបង្កកទ្រព្យសម្បត្តិរបស់អ្នកទាំងនោះមាននៅសហរដ្ឋអាមេរិក និងរឹតត្បិតលើការចេញចូលទឹកដីអាមេរិក។
កាលពីសប្ដាហ៍មុន ក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសការរឹត្បឹតថ្មីបន្ថែមទៀតលើពាណិជ្ជកម្មជាមួយកម្ពុជា ហើយកាលពីថ្ងៃពុធ បានប្រកាសហាមឃាត់ការលក់អាវុធមកឲ្យកម្ពុជាផងដែរ។
ជាការឆ្លើយតបទៅនឹងការរឹតត្បឹនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរសារនៅលើហ្វេសប៊ុករបស់លោក ដោយបានបញ្ជាទៅមន្ត្រីយោធាឲ្យប្រមូលអាវុធ និងសម្ភារៈយោធារបស់អាមេរិកមករក្សាទុក ឬកំទេចចោល។
លោកបានរសេរសេរថា៖ «ទន្ទឹមនឹងនេះ ខ្ញុំសូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ ឱ្យធ្វើការត្រួតពិនិត្យឡើងវិញជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធា ដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង។
រដ្ឋាភិបាលកម្ពុជាបានច្រានចោលការចោទប្រកាន់ថាការបំពានសិទ្ធិមនុស្សមានការកើនឡើង ដោយអ្នកនាំពាក្យបានលើកឡើងផ្ទុយពីនេះវិញ។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា មិនមានការចាំបាច់ណាត្រូវស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញនោះទេ ដោយលោកថាស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាកំពុងតែល្អប្រសើរឡើង។ ជាមួយគ្នានេះដែរ លោកថា រដ្ឋាភិបាលបានមើលឃើញដែរពីស្ថានភាពសិទ្ធិមនុស្សដែលត្រូវការការធ្វើឲ្យល្អប្រសើរថែមទៀត។
លោកបន្តថា៖ «អ្វីដែលយើងត្រូវធ្វើគឺធ្វើឲ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកាន់តែប្រសើរឡើង។ មានបញ្ហាប្រឈមមួយចំនួននៅកើតមាន ដូចនេះយើងត្រូវតែយកចិត្តទុកដាក់លើកត្តាប្រឈមទាំងនោះ» ដោយលោកបន្ថែមថា៖ «សកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងអ្នកបំពានច្បាប់មិនមែនជាការរំលោភសិទ្ធិមនុស្ស ឬរឹតត្បឹតសេរីភាពបញ្ចេញមតិនោះទេ ប៉ុន្តែជាការអនុវត្តច្បាប់ក្នុងសង្គមប្រជាធិបតេយ្យ»។
លោកបន្ថែមទៀតថា ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិកនេះ គឺជាលទ្ធផលនៃបញ្ហាភូមិសាស្រ្តនយោបាយជាមួយប្រទេសចិន។
លោក លើកឡើងថា៖ «បញ្ហានីតិរដ្ឋ សិទ្ធិមនិស្ស និងប្រជាធិបតេយ្យ គឺគ្រាន់ជាលេសក្នុងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ អាមេរិកបានអនុវត្តស្ដង់ដារពីររវាងកម្ពុជា និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលមានស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអាក្រក់ជាងកម្ពុជា»។
ក្រុមអង្គការមិនមែនរដ្ឋាភិបាល និងសហជីពបានច្រានចោលការលើកឡើងបែបនេះ និងបានអំពាវនាវឲ្យរដ្ឋាភិបាលបើកលំហសិទ្ធិធ្វើនយោបាយសម្រាប់ការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ។

លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា អ្នកសារព័ត៌មាន និងសកម្មជនសិទ្ធិមនុស្សចំនួន ២៧រូប បានទទួលពានរង្វាន់ផ្នែកសិទ្ធិមនុស្ស ដោយសារតែអ្នកទាំងនោះបានធ្វើការសម្រាប់សង្គមទាំងមូល។
លោក យាង សុធារិន្ទ អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរី និងជាអ្នកបានទទួលពានរង្វាន់ម្នាក់ផង បានលើកឡើងថា ការទទួលស្គាល់នេះជាការលើកទឹកចិត្តពីក្រុមអង្គការសង្គមស៊ីវិលចំពោះអ្នកសារព័ត៌មាន និងសកម្មជនផ្សេងទៀត ដែលបានរងការធ្វើទុក្ខបុកម្នេញ និងប្រឈមការចោទប្រកាន់ពីតុលាការ។
លោកមានប្រសាសន៍ថា៖ «សម្រាប់ខ្ញុំ ពានរង្វាន់នេះជាការលើកទឹកចិត្តដ៏ធំមួយ ហើយវាក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់សង្គមស៊ីវិលចំពោះអ្វីដែលយើងបានធ្វើនាពេលកន្លងមក» លោកបន្ថែមថា៖ «វាក៏បង្ហាញដែរថា អ្វីដែលយើងបានធ្វើ គឺទទួលស្គាល់ដោយសង្គមស៊ីវិល ដែលវាខុសពីអ្វីដែលអាជ្ញាធរបានចោទប្រកាន់មកលើយើង»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Rights defenders urge government to restore civil space