ការសិក្សាថ្មីមួយរបស់គម្រោងនីតិរដ្ឋពិភពលោក (World Justice Project) ប្រចាំឆ្នាំ២០២១បានរកឃើញថា នីតិរដ្ឋនៅកម្ពុជាទាបជាងគេនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងមានចំណាត់ថ្នាក់ទី១៣៨ក្នុងចំណោមប្រទេស១៣៩នៃគម្រោងសិក្សា ប៉ុន្តែមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចាត់ទុកថារបាយការណ៍នេះមិនអាចជឿទុកចិត្តបាន។
គម្រោងនីតិរដ្ឋពិភពលោក ចេញរបាយការណ៍កាលពីសប្តាហ៍មុនដោយផ្អែកស្ថានភាពវិស័យចំនួន៨ រួមមាន៖ ការប្រឈមនៃអំណាចរដ្ឋាភិបាល អវត្តមាននៃអំពើពុករលួយ រដ្ឋាភិបាលបើកចំហ សិទ្ធិជាមូលដ្ឋាន សណ្ដាប់ធ្នាប់និងសន្តិសុខ ការអនុវត្តច្បាប់ យុត្តិធម៌ស៊ីវិល និងយុត្តិធម៌ព្រហ្មទណ្ឌ។ វិស័យទាំង៨នេះ ក៏បែងចែកជាចំណុចតូចៗ ជាច្រើនទៀត ដោយមានការសិក្សាលើការប្រឈមនៃអំណាចរដ្ឋាភិបាល។ គម្រោងនេះបានសិក្សាលើ៦ចំនុចតូចៗ ដូចជាវិសាលភាពនៃបទបញ្ញត្តិ វិសាលភាពនៃតុលាការ ការត្រួតពិនិត្យឯករាជ្យ ទណ្ឌកម្មលើការប្រព្រឹត្តខុសក្រមសីលធម៌ ដំណើរការត្រួតពិនិត្យពីភាគីមិនមែនរដ្ឋាភិបាល ការផ្ទេរអំណាចដោយស្របច្បាប់។
ការសិក្សានេះផ្ដល់ពិន្ទុចន្លោះពីសូន្យដល់១ ឬបានន័យថាពិន្ទុសូន្យទាបជាងគេនិងពិន្ទុមួយខ្ពស់ជាងគេ។ លទ្ធផលបង្ហាញថា គ្មានវិស័យណាដែលប្រទេសកម្ពុជា មានពិន្ទុដល់០,៥ឡើយ។ ក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន១៥ដែលគម្រោងបានសិក្សា ប្រទេសណូវែលសឺឡង់ ឈរនៅលើគេដោយបានពិន្ទុ០,៨៣ ខណៈដែលកម្ពុជានៅបាតតារាងដោយមានពិន្ទុ 0,៣៣។ បើគិតប្រទេសទាំង១០នៅអាស៊ាន សិង្ហបុរីឈរខ្ពស់ជាងគេ បានពិន្ទុ០,៧៨ ហើយកម្ពុជានៅក្រោមគេបង្អស់។
របាយការណ៍នេះបញ្ជាក់ថា៖ «យើងសង្ឃឹមថា លទ្ធផលដែលបានរកឃើញនេះនឹងជួយបណ្ដាប្រទេសនីមួយៗឱ្យបានដឹងច្បាស់ពីភាពខ្លាំងឬចំណុចខ្សោយដើម្បីឱ្យពួកគេរៀបចំគោលនយោបាយកែលម្អស្ថានភាពនីតិរដ្ឋរៀងៗខ្លួន»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បី អភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា របាយការណ៍សិក្សាស្រាវជ្រាវនេះគួរឱ្យចាប់អារម្មណ៍។ លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជាគួរពិចារណាដើម្បីកែលម្អទង្វើឬចំណុចខ្វះខាតរបស់ខ្លួនដើម្បីពង្រឹងនីតិរដ្ឋឡើងវិញ។
លោក យង់ គឹមអេង មានប្រសាសន៍ថា៖ «ធម្មតាការលទ្ធផលនៃការសិក្សាស្រាវជ្រាវមិនមែនសុទ្ធតែត្រឹមត្រូវឥតខ្ចោះនោះទេ តែរាជរដ្ឋាភិបាលចាំបាច់ណាស់ត្រូវធ្វើការកែលម្អ ចំណុចខ្វះខាត ឧទាហរណ៍ដូចជាករណីអំពើពុករលួយ បក្សពួកនិយម វប្បធម៌អន្តរាគមន៍ ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ ដើម្បីធ្វើឱ្យមានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ»។
ឆ្លើយតបនឹងការលើកឡើងនេះ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានហៅរបាយការណ៍នេះថា របាយការណ៍មិនគួរឱ្យទុកចិត្ត។ លោកថែមទាំងបានស្នើជួបតំណាងគម្រោងនីតិរដ្ឋពិភពលោក ដើម្បីស្វែងយល់បន្ថែមពីរបាយការណ៍សិក្សាស្រាវជ្រាវនេះ។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា ៖«អ្វីដែលចម្លែកមិនដឹងគេប្រើវិធីសាស្ត្រស្រាវជ្រាវរបៀបម៉េច បានជាប្រទេសដែលមានស្ថានភាពនីតិរដ្ឋ ប្រជាធិបតេយ្យយ៉ាប់យ៉ឺនជាងកម្ពុជាឆ្ងាយណាស់ បែរជាបានពិន្ទុនៅលើកម្ពុជា ប្រទេសខ្លះដឹកនាំរបបយោធា ខ្លះធ្វើរដ្ឋប្រហារខ្លះកាន់លទ្ធិកុម្មុយនីសផ្ដាច់ការ។ ខ្ញុំនឹងជួបពួកគេដើម្បីស្វែងយល់ពីវិធីសាស្ត្រ ដាក់ពិន្ទុ តើគេប្រមូលពីប្រភពណាមក ទើបលទ្ធផលចេញមកលម្អៀងបែបនេះ »។
របាយការណ៍សិក្សាស្រាវជ្រាវរបស់ គម្រោងនីតិរដ្ឋពិភពលោក រកឃើញកម្ពុជាមានពិន្ទុខ្ពស់ជាងប្រទេសតែមួយគត់ គឺវេណេស៊ូអេឡា។
ស្រដៀងនឹងលោកជិន ម៉ាលីនដែរ នាយកវិទ្យាស្ថានទំនងទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា មានប្រសាសន៍ថា លោកមិនជឿលើរបាយការណ៍នេះដោយសារតែលោកសង្កេតឃើញថា ប្រទេសចំនួន៨បានទទួលចំណាត់ថ្នាក់ល្អជាងកម្ពុជា។ ប្រទេសទាំង៨នោះរួមមានសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (ចំណាត់ថ្នាក់១៣៧) អាហ្កានីស្ថាន (ចំណាត់ថ្នាក់១៣៥) ហៃទី (ចំណាត់ថ្នាក់១៣២) មីយ៉ាន់ម៉ា (ចំណាត់ថ្នាក់១២៨) ហ្វីលីពីន (ចំណាត់ថ្នាក់១០២) វៀតណាម (ចំណាត់ថ្នាក់៨៨) ថៃ (ចំណាត់ថ្នាក់៨០) កូសូវ៉ូ (ចំណាត់ថ្នាក់៦០)។លោកបន្តថា ភាគច្រើននៃប្រទេសខាងលើនោះ ពោរពេញដោយអំពើហិង្សា ផ្តាច់ការ រដ្ឋប្រហារ ពុករលួយ គ្រោះទុរ្ភឹក្ស កុម្មុយនិស្ត ការគ្រប់គ្រងដោយយោធា និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ជាដើម។
លោក គិន ភា បន្ថែមថា៖ «ទិន្នន័យដែលពួកគាត់ធ្វើហ្នឹងដូចជាទុកចោលយូរពេក ខ្ញុំសង្កេតឃើញថាទិន្នន័យដើម ពួកគាត់ជួលក្រុមហ៊ុនមួយឱ្យស្រង់ទិន្នន័យពីពលរដ្ឋនៅខេត្តបាត់ដំបង សៀមរាបនិងកំពង់ចាមសិក្សាតាំងពីឆ្នាំ២០១៤ ហើយធ្វើបច្ចុប្បន្នភាពនិងដាក់សន្ទទស្សន៍ថាឆ្នាំ២០២១។ យើងមិនមែនការពាររដ្ឋាភិបាលទេ តែជារូបភាពមួយដែលមិនល្អ និងមិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា»។
លោកបន្តថា ការវាយតម្លៃមិនត្រឹមត្រូវណាមួយ ធ្វើឱ្យខូចមុខមាត់កម្ពុជា និងប៉ះពាល់ដល់ភាពទាក់ទាញសម្រាប់ការវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជា។
ខេមបូចា មិនអាចស្វែងរកការបំភ្លឺបន្ថែមម្រោងនីតិរដ្ឋពិភពលោក តាមរយៈអ៊ីម៉ែលបាននៅឡើយគិតត្រឹមថ្ងៃទី១៨ខែតុលាឆ្នាំ២០២១។
ទោះជាបែបណាក្ដីគម្រោងនីតិរដ្ឋពិភពលោក បានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនថាការសិក្សារបស់ខ្លួនធ្វើឡើងដោយសុក្រិត្យនិងមានការផ្ទៀងផ្ទាត់ពីអ្នកជំនាញការតាមបណ្ដាប្រទេសនីមួយៗ។ គម្រោងនេះអះអាងថា ខ្លួនបានប្រមូលមតិពីបណ្ដាជនជាង១៣ម៉ឺននាក់និង បានជួបសម្ភាសន៍ជាមួយ អ្នកអនុវត្តច្បាប់និងជំនាញការប្រមាណ៤២០០នាក់នៅទូទាំងសកលលោក(១៣៩ប្រទេសដែលមានក្នុងរបាយការណ៍)។
លោក យង់ គឹមអេង លើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាគួរតែចាត់ចែងថវិកាជាតិចំណែកណាមួយ ដើម្បីពង្រីកការសិក្សាស្រាវជ្រាវពីបញ្ហាសង្គមនានា ដើម្បីឈានទៅរកការអភិវឌ្ឍដោយមានចក្ខុវិស័យវែងឆ្ងាយ។ លោក យង់ គឹមអេង បានបន្ថែមថា៖ «ខ្ញុំគិតថា រាជរដ្ឋាភិបាលគួរតែផ្ដល់ថវិកា ឱ្យស្ថាប័នឯករាជ្យណាមួយដើម្បីឱ្យគេធ្វើការសិក្សាស្រាវជ្រាវនានាពីគ្រប់បញ្ហាទាំងអស់ជៀសវាងប្រកែកយកឈ្នះ ពេលដែលមានការរកឃើញរបស់ស្ថាប័នអន្តរជាតិនានាម្ដងៗ។ ចំពោះលទ្ធផលដែលស្ថាប័ននោះ រកឃើញយ៉ាងណាមិនជាបញ្ហាទេ តែបញ្ហាត្រង់ថា រាជរដ្ឋាភិបាលនឹងទទួលយកការពិត ឬអត់?»៕