សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សង្គមស៊ីវិល និងបក្សប្រឆាំងបដិសេធចូលរួមស្តាប់ក្រសួងយុត្តិធម៌ពន្យល់ពីវិសោធកម្មរដ្ឋធម្មនុញ្ញ

តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចូលរួមសម័យប្រជុំពេញអង្គនៅរដ្ឋសភា ដើម្បីបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ចូលរួមសម័យប្រជុំពេញអង្គនៅរដ្ឋសភា ដើម្បីបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ក្រុមអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងដែលបានជំទាស់នឹងវិសោធនកម្មរដ្ឋធម្មនុញ្ញដែលទើបអនុម័តថ្មីៗនេះ បានឱ្យដឹងថាពួកគេមិនចូល​រួម​ស្តាប់ការ​ពន្យល់ពីការកែប្រែមាត្រាមួយចំនួន ដែលរៀបចំដោយក្រសួងយុត្តិធម៌នៅសប្តាហ៍នេះទេ។  ​

ក្រសួងយុត្តិធម៌​បាន​ប្រកាសឱ្យមានការចូលរួមប្រជុំ​ផ្ទាល់​រយៈពេល​បី​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ​ចាប់ពី​ថ្ងៃទី​២-៤ ខែសីហា ដើម្បី​ឆ្លើយតប​នឹង​ការចោទប្រកាន់​ថា វិសោធនកម្ម​នេះបាន​ធ្វើឱ្យ​ប្រព័ន្ធ​សភា​របស់​ព្រះរាជាណាចក្រកម្ពុជា​ចុះខ្សោយ។ វិសោធនកម្ម​ត្រូវ​បាន​រដ្ឋសភា​អនុម័ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ដោយសមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់។​

ក្រុមសង្គមស៊ីវិលជាង ១០០ និងគណបក្សនយោបាយចំនួន ៤ បានចេញសេចក្តីថ្លែងការណ៍ប្រឆាំងនឹងការធ្វើវិសោធនកម្មដែលស្នើឡើងដោយគណបក្សប្រជាជនកម្ពុជា ដោយថា ការកែប្រែនេះធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់រដ្ឋសភា ដែលជាអ្នកត្រួតពិនិត្យអំណាចរបស់រដ្ឋាភិបាល និងធ្វើឱ្យសិទ្ធិពលរដ្ឋចុះខ្សោយ។

លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា អាដហុក នឹងមិនចូលរួមកិច្ចប្រជុំរបស់ក្រសួងទេ ព្រោះមិនអាចនាំមកនូវការផ្លាស់ប្តូរអ្វីឡើយ។

លោក​បាន​បន្ត​ថា​៖ «​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​ច្បាប់​ដំណើរការ​ទៅ​ដោយ​រលូន​គួរ​តែ​ធ្វើ​ប្រជាមតិ​ក្នុង​ចំណោម​សាធារណជន និង​ភាគី​ពាក់ព័ន្ធ​។ ​មិន​មែន​មានន័យថា​ច្បាប់​ត្រូវ​បាន​អនុម័ត​រួចហើយ​​ ទើបមកផ្តល់ការពន្យល់តាមក្រោយអ៊ីចឹងទេ»។​

លោក កន សាវាង្ស មន្ត្រីសង្កេតការណ៍បោះឆ្នោតនៃអង្គការ COMFREL មានប្រសាសន៍ថាមិនមានការចាំបាច់ត្រូវទៅស្តាប់ការពន្យល់នោះទេ ដោយ​សារតែ​រដ្ឋសភាមិនបានអើពើនឹងកង្វល់ដែលត្រូវបានលើកឡើងដោយសង្គមស៊ីវិលតាំងពីមុនការ​អនុម័តច្បាប់នេះទៅហើយ។​

លោកថ្លែង​ថា៖ «រដ្ឋាភិបាលចាំបាច់ត្រូវបើកការជជែកដេញដោលជាសាធារណៈ ប្រសិនបើពួកគាត់ចង់ឱ្យ [ច្បាប់] មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលជារឿងសំខាន់នៅក្នុងសង្គមប្រជាធិបតេយ្យ ទោះបីជាគំនិតខ្លះមិនត្រូវបានទទួលយកក៏ដោយចុះ»។

គណបក្ស​នយោបាយ​ប្រឆាំង​ចំនួន​បួន រួមមានគណបក្ស​​ភ្លើងទៀន គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) គណបក្ស​កំណែទម្រង់​កម្ពុជា និង​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​បាន​ប្រឆាំង​ជា​សាធារណៈ​ចំពោះ​វិសោធនកម្ម​ច្បាប់​បាន​និយាយ​ថាពួកគេ​​​មិន​ចូលរួមកិច្ចប្រជុំនោះ​ទេ​។

អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា មានប្រសាសន៍ថា៖ «បើ​គ្រាន់​តែការ​បកស្រាយ​ ​​វា​គ្មាន​ប្រយោជន៍​ទេ។ វា​យឺត​ពេល​ហើយ​ព្រោះ​ច្បាប់​ត្រូវ​បាន​អនុម័តរួចហើយ។​ ​ប្រសិន​បើ​មាន​ការ​ជជែក​គ្នា​មុន​ពេល​ច្បាប់​នេះ​បាន​អនុម័ត វា​ជា​ការ​ល្អ»

ដូចគ្នាដែរ អគ្គលេខាធិការបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សាម អ៊ីន បានលើក​ឡើង​ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានផ្តល់ការពន្យល់ពីរដងរួចមកហើយ មានន័យថាមិនចាំបាច់សិក្សាបន្ថែមទេ។ លោកបាន​ថ្លែង​ថា​៖ «​គ្មាន​អ្វី​ត្រូវ​ចូលរួម​សម្រាប់​ការ​ពន្យល់​នោះ​ទេ»​។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា កិច្ចប្រជុំនេះគ្រាន់តែផ្តល់ការពន្យល់បន្ថែមដល់អ្នករិះគន់ ដើម្បីជៀសវាងការយល់ច្រលំ និងការបកស្រាយខុសតែប៉ុណ្ណោះ។

លោក​បាន​ថ្លែង​ថា​៖ «​ការ​រិះគន់​របស់​ពួកគេ​ផ្ទុយ​នឹងគោល​គំនិត​នៃ​វិសោធនកម្ម ពួកគេ​មិន​យល់​ពី​ច្បាប់ និង​មិន​មាន​ចំណេះដឹង​មូលដ្ឋាន​ពី​រដ្ឋធម្មនុញ្ញទេ​» លោកបានបន្តថា៖ «​ប្រសិនបើ​ពួកគេ​មិន​ចូលរួម វា​មានន័យថា​អ្វីៗ​ដែល​ពួកគេ​រិះគន់​គឺខុស ហើយ​ប្រសិនបើ​ពួកគេ​ក្លាហាន ហើយ​ជឿ​ថា​អ្វីដែល​ពួកគេ​និយាយ​ត្រូវ ពួកគេ​គួរតែ​មក​និយាយ​ដោយ​បើកចំហ​»

លោក ម៉ាលីន បាន​ថ្លែង​ថា ជា​ទូទៅ នីតិវិធីធ្វើ​​ច្បាប់​មិន​តម្រូវ​ឱ្យ​មាន​ការ​ពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ឡើយ ហើយ​រដ្ឋធម្មនុញ​ក៏មិនតម្រូវ​ដែរ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា ការធ្វើវិសោធនកម្មនេះ ធ្វើឡើងដើម្បីបំពេញចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ និងធានាដល់ដំណើរការនៃស្ថាប័នកំពូលរបស់ប្រទេស។ លោក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់ដែល​ថាការ​ធ្វើ​វិសោធនកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​សភានិយម​របស់​ព្រះរាជាណាចក្រកម្ពុជា​ចុះខ្សោយ។

ការផ្លាស់ប្តូរដែលបង្កើតក្តីបារម្ភបំផុតសម្រាប់ក្រុមសង្គមស៊ីវិល​និងបក្សប្រឆាំងនោះគឺមាត្រា៩៨និង១១៩ ដែលចែងពីការផ្លាស់ប្តូរអំណាច។

មាត្រា៩៨ចែងពីអំណាចរបស់សភាក្នុងការទម្លាក់សមាជិកគណៈរដ្ឋមន្រ្តីនិងរដ្ឋាភិបាលពីដំណែង។ ក្នុងមាត្រាចាស់ញត្តិបន្ទោសរាជរដ្ឋាភិបាល ត្រូវបានលើកឡើងជូនរដ្ឋសភាដោយតំណាងរាស្រ្តចំនួន៣០នាក់នៃសមាជិកសរុប១២៥នាក់នោះរដ្ឋសភាអាចលើកយកមកពិភាក្សាបាន ប៉ុន្តែក្នុងវិសោធនកម្មលើកទី១០នេះ ចំនួនតំណាងរាស្រ្តត្រូវមានរហូតដល់១ភាគ៣ ឬយ៉ាងហោចណាស់៤១នាក់។ គណបក្សប្រជាជនកម្ពុជា នៅអាណត្តិនេះកាន់កាប់កៅអីនៅក្នុងសភាទាំង១២៥។​

មាត្រា១១៩ ចែងពីការតែងតាំងនាយករដ្ឋមន្រ្តី និងការបង្កើតរដ្ឋាភិបាលថ្មី។ កាលពីមុនអំណាចក្នុងការតែងតាំងស្ថិតនៅក្នុងដៃប្រធាន និងអនុប្រធានទាំងពីរនៃរដ្ឋសភា។​ ការធ្វើវិសោធនកម្មបានផ្លាស់ប្តូរការទទួលខុសត្រូវទៅលើគណបក្សដែលមានកៅអីច្រើនជាងគេក្នុងរដ្ឋសភាទៅវិញ។

អ្នក​វិភាគ​នយោបាយ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា គោល​បំណង​របស់​រដ្ឋាភិបាលក្នុងការអញ្ជើញបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលចូលរួមស្តាប់ការពន្យល់ គឺដើម្បីកាត់​បន្ថយ​ការរិគន់​​របស់​សាធារណជនប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា​ការ​ពន្យល់​ពី​មុនហ្នឹង​ត្រូវ​បានគេ​យល់​យ៉ាង​ច្បាស់ហើយ»​។ លោកបានបន្ថែមថា៖ «ប៉ុន្តែការវា​មិន​អាច​លុប​បំបាត់​កង្វល់​បាន​ទេ ព្រោះបក្ស​កាន់​អំណាច និង​រដ្ឋសភា មិន​បាន​ឆ្លើយ​តប​ចំពោះក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ គណបក្ស​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួននៅឡើយទេ»៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ NGOs and political parties say they won’t attend Justice Ministry ‘explanation’ of new constitutional amendments

345 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម