លោកស្រី Wendy Sherman ជាអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលនូវអ្វី ដែលលោកស្រីបានហៅថា ជាការចោទប្រកាន់ដោយហេតុផលនយោបាយមកលើក្រុមសកម្មជន អ្នកកាសែត និង សមាជិកនៃគណបក្សសង្គ្រោះជាតិ (CNRP) និងដើម្បីបើកលំហនយោបាយនៅមុនការបោះឆ្នោតឃុំសង្កាត់និងថ្នាក់ជាតិនាងពេលខាងមុខ។
អំឡុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងភ្នំពេញ អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកក៏បានសង្កត់ធ្ងន់ថា ការការពារសិទ្ធិ មនុស្ស គឺជាកត្តាសំខាន់ក្នុងការរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។ ខណៈកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា លោកស្រី Sherman ក៏បានជួបជាមួយលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិក៏ដូចជាតំណាងមួយចំនួនមកពីក្រុមសង្គមស៊ីវិលផងដែរ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំតែមួយគត់ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទសមគំនិតជាមួយមហាអំណាចបរទេស ដែលតាមចោទថា បានចូលដៃជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោក កឹម សុខា បានអះអាងថា លោកគ្រាន់តែធ្វើសកម្មភាពត្រឹមត្រូវតាមច្បាប់និងតម្លាភាព ដើម្បីព្យាយាមឈ្នះការបោះឆ្នោត។ ការជំនុំជម្រះក្តីកំពុងបន្តនៅសាលាដំបូងរាជធានីភ្នំពេញ។
ដូចគ្នានេះដែរ គោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជាក៏ស្ថិតនៅក្រោមការតាមដានផងដែរ។ សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយស្ថាន ទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បន្ទាប់ពីជំនួបនេះ បានលើកឡើងថា លោក ស្រី Sherman បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអ្វី ដែលស្ថានទូតបានចាត់ទុកជាវត្តមានយោធាចិននិងការបន្តសាងសង់និងវាយកម្ទេចចោលមូលដ្ឋានកងទ័ពជើងទឹករាមនៅតាមបណ្តោយឆ្នេរសមុទ្រកម្ពុជា។
សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា មូលដ្ឋានយោធាចិននៅកម្ពុជាដែលត្រូវបានហាមឃាត់នៅក្រោមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា នឹង«ធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា គំរាមកំហែងដល់សន្តិសុខក្នុងតំបន់និងមានប៉ះពាល់អវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។
ទោះយ៉ាងណា នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីជំនួបនេះ ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត បានផ្តោតជាសំខាន់លើសំណើរបស់លោកនាយករដ្ឋមន្រ្តីឲ្យសហរដ្ឋអាមេរិកពិចារណាផ្លាស់ប្តូរបំណុលដែលបន្សល់ទុកតាំងពីរបប លន់ នល់ ក្នុងទសវត្សឆ្នាំ១៩៧០ ទៅជាជំនួយអភិ វឌ្ឍន៍។ លោកមិនបានលើកឡើងពីប្រសាសន៍របស់លោកស្រី Sherman ចំពោះស្ថានការណ៍នយោបាយនៅកម្ពុជា ឬវត្តមានយោធាចិននៅរាមនោះទេ។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការសិទ្ធិមនុស្សលីកាដូបានស្វា គមន៍ការអំពាវនាវរបស់សហរដ្ឋអាមេរិកឲ្យរដ្ឋាភិបាលទម្លាក់ចោលរាល់បទចោទ ប្រកាន់លើអ្នកជាប់ឃុំ ដែលត្រូវបានចាប់ខ្លួនក្នុងហេតុផលនយោបាយក៏ដូចជាការ បញ្ឈប់ការបង្ក្រាបលើសង្គមស៊ីវិលនិងសេរីភាពនៃការបញ្ចេញមតិ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា [រដ្ឋាភិបាល] គួរពិចារណាលើសំណើទាំងនោះ ទាក់ទងនឹងអ្នកទោសមនសិការ សកម្មជន…អ្នកការពារសិទ្ធិមនុស្ស»។ លោកបានចង្អុលបង្ហាញថា សហគមន៍អន្តរជាតិបានរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋាភិបាលបច្ចុប្បន្ន ដោយចោទប្រកាន់ថា បានធ្វើឱ្យអន្តរាយដល់លទ្ធិប្រជាធិប តេយ្យនិងសិទ្ធិមនុស្ស។ លោកមានប្រសាសន៍ថា ដោយមិនអើពើនឹងសំណើនេះ ប្រទេសកម្ពុជាអាចបន្តប្រឈមនឹងបញ្ហាសេដ្ឋកិច្ច។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រុមគ្រួសាររបស់សកម្មជនគណបក្សសង្គ្រោះជាតិដែលជាប់ពន្ធនាគារបានដាក់ញត្តិទៅស្ថានទូតសហរដ្ឋអាមេរិក ដោយទទូចឱ្យអន្តរាគមន៍ដោះលែងអតីតសមាជិកគណបក្សប្រឆាំង ដែលត្រូវបានជាប់ពន្ធនាគារពីបទរៀបចំផែនការផ្តួលរំលំរដ្ឋាភិបាល។
អ្នកស្រី សេង ចាន់ថន អាយុ៤៩ឆ្នាំ ភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារព្រៃសបានជំរុញឲ្យ លោកស្រី Sherman ដាក់សម្ពាធបន្ថែមទៀតលើរដ្ឋាភិបាលបច្ចុប្បន្ន ជុំវិញការធ្វើ ទុក្ខបុកម្នេញលើសមាជិកអតីតបក្សប្រឆាំង។
លោកស្រីបាននិយាយថា៖ «យើងសង្ឃឹមថា គាត់នឹងជួយដោះស្រាយស្ថាន ការណ៍នយោបាយ ជាពិសេសអ្នកដែលកំពុងជាប់ក្នុងពន្ធនាគារដោយសារតែការចោទប្រកាន់ក្រោមហេតុផលនយោបាយ ហើយដែលគ្មានកំហុស។ ពួកគេ [អាមេរិក] ជាប្រទេសម្ចាស់ជំនួយ ហើយពួកគេបានផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសកម្ពុជា ពួកគេនឹងជួយឬដាក់សម្ពាធលើរដ្ឋាភិបាលបច្ចុប្បន្ន»។
អ្នកស្រីបន្តថា អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានទទូចដល់រដ្ឋាភិបាលកម្ពុជាឱ្យធ្វើការបោះឆ្នោតតាមបែបប្រជាធិបតេយ្យពិតប្រាកដហើយបានចោទ ប្រកាន់រដ្ឋាភិបាលថា បានធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗ។
អ្នកស្រីបាននិយាយថា៖ «ឥឡូវនេះ នៅពេលយើងនិយាយចេញ ហើយមានកំហុសតូចតាច ពួកគេ [អាជ្ញាធរ] ចាប់ខ្លួនយើង»។
លោក ស៊ុន ធន់ ដែលជាសមាជិកក្រុមប្រឹក្សាស្រុកមកពីខេត្តកំពង់ធំបានជាប់ពន្ធនាគារអស់រយៈពេលមួយឆ្នាំពីបទរួមគំនិតក្បត់ និងញុះញង់ឲ្យយោធាមិនគោរពបទបញ្ជា។ ការចោទប្រកាន់នេះ ផ្តើមចេញពីការប៉ុនប៉ងរបស់លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សប្រឆាំង ដើម្បីវិលត្រឡប់មកប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩ និងការបង្កើតចលនាសង្គ្រោះជាតិកម្ពុជា បន្ទាប់ពីការរំលាយគណបក្ស។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានបង្កើតគណបក្សកំណែទម្រង់កម្ពុជា (CRP) បានមានប្រសាសន៍ថា លោកមិនរំពឹងថា នឹងមានភាពប្រសើរឡើងនៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកនោះទេ បន្ទាប់ពីកិច្ចប្រជុំនេះ។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាមិនអាចធ្វើឱ្យរដ្ឋាភិបាលផ្លាស់ប្តូរឥរិ យាបថរបស់ខ្លួននៅក្នុងកាលៈទេសៈទាំងនេះទេ»។ ដោយលោកបន្ថែមថា៖ «រដ្ឋាភិបាលនិងមេដឹកនាំគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្នគ្មានជំហរបន្ទន់ ឥរិយាបថរបស់ខ្លួននិងបាត់បង់អំណាចរបស់ខ្លួនឡើយ»។
លោក ប៉ុល ហំម អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ ដែលកាលពីខែមុនបានស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញនិងបានចូលរួមជាមួយ CRP ដែលទើបបង្កើតថ្មី បាននិយាយកាលពីថ្ងៃអង្គារថា លោកចង់ឲ្យប្រទេសកម្ពុជាមានទំនាក់ ទំនងល្អជាមួយប្រទេសទាំងអស់ក្នុងពិភពលោករួមទាំងប្រទេសមហាអំណាចទាំងខាងកើតនិងខាងលិច។ លោកបានបន្ថែមថា លោកជឿជាក់ថា រដ្ឋាភិបាលកម្ពុជាក៏ចង់បានភាពសុខុដុម និងការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋរបស់ខ្លួនដែរហើយថា រដ្ឋាភិបាលអាចនឹងទម្លាក់ការចោទប្រកាន់ទៅលើសកម្មជននានា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា រដ្ឋាភិបាលកម្ពុជានិងតុលាការនឹងពិចារ ណាលើបញ្ហាទាំងនេះ»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា តាមរយៈការលើកឡើងនូវការព្រួយបារម្ភរបស់ខ្លួនលើមូលដ្ឋានកងទ័ពជើងទឹករាម សហរដ្ឋ អាមេរិកកំពុងផ្ញើសារយ៉ាងច្បាស់ថា ខ្លួនចង់ឲ្យកម្ពុជាប្រកាន់ខ្ជាប់នូវគោល នយោបាយការបរទេសប្រកបដោយតុល្យភាព។
លោកបានមានប្រសាសន៍ថា៖ «កម្ពុជាគួរតែបង្ហាញជំហរច្បាស់លាស់របស់ខ្លួន បើមិនដូច្នេះទេ ប្រទេសនេះអាចប្រឈមនឹងឧបសគ្គយ៉ាងធំចំពោះគោលនយោ បាយការបរទេសរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាង លិច»។ ដោយលោកបន្ថែមថា៖ «ជាទូទៅ ប្រទេសកម្ពុជាត្រូវការការគាំទ្រពីបណ្តាប្រទេសលោកខាងលិចច្រើនជាងប្រទេសចិន ដូចជាវិស័យពាណិជ្ជកម្ម ដូច្នេះការព្រួយបារម្ភណាមួយដែលលើកឡើងដោយប្រទេសលោកខាងលិច រួមទាំងសហរដ្ឋអាមេរិកផង មិនគួរព្រងើយកន្តើយឡើយ»។
លោកបានមានប្រសាសន៍ថា ខណៈដែលកម្ពុជានឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំ ក្រោយ សហរដ្ឋអាមេរិកចង់រំឭកប្រទេសកម្ពុជាអំពីតួនាទីរបស់ខ្លួនក្នុងការដោះ ស្រាយជម្លោះនៅក្នុងតំបន់។
លោកបានមានប្រសាសន៍ថា៖ «នៅពេលដែលប្រទេសកម្ពុជាកាន់តួនាទីជាប្រ ធានអាស៊ានក្នុងឆ្នាំ២០១២ ប្រទេសកម្ពុជាបានឈរនៅខាងចិនទាក់ទងនឹងសមុទ្រចិនខាងត្បូង។ ជាថ្មីម្តងទៀត នៅឆ្នាំ២០២២ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសលោកខាងលិចក៏មានការព្រួយបារម្ភផងដែរជុំវិញជំហររបស់ប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះ ប្រទេសនេះបានបង្ហាញយ៉ាងច្បាស់រួចហើយថា ខ្លួនឈរជាមួយប្រទេសចិន»៕
(រាយការណ៍បន្ថែមដោយ ស៊ន សារ៉ាត និង ឃី សុវុឌ្ឍី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Senior US official urges government to drop charges against opposition members