លោកឧបនាយករដ្ឋមន្រ្តី ស ខេង បានមានប្រសាសន៍កាលពីថ្ងៃចន្ទថា ការពឹងផ្អែកលើសារនយោបាយជាទម្លាប់ដែលនិយាយអំពីសម័យខ្មែរក្រហមនឹងមិនគ្រប់គ្រាន់ ដើម្បីទាក់ទាញមតិសាធារណៈជននៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ឆ្នាំ២០២២នោះទេ។
លោក ស ខេង ដែលដឹកនាំក្រសួងមហាផ្ទៃបានផ្តល់ដំបូន្មានឃោសនាដល់សមាជិកគណបក្សប្រជាជនកម្ពុជា ខណៈពេលលោកថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលខេត្តស្ទឹងត្រែងថ្មី។
លោក ស ខេង បាននិយាយថា ជាជាងពឹងផ្អែកលើពាក្យស្លោកដែលសំដៅលើការបញ្ចប់ របបកុម្មុយនីស្តកាលពី៤១ឆ្នាំមុននៅថ្ងៃទី៧ ខែមករា បេក្ខជនមកពីគណបក្សកាន់អំណាច គួរតែដោះស្រាយបញ្ហានៅមូលដ្ឋានដែលប៉ះពាល់សាធារណជន។
លោកបានចង្អុលបង្ហាញជាពិសេសចំពោះវិវាទដីធ្លីជាបញ្ហាសំខាន់សម្រាប់មន្រ្តីរដ្ឋាភិបាលដែលត្រូវយកចិត្តទុកដាក់។
លោក ស ខេង បានមានប្រសាសន៍ថា៖ «ប្រសិនបើយើងគ្រាន់តែឃោសនាពីសមិទ្ធផលរបស់យើងតាមពិតគាត់ដឹងហើយថ្ងៃ៧ ខែមករា តាមពិតពួកគាត់បានដឹងរួចហើយ។ ដូច្នេះតើ [ពលរដ្ឋ]បញ្ហាអីដែលគាត់ត្រូវការនៅពេលនេះ? [យើង] ចឹងទេត្រូវតែប្រមូលបញ្ហា ដើម្បីដោះស្រាយប្រកបដោយតម្លាភាពនិងយុត្តិធម៌»។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនានិងត្រួត ពិនិត្យដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅទូទាំងឃុំ សង្កាត់ ចំនួន១.៦៥២នៅទូទាំង២៥ខេត្តក្រុង។ អ្នកបោះឆ្នោតនឹងទៅបោះឆ្នោត ដើម្បីជ្រើសរើសមេឃុំ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានថ្លែងថា ការចុះ ឈ្មោះអ្នកបោះឆ្នោតនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែតុលានិងមានរយៈពេល៥០ថ្ងៃ។ ការចុះ ឈ្មោះបេក្ខភាព ដើម្បីប្រកួតប្រជែងការបោះឆ្នោតនឹងរៀបចំធ្វើនៅថ្ងៃទី៤ដល់ទី៦ ខែមីនា។
លោក ស ខេង អំពាវនាវឲ្យអាជ្ញាធររក្សាសន្តិសុខសាធារណៈ ដើម្បីឲ្យដំណើរការរៀបចំការ បោះឆ្នោតប្រព្រឹត្តទៅដោយរលូន។ លោកក៏បានជំរុញឲ្យអភិបាលខេត្តលើកទឹកចិត្តមន្រ្តីមូលដ្ឋានក្នុងការលើកកម្ពស់អភិបាលកិច្ចល្អមុនការបោះឆ្នោតផងដែរ។
លោក ស ខេង បានមានប្រសាសន៍ថា៖ «ពួកគាត់ [អ្នកភូមិ] ពិនិត្យមើលថា តើមេភូមិបានបំរើពួកគេបានល្អដែររឺទេ? [ប្រសិនបើ] ពួកគាត់ត្រូវការអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត…និងសេវាផ្សេងទៀត តើពួកគេធ្វើការយឺតយ៉ាវឬមានការលំបាក”។
ក្រុមសង្គមស៊ីវិលស្វាគមន៍ការសង្កត់ធ្ងន់លើអភិបាលកិច្ចជាជាងនិយាយពីសមិទ្ធផលកន្លងមក ដើម្បីទទួលបានការពេញចិត្តពីអ្នកបោះឆ្នោត។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកតស៊ូមតិនៅគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍ថា៖ «[កិច្ចខិតខំប្រឹងប្រែង] ថ្នាក់មូលដ្ឋានចាំបាច់ត្រូវដោះស្រាយស្ថានភាពរួមមាន សេវាសាធារណៈនិងជាពិសេសបញ្ហាដីធ្លី»។
ដោយនិយាយសំដៅដល់ការកាន់អំណាចរបស់គណបក្សប្រជាជនកម្ពុជារយៈពេល២៥ឆ្នាំកន្លងទៅនេះ លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើអាជ្ញាធរដែលកាន់អំណាចរយៈពេល ៥ឆ្នាំ [ដោយការជាប់ឆ្នោត] ហើយបរាជ័យក្នុងការដោះស្រាយបញ្ហារបស់អ្នកភូមិឲ្យបានត្រឹមត្រូវនោះ ប្រជាប្រិយភាពរបស់ពួកគេនឹងមិនប្រសើរឡើងទេ»។
លោក សាវាង្ស បានបន្ថែមថា ការរំលាយគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យសាធារណជនចូលរួមការបោះឆ្នោតទាំងភាពអស់ សង្ឃឹមចាប់តាំងពីឆ្នាំ២០១៨ ។
លោក អំ សំអាត អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូបានប្រាប់ខេមបូចាថា លោកគាំទ្រការផ្លាស់ប្តូរយុទ្ធសាស្ត្រធ្វើយុទ្ធនាការដូចដែលលោក ស ខេង លើកឡើង ជាពិសេសទាក់ទងនឹងការដោះស្រាយទំនាស់ដីធ្លីដោយសន្តិវិធី។ លោកមានប្រសាសន៍ថា នៅក្នុងវិវាទខ្លះអាជ្ញាធរមូលដ្ឋានហាក់ដូចជាគ្មានសមត្ថភាពឬអំណាចក្នុងការដោះស្រាយទំនាស់ឡើយដោយអូសបន្លាយពេលរហូតមានការតវ៉ានិងអំពើហិង្សា។
លោក សំអាត បានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា វាជាចំណុចល្អដែលពួកគាត់ប្រកួតប្រជែងគ្នាដើម្បីបង្ហាញពីការងាររបស់ខ្លួនតាមរយៈការផ្តល់សេវាដល់ប្រជាពលរដ្ឋ»។
លោកបានមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់នៅពេលនេះ គឺស្នាដៃក្នុងការកសាងជាតិ ដោះស្រាយបញ្ហានិង គោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ»។
លោក គង់ មុនីកា ប្រធានគណបក្សឆន្ទៈខ្មែរបានមានប្រសាសន៍ថា ការអំពាវនាវរបស់រដ្ឋ មន្ត្រីក្រសួងមហាផ្ទៃនឹងមិនមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទដែលបង្កឡើងដោយអ្នកមាននិងមន្រ្តីមូលដ្ឋានមួយចំនួននោះឡើយ។
លោក មុនីកា បានមានប្រសាសន៍ថា៖ «មានមនុស្សជាច្រើនដែលនៅតែរងគ្រោះដោយសារការរំលោភអំណាចពីសំណាក់អាជ្ញាធរនិងអ្នកមានមួយចំនួន ដូចយើងបានឃើញហើយមេឃុំខ្លះឃុបឃិតគ្នាលក់ដីរដ្ឋនិងដីរបស់ប្រជាពលរដ្ឋ»។ ដោយលោកបន្ថែមថា៖ «ខ្ញុំគិតថា ការអំពាវនាវរបស់សម្តេច ស ខេង គ្មានប្រសិទ្ធភាពទេ ប៉ុន្តែអ្វីដែលពួកគាត់ត្រូវធ្វើ គឺអនុវត្តច្បាប់និងដាក់ទោសមន្រ្តីដែលបានប្រព្រឹត្តកំហុស»។
លោក គុជ ទីន អាយុ៥៦ឆ្នាំ ជាអ្នកភូមិម្នាក់ដែលមានវិវាទដីធ្លីជាមួយក្រសួងការពារជាតិនៅស្រុកអង្គស្នួល ខេត្តកណ្តាលក៏មានភាពមន្ទិលអំពីប្រសិទ្ធភាពនៃការអំពាវនាវរបស់លោក ស ខេង ចំពោះអាជ្ញាធរផងដែរ។
លោកបាននិយាយថា៖ «ខ្ញុំមិនដឹងថា វាអាចមានប្រសិទ្ធិភាពយ៉ាងដូចម្តេចនោះទេ ពីព្រោះពួកគេនៅតែបង្រ្កាបអ្នកភូមិ» ដោយលោកបន្តថា មន្រ្តីយោធាកំពុងបង្ខំឲ្យប្រជាជនទទួលយកសំណងសម្រាប់ដីស្រែដែលទាបជាងតម្លៃទីផ្សារ។ លោក ទីន បន្ថែមទៀតថា៖ «យើងគ្មានសង្ឃឹមទេ ពីព្រោះពួកគេបានព្យាយាមលាក់បាំងព័ត៌មាន [ពីអាជ្ញាធរថ្នាក់ខ្ពស់] »។
ពលរដ្ឋមកពីភូមិចំនួន៧ក្នុងឃុំទួលពេជ្រ ក្នុងស្រុកអង្គស្នួល បានជាប់គាំងនៅក្នុងជម្លោះជាមួយក្រសួងការពារជាតិលើផ្ទៃដីទំហំ២៨០ហិកតាចាប់តាំងពីចុងឆ្នាំ២០២០ នៅពេលដែលទាហានចាប់ផ្តើមហាមឃាត់ប្រជាពលរដ្ឋមិនឲ្យធ្វើស្រែចំការលើដីនោះ។ អំឡុងពេលមានការតវ៉ាកាលពីខែមិថុនា ក្រុមទាហានបានបើកការបាញ់ប្រហារទៅលើអ្នកភូមិមួយក្រុមបណ្តាលឲ្យមនុស្សម្នាក់រងរបួស។
បើក្រឡេកមើលវិវាទដែលកំពុងកើតឡើងសព្វថ្ងៃនេះ លោក មុនីកា បានមានប្រសាសន៍ថា ប្រទេសកម្ពុជាបានដើរឆ្ងាយពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧មករា ១៩៧៩។ លោកបញ្ជាក់ថា យុវជនសព្វថ្ងៃត្រូវការការអភិវឌ្ឍ ភាពជាអ្នកដឹកនាំល្អនិងការអនុវត្តច្បាប់ប្រកបដោយតម្លា ភាពជាមួយនឹងដំណោះស្រាយផ្អែកលើសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ថា៖ «ខ្ញុំជឿជាក់ថា នៅក្នុងការបោះឆ្នោតខាងមុខនេះ ប្រជាពលរដ្ឋគួរតែមានសិទ្ធិជ្រើសរើសក្រុមប្រឹក្សាឃុំដែលពិតជាបម្រើពួកគាត់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Sar Kheng urges party members to address modern issues ahead of 2022 commune elections