សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការផ្តន្ទាទោសសកម្មជនយុវជននិងអតីតមន្ត្រីគណបក្សសង្គ្រោះជាតិសរុប១៤នាក់ពីបទញុះញង់

ឈឿន ដារ៉ាវី សកម្មជនក្រុមយុវជនខ្មែរថាវរៈនិងជនជាប់ចោទផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសសាលក្រមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
ឈឿន ដារ៉ាវី សកម្មជនក្រុមយុវជនខ្មែរថាវរៈនិងជនជាប់ចោទផ្សេងទៀតមកដល់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីស្តាប់ការប្រកាសសាលក្រមនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សកម្មជន​ចំនួន១៤​នាក់​ដែល​ត្រូវ​បាន​ចាប់​ខ្លួន និងរត់គេចខ្លួន​កាល​ពី​ឆ្នាំ​មុន​ពី​បទ​រៀបចំ​ការ​តវ៉ា​គាំទ្រ​លោក រ៉ុង ឈុន មេដឹកនាំសហជីពដែល​ជាប់​ពន្ធនាគារ​ត្រូវ​បាន​ផ្តន្ទាទោស​កាលពី​ថ្ងៃ​អង្គារ​ពី​បទ​ញុះញង់។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានសម្រេច​លើក​លែង​ការចោទប្រកាន់លើ​លោក ហុង លីម អតីត​តំណាង​រាស្រ្តរដ្ឋវិទ័ររៀ ដែលរស់នៅក្នុងប្រទេសអូស្ត្រាលី ប៉ុន្តែលោកចៅក្រម ទិត សុទ្ធី បូរ៉ាឆាត បានរកឃើញជនជាប់ចោទផ្សេងទៀតមានពិរុទ្ធភាព ហើយបានពិន័យនិងផ្តន្ទាទោសពួកគេឲ្យជាប់ពន្ធនាគារពី ២០ខែទៅ២ឆ្នាំ។

ក្រុមសកម្មជននេះ ត្រូវបានចាប់ខ្លួនកាលពីខែសីហានិងខែកញ្ញា ឆ្នាំ២០២០។ លើក លែងតែអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិចំនួនបីរូប ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ សកម្មជនដែលពាក់ព័ន្ធទាំងនេះ ត្រូវបានឃុំខ្លួននៅក្នុងពន្ធនា គារចាប់តាំងពីពួកគេត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន។

លោកចៅក្រម ទិត សុទ្ធី បូរ៉ាឆាត កាល​ពី​ថ្ងៃ​អង្គារ បាន​កាត់​ទោស​ជន​ជាប់​ចោទ១០ នាក់​ឲ្យ​ជាប់​ពន្ធនាគារ២០ខែនិង​បង្គាប់​ឲ្យ​បង់​ប្រាក់​ពិន័យ​ចំនួន៥០០ដុល្លារក្នុងម្នាក់ៗ។ ទោះបីជាយ៉ាងណា ដោយបានចំណាយពេលក្នុងពន្ធនាគារជាងមួយឆ្នាំរួចហើយ តុលាការបានសម្រេចព្យួរទោសនៅសល់ពី៥ខែទៅ៦ខែរបស់ជនជាប់ចោទទាំងនេះផងដែរ។

ជនជាប់ចោទទាំង​នេះ​រួម​មាន​សកម្មជន​យុវជន​​ប្រាំពីរ​រូបគឺ ហ៊ុន វណ្ណៈ ឈឿន ដារ៉ាវី អេង ម៉ាឡៃ កើត សារ៉ាយ និង ថា ឡាវី ដែលមានទំនាក់ទំនងជាមួយក្រុមខ្មែរថាវរៈ ព្រមទាំងយុវជន មាន ព្រំមុន្នី និង មួង សុភ័ក្រ ដែលជាសមាជិករបស់សមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ។

លោក គង់ សំអាន លោក ជុំ ពុទ្ធី និង​លោក ឈួរ ផេង អតីត​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិក៏​ត្រូវបាន​ផ្តន្ទាទោស​ដូចគ្នា​ដែរ ហើយ​នឹង​ត្រូវ​ព្យួរ​ទោស​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​របស់ខ្លួនផងដែរ។

ជនជាប់ចោទ៤នាក់ទៀតគឺអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​និងសកម្មជនដែលកំពុងនិរទេសខ្លួនហើយដែលត្រូវបានចោទប្រកាន់ពីបទរៀបចំបាតុកម្មគាំទ្រលោក រ៉ុង ឈុន។ អ្នកទាំង៤ ត្រូវបានកាត់ទោសកំបាំងមុខ។ លោកចៅក្រម បូរ៉ាឆាត បានផ្ដន្ទាទោសធ្ងន់លើលោក ហូ វ៉ាន់ លោក អ៊ូ ច័ន្ទរិទ្ធ លោក គង់ សភា និងលោក សេង ប៊ុនរ៉ុង ដោយកាត់ឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិងពិន័យជាប្រាក់១.០០០ដុល្លារក្នុងម្នាក់ៗ។

តុលាការបានសម្រេច​លើក​លែង​ការចោទប្រកាន់លើជនជាប់ចោទចុងក្រោយ គឺលោក ហុង លីម អតីតសមាជិកសភា ដែលសព្វថ្ងៃរស់នៅប្រទេសអូស្ត្រាលី។

លោកចៅក្រម បូរ៉ាឆាត បាននិយាយថា អ្នកដែលត្រូវបានកាត់ទោសនិងកំពុងរស់នៅក្នុងប្រទេសកម្ពុជានឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការរយៈពេលពីរឆ្នាំ ទៀត ហើយតម្រូវឲ្យរាយការណ៍ទៅព្រះរាជអាជ្ញា ប្រសិនបើពួកគេផ្លាស់ប្តររអាសយដ្ឋាន ការងារ ឬចង់ទៅក្រៅប្រទេស។ ពួកគេក៏ត្រូវបានហាមឃាត់មិនឲ្យទាក់ទងទៅជនជាប់ចោទក្នុងសំណុំរឿងជាមួយគ្នានេះផងដែរ។

សកម្មជនខ្មែរថាវរៈ អេង ម៉ាឡៃ គ្រវីដៃនៅពេលនាងមកដល់សាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ជនជាប់ចោទ​មួយចំនួន​ក្នុងចំណោម​ជនជាប់ចោទ​ទាំង១០នាក់​ដែល​បង្ហាញ​ខ្លួន​នៅ​តុ លាការ​មានអារម្មណ៍សប្បាយរីករាយ​ខ្លាំង​ដោយរំពឹងថា នឹង​ទទួលបាន​សេរីភាព​ឡើង វិញ​។ ទោះ​ជា​យ៉ាង​ណា អ្នក​ខ្លះ​ទៀត​មិន​ពេញ​ចិត្ត​នឹងសាលក្រមផ្តន្ទាទោស​ចំពោះ​អ្វី​ដែល​ពួក​គេ​និយាយ​ថា ​វាគឺជា​ការ​សម្តែង​មតិនោះ​។

សកម្មជន​យុវជន ឈឿន ដារ៉ាវី បាន​និយាយបន្ទាប់​ពីដើរ​ចេញ​ពី​បន្ទប់​សវនាការ​ថា​៖ « នៅ​តែ​គ្មាន​យុត្តិធម៌​»

លោក សំ ចំរើន មេធាវី​ការពារ​ក្តី​សកម្មជន​យុវជន​ទាំង​៧​នាក់​ក៏បាន​សម្តែង​ការ​ខក​ចិត្ត​ចំពោះ​សាលក្រម​ផ្តន្ទា​ទោស​នេះដែរ។

លោក​បាន​ថ្លែង​ថា៖​ «យើង​មិន​អាច​ទទួល​យក​ការ​ផ្តន្ទា​ទោស​នេះ​បាន​ទេ​ព្រោះ​ពួកគាត់បាន​អះអាង​ថា​ពួកគាត់គ្មាន​កំហុស»។ សកម្មជនទាំងនេះមិនទាន់ត្រូវបានដោះលែងនៅឡើយទេ ប៉ុន្តែអ្នកដែលអនុវត្តទោសរយៈពេល១៤ខែរំពឹងថា នឹងត្រូវបានដោះ លែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានចូលរួមតាមដាននីតិវិធីរបស់តុលាការបានថ្កោលទោសការផ្តន្ទាទោសសកម្មជនយុវជនថា ជារឿងអយុត្តិធម៌។

លោក យី សុខសាន្ត បានមានប្រសាសន៍ថា៖ «សម្រាប់ការយល់ឃើញរបស់ខ្ញុំ ពួកគាត់ក្រាន់តែអនុវត្តការសម្តែងមតិរបស់គាត់ប៉ុណ្ណោះ» ​ដោយលោក​សរសើរ​ការងារ​របស់​ក្រុម​យុវជនទាំងនេះ ​ទាក់​ទង​នឹង​សកម្មភាព​របស់​ពួកគេ​ជុំវិញ​ការ​ការពារ​ធនធាន​ធម្មជាតិ។

អ្នកស្រី សូ សម្បត្តិ អាយុ​៤៨​ឆ្នាំជា​ម្តាយ​របស់ជន​ជាប់​ចោទឈ្មោះ មួង សុភ័ក្រ នៅតែអះអាងថា ​កូន​ប្រុសរបស់អ្នកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​ញុះញង់នោះ​ទេ។ អ្នកស្រី សម្បត្តិ បាន​និយាយ​ថា៖ «វា​មិន​សម​ហេតុ​ផល​ទេ ព្រោះ​កូន​ប្រុស​ខ្ញុំ​គ្រាន់​តែ​​អនុវត្ត​សិទ្ធិ​របស់​គាត់។ ខ្ញុំ​គិត​ថា ​ការ​ផ្តន្ទាទោស​នេះ​នឹង​បំបាក់​ស្មារតី​របស់ពលរដ្ឋ ដូច្នេះ​ពួក​គាត់​នឹង​មិន​ហ៊ាន​ចូល​រួម​ ដើម្បី​ប្រយោជន៍​សាធារណៈទេ» ដោយ​បន្ថែម​ថា អ្នកស្រី​នៅ​តែ​គាំទ្រ​សកម្មភាព​កូន​ប្រុស​របស់អ្នកស្រី៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Court sentences 14 youth activists and ex-CNRP officials of incitement

283 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម