ការនិរទេសសមាជិកគណបក្សសង្គ្រោះជាតិចំនួន៣នាក់ពីប្រទេសថៃ មកកម្ពុជាវិញនាពេលថ្មីៗនេះ ត្រូវបានក្រុមសង្គមស៊ីវិលមួយចំនួនរិះគន់ថា បានរំលោភសិទ្ធិរបស់ពួកគេយ៉ាងច្បាស់ក្រឡែតក្នុងឋានៈជាជនភៀសខ្លួន ដែលទទួលស្គាល់ដោយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។
ការបញ្ជូនត្រឡប់នេះបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមសកម្មជនផ្សេងទៀតដែលបានស្វែងរកសិទ្ធិជ្រកកោននយោបាយនៅក្នុងប្រទេសថៃ។
ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ រដ្ឋាភិបាលថៃបានចាប់ខ្លួននិងនិរទេសជនភៀសខ្លួនចំនួនបីនាក់ ដែលទទួលស្គាល់ដោយអង្គការ UNHCR ហើយដែលពួកគេទាំងនោះសុទ្ធតែជាសកម្មជនឬមន្ត្រីដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងដែលត្រូវបានរំលាយរួចមកហើយនោះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ការនិរទេសខ្លួននេះ គឺជាប់ពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិដែលពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេគាំទ្រផែនការវិលត្រឡប់មិនបានសម្រេចកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ របស់លោក សម រង្ស៊ី អតីតមេដឹកនាំបក្សប្រឆាំងដែលកំពុងរស់នៅនិរទេសខ្លួន។
លោកបានថ្លែងថា៖ «មានដីកាចាប់ខ្លួនដែលតុលាការចោទប្រកាន់ពីបទក្បត់ជាតិ។ ការអនុវត្តច្បាប់មិនខុសទេ ព្រោះក្រសួងមហាផ្ទៃជាអ្នកអនុវត្តច្បាប់»។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា នគរបាលថៃបានចាប់ខ្លួនលោក វឿន វាសនា អតីតអ្នកផ្សាយព័ត៌មានទូរទស្សន៍អនឡាញរបស់គណបក្សសង្គ្រោះជាតិនិងអតីតមន្ត្រីឃុំឈ្មោះ វឿង សំណាង។ នៅថ្ងៃបន្ទាប់ អាជ្ញាធរថៃបាននិរទេសពួកគេមកប្រទេសកម្ពុជា ទីដែលពួកគេក្រោយមកត្រូវបានបញ្ជូនបន្តទៅមណ្ឌលអប់រំកែប្រែម១ (CC1) នៅរាជធានីភ្នំពេញ។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ខាងអន្តោប្រវេសន៍ថៃបានចាប់ខ្លួននិងបញ្ជូនលោកស្រី ឡាញ់ ថាវរី អតីតមន្ត្រីថ្នាក់ឃុំក្នុងខេត្តបន្ទាយមានជ័យ ដែលបានសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសថៃកាលពីឆ្នាំ ២០១៧។
លោក សេង សារី ជាអ្នកវិភាគនយោបាយមានប្រសាសន៍ថា ការនិរទេសអតីតមន្ត្រីគណបក្សសង្គ្រោះជាតិគឺបណ្តាលមកពីរដ្ឋាភិបាល មិនសប្បាយចិត្តនឹងការរិះគន់ដែលចេញពីប្រទេសជិតខាងរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា៖ «យើងបានឃើញថា សកម្មជនគណបក្សសង្គ្រោះជាតិបានវាយប្រហាររដ្ឋាភិបាលកម្ពុជាពីទីក្រុងបាងកក ដូច្នេះពួកគេខឹងនឹងសកម្មជនទាំងនោះដែលកំពុងលាក់ខ្លួន [ក្នុងប្រទេសថៃ]»។
លោកមានប្រសាសន៍ថា កម្ពុជានិងថៃមានកិច្ចព្រមព្រៀងមួយមិនអនុញ្ញាតឲ្យក្រុមអ្នកនយោបាយណាមួយប្រើប្រាស់ប្រទេសរបស់ខ្លួនវាយប្រហារប្រទេសណាមួយនោះទេ ដោយចាប់ផ្តើមតាំងពីពេលដែលរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ក្រុមអាវក្រហមប្រឆាំងរដ្ឋាភិបាលមិនឲ្យវាយប្រហាររដ្ឋាភិបាលថៃ ខណៈពេលពួកគេកំពុងរស់នៅនិរទេសខ្លួនក្នុងប្រទេសកម្ពុជា។
ក្រុមអាវក្រហមគឺជាអ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានផ្តួលរំលំពីអំណាចនៅក្នុងរដ្ឋប្រហារយោធាដោយក្រុមអភិរក្សនិយមកាលពីឆ្នាំ២០០៦។
លោក សេង សារី មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកប្រទេសថៃជាសមរភូមិប្រយុទ្ធរបស់គណបក្សប្រឆាំង ព្រោះថា ប្រទេសនេះគឺជាទីកន្លែងដែលលោកបានអះអាងថា ភាគច្រើនក្នុងចំណោមជនចំណាកស្រុកកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ មាននិន្នាការមិនគាំទ្រគណបក្សកាន់អំណាច។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាពលរដ្ឋ២លាននាក់ក្រោកឈរ វាមិនមែនជាបញ្ហាតូចតាចទេ ព្រោះតាមការស្រាវជ្រាវពលរដ្ឋទាំងនោះមាននិន្នាការនយោបាយគាំទ្រគណបក្សប្រឆាំង ដូច្នេះវាជាយុទ្ធសាស្ត្រមួយដែលរដ្ឋាភិបាលត្រូវតែប្រុងប្រយ័ត្ន»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយ ថា ចំណាត់ការនេះបានបញ្ជាក់យ៉ាងច្បាស់ថា រដ្ឋាភិបាលថៃ និងកម្ពុជាមានការរៀបចំទី ដែល ភាគីនីមួយៗមានឆន្ទៈក្នុងការដោះដូរជនភៀសខ្លួន និងអ្នកប្រឆាំងជាថ្នូរនឹងទទួលបានការគាំទ្រផ្នែកនយោបាយ។
លោកបានមានប្រសាសន៍ថា៖ «រដ្ឋាភិបាលកម្ពុជាចង់បិទគណបក្សសង្គ្រោះជាតិនៅទីក្រុងបាងកក ពីព្រោះពួកគេខឹងនឹងសកម្មជនទាំងនោះដែលប្រើបណ្តាញសង្គម ដើម្បីផ្សាយព័ត៌មានចូលទៅកម្ពុជាដោយប្រើកម្មវិធីឡាយតាមហ្វេសបុក និងកម្មវិធីបណ្តាញសង្គមផ្សេងទៀត»។
លោកបានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជូនទីប្រឹក្សាជាន់ខ្ពស់ទៅប្រទេសថៃ ដើម្បីជួបជាមួយរដ្ឋមន្ត្រីពាក់ព័ន្ធរបស់ថៃ ដើម្បីស្នើសុំការគាំទ្រក្នុងកិច្ចប្រឹងប្រែងនេះ។ ប៉ុន្តែលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធថា រដ្ឋាភិបាលមិនបានស្នើឲ្យមានការនិរទេសសកម្មជនទាំងនោះទេ។
លោក រិន រដ្ឋ សកម្មជនគណបក្សសង្គ្រោះជាតិមកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅប្រទេសថៃបានប្រាប់ខេមបូចាតាមរយៈបណ្តាញសង្គមថា លោកមានការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់លោក បន្ទាប់ពីទទួលដំណឹងអំពីការនិរទេសនេះពីអង្គការ UNHCR ។
លោកបានមានប្រសាសន៍ថា៖ «បាទ ខ្ញុំពិតជាបារម្ភអំពីសុវត្ថិភាពរបស់ខ្ញុំ»។ ដោយលោកបន្តថា៖ «ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបន្តតស៊ូទាមទារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា ពីព្រោះអ្វីដែលខ្ញុំបាននិយាយនៅលើបណ្តាញសង្គមគឺគ្រាន់តែជាការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ដែលមានចែងក្នុងច្បាប់និងរដ្ឋធម្មនុញ្ញ»។
លោក រិន រដ្ឋ បានភៀសខ្លួនទៅប្រទេសថៃកាលពីខែសីហា ឆ្នាំ២០១៩ បន្ទាប់ពីត្រឡប់មកពីប្រទេសម៉ាឡេស៊ី ជាទីដែលលោកបានចូលរួមសិក្ខាសាលាមួយជាមួយថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ លោកត្រូវបានចោទប្រកាន់ពីបទញុះញង់ទាក់ទងនឹងការគាំទ្រការប៉ុនប៉ងវិលត្រឡប់របស់លោក សម រង្ស៊ី។
លោកបានថ្លែងថា៖ «វារំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោននយោបាយ»។ លោកថា រដ្ឋាភិបាលកម្ពុជាខ្លាចចលនាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស។
យោងតាមដីការបស់តុលាការ សាលាដំបូងខេត្តកំពង់ចាមនឹងបើកសវនាការលើសំណុំរឿងរបស់លោក រិន រដ្ឋ ពីបទញុះញង់នៅថ្ងៃទី២៤ ខែវិច្ឆិកា ដោយផ្អែកលើការចោទប្រកាន់ដែលថា លោកបានរិះគន់រដ្ឋាភិបាលតាមបណ្តាញហ្វេសប៊ុក។
លោក ប៉ា ចាន់រឿន ប្រធានវិទ្យាស្ថានកម្ពុជា ដើម្បីប្រជាធិបតេយ្យបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃបច្ចុប្បន្នមិនប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ខ្លួនក្នុងការការពារសិទ្ធិជនភៀសខ្លួននៅក្នុងកិច្ចព្រមព្រៀងជាក់ស្តែងរបស់ខ្លួនមិនត្រឹមតែជាមួយកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែហាក់ដូចជាជាមួយឡាវនិងប្រទេសវៀតណាមផងដែរ ក្នុងការបញ្ជូនអ្នកប្រឆាំងនយោបាយដែលនិរទេសខ្លួនត្រឡប់មកប្រទេសកំណើតវិញ។
លោក ចាន់រឿន បានមានប្រសាសន៍ថា៖ «ដូច្នេះ ឥឡូវនេះ ប្រទេសថៃលែងមានសុវត្ថិភាពសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនផ្នែកនយោបាយទៀតហើយ»។
លោកជឿជាក់ថា នឹងមានជនភៀសខ្លួននយោបាយច្រើនទៀតត្រូវគេបញ្ជូនមកកម្ពុជាវិញ ដោយសារស្ថានការណ៍នយោបាយកាន់តែអ័ព្ទអួនៅក្នុងប្រទេសទាំងពីរ។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមិនអាចទាក់ទងសុំការបំភ្លឺបានទេ។
កាលពីខែវិច្ឆិកា ឆ្នាំមុន សាលាដំបូងរាជធានីភ្នំពេញបានចាប់ផ្ដើមបើកសវនាការលើសំណុំរឿងរបស់អតីតសមាជិកនិងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង១៣០នាក់ក្រោមការចោទប្រកាន់ពីបទចោទញុះញង់និងរួមគំនិតក្បត់៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Civil society groups decry deportation of CNRP asylum seekers