សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កូនប្រុសរបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិម្នាក់ត្រូវបានជំនុំជម្រះពីបទញុះញង់និងប្រមាថមន្រ្តីសាធារណៈ

អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណឆៃ គ្រវីដៃដាក់ កូនប្រុសរបស់គាត់ដែលស្ថិតនៅក្នុងរថយន្តដឹកអ្នកទោសនៅមុខសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីសវនាការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណឆៃ គ្រវីដៃដាក់ កូនប្រុសរបស់គាត់ដែលស្ថិតនៅក្នុងរថយន្តដឹកអ្នកទោសនៅមុខសាលាដំបូង រាជធានីភ្នំពេញ បន្ទាប់ពីសវនាការកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃពុធបានបើកសវនាការជំនុំជម្រះកូនប្រុសអាយុ១៧ ឆ្នាំ របស់អតីតមន្រ្តីគណបក្សសង្រ្គោះជាតិម្នាក់ ដែលត្រូវបានចោទប្រកាន់ពីបទញុះញង់ និងប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមតេឡេក្រាមឯកជនជាករណីដែលសង្គមស៊ីវិលរិះគន់ថា ជាការតាមដានហួសហេតុ។

កាក់ សុវណ្ណឆៃ ជាកូនប្រុសរបស់លោក កាក់ កុម្ភា អតីតមន្រ្តីគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា។ សុវណ្ណឆៃ ធ្លាប់ត្រូវបានចាប់ខ្លួនកាលពីឆ្នាំមុន បន្ទាប់ពីចូលទៅក្នុងអតីតទីស្នាក់ការកណ្តាលរបស់គណបក្សប្រឆាំង ហើយកាលពីចុងខែមេសា កុមារារូបនេះត្រូវបានជនមិនស្គាល់មុខយកដុំឥដ្ឋវាយចំក្បាលរងរបួសស្រាំលលាដ៍ក្បាល។

សុវណ្ណឆៃ បាននិយាយថា៖ «ខ្ញុំខឹង ខ្ញុំប្រមាថនិងស្អប់មេដឹកនាំ។ គ្មាននរណានៅពីក្រោយទេ។ ខ្ញុំធ្វើដោយខ្លួនឯង» ។

ព្រះរាជអាជ្ញានិងចៅក្រមបានសួរគាត់ជាច្រើនដងអំពីគោលបំណងរបស់គាត់ក្នុងការជេរប្រមាថមេដឹកនាំ ប៉ុន្តែជនជាប់ចោទមិនអាចឆ្លើយតបចំសំណួរបានទេ ដោយគ្រាន់តែនិយាយថា៖ «ខ្ញុំធ្វើដោយខ្លួនឯង ខ្ញុំខឹង ខ្ញុំប្រមាថនិងចម្លងរូបភាព[របស់លោក ហ៊ុន សែន]»។

សុវណ្ណឆៃ បាននិយាយថា អ្នកប្រើប្រាស់បណ្តាញសង្គមពីរនាក់ ឈ្មោះ បញ្ញារិទ្ធ និង រ៉ា វីលី បានបញ្ចូលគាត់ ចូលរួមជាមួយក្រុមតេឡេក្រាមឯកជនមួយដែលមានឈ្មោះថា «និន្នាការតាមចិត្ត» ។ មានមនុស្សម្នាក់នៅក្នុងក្រុមបានជេរប្រមាថគាត់ហើយគាត់បានផ្ញើសារជាសំលេងប្រមាថត្រឡប់ទៅវិញ។

ព្រំ ចន្ថា ម្តាយរបស់ សុវណ្ណឆៃ បានប្រាប់តុលាការថា កូនប្រុសរបស់អ្នកស្រីពិតជាមានជំងឺអូទីស្សឹមមែននិងមានការលំបាក អំឡុងពេលនៅដាច់ដោយឡែកនិងពេលបិទសាលា។ អ្នកស្រីបាននិយាយថា កូនប្រុសរបស់អ្នកស្រីរៀនថ្នាក់ទី៩ នៅពេលដែលគាត់ត្រូវបានចាប់ខ្លួន។

អ្នកស្រីបាននិយាយថា៖ «គាត់រៀនមិនពូកែទេ។ នៅពេលយើងសួរគាត់ច្រើន គាត់ចាប់ផ្តើមនិយាយទៅមុខទៅក្រោយ» ។

អ្នកស្រី ចន្ថា បាននិយាយថា សវនាការនេះហាក់ដូចជាអយុត្តិធម៌ ពីព្រោះអ្នកនៅក្នុងក្រុមតេឡេក្រាម ដែលបានជេរប្រមាថកូនប្រុសរបស់អ្នកស្រីមិនត្រូវបានសួរចម្លើយទេ។ អ្នកស្រីបន្ថែមថា៖ «តុលាការគួរនាំខ្លួនអ្នកដែលជេរប្រមាថកូនប្រុសខ្ញុំមកឆ្លើយសំណួរនៅតុលាការ»។

អ្នកស្រី ព្រំ ចន្ថា ម្តាយរបស់ក្មេងប្រុស កាក់ សុវណ្ណឆៃ យំនៅ មុខសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីចូលរួមស្តាប់សវនាការជំនុំជម្រះសំណុំរឿងកូនប្រុសរបស់គាត់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

ព្រះរាជអាជ្ញារង គីម ហុងសាន បានស្នើឲ្យក្រុមប្រឹក្សាជំនុំជម្រះផ្តន្ទាទោសក្មេងជំទង់រូបនេះ ដោយកត់សម្គាល់ថា ជនជាប់ចោទ «បានសារភាពបទល្មើសរបស់ខ្លួន» ហើយអាចឆ្លើយសំណួរបានច្បាស់គ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា ជំងឺអូទីស្សឹមរបស់គាត់មិនប៉ះពាល់ដល់ការវិនិច្ឆ័យទេ។

លោកបានមានប្រសាសន៍ថា៖ «មានភស្តុតាងគ្រប់គ្រាន់ ដើម្បីបង្ហាញថា ជនជាប់ចោទបានប្រព្រឹត្តបទល្មើស សូមក្រុមប្រឹក្សាជំនុំជម្រះសម្រេចតាមច្បាប់» ។

មេធាវីការពារក្តី លោក សំ សុគង់ បានអំពាវនាវឲ្យតុលាការទម្លាក់ការចោទប្រកាន់ទាំងអស់លើកូនក្តីរបស់លោក ដោយមានប្រសាសន៍ថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ ហើយថា ដោយសារជំងឺអូទីស្សឹមក្មេងប្រុសរូបនេះ មិនអាចយល់ច្បាស់អំពីសំណួរដែលចោទសួរមកលើគាត់ដែលធ្វើឲ្យចម្លើយរបស់គាត់ហាក់ដូចទទួលស្គាល់កំហុស។

លោកបានមានប្រសាសន៍ថា៖ «យើងមិនឃើញមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីការចោទប្រកាន់ពីបទញុះញង់នោះទេ ពីព្រោះគ្មានអ្នកផ្តល់គនិតឬនរណាម្នាក់ដែលបានទទួលគំនិត ដើម្បីប្រព្រឹត្តបទល្មើសណាមួយឡើយ» ។

លោក សុគង់ បាននិយាយថា៖ «កូនក្តីខ្ញុំមិនមានចេតនាប្រមាថថ្នាក់ដឹកនាំទេ ប៉ុន្តែគាត់បានជេរប្រមាថបុគ្គលម្នាក់នៅក្នុងក្រុមនោះ» ។ លោក សុគង់ បានបន្ថែមថាកូនក្ដីរបស់លោកបានជេរប្រមាថតបទៅនឹងការជេរប្រមាថដែលគេធ្វើមកលើគាត់តែប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា៖ «គាត់ឆ្លើយមិនត្រឹមត្រូវ [ប្រាប់តុលាការ] ដោយសារគាត់មានជំងឺអូទីស្សឹម”»។

ក្រុមអង្គការសង្គមស៊ីវិលបានថ្កោលទោសសកម្មភាពនៃការតាមដានដោយសម្ងាត់នេះ ដោយអះអាងថា នេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់គណបក្សកាន់អំណាចក្នុងការរឹតបន្តឹងការគ្រប់គ្រងលើការសន្ទនានយោបាយនៅកម្ពុជា សូម្បីតែការសន្ទនានោះធ្វើឡើងនៅក្នុងបណ្តាញទំនាក់ទំនងឯកជនក៏ដោយ។

កាលពីថ្ងៃទី២ ខែកញ្ញា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង កាក់ សុវណ្ណឆៃ។

អ្នកជំនាញ បាននិយាយថា៖ «កុមារដែលមានពិការភាពដែលត្រូវបានចោទប្រកាន់ថា បានរំលោភច្បាប់នោះ គួរតែត្រូវបានប្រព្រឹត្តចំពោះស្របទៅតាមផលប្រយោជន៍របស់កុមារ ហើយគួរតែខំប្រឹងប្រែងឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេបាននៅក្រៅពន្ធនាគារ» ។

អ្នកជំនាញ បានបន្ថែមថា៖ «ពិសេសនៅក្នុងករណីដូចជាការបញ្ចេញមតិដោយសេរីនិងដោយសន្តិវិធីបែបនេះ»។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានអំពាវនាវឲ្យមានការដោះលែងក្មេងប្រុស សុវណ្ណឆៃ ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌរួមជាមួយអ្នកទោសមនសិការទាំងអស់។

លោកស្រី បានមានប្រសាសន៍ថា៖ «គួរឲ្យស្តាយករណីរបស់ សុវណ្ណឆៃ គឺជាការបង្ហាញថ្មីទៀតនៃការតាមប្រមាញ់ដែលរដ្ឋាភិបាលបានធ្វើឥតឈប់ឈរប្រឆាំងនឹងសមាជិកនិងអ្នកគាំទ្រគណបក្សប្រឆាំងព្រមទាំងសាច់ញាតិរបស់ពួកគេប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយហាក់ដូចជាគ្មានដែនកំណត់»។

លោកស្រី សុភាព បានមានប្រសាសន៍ថា ករណីរបស់គាត់បង្ហាញពីរយៈពេលវែងបំផុតដែលរដ្ឋាភិបាលមានឆន្ទៈបង្ក្រាបរាល់ទម្រង់នៃការប្រឆាំងនិងអ្នករិះគន់ដើម្បីពង្រឹងការក្តាប់អំណាច ទោះបីថា ការចាប់ខ្លួននិងការជំនុំជម្រះកុមារមានពិការភាពបង្ហាញឲ្យឃើញពីការមិនគោរពសិទ្ធិនៃការទទួលបានការជំនុំជម្រះដោយយុត្តិធម៌ក៏ដោយ។

លោកស្រីកត់សម្គាល់ថា សុវណ្ណឆៃ ត្រូវបានចាប់ខ្លួននិងចោទប្រកាន់ពីបទរិះគន់រដ្ឋាភិបាលតាមរយៈការទំនាក់ទំនងឯកជន ដោយរំលោភលើសិទ្ធិជាមូលដ្ឋានស្តីពីឯកជនភាពរបស់គាត់និងសេរីភាពនៃការបញ្ចេញមតិ ដែលសិទ្ធិទាំងពីរនេះត្រូវបានការពារក្រោមច្បាប់អន្តរជាតិនិងច្បាប់ជាតិ។

អ្នកស្រី ចន្ថា បានប្រាប់ខេមបូចាបន្ទាប់ពីសវនាការថា អ្នកស្រីមិនជឿថា តុលាការនឹងដោះលែងកូនប្រុសរបស់អ្នកស្រីទេ។

អ្នកស្រី បាននិយាយថា៖ «អំឡុងពេលសវនាការ ពួកគេបានសួរនាំមុខ ដើម្បីដាក់សម្ពាធកូនប្រុសខ្ញុំ បើទោះបីជាគាត់មានជំងឺអូទីស្សឹមក៏ដោយ» ។
អ្នកស្រី ចន្ថា បាននិយាយថា៖ «ប្រសិនបើតុលាការឯករាជ្យ ប្រជាពលរដ្ឋក្រីក្រនឹងមិនរងទុក្ខមកដល់ពេលនេះទេ ពីព្រោះពួកគេអាចកែប្រែពីសទៅខ្មៅ»។

លោក អ៊ុង វុទ្ធា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះបានថ្លែងថា សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី១៣ ខែតុលាខាងមុខនេះ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A son of Ex-CNRP trialed for the incitement charges, and insulting public officials

379 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម