អ្នកជំនាញរបស់អង្គការសហប្រជាជាតិកំពុងប្រកាសអាសន្នអំពីវិបត្តិមនុស្សធម៌ដែលកំពុងកើតឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ដោយជំរុញឱ្យមានសកម្មភាពជាបន្ទាន់ ដោយផ្អែកលើសិទ្ធិមនុស្ស ដើម្បីរុះរើទីតាំងឆបោក រួមទាំងនៅកម្ពុជាផង ដែលមនុស្សរាប់សែននាក់ «ត្រូវបានជួញដូរ ជាប់ឃុំ និងបង្ខំឱ្យធ្វើប្រតិបត្តិការឧក្រិដ្ឋកម្មតាមអនឡាញ»។
កាលពីថ្ងៃទី២១ ខែឧសភា សេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានគូសបញ្ជាក់ថា មនុស្សរាប់សែននាក់មកពីជុំវិញពិភពលោកត្រូវបានបោកបញ្ឆោតដោយការផ្តល់ជូនការងារក្លែងបន្លំ និងជួញដូរទៅក្នុងប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដោយបង្ខំ។ ជនរងគ្រោះទាំងនេះកំពុងត្រូវបានឃុំខ្លួននៅក្នុងបរិវេណទីតាំងឆបោក ដែលមាននៅក្នុងប្រទេសកម្ពុជា មីយ៉ាន់ម៉ា ឡាវ ហ្វីលីពីន និងម៉ាឡេស៊ី។
ការគូសបញ្ជាក់របស់ OHCHR ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមរបស់អ្នករាយការណ៍ពិសេសស្តីពីទម្រង់នៃទាសភាពបែបថ្មីកាលពីថ្ងៃទី១០ ខែឧសភា ដែលបង្ហាញពីការរីកធំឡើងគួរឱ្យកត់សម្គាល់នៃមជ្ឈមណ្ឌលឆបោកតាមអនឡាញក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសចាប់តាំងពីឆ្នាំ២០២១។ ប្រតិបត្តិការ «ជារឿយៗត្រូវបានក្លែងធ្វើជាឧទ្យានបច្ចេកវិទ្យាស្របច្បាប់» ដែលត្រូវបានគេរាយការណ៍ថាដំណើរការដោយ «បណ្តាញឧក្រិដ្ឋកម្មធំៗ» និងបុគ្គលិកប្រចាំការ។
ជនរងគ្រោះ-ជាញឹកញាប់ជាបុរសវ័យក្មេងដែលមានការអប់រំត្រូវបានគេដកហូតលិខិតឆ្លងដែនរបស់ពួកគេ រួចយកទៅបង្ខាំងនៅកន្លែងចង្អៀត និងគ្មានអនាម័យ ហើយត្រូវបានបង្ខំឱ្យធ្វើការច្រើនម៉ោងក្រោមការឃ្លាំមើលយ៉ាងតឹងរឹង។ «អ្នកដែលព្យាយាមរើបម្រាស់ នឹងទទួលរងនូវការដាក់ទោសធ្ងន់ធ្ងរ ដោយការធ្វើទារុណកម្ម ការរំលោភបំពានផ្លូវភេទ និងខ្លះក៏ត្រូវបានលក់ទៅឱ្យប្រតិបត្តិការផ្សេងទៀត»។
មនុស្សជាច្រើនត្រូវបានគេសង្ស័យថាស្ថិតក្រោមចំណងនៃបំណុល ឬការជំរិតទារលុយលោះខ្លួនពីក្រុមគ្រួសារជនរងគ្រោះ។ របាយការណ៍ក៏រួមបញ្ចូលទាំងការស្លាប់ និងការយកសរីរាង្គចេញដែរ។
សេចក្តីថ្លែងការណ៍បានឱ្យដឹងថា៖ «ស្ថានភាពបានឈានដល់កម្រិតនៃវិបត្តិមនុស្សធម៌ និងសិទ្ធិមនុស្ស»។ ពួកគេបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីបូព៌ា ចាត់វិធានការជាបន្ទាន់ និងសម្របសម្រួលដើម្បីការពារជនរងគ្រោះ និងបង្កើនកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់។
អ្នកជំនាញបាននិយាយថា៖ «នៅពេលដែលមានការជួញដូរ ជនរងគ្រោះត្រូវបានដកហូតសេរីភាព និងទទួលរងការធ្វើទារុណកម្ម មិនទទួលបានសេវាព្យាបាលជម្ងឺ អំពើហិង្សា និងការរំលោភបំពានធ្ងន់ធ្ងររួមទាំងការវាយដំ ការឆក់ ការបង្ខាំងមនុស្សឱ្យនៅតែម្នាក់ឯង និងអំពើហិង្សាផ្លូវភេទ។ ហើយពួកគេមានលទ្ធភាពទទួលបានអាហារ និងទឹកស្អាតតិចតួច ហើយត្រូវតែស៊ូទ្រាំនឹងស្ថានភាពរស់នៅចង្អៀត និងគ្មានអនាម័យ»។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិបានចោទប្រកាន់ថា ឧក្រិដ្ឋកម្មកើតឡើងចំពេលមានអំពើពុករលួយ និងការគប់គិតជាមួយមន្ត្រី ខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការជួយជនរងគ្រោះ និងការដាក់ទោសជនល្មើសនៅតែមិនគ្រប់គ្រាន់។
ប្រភពខាងលើបាននិយាយថា៖ «ការធ្វើសកម្មភាពដែលផ្អែកលើសិទ្ធិមនុស្សជាបន្ទាន់គឺចាំបាច់ ហើយនៅពេលមានការជួយស្តារសេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់អ្នករស់រានមានជីវិតត្រូវតែជាអាទិភាពក្នុងគ្រប់កិច្ចអន្តរាគមន៍ទាំងអស់»។
របាយការណ៍បានចោទប្រកាន់ថា ការឆបោកនេះមានលក្ខណៈចល័ត និងរីករាលដាលយ៉ាងខ្លាំង ដោយមានមជ្ឈមណ្ឌលនៅខេត្តព្រះសីហនុ រាជធានីភ្នំពេញ ប៉ៃលិន អន្លង់វែង អូរស្មាច់ កណ្តាល ពោធិ៍សាត់ កោះកុង បាវិត ជ្រៃធំ កំពត ឧត្តរមានជ័យ ប៉ោយប៉ែត បន្ទាយមានជ័យ រួមទាំងក្នុងតំបន់សេដ្ឋកិច្ចពិសេស តារាសាគរ និងថ្មដា ផងដែរ។
យោងតាមព័ត៌មានដែលពួកគេទទួលបាន មនុស្សជុំវិញពិភពលោកកំពុងត្រូវបានទាក់ទាញឱ្យចូលរួមក្នុងប្រតិបត្តិការបែបនេះតាមរយៈការផ្សាយពាណិជ្ជកម្មក្លែងក្លាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក, តិកតុក និង LinkedIn ដែលសន្យាថានឹងផ្តល់ការងារផ្នែកបច្ចេកវិទ្យាដែលមានប្រាក់ខែខ្ពស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
របាយការណ៍ថ្មីមួយដែលមានចំណងជើងថា៖ «គោលនយោបាយ និងលំនាំ៖ ឧក្រិដ្ឋកម្មឆ្លងដែនដែលជាប់គាំងដោយរដ្ឋនៅកម្ពុជា ជាការគំរាមកំហែងផ្នែកសន្តិសុខសកល» ដែលនិពន្ធដោយលោក Jacob Sims សហការីរបស់មជ្ឈមណ្ឌលអាស៊ី Harvard បានចោទប្រកាន់គណបក្សកាន់អំណាចរបស់កម្ពុជា ថាបានបើកឧស្សាហកម្មឆបោកតម្លៃរាប់ពាន់លានដុល្លារ។
បញ្ហានេះត្រូវសង្ស័យថា «ត្រូវបានជំរុញដោយការជួញដូរមនុស្ស និងការពារដោយរដ្ឋ»។ រដ្ឋាភិបាលបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការលើកឡើងនេះ។ របាយការណ៍នេះក៏អំពាវនាវឱ្យមានការបន្ថែមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើឥស្សរជនដែលទាក់ទងនឹងប្រតិបត្តិការទាំងនេះ។
យោងតាមគម្រោងការប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា យ៉ាងហោចណាស់មានកន្លែងឆបោកចំនួន ៣៥០ កំពុងដំណើរការនៅទូទាំងប្រទេស ដែលមានពលករបរទេសប្រមាណ ១៥០ ០០០នាក់។
នៅពេលសួរអំពីការអំពាវនាវរបស់អង្គការសហប្រជាជាតិឱ្យចាត់វិធានការជាបន្ទាន់ដោយផ្អែកលើសិទ្ធិមនុស្សក្នុងការរុះរើទីតាំងឆបោកនោះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ស្រេង ចិន្តា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។ លោកបាននិយាយថា បញ្ហាទាក់ទងនឹងការឆបោកតាមអនឡាញ និងការជួញដូរមនុស្ស គឺនៅក្រៅដែនសមត្ថកិច្ចរបស់គណៈកម្មាធិការ ទោះបីជាមានការលើកឡើងដោយអ្នករាយការណ៍ពិសេសក៏ដោយ។។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយដែរ ដោយបង្វែរសំណួរទៅអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដែលមិនបានឆ្លើយតបនៅមុនពេលចុះផ្សាយដូចគ្នា។
នាយិកាផ្នែកផ្សព្វផ្សាយរបស់អង្គការលីកាដូ អ្នកស្រី Naly Pilorge បានប្រាប់ សារព័ត៌មានខេមបូចា ថា អង្គការគាំទ្រការរកឃើញរបស់អ្នករាយការណ៍អង្គការសហប្រជាជាតិ ហើយបានបន្ទរការអំពាវនាវរបស់ពួកគេឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដោយផ្អែកលើសិទ្ធិមនុស្ស ជាពិសេសដើម្បីធានាថាជនរងគ្រោះនៃការជួញដូរមនុស្សមិនត្រូវបានផ្តន្ទាទោសសម្រាប់ឧក្រិដ្ឋកម្ម ឬបទល្មើសទាក់ទងនឹងអន្តោប្រវេសន៍។
អ្នកស្រីបានថ្លែងថា៖ «យើងបានទទួលសំណើសុំជំនួយពីអ្នករងគ្រោះដែលត្រូវបានគេជួញដូរក្នុងមជ្ឈមណ្ឌលបោកប្រាស់ជាច្រើននៅទូទាំងប្រទេសកម្ពុជា ដែលបង្ហាញឱ្យឃើញថាចំពោះបញ្ហានេះទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ជាមួយនឹងឆន្ទះពិតប្រាកដ មិនមែនត្រូវបានបដិសេធ ឬក៏បញ្ជាក់ថាបញ្ហាទាំងនោះជាជម្លោះការងារនោះទេ»។
ប្រធានសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) លោក នី សុខា មានប្រសាសន៍ថា រដ្ឋាភិបាលមិនគួរច្រានចោលការព្រួយបារម្ភរបស់អង្គការអន្តរជាតិលើការជួញដូរមនុស្សទ្រង់ទ្រាយធំសម្រាប់ការបង្ខំឱ្យធ្វើការ និងការឆបោកឡើយ។ លោកបានជំរុញឱ្យ អាជ្ញាធរចាំបាច់ត្រូវអនុវត្តតាមអនុសាសន៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ ដើម្បីការពារពលរដ្ឋ និងកេរ្តិ៍ឈ្មោះប្រទេស។
លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវតែស៊ើបអង្កេតក្រុមហ៊ុនដែលសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងការជួញដូរ និងការឆបោកតាមអ៊ីនធឺណិត ហើយចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត។
លោកបានមានប្រសាសន៍ថា៖ «ច្បាប់ត្រូវតែអនុវត្តយ៉ាងតឹងរ៉ឹងប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនទាំងអស់ដើម្បីកុំឱ្យក្រុមហ៊ុនទាំងហ្នឹងមានការរួចខ្លួនពីសំណាញច្បាប់ ពេលដែលរកឃើញមានប្រត្តិបត្តិនូវការជួញដូរ។ ហើយត្រូវតែខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស»។ លោកបន្ថែមថា៖«យើងត្រូវតែខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ដែលត្រូវបានរកឃើញថាមានការពាក់ព័ន្ធក្នុងការជួញដូរមនុស្ស»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ https://cambojanews.com/urgent-action-needed-to-dismantle-scam-compounds-in-cambodia-and-southeast-asia-un/