សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កីឡាការិនីហែលទឹកវ័យជំទង់ម្នាក់ដណ្តើមបានមេដាយមាសបីគ្រឿង មុនព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

កីឡាការិនីហែលទឹក កាំង មុយនីន អាយុ១៦ឆ្នាំ បង្ហាញមេដាយមាសដែលនាងបានឈ្នះនៅដើមខែកញ្ញា ឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
កីឡាការិនីហែលទឹក កាំង មុយនីន អាយុ១៦ឆ្នាំ បង្ហាញមេដាយមាសដែលនាងបានឈ្នះនៅដើមខែកញ្ញា ឆ្នាំ២០២២។ រូបភាពថតនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

យុវតី កាំង មុយនីន អាយុ១៦ឆ្នាំ​ បានចាប់ផ្តើមហាត់​ហែលទឹកយ៉ាងខ្លាំងក្លាតាំងពីនាងនៅ​អាយុ​១០​ឆ្នាំ​។ កាលពីដើម​ខែនេះ សិស្សថ្នាក់ទី​១០​រូបនេះ​ទទួល​បាន​មេដាយ​មាស​ចំនួន​បី​សម្រាប់ប្រទេសកម្ពុជា​នៅក្នុងការ​ប្រកួត​កម្រិតតំបន់​ដោយ​វ៉ាដាច់​កីឡាការិនី​នៅក្នុង​ក្រុម​អាយុដូចគ្នា​មកពី​១៥​ប្រទេស​ផ្សេងទៀត។

ជ័យជម្នះនេះ​កើត​ឡើង ​ក្រោយ​ពី​នាងបាន​យកជើងទាធ្វើពីប្លាស្ទិកដ៏វែង​ ដែលនាង​និង​មិត្តរួម​ក្រុម​ប្រាំនាក់​របស់​នាង​បាន​ខ្ចីពី​ក្រុមដែលជា​គូប្រជែង​មកពាក់​នៅក្នុងការប្រកួតហែលទឹក ដោយ​សារតែ​ក្រុម​ហែលទឹកពាក់ជើង​ទា​របស់កម្ពុជានៅ​ថ្មីពេកចំពោះវិញ្ញាសា​ប្រកួត​ប្រភេទ​នេះ​ ហើយពួកគេមិនទាន់​មាន​​សម្ភារៈបែប​អាជីពផ្ទាល់ខ្លួននៅឡើយ។

បន្ទាប់ពី​ធ្វើ​ការ​ផ្លាស់ប្តូរពី​ទម្រង់ហែលធម្មតា​កាលពីខែ​មេសា​ មុយនីន ក៏នៅថ្មីជាមួយ​​នឹងវិញ្ញាសាកីឡាហែលទឹកប្រភេទនេះដែរ​ ដែល​តម្រូវ​ឱ្យ​អត្តពលិក​ប្រើប្រាស់​ជើងទា​ទោល (mon-fin) ឬភ្លោះ (bi-fins) ​នៅលើ​ជើង​របស់ខ្លួន​និង​មាន​បំពង់​ដកដង្ហើមមួយផងដែរ។

មុយនីន បាន​និយាយថា៖ «ខ្ញុំ​ដណ្តើម​បាន​មេដាយ​សំរឹទ្ធមួយគ្រឿង​នៅក្នុង​វិញ្ញាសា​ហែលទឹក​ចំណាយ​៥០​ម៉ែត្រពាក់ជើងទាពីរនិងទទួល​បាន​មេដាយ​មាសចំនួន​បីគ្រឿង​សម្រាប់​វិញ្ញាសា​ហែលទឹក​១០០ម៉ែត្រ ២០០​ម៉ែត្រនិង​៤០០ម៉ែត្រ​។ ខ្ញុំ​យក​ឈ្នះ​កីឡាការិនីមកពី​ប្រទេសជប៉ុន​ ថៃនិងសិង្ហបុរី»

មុយនីន ជា​កូនពៅនៅក្នុង​ចំណោម​គ្រួសារដែល​មាន​បងប្អូន​បីនាក់​បាន​ជាប់​នៅក្នុង​ក្រុម​ជម្រើស​ជាតិ​ហែល​ទឹក​កម្ពុជា​លើកដំបូង​កាល​ពីឆ្នាំ​២០១៩​។​

 នាង​បាន​និយាយថា៖ «ឪពុកម្តាយ​របស់ខ្ញុំ​មិន​មែនជា​កីឡាករទេ​ ហើយ​ដំបូង​ ខ្ញុំគ្រាន់តែ​ហាត់​ដើម្បី​សុខភាព​ប៉ុណ្ណោះ ប៉ុន្តែ​ដោយសារតែ​មាន​ការ​លើកទឹកចិត្ត​ពីគ្រូ ខ្ញុំ​បានក្លាយ​ជា​​ជម្រើស​ជាតិ​»

នៅ​ពេល​នាង​ចាប់ផ្តើម​ហ្វឹកហាត់ហែល​ទឹក ឪពុក​របស់នាង​បានជំទាស់​មិន​ឱ្យ​នាង​បន្ត​លេង

កីឡា​នេះទេ ពីព្រោះ​គាត់​ចង់​ឱ្យ​ មុយនីន ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​របស់នាង។ ប៉ុន្តែ​បន្ទាប់ពីមើលឃើញ​ការ​ប្តូរផ្តាច់​របស់នាង​ក្នុង​ការ​ហ្វឹកហាត់ ឪពុករបស់នាងក្រោយ​មក​បាន​យល់ព្រម​ឱ្យ​នាង​បន្ត​ហ្វឹក​ហាត់​។

កីឡាការិនីហែលទឹក កាំង មុយនីន អាយុ១៦ឆ្នាំ ហ្វឹកហាត់ហែលទឹកប្រភេជើងទា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

បន្ទាប់ពីប្រកួតប្រជែង​ការ​ហែលទឹកធម្មតា​ នាង​មាន​ឱកាស​សាកល្បងហែល​ទឹក​ដោយពាក់ជើងទា​ ហើយ​បាន​ដឹងថា នាងអាចហែល​ទឹក​ដោយពាក់ជើងទានិង​បំពង់​ដកដង្ហើម​​លឿន​ជាង ហើយ​នាងពេញចិត្ត​ការហែលទឹកបែបនេះ។

មុយនីន បាន​និយាយថា៖ «ខ្ញុំ​គ្រាន់តែ​ចង់​សាកល្បងសមត្ថភាព​របស់ខ្ញុំ។ ខ្ញុំ​មើលឃើញថា ខ្ញុំ​ហែលទឹកពាក់ជើងទា​បានល្អជាង​ការ​ហែល​ទឹកធម្មតា។ ដូច្នេះហើយ ខ្ញុំសម្រេចចិត្តប្តូរ»

សព្វថ្ងៃនេះ មុយនីន ហែលទឹកស្ទើរតែរាល់ថ្ងៃគឺបីម៉ោងនៅពេល​ព្រឹក​ ដោយ​ចាប់​ផ្តើម​ពីម៉ោង​៥កន្លះព្រឹក​ និងបីម៉ោង​ទៀតនាពេល​រសៀល​រហូត​ដល់ម៉ោង​៦កន្លះល្ងាច។ 

មុយនីន បាន​ប្រាប់ថា៖ «ខ្ញុំហ្វឹកហាត់​ហែលទឹក​និងសិក្សានៅពេលដំណាលគ្នា​»។  នាង​បាន​បន្ថែមថា នាងចំណាយ​ពេល​ច្រើន​ដែល​ផ្តោត​ការយកចិត្ត​ទុកដាក់​លើ​ការហ្វឹកហាត់ ប៉ុន្តែ​នៅតែឆ្លៀតពេល​ធ្វើ​កិច្ច​ការ​ផ្ទះ។ 

ខណៈពេល​នាង​ទើ​បចាប់ផ្តើម​ហែល​ទឹក​បាន​ប្រហែល​៥​ខែកន្លងទៅ ការ​ប្រឹងប្រែង​របស់នាងពិតជា​បាន​ផ្តល់​លទ្ធផល​ល្អ​រួចទៅ​ហើយ។

ទោះបីជា​យ៉ាងណា លោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក​ហែលទឹករបស់ មុយនីន​ នៅ​សហព័ន្ធខ្មែរ​កីឡាហែល​ទឹក ​ដែល​គ្រប់គ្រងកីឡាករ ហែលទឹក ដាំដូងចូល​ទឹក និងកីឡាករបាល់ក្នុងទឹក ​បាន​ទទួល​ស្គាល់ថា មុយនីន និង​មិត្តរួម​ក្រុម​របស់នាងពិតជា​មាន​ការ​លំបាក​​នៅក្នុង​ការ​ប្រកួត​ដំបូង​របស់ខ្លួន​​នៅ​ស៊ីហ្គេម​ឆ្នាំ​នេះដែល​ប្រទេសវៀតណាម​ធ្វើ​ម្ចាស់ផ្ទះ។

លោក ថុនពន្លឺ មាន​ប្រសាសន៍ថា ពួកគេខ្វះសម្ភារៈហែល​សមរម្យ​និង​បាន​ហ្វឹកហាត់​ត្រឹម​តែ​មួយខែ​មុន​ពេល​ប្រកួត​ ដែល​ធ្វើ​ឱ្យ​អត្តពលិក​ប្រើប្រាស់បច្ចេកទេស​ហែលទឹកមិនគ្រប់គ្រាន់និង​ខ្លះមាន​របួស​។

ទោះបីជា​យ៉ាងណា កីឡាករ​បួន​រូប​នៅក្នុងចំណោម​មិត្តរួម​ក្រុម​របស់​ មុយនីន អាចដណ្តើម​បាន​មេដាយ​សំរឹទ្ធ។

បន្ទាប់ពី​ត្រឡប់​មកពីប្រទេសវៀតណាមវិញ ក្រុម​កីឡាករហែលទឹក​បានកែសម្រួល​​កាលវិភាគ​ហ្វឹក​ហាត់​របស់ខ្លួនដោយ​​ហាត់​គោះជើង ​និង​ហាត់​រយៈ​ពេល​៦​ម៉ោង​ក្នុង​មួយ​ថ្ងៃ ដោយហែលទឹកធម្មតា​ពីថ្ងៃចន្ទដល់ថ្ងៃពុធនិង​ហែល​ទឹក​ពាក់ជើងទា​ពីថ្ងៃព្រហស្បតិ៍​ដល់​ថ្ងៃសៅរ៍។

លោក ថុន​ពន្លឺ​ មាន​ប្រសាសន៍ថា ពេលពួកគេធ្វើដំណើរទៅប្រទេសថៃ​នៅដើម​ខែនេះសម្រាប់​ប្រកួតប្រជែង​ការហែលទឹកពាក់ជើងទា​ពាន​រង្វាន់ពិភព​លោក ពួកគេ​មាន​ការ​រីកចម្រើន​ផ្នែកបច្ចេកទេសគួរ​ឲ្យ​កត់​សម្គាល់​។

ប៉ុន្តែ​ក្រុម​កីឡាករ​នៅ​មិន​ទាន់​មាន​ជើង​ទា​អាជីព​សម្រាប់ការ​ហែល​ផ្ទាល់ខ្លួននៅឡើយទេ​។

គ្រូបង្វឹក​រូបនេះ​មាន​ប្រសាសន៍ថា៖ «ពេល​យើងទៅ​ដល់ប្រទេសថៃ យើងខ្ចីជើងទា​ពី [ក្រុម] ​ថៃនិងសិង្ហបុរី​ហើយបន្ទាប់មក​ យើង​ហ្វឹកហាត់​បាន​ពីរ​ថ្ងៃមុន​ពេល​​ប្រកួត​»

ទោះបីជា​មាន​បញ្ហា​បែបនេះ តែ​ មុយនីន ដណ្តើម​បាន​មេដាយ​បួន​គ្រឿង​រួម​ទាំង​មេដាយ​មាស​បីគ្រឿងផងដែរ។

លោក ថុនពន្លឺ ឱ្យដឹងថា៖ «បើធៀបនឹងការ​ប្រកួតនៅ​ប្រទេសវៀតណាម ពួកគេមិនទាន់ធ្វើ​បាន​​​ល្អនៅឡើយទេ ដោយសារតែពួកគេទើបចាប់ផ្តើម​ហ្វឹកហាត់​ ប៉ុន្តែ​ពួកគេ​បាន​ហ្វឹក​ហាត់​ខ្លាំង​មុន​ពេល​ប្រកួតនៅ​ប្រទេសថៃ​ ដូច្នេះ​វិធីសាស្ត្រហែល​ទឹករបស់ពួកគេមាន​ការរីក​ចម្រើន»

ក្នុង​នាមជា​គ្រូបង្វឹក លោក​មាន​ប្រសាសន៍ថា លោក​មាន​មោទនភាព​ចំពោះ​ជោគជ័យ​របស់​អត្តពលិក​ ជា​ពិសេសដោយសារតែការហែលទឹកពាក់ជើងទា​នេះ គឺជា​វិញ្ញាសាប្រកួត​ថ្មី​សម្រាប់​សហព័ន្ធខ្មែរកីឡាហែលទឹក​​។

ឃឺន ប៊ុនពេជ្រ មរកត ជាកីឡាការិនីហែលទឹក អាយុ១៦ឆ្នាំ ហ្វឹកហាត់ហែលទឹកនៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។ រូបភាព៖ សហព័ន្ធខ្មែរ​កីឡាហែល​ទឹក

ឃឺន ប៊ុនពេជ្រ មរកត ជាកីឡាការិនីហែលទឹកអាយុ១៦ឆ្នាំ​ម្នាក់ទៀត​បាន​និយាយថា នាង​បាន​ចូល​ហាត់ហែលទឹកកាលពីឆ្នាំ​២០១៦​ ហើយ​ចាប់ផ្តើម​ចូល​រួម​ប្រកួត​នៅ​ឆ្នាំ​២០១៧​និង​បាន​ប្តូរមក​លេងវិញ្ញាសា​ហែលទឹកពាក់ជើងទា​វិញ​កាល​ពីដើម​ឆ្នាំ​នេះ​ ដូចកីឡាការិនី មុយនីន​ ដែរ។

ប៊ុនពេជ្រ មរកត បាននិយាយថា៖ «កីឡាហែលទឹកពាក់ជើងទាពិបាកហាត់ជាង​កីឡា​ហែល​ទឹកធម្មតា​ ពីព្រោះ​នៅពេលណាដែលខ្ញុំពាក់ជើងទាដើម្បីគោះជើងកំឡុងពេលហែល វាធ្វើឲ្យ​ឈឺជើង»

បើធៀបនឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម​ នាង​បាន​និយាយថា សមត្ថភាពរបស់នាងមាន​ការរីកចម្រើននៅក្នុងការប្រកួតដណ្តើម​ពាន​វើលខាប់​ ហើយនាង​ទទួលបាន​បទពិសោធន៍​ច្រើន។

ប៊ុនពេជ្រ មរកត និយាយថា៖ «បើទោះបីជាខ្ញុំមិនបានទទួលមេដាយ ខ្ញុំទទួលបានចំណាត់​លេខ៤ ដែរ» នៅក្នុងការ​ប្រកួត​ហែលទឹកពាក់ជើងទាភ្លោះចំណាយ​៥០ម៉ែត្រនិង​១០០​ម៉ែត្រ។

នាង​ក៏បានរៀនសូត្រពីចលនាហែលនិងបច្ចេកទេសដកដង្ហើមពីអត្តពលិកដទៃទៀត ដែល​នាង​នឹងប្រើប្រាស់បច្ចេកទេសនេះ ដើម្បីហ្វឹកហាត់​មុន​ការប្រកួត​ស៊ីហ្គេម​នៅ​ឆ្នាំ​ក្រោយ។

លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ​គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេមបាន​មាន​ប្រសាសន៍ថា គណៈកម្មាធិការជារឿយៗបានបញ្ជូនអត្តពលិកទៅបរទេសដើម្បីហ្វឹកហាត់​ ចូលរួម​ប្រកួតកម្រិតខ្ពស់និងបង្កើន​ជំនាញនិងទំនុកចិត្ត​របស់​ពួកគេ។

លោកបានមាន​ប្រសាសន៍ថា៖ «ការបញ្ជូននេះ វាជាយុទ្ធសាស្ត្រក្នុងការបង្កើន​គុណផល​កីឡារបស់អត្តពលិករបស់យើង ដើម្បីត្រៀមប្រកួតនៅស៊ីហ្គេម​ឆ្នាំ២០២៣»

កីឡាការិនីហែលទឹក កាំង មុយនីន អាយុ១៦ឆ្នាំ ហ្វឹកហាត់ហែលទឹកប្រភេជើងទា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងទីក្រុងភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

ខណៈពេល​ក្រុម​កីឡាករហែលទឹកពាក់ជើងទាជម្រើសជាតិ​កំពុងរង់ចាំជើងទា​សម្រាប់ការ​ប្រកួតលក្ខណៈអាជីព​ដែលបានបញ្ជាទិញរួចហើយនោះ ពួកគេបន្ត​ហ្វឹកហាត់​ដោយប្រើប្រាស់​ជើងទា​ស្តង់ដារធម្មតា។

មុយនីន ជាម្ចាស់មេដាយមាសបាននិយាយថា កីឡាករហែលទឹកពាក់ជើងទា​ត្រូវតែមាន​ភាព​អត់ធ្មត់​ ហើយមាន​កម្លាំងជើងខ្លាំងនិងប្រកបដោយថាមពល។

ជ័យជម្នះនាពេលថ្មីៗនេះរបស់នាងបាន​ជំរុញទឹកចិត្ត​របស់នាង​ឱ្យបន្ត​ប្រឹងប្រែងឆ្ពោះទៅ​រកភាព​ជោគជ័យដ៏ធំធេងបន្ថែមទៀត។

នាងបាន​បន្ថែមទៀតថា៖ «ខ្ញុំសប្បាយចិត្តលើភាពជោគជ័យមួយនេះ ហើយខ្ញុំនឹងបន្ត​ហ្វឹកហាត់​បន្ថែមទៀតដើម្បីត្រៀមខ្លួនក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣»

985 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម