កម្ពុជាកំពុងសម្លឹងទៅរកភាពរីកចម្រើនរបស់ខ្លួនដើម្បីដណ្ដើមមេដាយឲ្យបានច្រើនសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលនឹងត្រូវរៀបចំឡើងនៅទីក្រុងភ្នំពេញ ប៉ុន្តែទាំងកីឡាករ និងគ្រូបង្វឹកថាខ្លួនត្រូវការពេលច្រើនទៀត រួមទាំងការហ្វឹកហាត់ និងធនធាន។
ក្រុមកីឡាជម្រើសជាតិកម្ពុជាបាននាំមកមាតុភូមិវិញនូវមេដាយចំនួន ៦៣ ក្នុងនោះមានមេដាយមាសចំនួនប្រាំបួន កាលពីការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសវៀតណាមកាលពីខែឧសភា កន្លងមក។ ថ្វីបើមានការស្វាគមន៍ច្រើនពីសាធារណជន និងមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រុមកីឡាករដែលទទួលបានជោគជ័យទាំងនោះ កាន់តែមានសម្ពាធខ្លាំងថែមទៀតនៅចំពោះមុខប្រជាពលរដ្ឋខ្លួនពេលធ្វើជាម្ចាស់ផ្ទះ ក្នុងការដណ្ដើមយកមេដាយក្នុងឆ្នាំ២០២៣ នេះ។
កីឡាករ គ្រូបង្វឹក និងអ្នករៀបចំកម្មវិធីកីឡាស៊ីហ្គេម មួយចំនួនបានប្រាប់ខេមបូចាថា ធាតុផ្សំដែលអាចទទួលបានជ័យជម្នះ គឺរួមផ្សំទាំងការប្រកួតអន្តរជាតិ កម្មវិធីហ្វឹកហាត់ល្អ និងមានការគាំទ្រពីគ្រប់ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ មានប្រសាសន៍ថា៖ «យើងមានថវិកាហើយ ប៉ុន្តែវាក៏សំខាន់ណាស់ដែរក្នុងការមានពេលវេលាគ្រប់គ្រាន់ ដើម្បីបណ្ដុះបណ្ដាលកីឡាករ កីឡាការិនី និងកម្មវិធីកីឡារបស់យើង»។
លោកបន្ថែមថា៖ «យើងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីកម្ពុជារបស់យើង ដោយផ្ដោតទៅលើការពង្រឹងជំនាញបច្ចេកទេសរបស់ពួកគេទៅតាមប្រភេទកីឡានីមួយៗ»។

ហ្វឹកហាត់ក្រៅប្រទេស
លោក វ៉ាត់ ចំរើន បានស្វែងរកការជួយជ្រោមជ្រែងពីខាងក្រៅប្រទេសផងដែរ។ នៅខែក្រោយ លោកថា CAMSOC នឹង បញ្ជូន កីឡាករ កីឡាការិនីចំនួន ១៦១រូប ទៅហ្វឹកហាត់នៅប្រទេសចិន តាមរយៈជំនួយឥតសំណងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល។ លោកបន្ថែមថា CAMSOC ក៏នឹងបញ្ចូនក្រុមការ៉ាតេទៅហ្វឹកហាត់នៅប្រទេសជប៉ុន និងកីឡាករតៃក្វាដូទៅហ្វឹកហាត់ជាមួយអ្នកជំនាញក្នុងប្រទេសកូរ៉េ។
លោកបន្ថែមថា CAMSOC ក៏មានយុទ្ធសាស្រ្តផ្សេងទៀតសម្រាប់ការអភិវឌ្ឍកីឡាកម្ពុជាផងដែរ ដូចជាបានជួលគ្រូមកពីបរទេសដើម្បីអភិវឌ្ឍជំនាញកីឡាករ កីឡាការិនីឲ្យត្រូវនឹងស្ដង់ដារពិភពលោក និងបានជ្រើសរើសចៅក្រមដែលមានសមត្ថភាពកម្រិតអន្តរជាតិមកត្រួតពិនិត្យការប្រកួតផ្សេងៗនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ។
លោក ជាតិ ខេមរា គ្រូក្រុមជម្រើសជាតិកម្ពុជា នៃសហព័ន្ធកីឡាសីដក់និងឈិនឡូនកម្ពុជា លើកឡើងថាការប្រកួតកម្រិតអន្តរជាតិជាគន្លឹះសំខាន់ក្នុងការឆ្ពោះទៅរកភាពជោគជ័យរបស់សហព័ន្ធ និងគួរជាទីមោទនៈ គិតតាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៣ មក។
លោកបន្ថែមថា សហព័ន្ធបានឈ្នះមេដាយជាច្រើនក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ រួមមានមេដាយ ប្រាក់ និងមេដាយសំរឹទ្ធ មួយចំនួនក្នុងការប្រកួតនៅប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៣ និងមេដាយមាសនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ ២០១៥។ ក្នុងឆ្នាំ២០១៧ លោកថា សហសព័ន្ធក៏បានឈ្នះមេដាយសំរឹទ្ធនៅប្រទេសម៉ាឡេស៊ី និងឈ្នះមេដាយប្រាក់នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ២០១៩។ ឆ្នាំនេះនៅប្រទេសវៀតណាម លោកថា ក្រុមកីឡាករមិនបានទទួលមេដាយអ្វីនោះទេ។

សីដក់កម្ពុជា
ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតឆ្នាំក្រោយ លោក ជាតិ ខេមរា ក៏កំពុងសម្លឹករកមើលការប្រកួតនៅក្រៅប្រទេសដើម្បីបានទទួលបទពិសោធល្អៗផងដែរ។ លោកថា សហព័ន្ធបានត្រៀមកីឡាករចំនួន ១៨នាក់ និងកីឡាការិនីចំនួន ១២នាក់សម្រាប់ក្រុមកីឡាជម្រើសជាតិប្រភេទសីដក់ និងកីឡាឈិនឡូន។
លោកបន្ថែមថា៖ «យើងបានត្រៀមខ្លួនរួចរាល់តាំងពីការបញ្ចប់កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមមកម្លេះ»។ លោកបន្តថា៖ «សហព័ន្ធក៏នឹងត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅបរទេសនៅដើមខែកញ្ញា ឬតុលា ខាងមុខ និងរហូតដល់ព្រឹត្តិការណ៍ស៊ីហ្គេម[ខែឧសភា ឆ្នាំ២០២៣]»។
លោកស្រី សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្ដីទី CSCF មានប្រសាសន៍ថា កីឡាករ កីឡាការិនីរបស់សហព័ន្ធដែលថ្មីៗនេះកំពុងហ្វឹកហាត់នៅកីឡដ្ឋានមរតកតេជោ និងកីឡាករខ្លះទៀតក្នុងខែនេះនឹងត្រូវបញ្ជូនទៅចូលរួមការប្រកួត King’s World Championship លើកទី៣៥ នៅប្រទេសថៃផងដែរ។

លោកស្រីបន្ថែមថា៖ «ការប្រកួតខាងមុខនេះ ក៏ជាការប្រកួតមួយដើម្បីឱ្យកីឡាករ កីឡាការិនីបន្សាំខ្លួនទៅនឹងការប្រកួតឱ្យកាន់តែច្រើនដើម្បីទទួលបានបច្ចេកទេសថ្មីៗបន្ថែមទៀត» ។
លោក ជាតិ ខេមរា មានប្រសាសន៍ដែរថា គ្រូបង្ហាត់ជនជាតិខ្មែរ ក៏ល្អដូចគ្រូបរទេសដែរ គ្រាន់តែថាការហាត់ក្នុងស្រុកមានការរំខានច្រើន ហើយមានពេលវេលាតិចក្នុងការហាត់ជាក្រុម។
លោកបន្តថា៖ «ផ្អែកតាមសមត្ថភាពរបស់យើង ខ្ញុំសង្ឃឹមខ្ពស់ក្នុងការឈ្នះមេដាយ។ អ្វីដែលខ្ញុំបារម្ភ គឺថាយើងខ្វះបទពិសោធក្នុងព្រឹត្តការណ៍ប្រកួតធំៗដូចជាស៊ីហ្គេម»។
លោកឲ្យដឹងទៀតថា៖ «អ៊ីចឹងការចេញទៅហ្វឹកហាត់លើកនេះ គឺហ្វឹកហាត់ដើម្បីបំពាក់បំប៉នបច្ចេកទេសបន្ថែមទៀត និងរកដៃគូរប្រកួតឱ្យបានច្រើន»។
កីឡាហែលទឹក
សហព័ន្ធខ្មែរកីឡាហែលទឹក ដែលគ្រប់គ្រងលើកីឡាហែលទឹក កីឡាលេងបាល់ក្នុងទឹក កីឡាលោតទឹក និងកីឡាហែលទឹកពាក់ជើងទា ក៏បានត្រៀមខ្លួនជាមុនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាដែរ។ សហព័ន្ធនេះត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៨០ «ហើយបានឈ្នះមេដាយសំរឹទ្ធដំបូងនៅក្នុងកីឡាស៊ីហ្គេមកាលពីឆ្នាំមុន»។
លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ មានប្រសាសន៍ថា កីឡាទឹកកម្ពុជាបានរីកចម្រើនខ្លាំងតាំងពីឆ្នាំ២០១៧។

លោកបន្ថែមថា៖ «សហព័ន្ធបានត្រៀមខ្លួនរួចរាល់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធ។ ក្នុងរយៈពេលជិតមួយឆ្នាំនេះ យើងនឹងមានការត្រៀមបញ្ជូនកីឡាករ កីឡាការិនីចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ហើយជាពិសេសនឹងមានការប្រកួតក្នុងស្រុក និងក្រៅស្រុកច្រើនដែរសម្រាប់ឆ្នាំនេះ»។
លោកបន្ថែមថា៖ «យើងមានសុទិដ្ឋិនិយមខ្ពស់។ យើងមានសង្ឃឹមយ៉ាងខ្លាំងថាយើងអាចប្រកួតបានល្អ និងឈ្នះមេដាយសម្រាប់ជាតិ»។
ក្ដីសង្ឃឹមមួយចំនួនបានដាក់ទៅលើ អ៊ួង លីហេង ដែលជាកីឡាករហែលទឹកបែបកង្កែបមានវ័យ ១៩ឆ្នាំ ដែលបានទទួលការបណ្ដុះបណ្ដាលតាំងពីឆ្នាំ២០១២។
លោក លីហេង លើកឡើងថា៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយ។ ខ្ញុំបានអនុវត្តច្រើនស្ទើរតែគ្មានពេលសម្រាក។ ក្រុមកីឡាករហែលទឹក និងខ្ញុំហ្វឹកហាត់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ ពីរដងក្នុងមួយថ្ងៃ»។
លោកថា៖ «ខ្ញុំបានត្រៀមខ្លួនរួចរាល់មកជាយូរហើយ»។

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Training for Gold: Athletes, Coaches Hopeful for 2023 SEA Games in Cambodia