សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កីឡាករ-កីឡាការិនីកម្ពុជាមួយចំនួនបានបំបែកកំណត់ត្រាឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

កីឡាការិនី ទូច ចាន់វត្តី កំពុងឡើងទទួលមេដាយមាសលើវិញ្ញាសាគុនខ្មែរក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ក្រោយយកឈ្នះពិន្ទុកីឡាការិនីវៀតណាមកាលពីថ្ងៃទី១១ ខែឧសភា នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ខេមបូចា/ ប៉ា តុងចិន
កីឡាការិនី ទូច ចាន់វត្តី កំពុងឡើងទទួលមេដាយមាសលើវិញ្ញាសាគុនខ្មែរក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ក្រោយយកឈ្នះពិន្ទុកីឡាការិនីវៀតណាមកាលពីថ្ងៃទី១១ ខែឧសភា នៅសាលដំរីនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ខេមបូចា/ ប៉ា តុងចិន

អត្តពលិកកម្ពុជាមួយចំនួនបានបំបែកកំណត់ត្រាឈ្នះមេដាយមាសលើវិញ្ញាសាដែលមិនធ្លាប់ឈ្នះពីមុនមក ដោយទទួលបានមេដាយមាសសរុប​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម​ដែលខ្មែរ​ធ្វើជា​ម្ចាស់​​ផ្ទះ​មានចំនួន៨១គ្រឿងក្នុងចំណោមមេដាយសរុប២៨២គ្រឿង គឺឈរនៅលំដាប់លេខ៤​ក្នុងចំណោម១១ប្រទេស។

ក្រុមកីឡាករ-កីឡាការិនីកម្ពុជាផ្នែកកីឡាហែលទឹក រត់ប្រណាំង និងប្រដាល់គុនខ្មែរផ្នែកនារី រួមទាំងកីឡាមួយចំនួនទៀតបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់កម្ពុជា ដោយឈ្នះបាន​មេដាយ​មាស​ជាបន្តបន្ទាប់នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដោយវិញ្ញាសាទាំងនោះ​សុទ្ធ​តែ​សម្រេចបានមេដាយមាស ដែលកម្ពុជាមិនធ្លាប់ទទួលបាន​នៅក្នុងព្រឹត្តិការណ៍​អន្តរជាតិ​មួយ​នេះ។ ក្នុងនោះមានមេដាយមាសលើវិញ្ញាសាកីឡាហែលទឹក១គ្រឿង រត់ប្រណាំង១គ្រឿង និង​ប្រដាល់គុនខ្មែរផ្នែកនារី១គ្រឿងផងដែរ។

កីឡាការិនីដែលបានឈ្នះមេដាយមាសលើវិញ្ញាសាប្រដាល់គុនខ្មែរផ្នែកនារី គឺកញ្ញា ទូច ចាន់វត្តី បានរៀបរាប់ថា នាងពិតជាសប្បាយរីករាយដែលអាចលើកមុខមាត់ជូនគ្រួសារ និង​ជាតិ រួមទាំងបំណងប្រាថ្នារបស់ខ្លួនដែលប៉ងតាំងពីចូលហ្វឹកហាត់ដំបូង ដោយសុខ​ចិត្ត​ព្យួរ​ការសិក្សាថ្នាក់​ទី​១២ ដើម្បីហ្វឹកហាត់ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍មួយនេះ។ យ៉ាង​ណានៅ​ពីក្រោយភាពជោគជ័យនេះ កីឡាការិនីវ័យ១៨ឆ្នាំរូបនេះត្រូវតស៊ូហ្វឹកហាត់ខ្លាំង និង​មិន​សូវ​បានគិតពីសម្រស់ដូចក្មេងស្រីឯទៀតនោះឡើយ។ មួយវិញទៀត នាងក៏​ត្រូវបានរង​ពាក្យ​សម្តីរិះគន់មួយចំនួនថាជាស្តី្រមិនគួរណាចូលប្រឡូកក្នុងវិស័យនេះសោះ។

កញ្ញា ចាន់វត្តី ប្រាប់ថា៖ «មុននឹងឈ្នះគឺវាតម្រូវឱ្យខ្ញុំតស៊ូខ្លាំង ខំហ្វឹកហាត់យូរឆ្នាំដែរ។​ សម្រាប់ខ្ញុំការ​ឈ្នះមេដាយមាសនេះ គឺមានអារម្មណ៍ថារំភើបដែល​ខ្ញុំអាចយកមេដាយមាស​ជូនជាតិ​យើង​បាន ហើយខ្ញុំក៏អាចសម្រេចបំណងប្រាថ្នារបស់ខ្ញុំដែលខំហ្វឹកហាត់អស់រយៈពេលច្រើនឆ្នាំ»

កីឡាការិនីគុនខ្មែររូបនេះមានដើមកំណើតពីស្រុកកៀនស្វាយ ខេត្តកណ្តាល បានបន្តថា មេដាយមាសដែលទើបនឹងទទួលបានពីការប្រកួតស៊ីហ្គេម​នាពេលថ្មីៗ​អាចជួយ​ផ្សព្វផ្សាយ​ក្បាច់គុនខ្មែរឱ្យពលរដ្ឋកាន់តែគាំទ្រ រីឯបរទេសរឹតតែស្គាល់ច្បាស់។ កញ្ញា ចាន់វត្តី ចាត់ទុកថា មេដាយមាសមួយនេះជាសមិទ្ធផលធំជាងគេមិនធ្លាប់មាន​តាំងពីចូលប្រឡូក​ក្នុង​វិស័យប្រដាល់នេះមក។

កញ្ញា ចាន់វត្តី អះអាងថា៖ «វាធំធេងសម្រាប់ប្រទេសជាតិ ហើយវាលើកស្ទួយ​វិស័យ​ប្រដាល់​យើង​បានច្រើនផងដែរអត់មានសមិទ្ធផលណាដែលធំជាងលើកនេះទេ ព្រោះដោយសារ​លើក​នេះការប្រកួតស៊ីហ្គេមតំណាងឱ្យប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះដែលរង់ចាំអស់រយៈ​ពេល៦៤ឆ្នាំ។ អ៊ីចឹងខ្ញុំគិតថា ការប្រកួតលើកនេះគឺវាជាការប្រកួត​ធំបំផុតក្នុងឆាកជីវិតរបស់​ខ្ញុំ»។

គួរជម្រាបថា កញ្ញា ទូច ចាន់វត្តី គឺជាកីឡាការិនីដំបូងគេបង្អស់ដែលអាចយកមេដាយមាស​ជូនកម្ពុជា​បាននៅក្នុងព្រឹត្តិការណ៍​កីឡាស៊ីហ្គេមសម្រាប់វិញ្ញាសាប្រដាល់គុនខ្មែរផ្នែកនារី ដោយ​​បានយកឈ្នះកីឡាការិនីវៀតណាមនៅក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃ១១ ខែឧសភា កន្លង​ទៅ។ ដោយឡែកនៅក្នុងព្រឹត្តិការណ៍លើកទី៣២នេះ នាងក៏ជាម្ចាស់មេដាយមាសជាស្ត្រី​តែ​ម្នាក់​គត់ដែរក្នុងចំណោមម្ចាស់មេដាយមាស​គុនខ្មែរទាំង១៤នាក់។

កីឡាការិនីរូបនេះបានដាក់ការប្តេជ្ញាចិត្តថា នឹងខំប្រឹងធ្វើឱ្យបានល្អបន្ថែមទៀតដើម្បី​យក​ជោគជ័យ​ក្នុងព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ ជាពិសេសការប្រកួតកីឡាស៊ីហ្គេម​លើកទី៣៣ដែលថៃធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ខាងមុខនេះ។

កញ្ញាបញ្ជាក់ថា៖ «ការតាំងចិត្តរបស់ខ្ញុំសម្រាប់ព្រឹត្តិការណ៍ក្រោយៗទៀត គឺថានឹងធ្វើឱ្យ​ល្អ​ដូចកាលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។ ហើយខ្ញុំនឹងខំ​ហ្វឹក​ហាត់បន្ថែមឱ្យល្អជាងលើកនេះទៅទៀត»

ពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលបានចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ ប្រទេសចំនួន១១ ដែលជាប្រទេសសមាជិកអាស៊ានបានបញ្ជូនអត្តពលិករបស់ពួកគេទៅចូលរួមការប្រកួតនេះ។ ខេមបូចា/ ព្រីង សំរាំង

ក្រៅតែពីកីឡាការិនីគុនខ្មែររូបនេះ ក៏មានអត្តពលិកមួយចំនួនទៀតដែលឈ្នះបាន​មេដាយ​មាស​ដែរ ដូចជាកីឡាការិនីហែលទឹក កាំង មុយនីន ដែលបានយកឈ្នះកីឡាការិនីឥណ្ឌូនេស៊ី​លើវិញ្ញាសាហែលទឹក៤០០ម៉ែត្រ ដោយ​ប្រើថេរវេលាជិត៤នាទី។ ដោយឡែក កីឡាករបាល់​ទាត់​លើតុ រៀម សុខភិរម្យ ក៏បាន​ឈ្នះ​មេដាយមាសលើវិញ្ញាសាឯកត្តជនបុរសផងដែរ។

ចំណែកម្ចាស់ជ័យលាភីមេដាយមាសផ្នែកកីឡាអត្តពលកម្ម(រត់ប្រណាំង)កម្ពុជាដែលមានដើមកំណើតពីស្រុកកញ្ជៀច ខេត្តព្រៃវែង គឺកីឡាករ ឈុន ប៊ុនថន បានឱ្យដឹងថា លោកបាន​ព្យួរ​ការ​សិក្សាអស់រយៈពេលជិត១ឆ្នាំ ដើម្បីចេញទៅហ្វឹកហាត់ត្រៀម​នៅប្រទេសចិន។​​ កីឡាករ​ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣នៃដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍​(DMC) បានបញ្ជាក់ថា ការឈ្នះមេដាយ​មាស​លើវិញ្ញាសានេះ​មិនមែន​ជារឿង​ចៃដន្យ​នោះទេ ពោលគឺលោកបានតស៊ូហ្វឹកហាត់ ហើយ​ក៏​ធ្លាប់រងបរាជ័យផ្ទួនៗរហូតជិត១០ឆ្នាំ ទម្រាំតែអាច​យក​ជ័យជម្នះនេះបាន។

កីឡាកររត់​ប្រណាំង​រូបនេះ​ក៏បានរងនូវការឈឺចាប់​ដោយសារ​ការបាត់បង់ឪពុកម្តាយ​តាំង​ពី​វ័យ​ក្មេង ហើយ​​ការចូលប្រឡូកក្នុងវិស័យនេះ​ក៏​គ្មាន​ការជំរុញ និងលើកទឹកចិត្តដែរ ផ្ទុយទៅវិញ​មាន​ការមើលងាយពីមនុស្សជុំវិញខ្លួនមួយចំនួន ប៉ុន្តែរូបលោកនៅតែជម្នះបញ្ហាទាំងនោះ​បាន។

លោក ប៊ុនថន បញ្ជាក់ថា៖ «ការឈឺចាប់ខ្ញុំមានច្រើនណាស់! ទី១គឺខ្ញុំក្រ ខ្ញុំទៅធ្វើអីក៏អត់មាន​អ្នកគាំទ្រដែរ។ ទី២គឺខ្ញុំបាត់បង់គ្រួសារ! បាត់បងឪពុកម្តាយ។ ទម្រាំតែបានមេដាយមាសនឹង​គឺគិតទុករហូតរយៈពេលជិត១០ឆ្នាំហើយ ព្រោះខ្ញុំចាញ់រហូត ប្រកួតចាញ់គេរហូត»

ជុំវិញលទ្ធផលដ៏គាប់ប្រសើរមួយនេះ ម្ចាស់មេដាយមាសវិញ្ញាសារត់ប្រណាំងកម្ពុជា​រូបនេះប្តេជ្ញាចិត្តថា នឹងចូលរួមលើកស្ទួយវិស័យមួយនេះឱ្យកាន់តែរីកចម្រើន ដើម្បីឱ្យពិភពលោកដឹងថាកម្ពុជាក៏មានក្រុមអត្តពលិកឆ្នើមដែរ។

លោកអះអាងថា៖ «ការប្តេជ្ញាចិត្តក្នុងការប្រកួតកីឡារត់ប្រណាំងនៅថ្ងៃអនាគតខាងមុខទៀត ខ្ញុំនឹងខិតខំហ្វឹកហាត់បន្ថែម ដើម្បីយកមេដាយអន្តរជាតិឱ្យបានច្រើនសម្រាប់កម្ពុជា លើក​កេរ្តិ៍ឈ្មោះ​កម្ពុជាទៅលើពិភពលោក»

កីឡាការិនី ស្រួង ភាវី អត្ដពលិកជម្រើសជាតិប៊ីយ៉ាការ៉ុមកម្ពុជា បានឈ្នះមេដាយមាស វិញ្ញាសាកីឡា ប៊ីយ៉ា ការ៉ុម៣បាំង ដោយយកឈ្នះកីឡាការិនីវៀតណាម ២៥-២០ នៅវគ្គផ្តាច់ព្រ័ត្រយ៉ាងស្វិតស្វាញក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

អនុប្រធានសហព័ន្ធកីឡាអត្តពលកម្ម(រត់ប្រណាំង) លោក ដាំ ភិរម្យ គូសបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ជាបុគ្គលម៉ឺងម៉ាត់ក្នុងការហ្វឹកហាត់ និងយកចិត្តទុកដាក់​នូវអ្វីដែលជា​ការបង្ហាត់​បង្រៀនរបស់លោកគ្រូ ដូច្នេះការខិតខំប្រឹងប្រែងក្នុងការហ្វឹកហាត់ទាំងនោះ ទើបធ្វើឱ្យគាត់​ក្លាយ​ជាកីឡាករទទួលបានជោគជ័យដំបូងគេបង្អស់។

លោកបន្ថែមថា ការឈ្នះមេដាយមាសលើវិញ្ញាសានេះនឹងធ្វើឱ្យបរទេស​ចាប់អារម្មណ៍​លើ​កម្ពុជា ខណៈដែលពីមុនមិនមានប្រទេសណាមួយចាប់អារម្មណ៍នោះទេ។

លោក ភិរម្យ បញ្ជាក់ថា៖ «យើងធ្លាប់តែពាក់អាវកម្ពុជាហើយគេនៅក្នុងអាស៊ាន​ក៏ដូចជា​នៅ​ក្នុង​ព្រឹត្តិការណ៍ធំៗគឺគេមិនដែលចាប់អារម្មណ៍នឹងប្រទេសកម្ពុជារបស់យើងនោះទេ។ ដោយ​ចាប់​ពី​ថ្ងៃនេះទៅនៅក្នុងអាស៊ីអាគ្នេយ៍គឺគេចាប់អារម្មណ៍ខ្លាំងណាស់ទៅលើកីឡាករ ឈុន ប៊ុនថន ព្រោះអីពេលដែលគាត់ឈ្នះហ្នឹងគឺថាគាត់រត់ដាច់ពីគេតែម្ដងអត់មានបន្លំអីនោះទេ ព្រោះកីឡា​អត្តពលកម្មកន្លងមកឈ្នះតែក្បាល ឬទ្រូងនោះទេ ប៉ុន្តែនេះ គឺឈុន ប៊ុនថន គាត់រត់ដាច់គេ​ប្រហែល២ទៅ៣ម៉ែត្រ»

ខេមបូចាមិនទាន់អាចសុំការចូលរួមបន្ថែមពី អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC) លោក វ៉ាត់ ចំរើន បាននៅឡើយទេ។ ប៉ុន្តែ​លោកធ្លាប់បានបញ្ជាក់ថា ការដែលអត្តពលិកកម្ពុជាទទួលបានលទ្ធផលល្អជាបន្តបន្ទាប់នេះ ដោយ​សារ​តែពួកគេ​បានតៀមខ្លួន និងមានកម្លាំងចិត្តគ្រប់គ្រាន់​ក្នុងការធ្វើជាម្ចាស់ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​​នេះ ហើយក៏ទទួលបានភាពកក់ក្តៅពីមហាជនជាងការ​ចេញទៅ​ប្រកួតនៅ​ក្រៅ​ប្រទេស។

លោកបញ្ជាក់ថា៖ «កីឡាកររបស់យើងមានចិត្តសាស្ត្រល្អក្នុងការប្រកួត កម្លាំងចិត្តរបស់គាត់​ក្នុង​នាមជាម្ចាស់ផ្ទះហ្នឹងវាល្អជាងយើងទៅប្រកួតនៅប្រទេសគេ ហើយសំខាន់គឺការគាំទ្រ​របស់​ប្រជាជន យុវជន មហាជនហ្នឹងវាផុសផុលគ្រប់ទីកន្លែងទាំងអស់»

លោកឱ្យដឹងបន្ថែមថា អត្តពលិកកម្ពុជាបានសម្រេចគោលបំណងដែលចង់បាន​មេដាយសរុប​ច្រើនជាងមេដាយសរុបកាលពីប្រកួតព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាម ពោលគឺ​កាល​​នោះ​ទទួលបានត្រឹមតែ៦៣គ្រឿងប៉ុណ្ណោះ។

ឃុន បូរ៉ា កីឡាករគុនខ្មែរ ប្រកួតជាមួយកីឡាករវៀតណាម Cao Minh Phat Truong ក្នុងទម្ងន់៦៣,៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ហើយបូរ៉ាបាន​យកឈ្នះ​កីឡាករវៀតណាម Phat Truong ឈានទៅប្រកួតដណ្តើមមេដាយមាសបន្តទៀត។ រូបថតនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។ ខេមបូចា/ ព្រីង សំរាំង

គួរបញ្ជាក់ថា ប្រភេទកីឡាដែលបានដាក់ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២​ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះនេះមានចំនួន៣៦ប្រភេទ ដោយមានវិញ្ញាសាសរុបចំនួន៥៧៩ ខណៈ​អត្តពលិក និងមន្ត្រីពាក់ព័ន្ធ រួមនិងគណៈប្រតិភូដែលចូលរួមសរុបមានចំនួន ១០ ៨៩០នាក់។

របាយរកាណ៍របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២(CAMSOC)បានបង្ហាញនៅថ្ងៃទី១៧ ដែលជាថ្ងៃបិទព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះថា កម្ពុជា​ទទួល​បានមេដាយសរុបចំនួន២៨២គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦គ្រឿង ប្រាក់៧៤គ្រឿង និងមាស៨១គ្រឿង។ តួរលេខនេះបញ្ជាក់ថា កម្ពុជាឈរនៅលំដាប់លេខ៤ បន្ទាប់ពីឥណ្ឌូនេស៊ី ថៃ និងវៀតណាម ដែលឈរនៅលំដាប់កំពូល។

ក្នុងនោះវិញ្ញាសាដែលកម្ពុជាទទួលបានមេដាយមាសច្រើនជាងប្រទេសដទៃមានចំនួន​៥​វិញ្ញាសាដូចជា វិញ្ញាសាវ៉ូវីណាម ទទួលបានមេដាយមាស១០គ្រឿង ក្នុងចំណោម​មេដាយ​សរុប២៧គ្រឿង។ វិញ្ញាសាគុនខ្មែរទទួលបានមាន១៤គ្រឿង ក្នុងចំណោមមេដាយ​សរុប១៩​គ្រឿង។ វិញ្ញាសាល្បុកត្តោទទួលបានមេដាយមាស៨គ្រឿង ក្នុងចំណោមមេដាយសរុប១៨​គ្រឿង។ វិញ្ញាសាឃីកបុកស៊ីង ទទួលបានមេដាយមាស៦គ្រឿង ក្នុងចំណោមមេដាយសរុប ១៣គ្រឿង ខណៈវិញ្ញាសាគ្រីឃីកទទួលបានមេដាយមាស៣គ្រឿង ក្នុងចំណោមមេដាយសរុប ៤គ្រឿង។

ក្រុមជម្រើសជាតិកម្ពុជា U-22 បានប្រកួតជាមួយក្រុមជម្រើសជាតិ U-22 ឥណ្ឌូណេស៊ី នាយប់​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយទទួលបាន​លទ្ធផល កម្ពុជា១ ឥណ្ឌូណេស៊ី២ ដូច្នេះ U-22 ដូច្នេះកម្ពុជាមិនមានឱកាសឈានទៅដល់​វគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្របានទេ។ ខេមបូចា/ ព្រីង សំរាំង

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​​និង​សន្តិភាព លោក យ៉ង់ គិមអេង មាន​ប្រសាសន៍​ថា ឱ្យតែមានការលើកទឹកចិត្ត និងការយកចិត្តទុកដាក់បង្ហាត់ នោះនឹងធ្វើឱ្យ​អត្តពលិកកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងជាមួយបរទេសបាន ព្រោះ​លោក​ថាខ្មែរមិនមែនគ្មានសមត្ថភាពនោះទេ គ្រាន់តែខ្វះការហ្វឹកហាត់ និងការជ្រោមជ្រែងផ្សេងៗ។

លោកបញ្ជាក់ថា៖ «ជុំវិញបញ្ហានេះ ខ្ញុំគិតថាការលើកទឹកចិត្តកីឡាករគឺជារឿងសំខាន់ណាស់។ ឱ្យតែយើងមានការលើកទឹកចិត្តមានការជួយបណ្ដុះបណ្ដាលច្បាស់លាស់ខ្ពស់ទៅដល់កីឡា​ករ-កីឡាការិនីគឺពួកគាត់មានសមត្ថភាព»

លោកបន្ថែមថា៖ «ខ្មែរយើងគឺមិនមែនគ្មានសមត្ថភាពយកឈ្នះកីឡាករកីឡាការិនីនៅបណ្ដា​ប្រទេសនៅក្នុងតំបន់នោះទេ គ្រាន់តែយើងខ្វះការហ្វឹកហាត់ ខ្វះអ្នកជំនាញមកជួយ និងខ្វះការ​លើកទឹកចិត្តប៉ុណ្ណោះ។ អ៊ីចឹង ខ្ញុំគិតថាយ៉ាងណាគួរតែធ្វើឱ្យអាជីពកីឡា​របស់គាត់អាចទ្រទ្រង់​ជីវភាព​រស់នៅរបស់ពួកគាត់បាន ដូច្នេះពួកគាត់នឹងមានកំលាំងចិត្ត និងប្រឹងប្រែងបន្តទៀត​ហើយ»។

បើតាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស១គ្រឿង(១វិញ្ញាសា) ទទួលបានថវិកាលើកទឹក​ចិត្ត​​៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន១៦លានរៀល៕

110 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម