លោក វ៉ាត់ ចំរើន កំពុងតែមមាញឹកខ្លាំងក្នុងការរៀបចំការប្រកួតកីឡាថ្នាក់តំបន់សម្រាប់ឆ្នាំក្រោយនេះ។ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ហៅកាត់ថា CAMSOC ហើយលោកជាមន្ត្រីសំខាន់មួយរូបដែលទទួលខុសត្រូវក្នុងការរៀចំការប្រកួតស៊ីហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ ស្របពេលដែលការប្រកួតក៏ខិតជិតមកដល់ដែរ។
លោក វ៉ាត់ ចំរើន និងក្រុមការងារ CAMSOC មានពេលមិនដល់មួយឆ្នាំនោះទេដើម្បីបញ្ចប់ការរៀបចំនានាសម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី៥ ដល់១៧ ខែឧសភា នៅក្នុងរាជាធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ នេះមិនមានជាកិច្ចការតូចតាចទេ ស៊ីហ្គេមឆ្នាំនេះដែលប្រព្រឹត្តិទៅនៅប្រទេសវៀតណាមមានកីឡាករចូលរួមប្រកួតចំនួន ៥ ៥០០នាក់មកពីប្រទេសចំនួន១១ និងមាន ៥២៦ការប្រកួតលើប្រភេទកីឡាចំនួន៤០។
បញ្ហាប្រឈមដែលធ្វើឲ្យកាន់តែលំបាកមានកត្តាពីរយ៉ាងគឺ ព្រឹត្តិការណ៍ អាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ គ្រោងនឹងធ្វើឡើងក្នុងខែមិថុនា គឺក្រោយពីរទៅបីសប្តាហ៍ពីការបញ្ចប់ស៊ីហ្គេម។ មួយទៀតកម្ពុជាក៏ត្រូវត្រៀមខ្លួនធ្វើឲ្យបានជោគជ័យច្រើនបំផុតក្នុងការដណ្ដើមមេដាយក្នុងការប្រកួត ដែលកាលស៊ីហ្គេមនៅវៀតណាម កម្ពុជាដណ្ដើមមេដាយបានចំនួន ៦៣ ក្នុងនោះមាន ៩ ជាមេដាយមាស។ ការរំពឹងទុក និងសម្ពាធ គឺខ្ពស់គ្រប់ពេលវេលាដូចគ្នាសម្រាប់កម្ពុជា។
ការជ្រើសរើសប្រភេទកីឡា
លោក វ៉ាត់ ចំរើន បានឲ្យដឹងថា៖ «សម្រាប់ការប្រកួតស៊ីហ្គេម និង អាស៊ាន ប៉ារ៉ាហ្គេមដែលនឹងចូលមកដល់នៅពេលខាងមុខនេះ នឹងរៀបចំឡើងនៅទីក្រុងភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត »។ លោកបន្ថែមថា គណៈកម្មកាធិការតំបន់ពេលនេះ ទើបតែបានយល់ព្រមទៅនឹងបញ្ជីឈ្មោះប្រភេទកីឡា ដែលនឹងត្រូវប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះប៉ុណ្ណោះ។
លោកបន្ថែមថា៖ «ក្នុងនាមយើងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍកីឡាអាស៊ីអាគ្នេយ៍ និងដឹកនាំប្រជុំ យើងបានសម្រេចបាន ៣៩ ប្រភេទកីឡា និងមួយប្រភេទកីឡាសម្ដែង ដោយបានការឯកភាពពីប្រទេសជាសមាជិកទាំង ១១ ប្រទេស។»។
លោកឲ្យដឹងទៀតថាក្នុងចំណោមប្រភេទកីឡាទាំង៣៩ ដែលត្រូវជ្រើសរើសនោះក៏មានកីឡាប្រពៃណីរបស់កម្ពុជាផងដែរ ដូចជាក្បាច់គុនល្បុក្កតោ ប្រដាល់គុណខ្មែរ និងអុកចត្រង្គផងដែរ។
យ៉ាងណា លោកមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍កីឡា គឺជាកត្តាប្រឈមតែមួយគត់សម្រាប់រូបលោក និងក្រុមការងារ។ លោកថា វាអាស្រ័យលើ CAMSOC ដែលត្រូវមានផែនការ និងការរៀបចំច្បាស់លាស់។
លោកបន្ថែមថា៖ «ជាដំបូងរចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងសម្រាប់ព្រឹត្តិការណ៍នេះត្រូវតែបង្កើតឡើង…ជាមួយនឹងរចនាសម្ព័ន្ធនេះ CAMSOC យើងបង្កើតរួចរាល់អស់ហើយ ដែលមានច្បាប់ បទដ្ឋានគតិយុត្ត ផែនការលម្អិត ផែនការមេ ផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវ។»។
កង្វល់ទីកន្លែងប្រកួតកីឡា
បើតាមលោក វ៉ាត់ ចំរើន កង្វល់ផ្សេងមួយទៀតដែលជាបញ្ហាជាក់ស្ដែង គឺត្រូវធ្វើឲ្យប្រាកដថាកីឡដ្ឋាន និងបរិក្ខារផ្សេងៗទៀតសម្រាប់ការប្រកួតត្រូវធ្វើឡើងតាមលំដាប់លំដោយ រួមទាំងកីឡាដ្ឋានជាតិមរតកតេជោ ដែលនឹងត្រូវប្រើសម្រាប់ការបើកការប្រកួត និងពិធីបិទបញ្ចប់ផងដែរ។
លោកថា CAMSOC កំពុងរង់ចាំការសាងសង់ភូមិកីឡា ក្នុងកីឡដ្ឋានជាតិមរតកតេជោ ដែលអាចទទួលភ្ញៀវបានចន្លោះពី ៥ ០០០ ទៅ ៧ ០០០នាក់ រួមទាំងមានកន្លែងស្នាក់នៅ អាហារ សន្តិសុខ សណ្ដាប់ធ្នាប់ និងការដឹកជញ្ជូន។
កាន់តែមានសម្ពាធនោះ គឺកាលពីសប្ដាហ៍កន្លងទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ា និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ថា CAMSOC ត្រូវរៀបចំកិច្ចការនេះដោយយកចិត្តទុកដាក់ និងត្រូវត្រៀមអ្វីៗឲ្យបានរួចរាល់តាមពេលវេលាកំណត់។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ទៅលើការជួសជុល និងធ្វើឲ្យប្រសើរនូវទីលានដែលត្រូវប្រកួតកីឡា រៀបចំប្រព័ន្ធបច្ចេកវិទ្យា ផែនការបើក បិទព្រឹត្តិការណ៍ ក៏ដូចជាការរៀបចំកន្លែងស្នាក់នៅ ម្ហូបអាហារ និងមធ្យោបាយដឹកជញ្ជូនកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីផ្សេងៗទៀតផងដែរ។
គម្រោងថវិកា
សម្រាប់ថវិកាសរុបដែលរាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងចំណាយសម្រាប់ធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនេះនៅមិនទាន់ច្បាស់លាស់នៅឡើយ។ លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា លោកមិនបានដឹងពីចំនួនទឹកប្រាក់សរុបនោះទេ ព្រោះថវិកាទាំងនេះត្រូវផ្ដល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីជាយ៉ាងណា លោកថាគណៈកម្មការផ្សេងៗបានចូលរូមជាមួយគ្នាលើគម្រោងជួសជុលធំៗ និងគម្រោងដាច់ដោយឡែកផ្សេងៗគ្នា។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច ប្រាប់ខេមបូចា ថាលោកមិនមានព័ត៌មានលម្អិតពីកញ្ចប់ចំណាយលើថ្លៃជួសជុល ពង្រីក និងរៀបចំទីតាំងប្រកួតកីឡានោះទេ។ លោកថា ថវិកា អាស្រ័យលើការស្នើសុំ និងគម្រោងចេញពី CAMSOC ។
លោកបន្ថែមថា៖ «ជាទូទៅ ខ្ញុំដឹងថា កញ្ចប់ថវិកាសម្រាប់ស៊ីហ្គេម គឺយើង [ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ] បានត្រៀមហើយ អ៊ីចឹងយើងធ្វើទៅតាមសំណើរបស់ ខាងគណៈកម្មការកីឡា»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថាក្រសួងសេដ្ឋកិច្ច ក៏ដូចជាគណៈកម្មការឯករាជ្យណាមួយរបស់រដ្ឋសភាជាតិគួរតែអាចផ្ដល់ព័ត៌មានទាក់ទងនឹងថវិកាសម្រាប់ការរៀបចំកីឡាស៊ីហ្គេមនេះបាន។
លោកឲ្យដឹងថា៖ «ហើយក្រៅពីនោះ យើងមានតួអង្គខាងអាជ្ញាធរ សវនកម្មជាតិ ដែលទទួលបន្ទុកនៅក្នុងការត្រួតពិនិត្យ វាយតម្លៃនូវរាល់ការអនុវត្តថវិកា»។ លោកបន្ថែមថា៖ «ថាតើត្រូវតាមគោលការណ៍ និងអនុលោមតាមច្បាប់ខ្ពស់ប៉ុណ្ណា ឬក៏មានបញ្ហាអ្វីផ្សេងៗជាដើម»។
បង្ការអំពើពុករលួយ
លោក ប៉ិច ពិសី លើកឡើងថា ការគ្រប់គ្រងថវិកា ទោះបីជានៅក្នុងកញ្ចប់ថវិកាធំក្ដី សម្រាប់ស្ថាប័នធំៗក្ដី សម្រាប់នាយកដ្ឋាន ឬក្រុមការងារដែលមានការរៀបចំចាត់ចែងដោយរដ្ឋាភិបាលក្ដី គឺមានគោលការណ៍សំខាន់បី។
លោកឲ្យដឹងថា ទីមួយ គឺការធានាថាថវិកាដែលត្រូវប្រើត្រូវឆ្លងកាត់ការជជែកពិភាក្សាឲ្យបានល្អិតល្អន់ពីភាគីពាក់ព័ន្ធ។ ទីពីរ លោកថា ការប្រើប្រាស់ថវិកាមានតម្លាភាព និងគណនេយ្យភាព និងគ្មានអំពើពុករលួយ និងចុងក្រោយលោកថា គឺការតាមដាន វាយតម្លៃលើការប្រើប្រាស់ថវិកា ពិសេសពិនិត្យលើការចំណាយបន្ថែមផ្សេងៗ។
លោកថាចំណុចសំខាន់មួយទៀតនោះគឺ គម្រោងសាងសង់ផ្សេងៗដូចជាហេដ្ឋារចនាសម្ព័ន្ធកីឡាសម្រាប់ភ្ញៀវ គឺត្រូវធានាថាមានការគ្រប់គ្រងត្រឹមត្រូវគ្មានអំពើពុករលួយ។
លោកបន្ថែមទៀតថា៖ «ហើយធានាថា រាល់ការដេញថ្លៃ ការទិញអីវ៉ាន់ មិនមានការពាក់ព័ន្ធទៅនឹងអំពើពុករលួយ ហើយគួរតែមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីព័ត៌មានទាក់ទងទៅនឹងលទ្ធកម្មសាធារណៈទាំងនោះ»។
កម្មវិធីយុវជន
ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក ញ៉ាន សុខវិសាល ប្រាប់ខេមបូចាថា យុទ្ធនាការមួយ ដែលមានឈ្មោះថា កម្មវិធីអប់រំគុណតម្លៃកីឡាអូឡាំពិក ត្រូវបានផ្សព្វផ្សាយណែនាំទៅកាន់សាលាមួយចំនួនក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ត។
លោកបន្តថានាយកដ្ឋានរបស់លោកបង្រៀនសិស្សអំពីតម្លៃនៃកីឡា និងលើកទឹកចិត្តឲ្យយុវជនកម្ពុជារៀនសូត្រពីរបៀបបដិសណ្ឋារកិច្ចត្រឹមត្រូវសម្រាប់កីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
លោកបន្ថែមថា៖ «គោលដៅរបស់យើង គឺផ្ដោតទៅលើយុវជនឱ្យយល់ដឹងអំពីសារៈសំខាន់នៃកីឡាដែលពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត សុខភាពផ្លូវកាយ ហើយឱ្យពួកគាត់ចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ និងគ្រឿងញៀន។ »។
លោកបន្តទៀតថា៖«ពេលខ្លះ ពួកគាត់អាចយកជាអាជីពកីឡាទៅផ្លាស់ប្ដូរជីវភាពរបស់ពួកគាត់ផងដែរ ហើយក្នុងគោលដៅរបស់រាជរដ្ឋាភិបាល គឺតម្រូវឱ្យពលរដ្ឋម្នាក់លេងកីឡាមួយមុខ»។
តម្រូវការអ្នកស្ម័គ្រចិត្ត
អាចជាព័ត៌មានល្អមួយសម្រាប់ លោក វ៉ាត់ ចំរើន ដែលលោកចង់ឲ្យមានយុវជនចូលរួមដើរតួសំខាន់ក្នុងជោគជ័យនៃការរៀបចំកីឡាស៊ីហ្គេមនេះ។
លោកមានប្រសាសន៍ថា៖ «យើងត្រូវការកម្លាំងជាយុវជនក្នុងការស្ម័គ្រចិត្ត ៥ ០០០ ទៅ ១០ ០០០ នាក់ ក្នុងការចូលរួមប្រកួតផង និងចូលរួមរៀបចំ [ព្រឹតិការណ៍]ផង»។
លោកបន្ថែមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងពីលទ្ធភាពថាតើអាចពន្យារពេលសម្រាកវិស្សមកាលតូចអំឡុងបុណ្យចូលឆ្នាំខ្មែរ រហូតដល់ចប់ព្រឹត្តិការណ៍ស៊ីហ្គេមឬយ៉ាងណា ដើម្បីអនុញ្ញាតឲ្យសិស្សដែលបានចូលរួមក្នុងការរៀបចំព្រឹត្តិការណ៍នេះ និងអាចវិលទៅរៀនទាន់ពេល។
សម្រាប់ លោក វ៉ាត់ ចំរើន ទោះជាមានបញ្ហាប្រឈមច្រើនក្ដី លោកបានកោតសរសើរដ្ឋាភិបាលដែលបានគាំទ្រ និងលើកទឹកចិត្ត។ ជាចុងក្រោយលោកមានប្រសាសន៍ដែរថា ការទទួលបដិសណ្ឋារកិច្ចភ្ញៀវមិនមែនជាបញ្ហាសម្រាប់ប្រជាជនកម្ពុជានោះទេ ដោយថាប្រជាជនកម្ពុជាជាមនុស្សរួសរាយ និងតែងតែទទួលភ្ញៀវប្រកបដោយភាពកក់ក្ដៅ និងសណ្ដានចិត្តល្អ។
លោកបានបន្ថែមថា៖ «អ៊ីចឹងឧបសគ្គយើង មានតែមួយទេ គឺធ្វើយ៉ាងម៉េចយកមេដាយឱ្យបានច្រើន ដែលអាចធ្វើទៅបាន ហើយឱ្យបានលើសពីបានប្រកួតមុនៗ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Starting Blocks: Cambodia Races to Prepare Kingdom for 2023 SEA Games