សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរពឹងផ្អែកលើអនុផលព្រៃឈើដោយមិនប្តូរទីលំនៅទៅទីតាំងថ្មី

ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ លក់ផ្លែឈើដែលបានមកពីតំបន់ព្រៃនៅតំបន់អង្គរ។ រូបថតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)
ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ លក់ផ្លែឈើដែលបានមកពីតំបន់ព្រៃនៅតំបន់អង្គរ។ រូបថតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ការប្រកបមុខរបររកអនុផលព្រៃឈើតាមព្រៃនៅតំបន់អង្គររបស់អ្នកស្រុកអង្គរ បានក្លាយជាប្រពៃណី ទំនៀមទម្លាប់ តាំងពីបុរាណកាលមក ដែលអ្នកភូមិតែងតែនាំគ្នាប្រមូលអនុផលព្រៃឈើតាមរដូវកាល ដើម្បីលក់ឱ្យអ្នកទេសចរ រកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព។

អ្នកភូមិភាគច្រើនដែលមានទីលំនៅយូរយារមកហើយ ក្រាញននៀលមិនព្រមចាកចេញពីភូមិកំណើត តាមគោលនយោបាយផ្លាស់ប្តូរទីលំនៅ របស់អាជ្ញាធរជាតិអប្សរា ដោយចាត់ទុកថា ភូមិដែលពួកគាត់កំពុងរស់នៅផ្តល់ភាពសុខសាន្ត ហ៊ុមព័ទ្ធដោយព្រៃក្រាស់ ជារនាំង​កាត់បន្ថយគ្រោះធម្មជាតិ ទប់ស្កាត់អាកាសធាតុនៃការកើនកម្តៅជាដើម។

រីឯព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ គឺជាអត្តសញ្ញាណកេរមរតកដូនតារបស់ពួកគាត់  មានសក្តានុពលសំខាន់ទ្រទ្រង់ជីវភាពពលរដ្ឋជាច្រើនគ្រួសារ ហើយពួកគាត់ហៅទីនោះថា  កន្លែងផ្តល់ភាពសុខដុមរមនា និងជាអាយុជីវិតរបស់ពួកគាត់។

បញ្ហាទាំងនេះហើយ ធ្វើឱ្យពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់អង្គរ ស៊ូរស់នៅទីនោះ មិនចាក​ចេញពីភូមិកំណើត បើទោះបីជាកន្លងទៅអាជ្ញាធរជូនដំណឹងឱ្យពួកគាត់ស្ម័គ្រចិត្ត ព្រមទទួល​​យកគម្រោងផ្លាស់ប្តូរលំនៅឋានថ្មីនៅតំបន់រុនតាឯកក្តី។

កំពុងអង្គុយលក់អនុផលព្រៃឈើ ដែលពួកគាត់រកបានពីព្រៃ ក្នុងតំបន់អង្គរ គឺអ្នកស្រី សៀន នី ប្រាប់ ខេមបូចា ថា ពេលអាកាសធាតុកើនកម្ដៅ អ្នកភូមិរស់នៅក្នុងតំបន់អង្គរ មិន​សូវប្រឈមបញ្ហាសុខភាពនោះទេ ព្រោះសម្បូរព្រៃក្រាស់ និងដើមឈើធំៗផ្តល់ម្លប់ត្រជាក់ កាត់បន្ថយកម្ដៅ។ រីឯទីតាំងថ្មី ក្នុងតំបន់រុនតាឯក វាលល្វឹងល្វើយ អាកាសធាតុក្តៅខ្លាំង ប្រឈមនឹងបញ្ហាសុខភាព ធ្វើឱ្យអ្នកស្រីខ្លាចរអា មិនចង់ផ្លាស់ប្តូរទីលំនៅទៅរស់នៅទីនោះ។

អ្នកស្រីបន្តថា ព្រៃឈើនៅតំបន់អង្គរជាទីឋានសម្បូរម្លប់ឈើ និងសំឡេងបក្សាបក្សី ដែលអាជ្ញាធរអប្សរាអភិរក្សសម្រាប់ឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនា​​កម្សាន្ត​។ អ្នកស្រីថា នៅពេលមានព្រៃឈើច្រើនក្នុងតំបន់អង្គរ ត្រី និងសត្វព្រៃក៏សម្បូរដែរ។

អ្នកស្រី សៀន នី លើកឡើងថា៖ «ការលក់ដូរនៅទីនេះ ទោះលក់ដាច់តិចតួចក៏ចេះតែមានហូបទៅ តែក៏គ្រាន់បើជាងគ្នាអ្នកនៅរុនតាឯកដែលរកអីមិនបានផង»

អ្នកស្រីបានបន្ថែមថា កន្លងទៅ​អ្នកភូមិដើររកអនុផលព្រៃឈើ អាចយកលក់បានទាំងព្រឹកទាំងល្ងាច ប៉ុន្តែឥឡូវនេះ អាជ្ញាធរហាមឃាត់ ដោយអនុញ្ញាតឱ្យលក់តែពេលល្ងាច ដោយលើកហេតុផលថា រក្សាសណ្តាប់ធ្នាប់។

ជាមួយគ្នានេះ បើទោះបីកន្លងទៅរាជរដ្ឋាភិបាលផ្តល់សំណងជាថ្នូរនឹងគោលនយោបាយ សម្រាប់អ្នកមានកូនចៅច្រើន​ ចង់បំបែកគ្រួសារក្តី។ ក៏ប៉ុន្តែអ្នកស្រី សៀន នី មិនព្រមចាកចេញដដែល ក្រោមហេតុផលយល់ថា ដីព្រៃនៅតំបន់អង្គរ ងាយស្រួលរស់នៅត្រជាក់ត្រជំ និងទទួលបានសារប្រយោជន៍ពីអនុផលព្រៃឈើ ហើយអ្នកភូមិមានឱកាសជួយការពារព្រៃឈើនៅក្បែរលំនៅឋាន។

ព្រលឹមស្រាងៗ ព្រះអាទិត្យបញ្ចេញរស្មី ពលរដ្ឋជាច្រើននាក់រស់នៅភូមិលាងដៃ ស្រុកអង្គរធំ ធ្វើដំណើរទៅរកអនុផលព្រៃឈើ ដើម្បីលក់រកប្រាក់កម្រៃ ដោយអ្នកខ្លះដើរគោះអង្ក្រង  រកបន្លែ ផ្លែឈើ ត្រី សាច់ និងផ្សិតជាដើម។

កំពុងដើរគោះអង្រ្កងក្នុងព្រៃអង្គរ ជិតប្រាសាទនាគព័ន្ធ គឺអ្នកស្រី ផែង ភាន់ ជាអ្នកស្រុកអង្គរ ប្រាប់ ខេមបូចា ថា ព្រៃក្នុងតំបន់អង្គរផ្តល់ប្រយោជន៍ រួមមាន រកត្រីនៅតាមស្រះបុរាណ និងកសិណ រកឧស រកថ្នាំបុរាណ បេះបន្លែផ្លែឈើ គោះអង្រ្កង ធ្វើស្រែ និងរកអនុផលព្រៃ​ឈើផ្សេងៗ ដែលមាននៅក្នុងព្រៃតំបន់អង្គរនេះ។

លោកស្រីបន្តថា ក្រោយពីប្រមូលអនុផលព្រៃឈើ អ្នកភូមិយកទៅលក់ឱ្យភ្ញៀវទេសចរ ដោយរកប្រាក់កម្រៃបានសមរម្យ ដើម្បីផ្គត់ផ្គង់ជីវភាព ហើយប្រាក់ចំណូលដែលបានមកពីការរកអនុផលព្រៃតំបន់អង្គរ ទទួលបានទៅតាមរដូវកាល ពោលខែណាសម្បូរផ្លែគុយ និងផ្លែឈើព្រៃច្រើន ពួកគាត់អាចរកប្រាក់ច្រើនតាមហ្នឹងដែរ។ រីឯខែខ្លះ សម្បូរផ្សិត អ្នកភូមិនាំគ្នាចងអង្រឹងដេកក្នុងព្រៃ ដើម្បីដើរដកផ្សិតលក់ ហើយខែខ្លះសម្បូរបន្លែព្រៃ អ្នកភូមិដើរបេះ ដើម្បីយកទៅលក់ឱ្យឈ្មួញនៅមូលដ្ឋាន។

អ្នកស្រី ផែង ភាន់ លើកឡើងថា៖ «នៅសម័យពីដើមកាលមិនទាន់មានអប្សរាយើងអាចត្រួសព្រៃធ្វើស្រែធ្វើចម្ការបាន តែសព្វថ្ងៃគេអភិវឌ្ឍន៍ដាំដើមយាង និងដើមឈើច្រើនទៀតអស់ ពេលដាំច្រើនអ៊ីចឹងទៅមានភ្លៀងស្នំដែរ»

លោកស្រី ផែង ភាន់ បន្ថែមទៀតថា មុខរបរនេះបានរួមចំណែកសម្រាលជីវភាពពួកគាត់បានមួយគ្រាៗដែរ គឺអាចរកប្រាក់បានគ្រាន់ទិញម្ហូបអាហារ និងផ្គត់ផ្គង់ការសិក្សារបស់កូន ។

អ្នកស្រីមានកូន៣នាក់កំពុងសិក្សានៅថ្នាក់បឋម ហើយរាល់ការចំណាយលើការសិក្សារបស់កូន ក៏អ្នកស្រីបានមកពីការលក់អនុផលព្រៃឈើក្នុងតំបន់អង្គរដែរ។

ពលរដ្ឋរស់នៅតំបន់រមណីយដ្ឋានអង្គរ អ្នកស្រី ផែង ភាន់ ដើររកអង្ក្រងក្នុងព្រៃនៅតំបន់អង្គរ ខេត្តសៀមរាប នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

លើសពីនេះទៀត អនុផលព្រៃឈើដែលរកបានច្រើន គឺចន្លោះពីខែមីនាដល់ខែមេសា ដោយក្នុងមួយថ្ងៃ អ្នកស្រីអាចរកប្រាក់បានពី៣ម៉ឺនរៀល (៣០ ០០០)ទៅ៤ម៉ឺនរៀល (៤០ ០០០)។ រីឯអ្នកភូមិខ្លះទៀត ដែលពូកែឡើងដើមឈើ និងចំណាំភូមិសាស្ត្រព្រៃ ពួកគាត់អាចរកប្រាក់ចំណូលបានពី៥ម៉ឺនរៀល (៥០ ០០០)ទៅ១០ម៉ឺនរៀល (១០០ ០០០)ក្នុងមួយថ្ងៃ។

រីឯដីស្រែចម្ការកេរដូនតាមួយចំនួនដែលគ្រួសាររបស់លោកស្រីធ្លាប់ធ្វើស្រែជាច្រើនជំនាន់មក​ហើយ ត្រូវបានអាជ្ញាធរអប្សរាដាំកូនឈើពេញអស់ហើយ ធ្វើឱ្យគ្រួសារលោកស្រីខ្វះខាតដីធ្វើកសិកម្មដែរ ក៏ប៉ុន្តែអ្វីដែលទទួលបានមកវិញ ដើមឈើក្នុងតំបន់អង្គរធំលូតលាស់​បណ្តើរ​ៗ ដោយអាជ្ញាធរអប្សរាបានដាំកូនឈើស្ទើរតែគ្រប់ច្រកល្ហក នៅរយៈពេលជិត១០ ឆ្នាំកន្លងទៅនេះ។

ភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ជាភូមិបុរាណ ឋិតក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។ ភូមិនេះឋិតនៅមិនឆ្ងាយប៉ុន្មានពីប្រាសាទអង្គរវត្តឡើយ ដោយអ្នកស្រុករស់នៅទីនោះចាត់ទុកព្រៃក្នុងតំបន់អង្គរ គឺជាប្រភពចំណីអាហារ និង ផ្តល់ជម្រកសត្វសម្បូរបែប។

អ្នកភូមិម្នាក់ទៀត ជាអាជីវករលក់ដូរតាមដងផ្លូវ ក្នុងតំបន់អង្គរ គឺកញ្ញា វេង វ៉ាង មានវ័យ២៥ឆ្នាំ បានឱ្យដឹងថា រៀងរាល់ថ្ងៃចាប់ពីម៉ោងបីរសៀល កញ្ញាត្រូវមកអង្គុយលក់នៅតាមដងផ្លូវជាមួយអ្នកភូមិឯទៀត រកកម្រៃជួយគ្រួសារ ប៉ុន្តែការលក់ដូរជួនក៏ដាច់ ជួនក៏មិនដាច់ផងដែរ។

ប្រភពដដែលបានឱ្យដឹងថា ផ្លែឈើព្រៃដែលអ្នកភូមិបេះយកមកលក់នៅតំបន់អង្គរភាគច្រើនមានដូចជា ផ្លែកោណ ព្រីង ព្រូស ទ្រមូង ត្រៀល ពង្រ គុយ សិរមាន់ រំដួល សាវម៉ៅព្រៃ បង្គៅ និងក្រវ៉ាន់ ប៉ុន្តែផ្លែឈើទាំងនោះ ហាក់មិនសូវទទួលបានការគាំទ្រ និងតម្លៃខ្ពស់នោះឡើយ។

កញ្ញា វេង វ៉ាង និយាយថា៖ «អនុផលព្រៃឈើនៅតំបន់អង្គរជួយជីវភាពច្រើន យើងលក់ដូរក៏បាន យើងយកហូបក៏បាន ព្រោះព្រៃឈើយើងមានផ្លែឈើចម្លែកៗច្រើន»។

កញ្ញាបន្ថែមទៀតថា សព្វថ្ងៃនេះរាល់ចំណូលដែលរកបានពីការលក់អនុផលព្រៃឈើ គ្រាន់ជាផ្នែកតូចមួយជួយសម្រួលជីវភាពតិចតួចប៉ុណ្ណោះ មិនអាចផ្គត់ផ្គង់គ្រួសារគ្រប់គ្រាន់ឡើយ​។ កញ្ញាទទូចឱ្យរាជរដ្ឋាភិបាលជួយលើកកម្ពស់ផ្លែឈើធម្មជាតិក្នុងស្រុក ដើម្បីបង្កើតការងារជូនពលរដ្ឋ។  



រីឯពលរដ្ឋមួយចំនួនរស់នៅតំបន់អង្គរ ក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី តែង​តែ​នាំគ្នាទៅបេះបន្លែព្រៃ រួមមាន ផ្លែអម្ពិល ត្រួយស្តៅ ត្រួយល្ងៀង គមផ្អាវ យកទៅលក់ឱ្យភ្ញៀវទេសចរ និងលក់លើទីផ្សារ។ រីឯរុក្ខជាតិព្រៃខ្លះទៀត អ្នកភូមិផលិតជាសម្ភារៈប្រើប្រាស់ផ្ទះបាយ រួមមាន អង្រុត ល្អី កញ្ច្រែង ចង្អេរ និង សម្ភារៈប្រើប្រាស់ផ្សេងៗទៀត។

កំពុងលក់អនុផលព្រៃឈើ ដែលទទួលបានពីតំបន់អង្គរ ឱ្យភ្ញៀវទេសចរតាមផ្លូវក្បែរប្រាសាទ​ប្រែរូប គឺលោក ប៉ូច ប៉ៃ ។ លោករៀបរាប់ថា បន្លែធម្មជាតិព្រៃ និងផ្លែឈើព្រៃ នៅមានតម្លៃទាប លក់មិនឈ្នះផលិតផលនាំចូលពីក្រៅនោះឡើយ។ លោកបន្តថា បន្លែព្រៃ និងអនុផលព្រៃឈើមិនសូវមានតម្លៃ ធ្វើឱ្យអ្នកភូមិមួយចំនួនបាក់ទឹកចិត្តលែងចង់ទៅបេះ ហើយប្តូរទៅជាដើរធ្វើសំណង់ និងចំណាកស្រុកកាន់តែច្រើន។

លោក ប៉ូច ប៉ៃ បន្ថែមថា៖ «ព្រៃក្នុងតំបន់អង្គរធំណាស់ បើយើងមិនស្គាល់ផ្លូវចូលទៅដឹងតែវង្វេង​ហើយ អ្នកដែលអាចចូលទៅបេះផ្លែឈើ និងអនុផលព្រៃឈើ ទាល់តែស្គាល់ផ្លូវដឹងភូមិសាស្ត្រច្បាស់»

របាយការណ៍អាជ្ញាធរជាតិអប្សរាឱ្យដឹងថា តំបន់រមណីយដ្ឋានអង្គរមានផ្ទៃដីសរុប៤០១ គីឡូម៉ែត្រ​ក្រឡា ឬស្មើ៤ម៉ឺន១០០ហិកតាដោយមានពលរដ្ឋរស់នៅ១១៣ភូមិ ក្នុងស្រុកចំនួន៤ គឺស្រុកបាគង ស្រុកបន្ទាយស្រី ស្រុកពួក និងក្រុងសៀមរាប។ អ្នកភូមិពឹងអាស្រ័យអនុផលព្រៃឈើក្នុងតំបន់អង្គរ រស់នៅក្នុងសង្កាត់អង្គរធំ សង្កាត់គោកចក ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងពលរដ្ឋមួយចំនួនរស់នៅក្នុងឃុំលាងដៃ ស្រុកអង្គរធំ។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ប្រាប់ ខេមបូចា តាមទំនាក់ទំនងTelegram នៅថ្ងៃទី១ កក្កដាថា អាជ្ញាធរអប្សរា ​និងអង្គការដៃគូ បានដាំដើមឈើរាប់ពាន់ដើម ក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីបង្កើនសោភ័ណភាពទាក់ទាញអ្នកទេសចរ និងផ្តល់ប្រយោជន៍ដល់ប្រជាសហគមន៍ ក្នុងការរកអនុផលព្រៃឈើ។ លោកបន្តថា អាជ្ញាធរជាតិអប្សរា មានគម្រោងចែកកូនឈើឱ្យពលរដ្ឋចូលរួមដាំ និងស្ថាប័នផ្សេងៗទៀត។ លោកបដិសេធមិនឆ្លើយសំណួរផ្សេងទៀត ថាតើមកទល់ពេលនេះ មានពលរដ្ឋរស់នៅតំបន់អង្គរប៉ុន្មានគ្រួសារ ដែលផ្លាស់ទីលំនៅទៅរស់នៅតំបន់រុនតាឯក  ដោយលើកហេតុផលថា គម្រោងនេះមិនទាន់រួចរាល់នៅឡើយទេ។

លោក ឡុង កុសល ថ្លែងថា៖ «សហការដាំកូនឈើនៅតំបន់អង្គរជាមួយអង្គការផ្សេងៗ និងចែកចាយកូនឈើជាងរាប់ពាន់ពាន់ដើមទៅកាន់ស្ថាប័នផ្សេងៗ និងដាំដើមត្នោត»

រីឯអ្នកនាំពាក្យសាលាខេត្តសៀមរាប លោក លី វណ្ណៈ ថ្លែងថា នៅតំបន់រមណីយ​ដ្ឋានអង្គរខាងអាជ្ញាធរបានប្រឹងប្រែងដាំកូនឈើឡើងវិញ និងអភិរក្សព្រៃឈើគ្រប់ច្រកល្ហក ដើម្បីជំរុញ​លើកកម្ពស់សេដ្ឋកិច្ចសហគមន៍ និង ថែរក្សាសោភ័ណភាព​បរិស្ថាន ក្នុងតំបន់អង្គរឱ្យកាន់តែស្រស់បំព្រងទាក់ទាញភ្ញៀវទេសចរ។ លោកបន្តថា ពលរដ្ឋដែលផ្លាស់ទីលំនៅពីតំបន់អង្គរទៅតំបន់រុនតាឯក ក៏អាជ្ញាធរកំពុងអភិវឌ្ឍដាំកូនឈើដែរ។

លោក លី វណ្ណៈ បញ្ជាក់ថា៖ «ជំរុញ ការដាំដើមឈើឡើងវិញ ហើយដាំនៅតំបន់រុនតាឯកច្រើនជាងគេ ហើយនៅទីនោះដែរ រដ្ឋាភិបាលផ្តល់បណ្ណសមធម៌ រយៈពេល ១០ឆ្នាំ ហើយ​​កសាងហេដ្ឋារចនាសម្ព័ន្ធទឹកភ្លើង និងផ្លូវ។ គាត់កំពុងទាក់ទងតែអ្នកវិនិយោគ ធ្វើរោងចក្រក្នុងតំបន់នោះ ដើម្បីបង្កើតការងារអាជីវកម្មជូនពលរដ្ឋ រស់នៅតំបន់រុនតាឯក»។

ពលរដ្ឋរស់នៅក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី លោក ប៉ូច ប៉ៃ លក់ផ្លែឈើ ដែលបេះមកពីព្រៃនៅតំបន់អង្គរ។ រូបថតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ម៉ែន ចន្ធី)

ឆ្លើយតបនឹងបញ្ហានេះ មេភូមិលាងដៃ លោក ព្រះ ប្រាង បច្ចុប្បន្នពលរដ្ឋនៅភូមិលាងដៃ ដែលស្ម័គ្រចិត្តចេញទៅរស់នៅតំបន់ថ្មីតាមសំណើគោលនយោបាយរបស់រាជរដ្ឋាភិបាល មានចំនួន៣គ្រួសារ។ ក៏ប៉ុន្តែមានតែ២គ្រួសារប៉ុណ្ណោះដែលមានផ្ទះ និងដីដោះដូរត្រូវតាមលក្ខខណ្ឌអាជ្ញាធរ បានទៅរស់នៅ និងទទួលដីសម្បទានសង្គមកកិច្ច ក្នុងតំបន់រុនតាឯកទំហំក្បាលដី២០គុណ៣០ម៉ែត្រ។

លោកបន្តថា សព្វថ្ងៃប្រជាជនរស់នៅក្នុងភូមិលាងដៃមានចំនួនជាង១ពាន់៥រយនាក់(១ ៥៤៥) មានផ្ទះជិត៤រយខ្នង(៣៩៩) ហើយប្រជាជនភាគច្រើនពឹងផ្អែកលើកសិកម្មដាំដុះលក្ខណ:គ្រួសារ និងខ្លះទៀត រកអនុផលព្រៃឈើក្នុងតំបន់អង្គរ។

លោក ព្រះ ប្រាង បញ្ជាក់ថា៖ «ការលក់ដូរអនុផលព្រៃឈើ ពួកគាត់ដើរលក់តាមភូមិ ដងផ្លូវជាតិ និងមានម៉ូយព្រៃ មកយកដល់ទីតាំង ហើយភាគច្រើនអ្នកទិញរកមិនសូវបាន មូលហេតុធម្មជាតិមិនទៀងទាត់»។  

ជុំវិញរឿងនេះ ក្រុមប្រឹក្សាភិបាលអង្គការសាមគ្គីភាពកសិករកម្ពុជា លោក ឌី គន្ធា មានប្រសាសន៍ថា អនុផលព្រៃឈើក្នុងតំបន់អង្គរ គឺជាធនធានធម្មជាតិបន្សល់ជាយូរលង់មកហើយ ដែលរដ្ឋាភិបាលគួរតែសិក្សា និងរកមធ្យោបាយធ្វើយ៉ាងណា កែច្នៃទីនោះឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជីវភាពពលរដ្ឋ ដូចសម័យអង្គររាប់រយឆ្នាំមុន។

លោកថា រដ្ឋាភិបាលគួរតែកែច្នៃផលិតផល អនុផលព្រៃឈើ ផ្សាភ្ជាប់ផលិតផលទាក់ទាញភ្ញៀវទេសចរ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីអនុផលព្រៃឈើរបស់ពលរដ្ឋក្នុងតំបន់អង្គរ។

លោក ឌី គន្ធា ឱ្យដឹងថា៖ «បច្ចុប្បន្នភាពកម្សោយ និងភាពចន្លោះប្រហោង គម្របព្រៃឈើ គ្មានប្រសិទ្ធិភាព ធ្វើឱ្យបាត់បង់ព្រៃឈើស្ទើរតែ១០០ភាគរយ នៅសល់តែអ​នុផលព្រៃឈើតូចតាចក្នុងខេត្តសៀមរាបអង្គរ ដែលគាត់រកបាន ឃើញលក់តាមដងផ្លូវក្បែរប្រាសាទអង្គរ»

លោក ឌី គន្ធា បន្ថែមថាមុខរបររបស់ពលរដ្ឋនឹងបាត់បង់ នៅថ្ងៃអនាគត បើរដ្ឋាភិបាលមិនពង្រឹងគោលនយោបាយអភិរក្សគម្របព្រៃឈើ និងមិនពង្រឹងបង្កើតមុខរបរអនុផលព្រៃឈើ ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ។

មកទល់ពេលនេះ អាជ្ញាធរជាតិអប្សរានៅមិនទាន់បង្ហាញតួលេខពីបច្ចុប្បន្នភាព ស្តីពីកាផ្លាស់ប្តូរទីលំនៅ របស់ពលរដ្ឋនៅតំបន់អង្គរនៅឡើយទេ ដោយលើកហេតុផលថា គម្រោង​​ផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋក្នុងតំបន់អង្គរទៅឃុំរុនតាឯកនៅតែធ្វើឡើងដោយការស្ម័គ្រចិត្តជាបន្តបន្ទាប់។

ក៏ប៉ុន្តែកន្លងទៅ​ក្រសួង​រៀបចំដែនដី បានបង្ហាញតួលេខថា មានប្រជាជនចំនួនជិត៥ពាន់គ្រួសារ(៤ ៧៣០) មកពី​តំបន់​ប្រាសាទអង្គរវត្ត​ បានផ្លាស់ទៅរស់នៅ​លើ​តំបន់តាំងលំនៅថ្មីរុនតាឯក។ ប៉ុន្តែអង្គការយូណេស្កូ បង្ហាញរបាយការណ៍ កាលពីខែកញ្ញា ឆ្នាំ២០២៣ ថា   មានពលរដ្ឋ​ ៩ ០០០គ្រួសារ​ បានផ្លាស់ទីលំនៅទៅកាន់ទីតាំងថ្មី

របាយការណ៍របស់ក្រសួងបរិស្ថានចេញផ្សាយកាលពីឆ្នាំ២០១៧ ឱ្យដឹងថា ធនធានធម្មជាតិ គឺជាសម្បត្តិដ៏អស្ចារ្យរបស់ប្រទេសកម្ពុជាដែលផ្តល់អត្ថប្រយោជន៍ជាច្រើនលើផ្នែក​បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ លើសពីនេះ សហគមន៍ដែលពឹងអាស្រ័យលើធន​ធានព្រៃឈើ មានដូចជា អាហារ ទីជម្រក ឱសថ និងប្រាក់ចំណូលពីអនុផលព្រៃឈើ។ ជាង​នេះទៅទៀត ព្រៃឈើមានសក្តានុពលយ៉ាងធំធេងក្នុងការប្រែក្លាយទៅជាតំបន់ទេសចរ​​ធម្មជាតិ ជួយបង្កើតប្រាក់ចំណូលដល់ពលរដ្ឋ និងលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ​៕

110 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម