ពលរដ្ឋមួយចំនួនអះអាងថា កំពុងជួបការលំបាកផ្នែកជីវភាពខ្លាំងដោយសារចំណូលធ្លាក់ចុះ តែម្ហូបអាហារឡើងថ្លៃ ខណៈមន្ត្រីរដ្ឋាភិបាលអះអាងថា កំពុងតាមដានលើបញ្ហានេះ និងត្រៀមបញ្ចេញស្បៀងរបស់រដ្ឋដែលបម្រុងទុកក្នុងករណីចាំបាច់។
អ្នកលក់បាយ និងម្ហូបខ្ចប់ចល័តនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ អ្នកស្រី ចាប ចិន្តា ឱ្យដឹងថា ទំនិញប្រភេទអាហាររាប់ទាំងអំបិល ទឹកត្រី ប៊ីចេង ស្ករ ប្រេងឆា ជាដើមឡើងថ្លៃទាំងអស់ គឺឡើងចន្លោះពី៥០០រៀលទៅ១៥០០រៀល។ ចំណែកទំនិញខ្លះទៀតឡើងថ្លៃខ្លាំងដូចជា ខ្ទឹមស ឡើងជិត១ម៉ឺនរៀលក្នុង១គីឡូ និងអង្ករឡើងពី១២ម៉ឺនរៀលទៅ១៥ម៉ឺនរៀលក្នុង១បេ៥០គីឡូក្រាម។
ស្ត្រីរូបនេះឱ្យដឹងថា រូបគាត់តែងតែក្រោកពីដំណេកម៉ោង២កន្លះទៀបភ្លឺរាល់យប់ដើម្បីធ្វើបាយម្ហូបហើយត្រូវដើរលក់ពេញមួយថ្ងៃ តែចំណេញមិនដល់៤ម៉ឺនរៀលទេ។ អ្នកស្រី ចាប ចិន្តា ឱ្យដឹងទៀតថា ប្តីរបស់គាត់ធ្វើការសំណង់ជួនមានការធ្វើជួនក៏អត់ ចំណែកកូន៣នាក់រៀនទាំងអស់ គឺម្នាក់រៀននៅសកលវិទ្យាល័យ និង២នាក់ទៀតនៅសាលាចំណេះដឹងទូទៅ គឺត្រូវចំណាយ១ថ្ងៃ៤ម៉ឺនរៀល។
អ្នកលក់បាយ និងម្ហូបរូបនេះបានលើកឡើងថា រូបគាត់ហត់នឿយខ្លាំង និងមានជំងឺខ្លះ ប៉ុន្តែមិនហ៊ានសម្រាកទេ ព្រោះក្រៅពីរកលុយឱ្យកូនរៀនត្រូវរកដើម្បីសងបំណុលទៀត។ អ្នកស្រី ចាប ចិន្តា និយាយទាំងអស់សង្ឃឹមថា រូបគាត់ដល់បន្ទាត់ក្រហមទៅមុខលែងចង់រួចហើយ ចំពោះកូនៗមិនដឹងថា អាចរៀនបន្តដល់ពេលណាទេ?
អ្នកស្រី ចាប ចិន្តា ថ្លែងថា៖ «ចំណូលវាធ្លាក់ចុះជាងមុនឆ្ងាយ យើងចំណេញតិចបំផុត។ យើងត្រូវចំណាយទិញអីវ៉ាន់ទៅវិញ មានដូចជា ថង់ ស្លាបព្រា អាហ្នឹងយើងត្រូវការមានអីចំណូលចូល បើយើងមិនទិញច្រក យើងបានអីច្រកឱ្យគេ? ចង់និយាយថាអាហ្នឹងជារបស់ហ្វ្រី(អត់មានគិតលុយមកវិញទេ) គ្រាន់តែទិញអីវ៉ាន់ទៅវិញ និយាយទៅសឹងតែរកលុយឱ្យកូនទៅរៀនអត់បានព្រឹកឡើង»។
អ្នកបើកកង់បីនៅក្នុងរាជធានីភ្នំពេញលោក ប៉ោ ចាន់ផល ឱ្យដឹងថា ចំណូលរបស់លោកធ្លាក់ចុះក្រោម៥ម៉ឺនរៀលក្នុងមួយថ្ងៃ ទើបធ្វើឱ្យលោកប្រឹងប្រែងបើកបរនៅពេលយប់បន្ថែមទៀតទោះជាប្រឹងបើកដឹកភ្ញៀវពេលថ្ងៃអស់កម្លាំងហើយក៏ដោយ។ លោកត្រូវចំណាយលើកូនរៀន២នាក់ម្នាក់រៀននៅថ្នាក់បឋម និងម្នាក់ទៀតរៀននៅថ្នាក់អនុវិទ្យាល័យដែលត្រូវឱ្យពួកគេម្នាក់៧ពាន់៥រយរៀលក្នុង១ថ្ងៃ។
អ្នកបើកម៉ូតូកង់បីរូបនេះបន្តថា ទំនិញឡើងថ្លៃនេះបានថែមសម្ពាធលោកឱ្យធ្ងន់មួយកម្រិត ទៀត ខណៈចំណូលធ្លាក់ចុះ ហើយត្រូវចំណាយលើឈ្នួលបន្ទប់ស្នាក់នៅ និងបំណុលធនាគារកន្លងមកស្ទើរមិនគ្រប់គ្រាន់។
លោក ចាន់ផល ថ្លែងថា៖ «យើងបង់ធនាគារផង បង់កូនរៀនផង ហើយយើងថែមទាំងជួលផ្ទះគេនៅទៀត។ យើងមិនមានផ្ទះសម្បែងនៅក្នុងទីក្រុងភ្នំពេញ ព្រោះយើងជាអ្នកចំណាកស្រុក។ អ៊ីចឹងហើយត្រូវបង់ថ្លៃផ្ទះ បង់ថ្លៃទឹក បង់ថ្លៃភ្លើង គឺថាសព្វសារពើ ហើយប្រាក់ចំណូលរបស់យើងរកបានដោយសារការប្រកបមុខរបររត់កង់បីនេះ បើធៀបពីសម័យកូវីដ និងឥឡូវនេះគឺវាទាបជាទីបំផុត»។
លោក ចាន់ផល បន្តថា លោកបានបន្ថយអាហារ ហើយពេលឈឺដែលទ្រាំបានលោកសម្រេចទ្រាំដើម្បីសន្សំលុយ និងសន្សំពេលដើម្បីបានបើកកង់បីដឹកភ្ញៀវ។
ម្ចាស់ហាងម៉ាស្យា និងព្យាបាលដោយចលនានៅក្នុងខណ្ឌដង្កោរាជធានីភ្នំពេញអ្នកស្រី ពេញ សុខនីម លើកឡើងថា ហាងរបស់អ្នកស្រីថយចុះចំណូលជិតពាក់កណ្តាល ដោយសារភ្ញៀវមួយចំនួនសុខចិត្តនៅទ្រាំឈឺព្រោះមិនមានលុយព្យាបាល។
អ្នកស្រីឱ្យដឹងថា មិត្តភក្តិមួយចំនួនដែលបើកកន្លែងលក់បន្លែ និងម្ហូបអាហារក៏បិទតូបជាបន្តបន្ទាប់ដែរ ព្រោះមិនសូវចំណេញ។ ស្ត្រីវ័យជាង៤០ឆ្នាំរូបនេះឱ្យដឹងថា ក្រោយពេលបិទបញ្ចប់ការឆ្លងរាលដាលកូវីដចំណូលកើនឡើងគួរសមគគឺអាចរកបានប្រមាណ១០ម៉ឺរៀលក្នុង១ថ្ងៃឥឡូវធ្លាក់មកត្រឹម៥ទៅ៧ម៉ឺនរៀលក្នុង១ថ្ងៃតែប៉ុណ្ណោះ។ ប៉ុន្តែរយៈពេលប្រមាណ៣ខែចុងក្រោយនេះចំណូលថយចុះហើយម្ហូបអាហារឡើងថ្លៃនេះធ្វើឱ្យរូបគាត់ និងអ្នកភូមិនៅក្បែរៗគ្នានោះមានការលំបាកខ្លាំង។
អ្នកស្រី ពេញ សុនីម បន្ថែមថា៖ «វេទនាណាស់សេដ្ឋកិច្ចស្រុកខ្មែរ។ បើប្រៀបធៀបចំណូលឥឡូវ គឺវាថយប្រមាណជា២០ទៅ៣០ភាគរយ មិនដូចមុនទេដោយសារពេលខ្លះគាត់ឈឺគាត់ទ្រាំ គាត់ថា រកលុយអត់បានពេលឈឺគាត់ទ្រាំសិន ដល់តែថា ទ្រាំអត់បានទើបគាត់មក ដល់អ៊ីចឹងធ្វើឱ្យបងបាត់ចំណូល ថយចុះចំណូល»។
ស្ថានភាពបាត់បង់ចំណូលហើយទំនិញឡើងថ្លៃនេះក៏មានការជជែកគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមជាបន្តបន្ទាប់ដែរ ហើយមិនមែនកើតមានតែនៅរាជធានីភ្នំពេញទេ គឺនៅតាមបណ្តាខេត្តផ្សេងក៏ជួបបញ្ហានេះដែរ។
ពលរដ្ឋនៅខេត្តព្រះសីហនុអ្នកស្រី សុខ ស្រីនាង ឱ្យដឹងថា រូបគាត់រស់នៅពឹងផ្អែកលើរបរបេះបន្លែ និងរកត្រីបន្តិចបន្ទួចយកទៅលក់ គឺចំណូលបានតិចតួច ហើយពេលខ្លះក៏រកមិនបានសោះ។ អ្នកស្រីកត់សម្គាល់ថា ប្រេងឆាឡើងថ្លៃជាងគេ ចំណែកម្ហូបអាហារផ្សេងទៀតក៏ឡើងដូចគ្នាចន្លោះពី៥រយរៀលទៅ១ពាន់៥រយរៀល។
អ្នកស្រី សុខ ស្រីនាង អះអាងថា៖ «កាលមុនខ្ញុំទិញខ្លាញ់យើងអា១ដប៧[រឺ]៨ពាន់នោះ ខ្ញុំទិញនៅផ្សារតែ៥ពាន់រៀលទេ ឥឡូវឡើងដល់៦ពាន់៥រយរៀល។ និយាយទៅវាបះពាល់ខ្លាំងម៉ង យើងត្រូវទប់ទល់ទឹកភ្លើងផង ហើយឥឡូវទឹកភ្លើងក៏ឡើងគុណនិងពីរទៀត ដោយសារមេឃក្តៅ។ ហើយអាស្ករ អំបិល ប៊ីចេង ទឹកត្រីហ្នឹងឡើងមួយមុខ២ពាន់រៀល មួយមុខ៣ពាន់រៀល បើយើងទិញផ្សារវាថោក វាឡើងដែរតែវាឡើងមួយមុខ១ពាន់ ឬ១ជាងអ៊ីចឹងណា៎ តែបើយើងទិញតាមផ្ទះវាថ្លៃ»។
ពលរដ្ឋរស់នៅខេត្តស្វាយរៀង អ្នកស្រី ខៀវ សារុន លើកឡើងជាចម្ងល់ថាទំនិញនៅលើទីផ្សារឡើងថ្លៃគ្រប់មុខចន្លោះពី១ពាន់ទៅ២ពាន់រៀល ប៉ុន្តែកសិផលដែលកសិករផលិតបានមិនឡើងថ្លៃទេ។ អ្នកស្រីបន្តថា ម្ហូបអាហារជាតម្រូវការចាំបាច់ទោះឡើងថ្លៃក៏ពលរដ្ឋនៅតែប្រឹងប្រែងរកមធ្យោបាយផ្សេងៗដើម្បីទិញយកមកបរិភោគ។
អ្នកស្រី ខៀវ សារុន ថ្លែងថា៖ «សម្រាប់បន្លែដូចមួយរយៈនេះ បន្លែនាំចូលឡើងដែរលោកគ្រូឡើងមួយមុខចង់១ពាន់រៀល ដូចត្រីនាំចូលអីពីមុន១គីឡូ១ម៉ឺន ឥឡូវឡើង១ម៉ឺន២ពាន់រៀល ការឡើងនេះបើឆ្លុះបញ្ចាំងជាមួយចំណូលវាអត់មានអីបាន ព្រោះយើងអត់មានអីធ្វើនឹងបានចំណូលណាលោកគ្រូ។ និយាយទៅអាហារបីពេលហ្នឹងត្រូវតែហូប បើទោះជាមិនមានលុយក៏ដោយលោកគ្រូ»។
ចំណែកពីខេត្តកំពង់ឆ្នាំងវិញ អ្នកស្រី ឈិត ចាន់ធឿន ជាបុគ្គលិកក្រុមហ៊ុនម្នាក់ឱ្យដឹងថា ប្រាក់ខែរបស់គាត់មិនឡើងទេ ប៉ុន្តែម្ហូបអាហារឡើងស្ទើរគ្រប់មុខ។ អ្នកស្រីឱ្យដឹងបន្តថា រូបគាត់កំពុងចិញ្ចឹមកូនម្នាក់ឱ្យរៀននៅសាលាចំណេះដឹងទូទៅ ហើយត្រូវចំណាយលុយខ្លះសម្រាប់រៀនភាសាអង់គ្លេសបន្ថែមសម្រាប់ខ្លួនឯង ធ្វើឱ្យជួបការលំបាកខ្លាំង។
អ្នកស្រី ឈិត ចាន់ធឿន ថ្លែងថា៖ «ចំណូលមានតែ១មុខ គឺប្រាក់ខែ ដល់ពេលចំណាយត្រូវបែងចែកយើងរៀនខ្លះផង កូនរៀនខ្លះផង ចំណាយលើការហូបចុកប្រចាំថ្ងៃ ការទិញសម្ភារៈប្រើប្រាស់ និងចំណាយលើការធ្វើដំណើរទៅមកផង។ ចំណាយច្រើនច្រក ចឹងទម្រាំដល់ពេលបើកលុយគឺដាច់ខ្យល់ ដូចពាក្យថាដាច់ខែ ដាច់ខ្យល់។ ហើយមួយណាទំនិញកំពុងតែឡើងថ្លៃ ចំណែកឯប្រាក់ខែយើងនៅដដែល អ៊ីចឹងវាមិនជួបផលវិបាក?»។
របាយការណ៍របស់ស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia Stats ចេញផ្សាយនៅក្នុងឧសភាឆ្នាំ២០២៤ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី។ ប៉ុន្តែអ្នកវិភាគលើរបាយការណ៍នេះបង្ហាញថា កំណើនវាមិនបានបញ្ជាក់ពីស្ថានភាពចំណូលល្អប្រសើររបស់ប្រជាពលរដ្ឋទេ ព្រោះជាអត្រាកំណើតសេដ្ឋកិច្ច ប៉ុន្តែបើនិយាយពីទំហំសេដ្ឋកិច្ចកម្ពុជានៅតែស្ថិតកម្រិតទាបជាងប្រទេសជិតខាង។
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន មានប្រសាសន៍ថា បើតាមបច្ចេកទេសស្ថានភាពអថិផរណានៅកម្ពុជាមានភាពប្រសើរឡើងជាងប្រទេសជិតខាងផង ដូច្នេះមិនមានអ្វីជាបញ្ហាចោទចំពោះការឡើងថ្លៃទំនិញទូទៅក៏ដូចជាម្ហូបអាហារនោះទេ។
លោក មាស សុខសេនសាន មានប្រសាសន៍ថា៖ «ប៉ុន្តែឥឡូវនេះ អត្រាអតិផរណាវាមកធម្មតាវិញហើយសម្រាប់កម្ពុជាយើង បើប្រៀបធៀបនឹងតំបន់អត្រាអតិផរណានៅកម្ពុជាវាចង់គ្រាន់បើជាងគេនៅក្នុងតំបន់ផង ចង់និយាយអ៊ីចឹងណា៎ ដោយវាត្រឡប់មកដូចដើមវិញបណ្តើរៗហើយ។ ចឹងខ្ញុំចង់ឱ្យមើលតួលេខនឹងសិន បើយើងច្បិចយកតែមួយជ្រុងវាអាចឃើញឡើង ប៉ុន្តែបើយើងមើលមួយជ្រុងទៀតស្រក ដល់ពេលជាមធ្យមវាធម្មតាវិញ»។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មលោក គឹម មាសសុខសីហា មានប្រសាសន៍ថា បញ្ហាម្ហូបអាហារឡើងថ្លៃអាចដោយសារតែរដូវក្តៅកន្លងទៅនេះកសិករដាំដុះមិនសូវបានផល។ លោកបន្តថា ការឡើងថ្លៃបន្តិចបន្ទួចមិនទាន់ជាបញ្ហានៅឡើយ។
ទោះយ៉ាងណាអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ស្ថាប័នជំនាញរបស់រដ្ឋាភិបាលកំពុងតាមដានលើករណីនេះ និងបានត្រៀមស្បៀងអាហាររួចជាស្រេចដែលអាចនឹងបញ្ចេញក្នុងករណីចាំបាច់។
លោក គឹម មាសសុខសីហា មានប្រសាសន៍ថា៖ «យើងជាធម្មតា យើងត្រៀមតែស្បៀងជាយុទ្ធសាស្ត្រទេ ដូចជាអង្ករ ដូចជាទឹកត្រី ទឹកស៊ីអ៊ីវអី នៅក្នុងកាលៈទេសៈខ្វះខាតហ្នឹង ក្រុមហ៊ុនបម្រុងរបស់រដ្ឋដែលមានក្រសួងពាណិជ្ជកម្មយើងជាសេនាធិការហ្នឹង គឺគ្រីនដ្រេតហ្នឹងសម្រាប់អន្តរាគមន៍»។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ ទទួលស្គាល់ថា នៅក្នុងរដូវក្តៅកន្លងទៅនេះ ពិតជាប៉ះពាល់ខ្លាំងដល់កសិករបង្កបង្កើនផលមែន។ ប៉ុន្តែចំពោះថា បញ្ហាម្ហូបអាហារឡើងថ្លៃដោយសារតែបញ្ហាដាំដុះនេះលោកមិនហ៊ានសន្និដ្ឋានទេ។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា៖ «បាទចំពោះករណីនេះយើងបានឃើញនៅក្នុងករណីសណ្តែកកួររួចហើយ គឺវាផ្កាក្តិបមករួញតែម្តង វាធ្វើឱ្យទិន្នផលរបស់គាត់ធ្លាក់ចុះរហូតដល់ជាង៩០ភាគរយឯណោះដែលជាមូលហេតុធ្វើឱ្យសណ្តែកកួរឡើងថ្លៃ១គុណនិង១០ តែយើងមិនទាន់បានទិន្នន័យជារួមសម្រាប់ដំណាំទូទៅទេ តែយើងឃើញដំណាំខ្លះក៏ទទួលរងផលប៉ះពាល់ដែរ ដូចជាស្វាយចន្ទី ម្រេច សុទ្ធតែមានការធ្លាក់ចុះនូវទិន្នផលនៃចម្ការនីមួយៗផងដែរ»។
ប្រធានសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ លើកឡើងថា សមាជិកសមាគមរបស់លោកជាច្រើនកំពុងតែជួបការលំបាកខ្លាំងដោយសារចំណូលថយចុះ និងទំនិញឡើងថ្លៃនាំឱ្យអ្នកខ្លះបន្ថយអាហារ និងធ្វើការទាំងឈឺក៏មាន។ លោកស្នើឱ្យរដ្ឋាភិបាលកំណត់បញ្ហាស្បៀងអាហារជាបញ្ហាអាទិភាពដែលត្រូវមានគោលនយោបាយទប់ស្កាត់ការឡើងថ្លៃ កុំឱ្យមានភាពក្រីក្រកាន់តែកើនឡើងខ្លាំងថែមទៀត។
លោក វន់ ពៅ ថ្លែងថា៖ «ខ្ញុំក្នុងនាមប្រធានសមាគមយើងធ្វើការជាមួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ យើងចង់ឱ្យរដ្ឋាភិបាលពិនិត្យឡើងវិញទៅលើទំនិញនៅលើទីផ្សារណាដែលជាទំនិញតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ពលរដ្ឋ។ ចឹងត្រូវពិនិត្យមើលតម្លៃទំនិញទាំងអស់ហ្នឹង រៀបចំយន្តការដើម្បីចុះថ្លៃក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋ ក៏ដូចជាឆ្លើយតបទៅនឹងប្រាក់ចំណូលដែលកំពុងធ្លាក់ចុះ ហើយជាការឆ្លើយតបទៅនឹងបរិបទសេដ្ឋកិច្ចផងដែរ បើសិនជាមិនមានយន្តការនេះទេអត្រានៃភាពក្រីក្ររបស់ពលរដ្ឋនឹងកាន់តែច្រើនទៅៗហើយ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី អះអាងថា លោកពិតជាសង្កេតឃើញថា ទំនិញម្ហូបអាហារឡើងថ្លៃស្ទើរគ្រប់មុខដូចពលរដ្ឋលើកឡើងមែន។ លោកជំរុញឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហានេះឱ្យបានឆាប់ ដើម្បីកុំឱ្យពលរដ្ឋធ្លាក់ខ្លួនក្នុងភាពក្រីក្រកាន់តែច្រើន ហើយអាចប៉ះពាល់ដល់ការប្រមូលពន្ធចូលជាចំណូលរដ្ឋ។
លោក មាស នី មានប្រសាសន៍ថា៖ «យើងដឹងហើយថាប្រទេសនីមួយៗរស់បានដោយសាររាស្ត្រជាអ្នកបង់ពន្ធ មន្ត្រីរាជការក៏រាស្ត្រចិញ្ចឹមដែរ អ៊ីចឹងនៅពេលណាដែលរាស្ត្រមិនមានលទ្ធភាពក្នុងការរកប្រាក់ចំណូលបានច្រើន គឺការបង់ពន្ធនោះក៏វាថយដែរ។ ឧបមាថា ខ្ញុំមានអាជីវកម្ម បើអាជីវកម្មខ្ញុំដួល ខ្ញុំមានលុយណាបង់ពន្ធ ហើយមុន និងក្រោយរដ្ឋនឹងជួបវិបត្តិមួយ គឺវិបត្តិថវិកាជាតិអាចរកអត់គ្រប់ នៅពេលដែលសេដ្ឋកិច្ចខាងក្រោមដើរអត់ខ្លាំង»។
អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាលោកបណ្ឌិត ហុង វណ្ណៈ មានប្រសាសន៍ថា ឥទ្ធិពលសង្គ្រាមនៅរុស្ស៊ី និងអ៊ុយក្រែនបានធ្វើឱ្យទំនិញនៅលើពិភពលោកឡើងថ្លៃក្នុងនោះកម្ពុជាក៏រងគ្រោះដែរ។ លោកបន្តថា ដំណោះស្រាយបញ្ហាចំពោះមុខ គឺទាំងស្ថាប័នរដ្ឋ និងឯកជនត្រូវជំរុញឱ្យមានទំនិញក្នុងស្រុកច្រើនសម្រាប់ប្រើប្រាស់ ខណៈបច្ចុប្បន្នលោកអះអាងថា កម្ពុជានាំចូលទំញភាគច្រើន។
លោកបណ្ឌិត ហុង វណ្ណៈ បន្តថា ជាក់ស្តែងដូចនៅប្រទេសរុស្ស៊ី ទោះបីជាមានសង្គ្រាមក៏ទំនិញមិនឡើងថ្លៃខ្លាំងដែរ ដោយសារតែទំនិញប្រើប្រាស់នៅក្នុងប្រទេសនោះភាគច្រើនផលិតនៅក្នុងស្រុក។
លោកបណ្តិត ហុង វណ្ណៈ មានប្រសាសន៍ថា៖ «ប្រទេសរុស្ស៊ីត្បិតតែជាប្រទេសដែលធ្វើអន្តរាគមន៍យោធាទៅលើអឺរ៉ុបនោះ ក៏ប៉ុន្តែទំនិញផលិតផលអីផ្សេងៗដោយសាររុស្ស៊ីគេមានបស់គេសម្រាប់ប្រើប្រាស់ក្នុងស្រុកបស់គាត់ ចឹងការដាច់ទំនាក់ទំនងនៅប៉ែកអឺរ៉ុបខាងកើត ឬក៏អឺរ៉ុបខាងលិចមួយចំនួន ឬក៏ជាមួយសហរដ្ឋអាមេរិក មួយចំនួនដាក់ទណ្ឌកម្ម អាទំនិញមួយចំនួនដូចជាមិនហក់ឡើងខ្លាំងទេ លើកលែងតែទំនិញនាំចូល ឱ្យតែតែទំនិញនាំចូល គឺហក់ឡើងហើយ»។
ជុំវិញបញ្ហាសន្តិសុខស្បៀងនេះ រដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំដោយលោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានលើកឡើងជាបន្តបន្ទាប់ដោយជំរុញឱ្យមន្ត្រីក្រោមបង្គាប់យកចិត្តទុកដាក់ ទន្ទឹមនឹងនេះក៏បញ្ហាសន្តិសុខស្បៀងមានសរសេរក្នុងកម្មវិធីនយោបាយជាតិផងដែរ។
ក្នុងកម្មវិធីមួយនៅចុងឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ក្រើនរំឭកដល់មន្ត្រីរបស់លោកឱ្យយកចិត្តទុកដាក់លើវិស័យសកម្ម និងសន្តិសុខស្បៀងបើទោះជាកម្ពុជាកំពុងរីកចម្រើនបន្តបន្ទាប់លើវិស័យឧស្សាហកម្មក៏ដោយ។ លោក ហ៊ុន ម៉ាណែត បន្តថា គោលនយោបាយកសិកម្មនឹងធានាដល់សន្តិសុខស្បៀងកំពុងដើរលើផ្លូវត្រូវដោយអាចផលិតផ្គត់ផ្គង់នៅក្នុងប្រទេសផង និងនាំចេញផង។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «តែផ្ទុយទៅវិញនៅខណៈដែលប្រទេសជាច្រើនកំពុងជួបវិបត្តិនេះកម្ពុជាយើងបានធានាបាននូវសន្តិសុខស្បៀង ហើយមិនត្រឹមតែបើតាមរបាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រី[កសិកម្ម] មិនត្រឹមតែធានានូវសន្តិសុខស្បៀងនៅក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែយើងបាននាំចេញ៦.២លានតោននៅក្នុង១០ខែកន្លងមកនេះ»។
យុទ្ធសាស្ត្របញ្ចកោណអាណត្តិទី៧នេះ បានកំណត់កម្មវិធីនយោបាយអាទិភាពចំនួន៦ដែលត្រូវដាក់ចេញអនុវត្តន៍បន្ទាន់ ក្នុងនោះកម្មវិធីទី៥ និងទី៦គឺផ្តោតលើវិស័យកសិកម្ម។
កម្មវិធីនយោបាយទី៥ គឺរដ្ឋាភិបាលដាក់ចេញកញ្ចប់ថវិកាជាក់លាក់ចំនួន១០០លានដុល្លារ និងអាចដាក់បន្ថែមក្នុងករណីចាំបាច់ដើម្បីលើកស្ទួយដល់ការផលិត និងរក្សាលំនឹងទីផ្សារលើផលិតផលកសិកម្ម។ ចំណែកកម្មវិធីនយោបាយទី៦រដ្ឋាភិបាលដាក់ពង្រាយមន្ត្រីកសិកម្មនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេសដើម្បីជួយដល់ការផលិតកម្មកសិកម្ម និងជួយដល់គ្រួសារកសិករ។
ទោះយ៉ាងណាទាំងប្រជាពលរដ្ឋ និងអ្នកជំនាញលើកឡើងថា បញ្ហាទំនិញឡើងថ្លៃ ខណៈចំណូលពលរដ្ឋធ្លាក់ចុះនៅពាក់កណ្តាលឆ្នាំ២០២៤នេះនៅមិនទាន់មានយន្តការដោះស្រាយឱ្យមានប្រសិទ្ធភាពនៅឡើយ៕