សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកដឹកភ្ញៀវរាប់ពាន់នាក់នៅភ្នំពេញដេក​លើយានជំនិះព្រោះគ្មាន​លុយ​ជួលបន្ទប់ស្នាក់នៅ

ក្រុមអ្នករត់ម៉ូតូកង់បីកំពុងដេកលង់លក់នៅក្នុងម៉ូតូកង់បីរបស់គាត់ដែលមានគ្របម៉ុងពីលើដែលកំពុងចតនៅក្នុងបរិវេណដីឡូត៍ទំនេរមួយកន្លែងនៅម្តុំបឹងកក់ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)
ក្រុមអ្នករត់ម៉ូតូកង់បីកំពុងដេកលង់លក់នៅក្នុងម៉ូតូកង់បីរបស់គាត់ដែលមានគ្របម៉ុងពីលើដែលកំពុងចតនៅក្នុងបរិវេណដីឡូត៍ទំនេរមួយកន្លែងនៅម្តុំបឹងកក់ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

អ្នកប្រកបរបរដឹកភ្ញៀវរាប់ពាន់នាក់នៅក្នុងរាជធានីភ្នំពេញដេកលើយានជំនិះរបស់ពួកគេ ដោយសារមិនមានលុយគ្រប់គ្រាន់សម្រាប់​ជួលបន្ទប់ស្នាក់នៅ ខណៈអ្នកខ្លះអស់សង្ឃឹមក្នុងជីវិត ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលចាត់ទុកថា អ្នកមានកង់បី និងតាក់ស៊ីបើកមិនលំបាកពេកទេ។

ប្រធានសមាគមអ្នកប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ ឱ្យដឹងថា សមាជិករបស់លោកអ្នកបើករថយន្តតាក់ស៊ី និងរ៉ឺម៉កកង់បីនៅទូទាំងប្រទេសមានជាង២ម៉ឺននាក់ ដោយឡែកនៅរាជធានីភ្នំពេញមានជាង១ម៉ឺន៥ពាន់នាក់(១៥ ០០០នាក់)។ ​ លោកឱ្យដឹងទៀតថា ក្នុងចំណោម១ម៉ឺន៥ពាន់នាក់នេះគឺប្រមាណ៣០ភាគរយស្មើនឹង៤ពាន់៥រយនាក់កំពុងដេកលើមធ្យោបាយដឹកជញ្ជូន។

ប្រធានសមាគមរូបនេះឱ្យដឹងថាសមាជិករបស់លោកខ្លះចំណូលបាត់បង់ទាំងស្រុង​ ខ្លះបាត់​បង់​​អស់ពាក់កណ្តាលធ្វើឱ្យលំបាកខ្លាំង។

លោក វន់ ពៅ មានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះគឺចំណូលធ្លាក់ចុះខ្លាំងមែនទែន មានន័យថាធ្លាក់ចុះស្ទើរតែដល់កម្រិតសូន្យ។ អ៊ីចឹងយើងឃើញថាប្រាក់ចំណូលធ្លាក់ចុះនេះធ្វើឱ្យគាត់មានការលំបាកខ្លាំងទាក់ទងទៅនឹងការចំណាយចាយវាយប្រចាំថ្ងៃ ការចំណាយទៅលើការប្រើប្រាស់សាំងហ្គាស់ ក៏ដូចជាសេវាកម្មជួសជុលរថយន្តរឺម៉កម៉ូតរបស់គាត់ទៅវិញ»

បើតាមលោក វន់ ពៅ ឱ្យដឹងទៀតថា អ្នកប្រកបរបរដឹកភ្ញៀវដេកលើមធ្យោបាយដឹកជញ្ជូននេះកើតឡើងតាំងពីផ្ទុះឆ្លងរាលដាលមេរោគកូវីដ ហើយបានកើនឡើងបន្តបន្ទាប់រហូតដល់ពាក់កណ្តាលឆ្នាំ២០២៤នេះ។

អ្នកបើកតាក់ស៊ីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅបាវិត លោក យ៉ាន់ ផារី ឱ្យដឹងថា ពីមុនលោកជួលបន្ទប់ស្នាក់នៅប៉ុន្តែ២ឆ្នាំចុងក្រោយនេះលោកដេកលើតាក់ស៊ីដើម្បីសន្សំសំចៃលុយដោយមិនអស់ថ្លៃបន្ទប់ ថ្លៃទឹក និងថ្លៃភ្លើង។  លោកឱ្យដឹងថា ចាប់តាំងពីបុណ្យ​ឆ្នាំខ្មែរហើយមក ភ្ញៀវធ្វើដំណើរស្ងាត់ខ្លាំងខុសធម្មតាគឺកាលមុនលោកដឹកភ្ញៀវ១ថ្ងៃ២លើក បានចំណូលប្រមាណ២០ម៉ឺនរៀល ប៉ុន្តែលោកថា ៣ថ្ងៃជាប់ៗគ្នានៅក្នុងខែមិថុនានេះលោកមិនទាន់​​មានភ្ញៀវដឹកចេញនៅឡើយសូម្បីមួយជើង។

បុរសវ័យ៣៩ឆ្នាំរូបនេះបន្តថា ដោយសារដេកមិនស្ងប់ និងបារម្ភច្រើន ពេលនេះលោកកំពុងមានជំងឺប្រចាំកាយមួយចំនួនដែលគួរឱ្យបារម្ភ។

លោក យ៉ាន់ ផារី ថ្លែងថា៖ «បើយើងសុខភាពអត់អំណោយផលផង ឈឺរហូត កាលពីមុនខ្ញុំមិនសូវជាមានជំងឺច្រើនទេ ទើបតែឥឡូវមួយរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ខ្ញុំមានជំងឺច្រើន ដូចជាក្រពះ ពោះវៀន ស្រវាំងភ្នែក ឡើងជាតិអាស៊ីត។ អាស៊ីតមិនដឹងជាឡើងប៉ុន្មានទេបង វាឡើងស្ពឹកដៃស្ពឹកជើងម៉ង ឈឺដៃឈឺជើងម៉ង»

លោក យ៉ាន់ ផារី មានកូន២នាក់កំពុងរៀននៅសាលាចំណេះដឹងទូទៅ ដែលត្រូវចំណាយប្រមាណ៣ម៉ឺនរៀលក្នុង១ថ្ងៃ និងត្រូវបង់សងទៅធនាគារក្នុង១ខែ៣៥០ដុល្លារ។

លោក ជ្រេស សុរ៉ាន់ អាយុ៤៤ឆ្នាំ ដេកលើកង់បីនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរយៈពេល៣ឆ្នាំហើយ។ លោក​ថា ដេកនៅលើរ៉ឺម៉កកង់បីនេះ ចំណេញថ្លៃបន្ទប់៥០ដុល្លារ ថ្លៃជួលកន្លែងផ្ញើរ៉ឺម៉កកង់បី៣០ដុល្លារ និងចំណេញថ្លៃទឹកភ្លើងផងដែរ។

បុរសមានស្រុកកំណើតនៅក្នុងខេត្តតាកែវរូបនេះឱ្យដឹងថា ពីមុនលោកដឹកភ្ញៀវបានក្នុង១ថ្ងៃប្រមាណ១២ម៉ឺនទៅ១៥ម៉ឺនរៀល ទូទាត់ថ្លៃហ្គាស និងថ្លៃអាហារហើយអាចសល់យ៉ាងហោចណាស់ក៏៨ម៉ឺនរៀលដែរ ប៉ុន្តែសព្វថ្ងៃនេះក្នុង១ថ្ងៃរកបានតែប្រមាណ៤​ទៅ​៥ម៉ឺន​រៀល ដោយទូទាត់ការចំណាយហើយអាចសល់២ម៉ឺនរៀល ឬតិចជាងនេះ។

លោកបន្តថា ការដេកលើរ៉ឺម៉កកង់បីនៅពេលយប់នេះ ប្រឈមខ្យល់ ភ្លៀង ក្មេងទំនើង និងចោរកម្មជាដើម។

លោក ជ្រេស សុខរ៉ាន់ ចូលដេកនៅម៉ោង១១ ឬ១២យប់ ហើយត្រូវក្រោកពីព្រលឹមដើម្បីរកភ្ញៀវដឹកបន្តគឺអាចដេកបាន៤ទៅ៥ម៉ោង យប់ខ្លះដេកបានតិចជាងនេះព្រោះដេកមិនលក់ក៏ចេះតែបើកកង់បីនៅលើផ្លូវទៅក្រែងបានភ្ញៀវហៅជិះខ្លះ។

លោកបន្តថា រូបលោកផ្ទាល់ក៏ដូចជា មិត្តភក្តិផ្សេងទៀត ដែលដេកមិនស្កប់ ហូបអាហារសន្សំសំចៃតែងជួបបញ្ហាវិលមុខចុកដៃ​ចុក​ជើង។

លោក ជ្រេស សុខរ៉ាន់ ថ្លែងថា៖ «ពេលណាទៅយើងដាក់ផុត ពេលណាយើងសម្រាកទៅអត់ផុត[ដៃជើង] ដេកផ្អៀងទៅ ដល់ពេលយើងដេកលក់រយៈពេលប្រហែលជា១ម៉ោង ឬក៏២ម៉ោងយើងដឹងខ្លួនយើងស្រពន់ដៃស្រពន់ជើងអ៊ីចឹងទៅ។ [យើង]ឡើង[ងើបពីដេក]មកដាក់ប្រេងកូឡាច្របាច់ៗឱ្យវាដើរស្រួលឡើងវិញទៅ បានយើងដេកទៅវិញ»

លោក ជ្រេស សុខរ៉ាន់ ឱ្យដឹងទៀតថា បញ្ហាចំណូលថយចុះនេះធ្វើឱ្យពួកគាត់ស្មុគស្មាញគិតច្រើន បារម្ភច្រើន និងពេលខ្លះក៏អស់សង្ឃឹម។

អ្នករត់រ៉ឺម៉កកង់បីម្នាក់កំពុងដេកក្នុងអង្រឹងពេលយប់ដែលចងនៅលើកង់បីរបស់គាត់ដែលកំពុងចតនៅក្បែរចញ្ចើមផ្លូវនៅម្តុំបឹងកក់ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

អ្នកដេកលើរ៉ឺម៉កកង់បីនៅសង្កាត់ស្រះចកម្នាក់ទៀត លោក សឿន រតនា ឱ្យដឹងថា កាលពី៣ឆ្នាំមុនលោកសម្រេចចិត្តឈប់ជួលបន្ទប់ ហើយទៅដេកលើកង់នៅទីនោះតែម្នាក់ឯងទេ ប៉ុន្តែនៅពេលនេះ អ្នកបើកកង់បីផ្សេងទៀតជាង៣០នាក់ក៏ទៅដេកនៅទីនោះដែរ។  លោកបន្តថា បើទោះជាដេកលើកង់បី និងហូបចុកសន្សំសំចៃក៏ដោយ ក៏ចំណូលរបស់លោក និងមិត្តភក្តិរួមអាជីពផ្សេងទៀតរកបានមិនគ្រប់គ្រាន់សម្រាប់ការចំណាយក្នុងគ្រួសារទេ។

លោក សឿន រតនា ថ្លៃងថា៖ «ចំណូលមានតែថយចុះបងអ៊ើយ ព្រោះដោយសារមួយរយៈនេះវាយ៉ាប់មែនទែនបងប្អូនយើងទាំងអស់គ្នាទាំងខ្ញុំទាំងគេ សឹងតែថារកទប់ទល់ជីវភាពអត់គ្រាន់ទេបង ដូចពីមុនចំណូលយើងរកបាន១០ម៉ឺន ឥឡូវបានតែ៥ម៉ឺនបង»

នៅក្នុងសង្កាត់ស្រះចក នៅតំបន់បឹងកក់ជាកន្លែងផ្សារទំនើប និងហាងផឹកស៊ីនៅពេលរាត្រីនោះ មានរ៉ឺម៉កកង់បីជាច្រើនដេកនៅជាក្រុមៗ កន្លែងខ្លះមានគ្នា៥កង់បី កន្លែងខ្លះទៀតមានពី១០ទៅ២០ ឬទៅជាង៣០កង់បី។ ពួកគាត់ដេកនៅចិញ្ចឹមផ្លូវទំនេរ ឬ ដីឡូត៍ដែលមិនទាន់មានការសាងសង់អគារ។

ម៉ោងចាប់ពី១១ទៅ១២យប់ រ៉ឺម៉កកង់បីបើចូលកន្លែងដេកជាបន្តបន្ទាប់ដូចស្រម៉ោចវាចូលរូងដើម្បីសម្រាកក្នុងពេលរាត្រី។ ពួកគាត់ម្នាក់ៗហាក់ដូចជា ហត់នឿយ មិនសូវនិយាយគ្នាច្រើនទេ ពេលទៅដល់ទីតាំងរៀងៗខ្លួនហើយក៏ចងមុងរៀបចំកន្លែងដេក អ្នកខ្លះចងមុងក្នុងរ៉ឺម៉កកង់បី អ្នកខ្លះទៀតដាក់មុខគ្របលើរ៉ឺម៉កកង់បីទាំងស្រុងតែម្តង។

ពេលសួរថា ចុះបើត្រូវបត់ជើងតូច ឬបត់ជើងធំនៅពេលយប់ តើត្រូវធ្វើយ៉ាងម៉េច?

ពួកគាត់ថា បើបត់ជើងតូចអាចរកព្រៃ ឬដីឡូត៍ទំនេរនៅក្បែរៗនោះ តែបើបត់ជើងធំត្រូវបើកកង់បីទាំងយប់ទៅបន្ទប់ទឹកនៅស្ថានីយ៍លក់ប្រេងឥន្ធនៈនៅក្បែរៗនោះ។ ជាទម្លាប់រាល់ព្រឹកពួកគាត់ទៅងូតទឹក និងបោកខោអាវនៅស្ថានីយ៍លក់ប្រេងឥន្ធនៈរួចដាក់ហាលតាមរ៉ឺម៉កកង់បី។

និយាយរួមទៅរ៉ឺម៉កកង់បីរបស់ពួកគាត់ប្រៀបដូចជាកូនផ្ទះចល័តមួយ គឺមានកាបូបសម្លៀកបំពាក់ មុង ភួយ ដាក់ទៅតាមជាមួយ។ បើមើលមួយភ្លែតហាក់ដូចជា ដំណើរទេសចរណ៍មួយយ៉ាងសប្បាយ តែបើស្តាប់ការរៀបរាប់របស់ពួកគាត់ទៅ ទើបដឹងថា ពួកគាត់លាក់ទុករឿងស្មុគស្មាញជាច្រើននៅក្នុងចិត្តគឺបារម្ភគ្រប់បែបយ៉ាងរហូតភ្លេចគិតដល់សុខភាពខ្លួនឯង ប្រឹងរកចំណូល អ្នកខ្លះស្រុកកំណើតនៅត្រឹមខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តតាកែវជាដើមនោះ គឺខានទៅលេងស្រុកជួបជុំប្រពន្ធកូន៣ទៅ៤ខែហើយ ទោះនឹករលឹកយ៉ាងណាក៏ត្រូវទ្រាំព្រោះទុកពេល និងសន្សំកម្លាំងរកលុយមកផ្គត់ផ្គង់គ្រួសារ និងសងបំណុល។

ស្ថានភាពនៃការដេកលើមធ្យោបាយដឹកជញ្ជូនមិនមែនមានតែនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសង្កាត់ស្រះចក ខណ្ឌដូនពេញ​នេះទេ គឺមានស្ទើរគ្រប់ខណ្ឌ និងសង្កាត់ទាំងអស់ក្នុងរាជធានីភ្នំពេញ ពិសេសនៅក្បែរៗផ្សារ ដូចជា ផ្សារដើមគរ ផ្សារដើមថ្កូវ ផ្សារទួលទំពូង និងនៅតំបន់កោះពេជ្រជាដើម។

ចំពោះស្ថានភាពចំណូលវិញពួកគាត់អះអាងប្រហាក់ប្រហែលគ្នាគឺថយចុះពីជាង១០ម៉ឺនរៀលក្នុង១ថ្ងៃមកនៅត្រឹមក្រោម៥ម៉ឺនរៀលក្នុង១ថ្ងៃ។

លោក នៅ នឿន វ័យជាង៥០ឆ្នាំ ដឹកភ្ញៀវជាប្រចាំនៅរង្វង់មូលជ្រោយចង្វារ ឱ្យដឹងថា អំឡុងពេលកូវីដចំណូលធ្លាក់ចុះមួយដំណាក់ហើយ តែរហូតដល់ខែមិថុនាឆ្នាំ២០២៤នេះ ចំណូលកាន់តែធ្លាក់ចុះខ្លាំងថែមមួយកម្រិតទៀតធ្វើឱ្យលោកជួបការលំបាកខ្លាំង។

លោក នៅ នឿន ថ្លែងថា៖ «ហឺ! ឥឡូវយ៉ាប់ណាស់! ឥឡូវមិនសូវមានភ្ញៀវចេញ គិតទៅធ្លាក់ចង់៣០ភាគរយជាងបន្ថែមទៀត ពីមុនយើងរកមិនបានសោះក៏បានបួនប្រាំម៉ឺនអីដែរ តែឥឡូវតែអត់គឺអត់សោះតែម្តង»

លោកវេជ្ជបណ្ឌិត នាម លាងឈីម មានប្រសាសន៍ថា ករណីអ្នកប្រកបរបរដឹកភ្ញៀវ បរិភោគអាហារ និងគេងមិនគ្រប់គ្រាន់នេះ បានធ្វើឱ្យមានជំងឺជាច្រើនកើតឡើង ក្នុងនោះរួមមានទាំងការប៉ះពាល់ដល់ខួរក្បាលផងដែរ។

លោកវេជ្ជបណ្ឌិត លាងលីម បញ្ជាក់ឱ្យដឹងថា៖ «ជារោគសញ្ញានៃជំងឺមួយអាចទាក់ទងនឹងគេហៅថាស្ពោតខួរក្បាល បានន័យថាខួរក្បាលហ្នឹងវារួមតូចអត់មានអ៊ុកស៊ីសែនអីទៅចិញ្ចឹម អាហ្នឹងធ្វើឱ្យយើងឧស្សាហ៍ភ្លេចភ្លាំង ឧស្សាហ៍វង្វេងអ៊ីចឹង ដោយសារកង្វះឈាមទៅចិញ្ចឹមខួរក្បាល អាហ្នឹងដោយសារយើងគេងអត់សូវបានគ្រប់គ្រាន់ និងញ៉ាំអាហារអត់បានគ្រប់គ្រាន់»

លោកវេជ្ជបណ្ឌិត គួច ម៉េងលី ពន្យល់ថា បញ្ហាដែលពលរដ្ឋកំពុងជួបប្រទះពេលបច្ចុប្បន្ននេះ គឺអ្នកខ្លះដេកមិនលក់ និងអ្នកខ្លះទៀតមិនមានពេលដេក។ លោកបន្តថា បញ្ហានេះ ធ្វើឱ្យប៉ះពាល់ច្រើនដល់សុខភាពផ្លូវកាយ និងបញ្ញាស្មារតីដែលអាចប៉ះពាល់ដល់អាយុជីវិត។

លោកវេជ្ជបណ្ឌិត គួច ម៉េងលី មានប្រសាសន៍ថា៖ «និយាយរួមទៅបញ្ហាកង្វះការគេងហ្នឹងគឺវាពាក់ព័ន្ធធ្ងន់ធ្ងរ ធ្វើឱ្យយើងឡើងសម្ពាធ​ឈាម ហើយយូរៗទៅធ្វើឱ្យយើងទឹកនោមផ្អែម ធ្វើឱ្យយើងមានរោគគាំងបេះដូង ឬក៏បេះដូងយើងមិនដំណើរការ ឬក៏យើងអាចមានជំងឺស្ត្រូកដែលខ្លាញ់នៅក្នុងសរសៃខួរក្បាល បញ្ហាទាំងអស់នេះកើតឡើងច្រើន»

បុរសអ្នករត់រ៉ឺម៉កកង់បីម្នាក់សម្រាកនៅលើរ៉ឺម៉កកង់បីរបស់គាត់ នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

ជុំវិញបញ្ហាកើនឡើងនៃអ្នកប្រកបរបរដឹកភ្ញៀវដេកលើមធ្យោបាយដឹកជញ្ជូននៅតាមដងផ្លូវនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី មិនអត្ថាធិប្បាយទេព្រោះលោកថា មិនមានរបាយការណ៍។

ចំណែកអភិបាលខណ្ឌទួលគោក លោក ជា ពិសី និងអភិបាលខណ្ឌសែនសុខ លោក ម៉ូវ ម៉ានិត ប្រាប់ថា ជាប់រវល់ក្រោយពេលស្តាប់សំណួរហើយ។

ដោយឡែក អភិបាលខណ្ឌចំការមន លោក កៀង ល័ក្ស ឱ្យដឹងថា នៅក្នុងខណ្ឌរបស់លោកមិនសូវមានអ្នកដឹកភ្ញៀវដេកលើតាក់ស៊ី ឬ រ៉ឺម៉កកង់បីទេ គឺមានតែអ្នកនៅរង់ចាំដឹកភ្ញៀវនៅកាស៊ីណូណាហ្គាវើលដ៍។ ចំពោះសន្តិសុខសណ្តាប់ធ្នាប់វិញលោកថា មួយរយៈចុងក្រោយនេះមានការពង្រឹងបានល្អប្រសើរជាងមុន។

លោក កៀង ល័ក្ស មានប្រសាសន៍ថា៖ «យើងសព្វថ្ងៃនេះ យើង[ធ្វើ]យុទ្ធនាការចាប់ក្មេងទំនើង ចឹងយើងការពាររឿងហ្នឹង[បញ្ហាសន្តិសុខសណ្តាប់ធ្នាប់] មកដល់ប៉ុន្មានថ្ងៃនេះឃើញស្ងាត់ល្អ។ កន្លងទៅដូចជាអ្នកបង្ហោះម៉ូតូ ហើយយើងបានបង្ក្រាបបាន ហើយពាក់ព័ន្ធនឹងសុវត្ថិភាពទូទៅ គឺប៉ូលិសរបស់យើងបានល្បាត ហើយនឹងដាក់កម្លាំងពួនស្ទាក់ជាប់ជាប្រចាំមួយយប់ទល់ភ្លឺ»

ចំពោះការប្រកបរបរចិញ្ចឹមជីវិតវិញលោក កៀង ល័ក្ស ឱ្យដឹងថា ពលរដ្ឋទាំងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងប្រព័ន្ធនៅក្នុងខណ្ឌរបស់លោក គឺរកចំណូលបានល្អធម្មតាមិនមានផលប៉ះពាល់ណាមួយគួរឱ្យគត់សម្គាល់ទេ។  

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ពន្យល់ថា​ កម្ពុជារងគ្រោះពីវិបត្តិសេដ្ឋកិច្ចសកល រួមទាំងវិបត្តិកូវីដ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន។ ប៉ុន្តែលោកថា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទើបពលរដ្ឋខ្មែរមិនរងផលប៉ះពាល់ធ្ងន់ធ្ងរ។

លោក ប៉ែន បូណា បញ្ជាក់ថា ក្នុងអំឡុងពេលវិបត្តិកូវីដ រដ្ឋាភិបាលចំណាយលុយអស់១ពាន់២រយលានដុល្លារដើម្បីជួយដល់ពលរដ្ឋខ្វះខាត។

ចំពោះអ្នកប្រកបរបរដឹកជញ្ជូនភ្ញៀវ លោក ប៉ែន បូណា ចាត់ទុកថា ដូចរបរទូទៅដែរគឺរកចំណូលតែងមានឡើង និងចុះជារឿងធម្មតា។ ទោះយ៉ាងណាលោកថា អ្នកដែលមានរ៉ឺម៉កកង់បី ឬ តាក់ស៊ី នៅពេលបច្ចុប្បន្ននេះ គឺមិនលំបាកពេកទេ។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ធម្មតា របររកស៊ីអីក៏ដោយតែងតែមានពេលខ្លះរាងធូរ ពេលខ្លះរាងលំបាកពោល គឺមានពេលឡើង មានពេលចុះ។ អ្នករកស៊ីសុទ្ធតែធ្លាប់ឆ្លងកាត់រឿងនេះ។ ពេលរកបានធូរ ចាយក៏រាងធូរ ពេលលំបាករក ចាយក៏ត្បិតត្បៀតតាម​ហ្នឹង​។ យ៉ាងណា ខ្ញុំជឿថា មានរ៉ឺម៉កកង់បី ឬតាក់ស៊ីមួយសម្រាប់រត់មិនជាលំបាកពេកទេ»។  

របាយការណ៍របស់ស្ថាប័នស្ថិតិឥណ្ឌូនេស៊ី Seasia Stats ចេញផ្សាយនៅក្នុងខែ​ឧសភា ឆ្នាំ២០២៤ បង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ក្នុងតំបន់អាស៊ាន និងឈរនៅលេខរៀងទី៣​ក្នុង​ចំណោម​​ប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង២០ក្នុងតំបន់អាស៊ី។ ចំណែក​ស្ថាប័នរដ្ឋក៏បានផ្សាយរបាយការណ៍ថា ចំណូលប្រជាជនម្នាក់ៗកើន ពី២៧៩ដុល្លារនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ដុល្លារនៅឆ្នាំ២០២៤។

របាយការណ៍នេះក៏មានការជជែកខ្វែងគំនិតគ្នាច្រើននៅលើបណ្តាញសង្គម ខណៈពលរដ្ឋថា ជួបការលំបាករកចំណូលមិនបាន តែរបាយការណ៍ជាតិ និងអន្តរជាតិបង្ហាញថា សេដ្ឋកិច្ច​កម្ពុជា និងចំណូលពលរដ្ឋកើនឡើងទៅវិញ។

នាយក​នៃមជ្ឈមណ្ឌល​សិក្សាគោលនយោបាយលោក ចាន់ សុផល ពន្យល់ថា របាយការណ៍ទំហំសេដ្ឋកិច្ចគេមើលតែលើផ្នែកធំៗមួយចំនួនរួមមាន កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលលើវិស័យធំទាំងនេះខ្លះមិនបានប្រយោជន៍សេដ្ឋកិច្ចដល់ពលរដ្ឋទូទៅទេ។

លោក ចាន់ សុផល ពន្យល់ថា៖ «បើមានការត្អូញត្អែរច្រើនក៏យើងឆ្ងល់ដែរថាប្រហែលជាមានការប៉ះពាល់ច្រើនដែរ បើសិនជាជាក់ស្តែងមានកំណើនសេដ្ឋកិច្ច៥,៨ភាគរយពិតមែនក៏ដោយក៏វាអាចថាបានតែក្នុងអ្នករកស៊ីចំនួនណាមួយ នាំចេញអ្វីមួយ ផលិតបានអ្វីមួយច្រើនចឹងទៅ អ៊ីចឹងការបែងចែកនូវកំណើនសេដ្ឋកិច្ចនេះវាពិតជាមិនស្មើគ្នាទេពីប្រជាពលរដ្ឋមួយទៅមួយ ឬក៏អាជីវកម្មមួយទៅមួយ»

រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបានដាក់ទិសដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់ឬហៅថាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ ទោះយ៉ាងណារបាយការណ៍ធនាគារពិភពលោកនៅខែមិថុនាឆ្នាំ២០២៤ បញ្ជាក់ថា កម្ពុជាជួបការលំបាកក្នុងការសម្រេចគោលដៅនេះដោយ​សារ​បញ្ហាប្រព័ន្ធអប់រំមិនល្អ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពលោក យង់ គិមអេង ជំរុញឱ្យ​ស្ថាប័ន​ពាក់ព័ន្ធរបស់រដ្ឋាភិបាលស្រាវជ្រាវបញ្ហានេះឱ្យបានច្បាស់ដើម្បីដោះស្រាយឱ្យមានប្រសិទ្ធភាព។

លោក យង់ គិមអេង មានប្រសាសន៍ថា«រដ្ឋាភិបាលគួរតែគិតគូរដោះស្រាយជូនពួកគាត់របៀបណា ឬក៏បើថាគាត់ស្នាក់នៅបែបចឹង​[ដេកនៅតាមឡានតាក់ស៊ី ឬរឺម៉កកង់បី] គឺគួរតែមានទីកន្លែងណាដែលមានសុវត្ថិភាពសម្រាប់ពួកគាត់ស្នាក់នៅឬក៏យ៉ាងម៉េច។ ហ្នឹងគឺជារឿងមួយដែលអាជ្ញាធររដ្ឋក៏ត្រូវតែមានការគិតគូរជុំវិញបញ្ហានេះដែរ»

បើទោះជាមានការបកស្រាយពីភាពល្អប្រសើររបស់មន្ត្រីរដ្ឋាភិបាលជុំវិញករណីនេះក៏ដោយក៏ លោក វន់ ពៅ បញ្ជាក់ថា អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានអ្នកបើកបរដឹកជញ្ជូននេះកំពុងមានការលំបាកខ្លាំង ដែលរដ្ឋាភិបាលគួរមានវិធានការជួយឱ្យបានទាន់ពេល។

លោក វន់ ពៅ ថ្លែងថា៖ «គួរតែរៀបចំជាយន្តការ រៀបចំជាប្រាក់កម្ចីយ៉ាងណាមួយដើម្បីឱ្យគាត់អាចបន្តប្រកបមុខរបរអាជីវកម្មរបស់គាត់ឡើងវិញបាន ហើយចំណុចមួយទៀតគួរតែរៀបចំជាផ្ទះល្វែង ឬក៏ផ្ទះជួលក្នុងតម្លៃថោកណាមួយដែលពួកគាត់អាចទទួលយកបានក្នុងការជួយសម្រួលដើម្បីកុំឱ្យពួកគាត់ដេកលើរឺម៉កលើឡានដូចសព្វថ្ងៃនេះអី»

អ្នកប្រកបរបរដឹកភ្ញៀវទាំងនេះឱ្យដឹងថា អ្នកដេកលើយានជំនិះកើនឡើងបន្តបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ជ្រេស សុខរ៉ាន់ ឱ្យដឹងថា មិត្តភក្តិដែលលោកស្គាល់ប្រមាណ៧០ភាគរយហើយដែលដេកនៅលើយានជំនិះ ហើយរស់នៅក្នុងស្ថានភាពអស់សង្ឃឹមព្រោះប្រឹងធ្វើការខ្លាំង​​តែរកចំណូលបានមិនគ្រប់គ្រាន់សម្រាប់តម្រូវការ៕

449 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម