សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រុមស្រ្តីរត់កង់បីនៅសៀមរាបទទូចឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់បង្រៀនសេវាកកម្មទេសចរណ៍

អ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍ នៅប្រាសាទអង្គរតូច ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ទុយ អេងលី)
អ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍ នៅប្រាសាទអង្គរតូច ខេត្តសៀមរាប។ រូបថតនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។ (ខេមបូចា/ ទុយ អេងលី)

បើទោះបីជាប្រឈមនឹងបញ្ហាយ៉ាងណាក្តីក៏ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរនៅឯទឹកដីអង្គរប្តេជ្ញាចិត្តតស៊ូជាមួយនឹងអាជីពដែលត្រូវប្រកួតប្រជែងជាមួយនឹងបុរស ការណ៍នេះបានធ្វើឱ្យ​ក្រុមស្រ្តី​ទាំង​​នោះ​ទទូចស្នើសុំការគាំទ្រពីរដ្ឋាភិបាល។

ម៉ោង៥កន្លះល្ងាចព្រះអាទិត្យពណ៌មាសហៀបនឹងលិច គេសង្គេតឃើញមានក្រុម​អ្នកប្រកប​របរ​រត់​រ៉ឺម៉​កកង់បីជាច្រើនកំពុងរង់ចាំដឹកភ្ញៀវនៅចំណតឡានក្រុង ឡារីតា ក្នុងទីរួមខេត្តសៀមរាប បន្ថែម​ពី​នេះ​គេក៏សង្គេតឃើញមានស្រី្តប្រកបរបរនេះផងដែរ ដែលភាគច្រើនប្រជាពលរដ្ឋខ្មែរ​យល់ថា​ជាមុខ​របរមនុស្សប្រុស។

មានរាងខ្ពស់ស្រលះ សម្បុរសណ្តែកបាយ ពាក់អាវក្រឡាឆ្នូតពណ៌សលាយប្រផេះ​ ស្លៀកខោពណ៌​ខ្មៅ​រួមទាំងបង់កក្រម៉ាស្រ្តីប្រកប​របររត់រ៉ឺម៉កកង់បីខ្មែរអ្នកស្រី រឿង សោភី បានប្រាប់​ឱ្យដឹងថា កាល​ដើម​ឡើយគាត់ គឺជាអ្នកលក់អីវ៉ាន់ចាប់ហួយនៅផ្ទះ ចំណែក​ឯស្វាមីប្រកបរបររត់រ៉ឺម៉កកង់បី។ មុខ​របរ​​លក់​អីវ៉ាន់ចាប់ហួយហាក់មិនសមប្រកប ហើយត្រូវប្រឈមនឹងកត្តាជីវភាពមាន​ទាំងបំណុល​ធនាគារ​ផង​ដែរ​នោះ ទើបអ្នកស្រីសម្រេចចិត្តចេញរកស៊ីរត់រ៉ឺម៉កកង់បីឥណ្ឌាដោយមានភ្ជាប់ Apps មួយចំនួននៅអំឡុងឆ្នាំ២០១៩។

ស្រ្តីមានកូន ៣នាក់ក្នុងបន្ទុក វ័យ៣៧ឆ្នាំ មកពីខេត្តកំពង់ចាម សព្វថ្ងៃរស់នៅភូមិខ្នារ​ចាស់​ សង្កាត់​ជ្រាវ ក្រុង​សៀមរាប រូបនេះបានផ្លាស់ប្តូរពីរត់រ៉ឺម៉កកង់បីឥណ្ឌា​មករត់រ៉ឺម៉កកង់បីខ្មែរ​បាន​ប្រមាណ​ជាង​២ឆ្នាំចុងក្រោយនេះ ដោយអ្នកស្រីយល់ថាវាជាអត្តសញ្ញាណមួយរបស់ខ្មែរ​រួមជាមួយ​នឹងក្តី​ស្រលាញ់​។​

អ្នកស្រី រឿង សោភី និយាយថា៖ «កាលពីមុនខ្ញុំនៅផ្ទះមើលកូនហើយលក់ដូរ​ចាប់ហួយតែ​ខ្ញុំលក់​ដូរ​អត់​ដាច់ លក់ទៅចេះតែអស់​អីវ៉ាន់នៅក្នុងផ្ទះអ៊ីចឹងណា ដល់ពេលអ៊ីចឹងខ្ញុំចេះតែ​មួយឆ្នាំ​បកធនាគារ (ខ្ចី និងសងធនាគារវិញ)ទៅ ខ្ញុំក៏សម្រេចចិត្តថាលើកហ្នឹងខ្ចីគេបន្ថែមច្រើន​ជាង​រាល់ដង! ខ្ញុំខ្ចីទិញ Pass App (រ៉ឺម៉កឥណ្ឌា) រត់»។​

កំពុងតែអង្គុយនៅលើរ៉ឺម៉កមានតុបតែងលម្អដោយផ្កាឈូក ទង់ជាតិខ្មែរ និងទង់សាសនានៅផ្នែក​ខាងក្រោយអ្នកស្រីបានបន្ថែមថា គាត់សម្រេចចិត្តប្រកបរបររកស៊ីរត់រ៉ឺម៉ក​កង់បីទាំង​ដែលស្វាមី​យល់ថា របរមួយនេះមិនស័ក្តិសមសម្រាប់ស្រ្តីទន់ខ្សោយដូចអ្នកស្រី។

អ្នកស្រី សោភី បន្តថា៖ «សូម្បីតែប្តីខ្ញុំគាត់អត់ចង់ឱ្យខ្ញុំធ្វើផង ព្រោះគាត់គិតថាខ្ញុំខ្សោយអ៊ីចឹងណា ធ្វើមិនកើតទេ ចេញទៅហ្នឹងមិនបានប៉ុន្មានទេចូលផ្ទះវិញហើយ ខ្ចីលុយធនាគារផង ពិបាកលក់​សង​គេវិញមិនគ្រប់ វ័ណ្ឌកលើសដើម […] មិនមែនគាត់មិនចង់ផ្តល់កម្លាំងចិត្ត​ឱ្យយើងទេ​ដោយ​សារ​​គាត់ឃើញយើងស្រី ខ្លាចថាយើងធ្វើមិនកើត ប៉ុន្តែខ្ញុំមានៈថាធ្វើឱ្យបាន ព្រោះអីខ្ញុំ​នឹក​ឃើញ​ថាខ្ញុំជំពាក់លុយគេច្រើន»

ងាកមកកញ្ញា ឆូយ ស្រីចន្ទ វ័យ ២៣ឆ្នាំ ជាកូនទី៦ក្នុងចំណោមបងប្អូន៩នាក់ បច្ចុប្បន្នរស់នៅ​ភូមិ ភ្ញាជ័យ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានប្រាប់ឱ្យដឹងថា នាងចាប់ផ្តើមប្រកបរបររកស៊ី​រត់រ៉ឺម៉ក​កង់បីខ្មែរនៅពាក់កណ្តាលឆ្នាំ២០២៣ ដោយផ្តើមដំបូងតាមរយៈការចូលរួមជាមួយ​សមាគមអ្នកបើក​រ៉ឺម៉កទេសចរណ៍សៀមរាប

រៀនបានត្រឹមថ្នាក់ទី១២ ជាមួយលក្ខខណ្ឌសុខភាពមិនល្អតាំងពីកុមារ ការណ៍នេះបានធ្វើឱ្យកញ្ញា ស្រីចន្ទ ពិបាកស្វែងរកការងារធ្វើនៅតាមទីកន្លែងមួយចំនួន នេះបើយោងតាមនាងប្រាប់ ដូចនេះ​នាង​គ្មានជម្រើសអ្វីក្រៅពីជួយធ្វើការងាររកស៊ីបោកអ៊ុតជាមួយគ្រួសារនៅផ្ទះ បើទោះជាយ៉ាងនេះ​ក្តីក្មេងស្រីមានរូបរាងតូចល្អិតរូបនេះ មានក្តីស្រមៃចង់បង្កើតមុខជំនួញផ្ទាល់ខ្លួននាពេលអនាគត។

មានមាឌល្អិតស្ទើរតែទប់កម្លាំងរ៉ឺម៉កកង់បីខ្មែរមិនចង់ជាប់ ក្មេងរូបនេះហាក់មិនទន់ខ្សោយ​ទៅតាម​មាឌនាងនោះទេ ខំព្យាយាម​ទប់​រ៉ឺម៉ក​បណ្តើរនិយាយបណ្តើរថា នាងចង់ប្រលូកយកពិសោធន៍​នៅ​ក្នុង​សង្គម ហើយនៅពេលអនាគតចង់បើកក្រុមហ៊ុនទេសចរណ៍។

កញ្ញា ឆូយ ស្រីចន្ទ និយាយថា៖ «ចង់ដកខ្លួនចេញមកស្គាល់សង្គមខាងក្រៅ ហើយចង់ចាប់ផ្ដើម​ដើរតាមក្ដីស្រមៃខ្លួនឯង ដោយសារខ្ញុំគិតថាក្ដីស្រមៃខ្ញុំចាប់ផ្ដើមពីហ្នឹងទៅ ព្រោះអីចង់បើកថួរ (ក្រុមហ៊ុន​ទេសចរណ៍) ទៅថ្ងៃក្រោយ អ៊ីចឹងយើងអត់មានលុយទាំងដុំ ទាំងម៉ឺន ទាំងពាន់​យក​ទៅ​កាន់បើកថួរទេ»។  

ពាក់អាវយឺតដៃខ្លីពណ៌ខ្មៅ ស្លៀកខោសាច់ក្រណាត់ពណ៌ប្រផេះ ពាក់មួកសុវត្តិភាព ស្រីចន្ទ កំពុង​តែ​ដឹកភ្ញៀវទៅទស្សនាប្រាសាទបន្ទាយប្រី ដែលមានចំងាយប្រមាណជា ៨គីឡូម៉ែត្រ​ពី​ប្រាសាទ​អង្គរវត្ត។ កំពុងតែអង្គុយរង់ចាំភ្ញៀវ​ ស្រីចន្ទ បានប្រាប់ថា នាងបានខ្ចីលុយធនាគារជាង ៣ ០០០​ដុល្លារ​​អាមេរិកសម្រាប់ការចាប់ផ្តើមរបរនេះ ហើយនាងត្រូវបង់ប្រចាំខែទៅធនាគារវិញចំនួន១៦០​ដុល្លា​រជារៀងរាល់ខែ និងជួយសម្រួលជីវភាពគ្រួសារ។

ស្រីចន្ទ បន្ថែមថា៖ «ខ្ញុំត្រូវបង់ធនាគារ! យើងកូនអ្នកក្រអ៊ីចឹង​ គ្រួសារយើងចាប់ផ្ដើមដំបូងអត់​មាន​អី​ទាំងអស់​ ម៉ូតូក៏ត្រូវទិញខ្លួនឯង​ រ៉ឺម៉កក៏ត្រូវទិញខ្លួនឯង​ អ៊ីចឹងត្រូវការខ្ចីធនាគារ​យកមក​ទិញ​ប្រើ​ប្រាស់​ ហើយរកបង់គេវិញទៅ»

ក្រុម​ស្ត្រី​រត់រ៉ឺម៉កកង់បីចូល​រួម​ទិវា​ទេសចរ​ណ៍ពិភព​លោក​ឆ្នាំ​២០២៣។ រូបថតនៅថ្ងៃទី​២៧ ខែ​កញ្ញា​ ឆ្នាំ​២០២៣។ (រូបភាពផ្តល់​ឱ្យ)

ក្រុមស្រ្តីប្រកបរបររ៉ឺម៉កកង់បីប្រឈមនឹងការបៀតបៀន

ការសិក្សា​របស់​អង្គការ ActionAid នៅឆ្នាំ២០១៤ ទៅលើស្ត្រីកម្ពុជាចំនួន៣៨០នាក់ បានរកឃើញថា ស្ត្រី​ម្នាក់​ក្នុងចំណោម៥នាក់ ឬ២២ភាគរយត្រូវបានបៀតបៀនផ្លូវភេទ ឬបៀតបៀន​រាងកាយនៅ​កន្លែង​​​សាធារណៈជាមធ្យម៥ដង។​ ងាកមកការងាររកស៊ីរត់រ៉ឺម៉ក​កង់បីដែលមានដៃគូ​ប្រកួត​ប្រជែង​ជាបុរសច្រើនបានធ្វើ​ឱ្យក្រុមស្រ្តីរត់រ៉ឺម៉ករត់កង់បីមានបញ្ហាប្រឈមជាច្រើនរហូតដល់ពេលខ្លះ​ត្រូវ​ពើប​ប្រទះនឹងការប្រមាថ ការមើលងាយរហូតទៅដល់ការបៀតបៀនតាមទីសាធារណៈជាដើម។

រំលឹកដល់រឿងអតីកាលអ្នកស្រី រឿង សោភី រៀបរាប់ទាំងអួលដើមកយំបណ្តើរថា អំឡុងពេល​ចាប់​ផ្តើម​ការងារនេះ អ្នកស្រីត្រូវប្រឈមនឹងបញ្ហាជាច្រើនដូចជាការមិនផ្តល់តម្លៃ​ដល់ស្រ្តី ការមើលងាយ រើសអើង និងការបៀតបៀនជាដើម អ្វីដែលកាន់តែគួរ​ឱ្យភ័យខ្លាច គឺព្រួយបារម្ភពីសុវត្តិភាព។

អ្នកស្រី រឿង សោភី ប្រាប់ថា៖ «អ៊ួយ! ពេលខ្ញុំចេញមកដំបូងពិបាកណាស់! មិនមែនស្រួលទេ! ពេល​ដែលយើងរកស៊ីមនុស្សស្រីទៅនៅជិតមនុស្សប្រុស អ្នកជិះគាត់គិតថា យើងដៃចង្កូត​ខ្សោយ​អ៊ីចឹងណា មិនរឹងមាំដូចមនុស្សប្រុស។ បារម្ភភ្ញៀវបៀតបៀន ខ្លាចគេវ៉ៃ មានគេវាយប្រហារ​ពាក្យ​សំដី អ្នកខ្លះមិនត្រឹមតែវាយប្រហារពាក្យសំដីទេ មានទាំងលួកលាន់ប៉ះពាល់ខ្លះអ៊ីចឹងណា»

ផ្តើមដោយប្រយោគអួលដើមកសារជាថ្មីក្នុងនាមជាម្តាយមានក្តីប្រាថ្នាចង់ឱ្យកូនៗ រៀនបានខ្ពង់ខ្ពស់ និងជាចំណែកជួយឱ្យគ្រួសារមានគ្នា៥នាក់ទទួលបានជីវភាពល្អប្រសើរ​ បើទោះបីជាត្រូវជួបបញ្ហា​នានា​ក៏ត្រូវបង្ខំចិត្តធ្វើមិនដឹងមិនឮពីការវាយប្រហារពាក្យសំដី។

សោភី បន្តថា៖ «ខ្ញុំបាក់ទឹកចិត្តដែរហ្នឹង! ខ្មាស់គេផងប៉ុន្តែដោយសារចំណូលគ្រួសារយើង…ហ៊ឹម! មានតែកូន និងប្តីយើងទេ។ ទីមួយយើងចង់ជួយគាត់ ទីពីរចង់ឱ្យកូនរៀន កុំឱ្យគាត់ដូចយើង​អ៊ីចឹង​ណា។ កម្លាំងចិត្តកូនយើងរៀនសាលាល្អ បានរៀនចប់យើងមានកម្លាំងចិត្តហើយ អ៊ីចឹងចង់​អ្នកណា​និយាយអីនិយាយទៅអត់ខ្វល់ ដឹងតែរក»

អ្នកស្រីបន្ថែមថា៖ «ឈ្នះដោយសារយើងធ្វើអត់ដឹងអត់ឮច្រើន យើងប្រឹងតែធ្វើអ្វីដែលជាការងារ​របស់​យើង ពេលគាត់និយាយយូរៗទៅ គាត់ឈប់និយាយហើយ អ៊ីចឹងមានតែទ្រាំធ្វើអត់ដឹងអត់ឮ​អ៊ីចឹងណា»

មិនខុសពីអ្នកស្រី រឿង សោភី កញ្ញា ឆូយ ស្រីចន្ទ រៀបរាប់ប្រាប់ទាំងទឹកមុខស្ងួតពេលរំលឹកទៅ​ដល់​រឿងអតីកាលដែលធ្លាប់ពើបប្រទះ​បទពិសោធន៍ត្រូវអ្នកដំណើរនៅតាមទីសាធារណៈលេបខាយ​ពាក្យសំដី និងបានសើចចំអកលើអាជីពរបស់នាង។

កញ្ញា ស្រីចន្ទ  ប្រាប់ពីបទពិសោធន៍ថា៖ «ពេលខ្ញុំចាប់ផ្ដើមរត់ដំបូងហ្នឹង! ខ្ញុំឈប់នៅនឹងភ្លើងស្ដុប មានស្រីប្រុសពីរនាក់ ប្ដីប្រពន្ធឈប់ភ្លើងស្ដុបជាមួយខ្ញុំដែរ! គេ(បុរស)ប្រាប់ប្រពន្ធគេថា អូនឯង​មើល​ណែ! បើអូនឯងមិនបានបងទេ អូនឯងនឹងទៅរត់កង់បីដូចគេអ៊ីចឹងណា»

ស្រីចន្ទ បន្ថែមថា៖ «ថ្ងៃបន្ទាប់ ជិះដល់មួយកន្លែងទៀត តាឌុបចៅទៅរៀន! គេឃើញយើងរត់កង់បី គេថាចៅឯងបើមិនខំរៀនទេ ថ្ងៃក្រោយរត់កង់បីដូចគេអ៊ីចឹង…គេមើលងាយណាស់»​

ការមិនផ្តល់តម្លៃពីមហាជនជារឿងធម្មតា តែការលើកទឹកចិត្តពីក្រុមគ្រួសារ បងប្អូន មិត្តភក្តិ គឺជា​កត្តាលីករជួយជំរុញឱ្យកូនចៅទទួលបានជោគជ័យនៅក្នុងអាជីព បើទោះបីជាមានបងប្អូន​មួយ​ចំនួន និងលោកឪពុកមិនសូវជាពេញចិត្តយ៉ាងណាក្តីក៏ ស្រីចន្ទ ទទួលបានការគាំទ្រពីអ្នកម្តាយ។

ស្រីចន្ទ បន្តទៀតថា៖ «កាលហ្នុងគ្រួសារ​ចំពោះម៉ាក់ខ្ញុំអត់បញ្ហាទេ​ តែចំពោះប៉ាខ្ញុំ​ គាត់ថា​ ខំឱ្យរៀនអស់លុយមួយគរគោកទៅធ្វើការអ៊ីចឹងឯង […] គេថាខ្ញុំ​ យ៉ាងច្រើនទៅម៉ាខ្យល់​ដូចខ្លែងអ៊ីចឹង​ គេថា​តាអស់ខ្យល់ធ្លាក់មកវិញឯងៗ ហើយ​»។

បើទោះបីជាទើបតែចាប់ផ្តើមអាជីពនេះយ៉ាងណាក្តីក៏ ស្រីចន្ទ ចាត់ទុកពាក្យសំដីមើលងាយ​ទាំង​នោះ​​ជាកត្តាជំរុញលើកទឹកចិត្តក្នុងការបន្តដំណើរ និងការអភិវឌ្ឍសមត្ថភាពរបស់​នាង​ដើម្បីសម្រេច​គោលដៅ​នាពេលអនាគត។

ស្រីចន្ទ បានសន្យានឹងខ្លួនឯងថា៖ «ពាក្យសម្ដីអស់ហ្នឹង​ជាកត្តាលើកទឹកចិត្តធំ​បំផុត​ គេមើលងាយ​យើង​ថ្ងៃហ្នឹង​ ឱ្យមើលងាយឱ្យហើយទៅ​ ថ្ងៃក្រោយអត់មានពេលមើលងាយខ្ញុំទៀតទេ​ ខ្ញុំអត់បាន​នៅមួយកន្លែង​ឱ្យមើលងាយ​ទៀតទេ​ ខ្ញុំត្រូវដើរទៅឱ្យឆ្ងាយជាងហ្នឹង […] ខ្ញុំអត់ធ្វើ​តាមសម្ដីគេ​អ៊ីចឹង​ទេ​ ព្រោះអីខ្ញុំមានគោលដៅច្បាស់លាស់​ក្នុងការធ្វើការងារហ្នឹងដល់ពេលអ៊ីចឹង ខ្ញុំត្រូវដើរ​ឱ្យដល់គោលដៅរបស់ខ្ញុំ»

កំពុងតែឈររងចាំភ្ញៀវនៅម្តុំប្រសាទអង្គរវត្តអ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉ក​ទេសចរណ៍​សៀមរាប និងជាប្រធានក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បីទទួលស្គាល់​ពីបញ្ហា​ប្រឈម​នានា​របស់​ក្រុមអ្នករកស៊ីរត់រ៉ឺម៉កកង់បី ពិសេសគឺបញ្ហាប្រឈមរបស់ស្រ្តី។

អ្នកស្រី គីម សុខលាង និយាយថា៖ « រាល់ថ្ងៃខ្ញុំចង់ឃើញបងៗ ប្រុសស្រីទទួលបានកម្រៃស្មើគ្នា (Balance) មិនមែនដូចសព្វថៃ្ងអីចឹង​ទេ​កំសត់ណាស់ បងៗ ខ្លះដឹកមួយថ្ងៃមិនបានកាហ្វេ Brown មួយកែវផង»

ស្រ្តីតំណាងសមាគមមានបទពិសោធន៍ជាង១១ឆ្នាំរូបនេះ មើលឃើញបញ្ហាប្រឈមជាច្រើន​ដែល​អ្នកប្រកបរបររត់រ៉ឺម៉កកង់បីកំពុងតែ​ជួបប្រទះទើបអ្នកស្រីសម្រេចបង្កើតសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប និងបានចុះបញ្ជីនៅក្រសួងមហាផ្ទៃនៅឆ្នាំ២០២២ លើស​ពីនេះអ្នកស្រីអំពាវនាវ​ឱ្យ​មានការគាំទ្រពីអជ្ញាធរមូលដ្ឋាន ពិសេសពីលោកនាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន ម៉ាណែត

អ្នកស្រី សុខលាង បន្តថា៖ «ការរើសអើង ពីប្រជាជនខ្លួនឯង! ការរើសអើងពីប្រជាជនខ្លួនឯង! ត្រូវដឹងថា បើរដ្ឋាភិបាលចាប់ផ្ដើម Support (គាំទ្រ) ទៅលើអីមួយ អាហ្នឹងផ្ទុះហើយ។ ចាស! អញ្ចឹងរដ្ឋាភិបាល Support (គាំទ្រ) ខាងហ្នឹង មកជួបខាងតុកតុក មកសួរនាំអំពីរឿងហ្នឹង ប្រជាជនចាំតែតាមទេណា»

ពាក់អាវយឺតពណ៌ខ្មៅ ស្លៀកខោខៅប៊យពណ៌ទឹកប៊ិចសមទៅនឹងវ័យ៣៨ឆ្នាំ អ្នកស្រី គីម សុខលាង បានចាប់ផ្តើមអាជីពនៅឆ្នាំ២០១៣ បន្ទាប់ពីចំណងអាពារហ៍ពិពារហ៍ត្រូវបានបញ្ចប់។ មានបទ​ពិសោធន៍​​ចាស់វស្សាស្រ្តីមានស្រុកកំណើតមកពីខេត្តកំពង់ចាមរូបនេះ ហាក់រឹងមាំដូចដែកថែប​បើ​ធៀប​ទៅនឹងអ្នកស្រី រឿង សោភី និងកញ្ញា ឆូយ ស្រីចន្ទ រួមទាំងស្រ្តីប្រកបរបររកស៊ីរត់រ៉ឺម៉ក​កង់បី​ផ្សេងៗទៀត។

អ្នកស្រី គីម សុខលាង ប្រធានសមាគមអ្នកបើករ៉ឺម៉កទេសចរណ៍សៀមរាប និង​ប្រធានក្រុមស្រ្តីអ្នករត់រ៉ឺម៉កកង់បី ​អ្នក​ស្រី​ រឿន​ សោភី​។ (រូបថតផ្តល់​ឱ្យ​)

ពាក់ព័ន្ធជាមួយបញ្ហាប្រឈមនានាដូចដែលក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កង់បីខ្មែរបានលើកឡើងលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់ជាដំណោះស្រាយ​ដោយ​ផ្តល់​ខ្សែទូរសព្ទទាន់ហេតុការណ៍ Hotline របស់ក្រសួងការងារ និងផ្តល់ជាអនុសាសន៍​ឱ្យប្រើ​ប្រាស់​យន្តការ​ផ្លូវច្បាប់ប្រសិនបើមានករណីធ្ងន់ធ្ងរ។

លោក កត្តា អ៊ន ថ្លែងថា៖ «ករណីបងប្អូនមានបញ្ហាអាចទំនាក់ទំនងមកក្រសួងការងារតាម​រយៈ​លេខ ១២៩៧ ឬ១២៨៦។ ករណីទាក់ទង​បទព្រហ្មទណ្ឌត្រូវប្តឹងទៅអាជ្ញាធរនៅក្បែរកន្លែង​កើត​ហេតុ»

នៅថ្ងៃទី៨ ខែឧសភានេះ អ្នកសារព័ត៌មានបានផ្ញើសារតាមរយៈប្រព័ន្ធតេឡេក្រាមដើម្បី​សុំការយល់​ឃើញពីលោកស្រី ស ស៊ីណែត អ្នកនាំពាក្យក្រសួងកិច្ចការនារី  តែមិនទទួលបានការឆ្លើយ​តបពី​លោកស្រី។ នៅថ្ងៃទី៩ ខែឧសភា អ្នកសារព័ត៌មានបានព្យាយាមទាក់​ទង​លោកស្រីតាម​រយៈប្រព័ន្ធ​ទូរសព្ទជាច្រើនលើកច្រើនសារតែលេខទូរសព្ទមិនអាចហៅចូលបាន រហូតដល់ថ្ងៃទី១៥ ខែឧសភា អ្នកសារព័ត៌មានព្យាយាម​ទាក់ទង​អ្នកស្រីម្តងទៀត តែអ្នកស្រីប្រាប់មិនអាចឆ្លើយ​តបបានដោយសារ​ជាប់​រវល់បង្រៀន។

ចំណូលមិនទៀងទាត់

អ្នកប្រកបរបររត់រ៉ឺម៉កង់បីត្រូវភ្ញាក់ពីម៉ោង៣ព្រឹកឡើងទៅ ដើម្បីរង់ចាំចាប់ភ្ញៀវនៅ​តាមចំណតឡាន​ក្រុងនានា ប្រសិនបើពួកគាត់ទទួល​ភ្ញៀវជួលដឹកដើរលេងកម្សាន្ត នោះពួកគាត់អាចរកប្រាក់​ចំណូល​ពី២០ទៅ៤០ដុល្លារអាមេរិក​ក្នុងមួយថ្ងៃ។ តំបន់ទេសចរណ៍ខេត្តសៀមរាបមានចំនួន​អ្នកប្រកបរបរ​រកស៊ី​រត់រ៉ឺម៉កកង់បីសរុបប្រមាណជាង ១ ៥០០ ទៅ ២ ០០០នាក់ក្នុងនោះមានស្រ្តីចំនួន​២០នាក់។

​អ្នកស្រី រឿង សោភី ត្រូវក្រោកពីម៉ោង៣ទៀបភ្លឺជារៀងរាល់ថ្ងៃ ដើម្បីរង់ចាំចាប់ភ្ញៀវនៅចំណត​ឡានក្រុង ឡារីតា ប្រសិនបើថ្ងៃណាចំវេនត្រូវដឹកភ្ញៀវទេសចរពេលរាត្រីបន្ថែម នោះអ្នកស្រីត្រូវ​ត្រលប់​ទៅ​ដល់​ផ្ទះវិញ​ម៉ោងប្រហែល១០យប់។

អ្នកស្រី រឿង សោភី និយាយថា៖ «ភាគច្រើនខ្ញុំចេញពីផ្ទះម៉ោង៣ តែថេរម៉ោង៤ភ្លឺ! ខ្ញុំចប់ការងារ​ជួនកាលដឹក Tour នារី (ក្រុមទេសចរណ៍នារី) មានវិលជុំឈ្មោះខ្ញុំអ៊ីចឹង ខ្ញុំទៅដឹក Tour នារី​សមាគមន៍​មានត្រឹមម៉ោង៩ ម៉ោង១០អី ទំរាំជិះដល់ផ្ទះម៉ោង១០»

សោភី ប្រាប់ថា ប្រាក់ចំណូលពីមុខរបរនេះមិនទៀងទាត់ ប្រសិនបើថ្ងៃណាសំណាងចាប់ចំភ្ញៀវ​ទេសចរបរទេសជួលរ៉ឺម៉កពេញមួយថ្ងៃ នោះគាត់អាចរកបានចំណូលបានពី២០ទៅដល់៣០ដុល្លារ​អាមេរិក តែប្រសិនបើថ្ងៃណាស៊យវិញរកតែ៥ម៉ឺនរៀលស្ទើតែមិនបាន។​

អ្នកស្រី សោភី បន្ថែមថា៖ «ក្នុងមួយថ្ងៃបើខ្ញុំក្រោកតាំងពីម៉ោង៣អ៊ីចឹង ខ្ញុំអាចរកបាន២០​ទៅ​៣០​រៀល(២០ទៅដល់៣០ដុល្លារអាមេរិក) តែវាដោយថ្ងៃដែរ! ថ្ងៃណាដែលយើងហៅភ្ញៀវដើរ​លេង​អង្គរវត្តអាហ្នឹងបាន! បើថ្ងៃណាអត់បានវិញ យើងរកតែ៥ម៉ឺនរៀលអត់បាន​ផង​ហ្នឹង»

បើទោះបីជាទើបចាប់ផ្តើមអាជីពរត់រ៉ឺម៉កកង់បីខ្មែរយ៉ាងណាក្តីកញ្ញា ឆូយ ស្រីចន្ទ យល់ស្របថា​ប្រាក់ចំណូល​ពីមុខរបរនេះមិនទៀងទាត់៖ «ចន្លោះពី២៥ទៅ៤០ (២៥ទៅ៤០ដុល្លារអាមេរិក) ប៉ុន្តែយើងអត់បានទៀងរាល់ថ្ងៃទេ ជួនបានជួនអត់»។

ផ្នត់គំនិតយេនឌ័រ និងការយល់ឃើញពីបុរស

​គោល​កា​រណ៍​ជា​មូល​ដ្ឋាន​នៃធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​ដែល​បាន​អ​នុម័ត​ដោយ​មេដឹ​ក​នាំពិ​ភព​លោក​នៅ​ក្នុង​ឆ្នាំ១៩៤៥ ​គឺ «សិទ្ធិ​ស្មើ​គ្នារ​វាងបុ​រស ​និង​ស្ត្រី» ហើ​យ​កិច្ច​ការ​ពារ ​និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ទាំង​អស់។ បើទោះយ៉ាងនេះក្តីក្រុម​ស្ត្រី​មួយ​ចំនួ​ននៅតែ​​ប្រឈម​​​នឹង​ទម្រង់​នៃ​ការ​រើស​អើង​នានា​ដែ​ល​កាន់​តែ​មាន​លក្ខ​ណៈ​ធ្ងន់ធ្ងរ​ឡើងៗ ​ដោយ​សារ​តែ​កត្តា​អាយុ​ សញ្ជាតិ​ ពិ​ការ​ភាព ឬស្ថាន​ភាព​សេដ្ឋ​កិច្ច​សង្គម​ដែល​បន្ថែម​លើ​ការ​រើស​អើង​យេនឌ័រ។ ​

ចំណែកនៅកម្ពុ​ជាវិ​សម​ភាព​យេនឌ័រ​នៅ​តែ​បន្ត​កើត​មាន​ស្ទើរ​តែគ្រប់ទិដ្ឋ​ភាព​ទាំង​អស់​នៃ​ជី​វិត​មាន​​ជាអាទិ៍ ​សេដ្ឋ​កិច្ច ​ការ​អប់រំ ​ន​យោ​បាយ ​សុខ​ភាព ​អាពាហ៍​ពិពាហ៍ ​និង​សន្តិ​សុខ ក្នុងនោះរួមមាន កញ្ញា ឆូយ ស្រីចន្ទ រួមទាំងស្រ្តីផ្សេងទៀតផងដែរដែលមិនអាចទទួលបានវិ​សម​ភាព​យេនឌ័រ។

កញ្ញា ឆូយ ស្រីចន្ទ និយាយថា៖ «តាមពិតពាក្យយេនឌ័រនៅក្នុងស្រុកខ្មែរយើងហ្នឹង គ្រាន់តែ​និយាយ​​ឱ្យរួចពីមាត់ ពីម្នាក់ទៅម្នាក់ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិ តាមពិតនៅក្នុង​ស្រុកខ្មែរ​យើង ពាក្យថាយេនឌ័រអត់ទាន់មានទេ។ មានតែពាក្យថាយេនឌ័រ ប៉ុន្តែសកម្មភាព​រាល់ថ្ងៃ​អត់ទាន់​មានទេ»។

ជាអ្នកប្រកបរបររកស៊ីរត់រ៉ឺម៉កង់បីខ្មែរ​នៅម្តុំចំណតឡានក្រុង វិរៈប៊ុនថាំ សៀមរាប លោក យឹម សាវុធ បានបង្ហាញការយល់ឃើញថា ការងារប្រកបរបររត់រ៉ឺម៉កង់បីនេះមិនមែនសម្រាប់តែ​បុរស​នោះ​ទេ លោក​ថាស្រ្តីៗដែលស្រលាញ់មុខរបរនេះអាចចូលរួមជាចំណែកដើម្បីជួយគ្រួសារ ជាពិសេស​ធ្វើ​យ៉ាង​ណាឱ្យមុខរបរមួយនេះមានតម្លាភាពរវាងបុរស​ និងស្រ្តី។

លោក យឹម សាវុធ និយាយថា៖ «បើចិត្តខ្ញុំ! ខ្ញុំយល់ថា អាហ្នឹងវាតម្លាភាពពីព្រោះហេតុអីយើង​ត្រូវ​រកស៊ីទាំងអស់គ្នា បើគាត់គិតតែនៅផ្ទះក៏វាអត់កើតដែរ ពីព្រោះគាត់មានសមត្ថភាព គាត់អាច​រក​បាន ហើយគាត់ចេះភាសាដូចគ្នា​ ហើយណាមួយអ្នកជិះគាត់មិនទៅរើសអើងប្រុសឬក៏ស្រីដែរ»។

ច្បាប់ស្តីពីការងារដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩៩៧ ជំពូកទី១ ផ្នែកទី២ មាត្រា១២ ចែងថាមិនរើសអើងទៅពូជសាសន៍ ពណ៌សម្បុរ ភេទ ជំនឿ សាសនា គំនិតនយោបាយ ជាតិកំណើត ដើមកំណើតសង្គម ការចូលជាសមាជិកសហជីពកម្មករនិយោជិត ឬការធ្វើ​សកម្មភាព​ក្នុងសហជីព។

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ប្រទេស​កម្ពុជា​​មិនមានការរើសអើងទៅលើវិស័យការងារនោះទេ លោកមានប្រសាសន៍ថា៖ «កម្ពុជា​មិន​មានការរើសអើងវិស័យការងារទេ។ ការរត់រ៉ឺម៉កង់បីទាំងបុរស ទាំងនារី និងជនមានពិការភាព​ក៏អាចប្រកបមុខរបរនេះបានដូចគ្នា»

លោកបន្ថែមថា៖ «មុខរបរនេះត្រូវបានចាត់ទុកជាមុខរបរនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រាជរដ្ឋាភិបាល​បានចេញគោលនយោបាយលើកកម្ពស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងគោលដៅលើកកម្ពស់ជីវភាពរបស់គេ។ ប.ស.ស បានផ្តល់ភាពជាសមាជិក ប.ស.ស សម្រាប់ផ្នែកថែទាំសុខភាព»។

ក្រុមស្រ្តីប្រកបរបររ៉ឺម៉កកង់បីទទូចសុំជួបលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

តំណាងស្រ្តីរត់រ៉ឺម៉កកង់បីជាង២០នាក់ អ្នកស្រី គីម សុខលាង ធ្លាប់បានទទូចស្នើសុំជួប​លោកអតីត​នាយកមន្រ្តី ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបច្ចុប្បន្នលោក ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គម​ក៏​ដូចជាតាមរយៈបណ្តាសារព័ត៌មានមួយចំនួនតែហាក់មិនទទួលបានលទ្ធផល បើទោះយ៉ាងនេះ​ក្តី​ស្រ្តី​សំដីមុតៗ រូបនេះនៅតែប្តេជ្ញាចិត្តទទូចសុំជួបម្តងហើយម្តងទៀត។

អ្នកស្រី គីម សុខលាង និយាយថា៖ «ទទូចតាំងពីឪរហូតដល់កូន! មានចៅ ទទូចទាំងចៅ​ទៀតឱ្យ​តែ​ជាប់ពាក់ព័ន្ធ! ឱ្យតែក្រុមគ្រួសារត្រកូលហ៊ុន! ឱ្យតែអ្នកធ្វើការទាក់ទងនឹងរដ្ឋយើងហ្នឹង ឱ្យតែ​ស៊ីប្រាក់ខែរដ្ឋ តើអ្នកធ្វើអ្វីខ្លះចំពោះប្រជាជនខ្លួនឯង […] យើងជាជនជាតិខ្មែរតែមួយ ចុះ​ហេតុអ្វី​បានជាយើងមិនចុះមកជួបគ្នា និយាយគ្នាថាមានអ្វីឱ្យខ្ញុំជួយ»

ក្រុម​ស្ត្រី​រត់រ៉ឺម៉កកង់បីដឹក​ភ្ញៀវ​ទេសចរ​ទស្សនា​តំបន់​ប្រាសាទ​អង្គរធំ​។ រូបថតនៅថ្ងៃទី​២០ ខែ​កក្កដា​​ ឆ្នាំ​២០២៣។ (រូបភាពផ្តល់​ឱ្យ)

នៅខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាល​ខេត្ត​សៀមរាប​បន្ទាប់ពីអភិបាល​ខេត្តចាស់ឯកឧត្តម ទៀ សីហា​ បានតែងតាំងជាឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ។ បើទោះបីជាមានអភិបាលខេត្ត​ក្នុងការដោះស្រាយបញ្ហាយ៉ាងណាក្តី តែតំណាងស្រ្តី​រូប​នេះហាក់គ្មានជំនឿចិត្តជាជាងទទូចសុំជួបផ្ទាល់ជាមួយនឹងលោកនាយករដ្ឋមន្រ្តីទៅវិញ។

អ្នកស្រី សុខលាង បន្តថា៖ «ឪពុកម្តាយហ្នឹងនៅខេត្តសៀមរាបហ្នឹងស្គាល់ ​គីម ច្បាស់ណាស់ ម៉េច​ក៏​គេចចេញពី គីម បាត់សូន្យ? អ៊ីចឹងទាល់តែហៅអ្នកធំមួយទៀត ព្រោះឪពុកម្តាយ​ហ្នឹង​អត់មើល​ផង​ហ្នឹង […] ទាល់តែហៅលោក ហ៊ុន ម៉ាណែត ចាស! បើហៅម៉ែឪ ម៉ែឪអត់មានអំណាចផង មានតែហៅអ្នកដឹកនាំម៉ែឪ មិនមែនពួកគាត់អត់ស្គាល់ខ្ញុំទេ»។

ពាក់ព័ន្ធនឹងការទទូចសុំជួបជាមួយលោកនាយករដ្ឋមន្រ្តីពីក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កង់បីខ្មែរនៅខេត្តសៀមរាប លោក វ៉ន ពៅប្រធាន​សមា​គម​ប្រជា​ធិប​តេយ្យ​ឯក​រាជ្យ សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ហៅកាត់ IDEA មើលឃើញពីបញ្ហាថា ដោយសារតែអាជ្ញធរថ្នាក់ក្រោមជាតិមិនបានអនុវត្តទៅ​តាម​យុទ្ធសាស្រ្ត​​ជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨ ដែលចេញ​ដោយ​រដ្ឋាភិបាល ហេតុនេះបានធ្វើឱ្យប្រជាពលរដ្ឋតែងតែទាមទារចង់ជួបជាមួយថ្នាក់ដឹកនាំផ្ទាល់។

លោក វ៉ន ពៅ លើកឡើងថា៖ «តាមពិតគាត់ចង់ជួបជាមួយនាយករដ្ឋមន្រ្តី ដើម្បីរកដំណោះ​ស្រាយ​​វាជារឿងល្អដែលគាត់មានឆន្ទៈ យើងឃើញថាឆន្ទៈនយោបាយនាយករដ្ឋមន្រ្តីបើចេញបទ​បញ្ជា អាហ្នឹងអាជ្ញាធរថ្នាក់ក្រោមធ្វើ ប៉ុន្តែកន្លងមកបទបញ្ជាឬក៏សារាចររបស់រដ្ឋាភិបាល​វាបាន​មួយឆាវៗ»។

លោកបន្ថែមថា៖ «រដ្ឋាភិបាលចេញគោលនយោបាយតែថ្នាក់ក្រោមហ្នឹងអត់ធ្វើ អាហ្នឹងបញ្ហារឿង​ដដែល នៅតែដដែរ អ្នកដែលរងទុក្ខគឺនៅតែរងទុក្ខ ជាពិសេសស្រ្តីប្រកបរបរក្រៅប្រព័ន្ធ មាន​អ្នក​លក់ដូរនៅតាមដងផ្លូវ អ្នករ៉ឺម៉កកង់អីហ្នឹង»។

ដោយឡែកពាក់ព័ន្ធជាមួយនឹងការទទូចស្នើសុំជួបជាមួយលោកនាយករដ្ឋមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា មានប្រសាសន៍ ថា ដោយសារតែនាយករដ្ឋមន្រ្តីតែងតែ​មានជំនួប​ជាមួយ​នឹងប្រជាពលរដ្ឋ ដូច្នេះលោកលើកទឹកចិត្ត​ឱ្យក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីចុះឈ្មោះ​នៅ​ពេល​លោកនាយករដ្ឋមន្រ្តីមានជំនួបជាមួយប្រជាពលរដ្ឋ។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «អ្នកណាក៏ចង់ជួបជាមួយនឹងនាយករដ្ឋមន្រ្តីដែរ ក៏ប៉ុន្តែ​ធ្វើ​ម៉េច​នាយករដ្ឋមន្រ្តីលោកមានតែម្នាក់ គាត់ម៉េចនឹងអាចមកជួបបងប្អូនយើងបានគ្រប់ៗគ្នា ដោយ​ឡែកៗ បាន ប៉ុន្តែកន្លងទៅមានជួប សម្តេចនាយករដ្ឋមន្រ្តី លោកជួបជាក្រុមធំ ជួបកម្មករ កម្មការិនី ក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធអី អ៊ីចឹងទាល់តែគាត់ស្វាត់ស្វែងរកពេលមានជំនួបធំៗ ហ្នឹង គាត់ទៅចុះឈ្មោះចុះអីចូលរួមហ្នឹងគេទៅ បានបានជួបអ៊ីចឹងណាបាទ»

ដំណោះស្រាយ និងសំណូមពរ

លោក វ៉ន ពៅ​ បន្ថែមការយល់ឃើញថា តាមឆន្ទៈនយោបាយគួរតែបណ្តុះផ្នត់គំនិតឱ្យ​អជ្ញាធរ​ថ្នាក់​ក្រោម​ជាតិអាចធ្វើការងារចុះសម្រុងជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងរកដំណោះស្រាយ ជាពិសេស​បញ្ហានានារបស់ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉ក​កង់បី។

លោក វ៉ន ពៅ​ លើកឡើងថា៖ «រឿងរ៉ាងកន្លងមក ដែលដោះស្រាយវាអត់មានប្រសិទ្ធភាព​ហ្នឹង​ណា អ៊ីចឹងបើសិនគាត់យល់ថាជួបនាយករដ្ឋមន្រ្តីអាចដោះស្រាយបាន អាហ្នឹងខ្ញុំគិតថាជារឿងល្អ វាមិនមែនជារឿងអាក្រក់អីទេ»។

លោកបន្ថែមថា៖ «ជាឆន្ទៈនយោបាយ យើងគិតថា តើយើងគួរតែបណ្តុះផ្នត់គំនិតទាំងពលរដ្ឋយើង ទាំងអជ្ញាធរថ្នាក់ជាតិថ្នាក់ក្រោមជាតិត្រូវខិតជិតគ្នា ដើម្បីធានានូវសុខភាព​សុខមាភាព​នូវការ​ប្រកប​មុខរបរអាជីវកម្មពលរដ្ឋ អាហ្នឹងជាចំណុចល្អ ចំណុចត្រឹមត្រូវ»។

ពាក់ព័ន្ធជាមួយនឹងកិច្ចគាំពាររួមជាមួយនឹងដំណោះស្រាយលោក ប៉ែន បូណា អ្នកនាំពាក្យ​រដ្ឋាភិបាលកម្ពុជា ​មានប្រសាសន៍ថា ក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីទទួលបាន​ការគាំពារ​សេវា​ថែទាំ​​សុខភាព​តាមរយៈសមាជិក ប.ស.ស. និងទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ​ដោយឥត​បង់ប្រាក់រួមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រសិនបើពួកគាត់ចាប់អារម្មណ៍ចូលរួមវគ្គបណ្តុះ​បណ្តាល។

លោក ប៉ែន បូណា មានប្រសាសន៍ថា៖ «ហើយអ្វីដែលពួកគាត់អាចទទួលបាន ទីមួយដូចថាគាត់​អាចទៅទទួលសេវាថែទាំសុខភាពដោយគ្រាន់តែគាត់បង់ប្រាក់ភាគទានដោយស្ម័គ្រចិត្តជាង ១៥ ០០០​រៀល អ៊ីចឹងទៅក្នុងមួយខែបាទ ហើយគាត់នឹងទទួលបានសេវាថែទាំ​សុខភាព​ពេលណា​ដែល​គាត់មានជំងឺ​»។

លោកបន្ថែមថា៖ «បើមិនអ៊ីចឹងទេ បើសិនជាគាត់ចង់ទៅរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈអីផ្សេងៗ ទៅចុះឈ្មោះដើម្បីទទួលការបណ្តុះបណ្តាល ហើយអត់យកលុយទេ ហើយថែមទាំងមានការ​ឧបត្ថម្ភ​ក្នុងពេលកំពុងរៀនហ្នឹងទៀត អ៊ីចឹងឱ្យគាត់ស្វាត់ស្វែងរកទៅ»

បើទោះបីជាក្រុមស្រ្តីប្រកបរបររត់រ៉ឺម៉កកង់បីខ្មែរនៅតំបន់ទេសចរណ៍សៀមរាបអង្គរប្រឈមនឹង​បញ្ហាច្រើន​យ៉ាងណាក្តី ក៏ពួកគាត់នៅតែប្តេជ្ញាចិត្តតស៊ូនឹងអាជីពដែល​ត្រូវប្រកួតប្រជែងជាមួយ​នឹង​មនុស្ស​ប្រុស​រួមទាំងនៅតែផ្ញើសង្ឃឹមទៅលើរដ្ឋាភិបាលអាណត្តិថ្មីនេះ។

អ្នកស្រី រឿង សោភី ស្នើសុំថា៖ «ហ្នឹងហើយខ្ញុំសំណូមពរឱ្យខាងក្រសួងរដ្ឋាភិបាលអីឱ្យគាត់​ជួយ​លើកកម្ពស់ស្រ្តីផង ដូចថាពួកខ្ញុំរកស៊ីមុខរបរដូចប្រុស អ៊ីចឹងជួយឱ្យពួកខ្ញុំហ្នឹងមានអាទិភាព​ខ្ពស់​ជាង​ហ្នឹងតិចផង ហើយជួយលើកទឹកចិត្តអ៊ីចឹងណា»

ចំណែលឯកញ្ញា ឆូយ ស្រីចន្ទ«ចង់អំពាវនាវឱ្យថ្នាក់ដឹកនាំយើងដែលជាក្បាលម៉ាស៊ីនដឹកនាំ ដូចជាម៉ែដូចជាឪយើងអ៊ីចឹងណា ជួយត្រួតពិនិត្យមើលឡើងវិញថា មានកន្លែងណាត្រូវកែតម្រូវ យើងគួរតែជួបពិភាក្សាគ្នា ដំណោះស្រាយ»

អ្នកស្រី គីម សុខលាង នៅតែចិញ្ជឹមចិត្តចង់ជួបនាយករដ្ឋមន្រ្តីលោក ហ៊ុន ម៉ាណែត«ចំពោះខ្ញុំ​នៅ​តែដដែល! សូម…បើឥឡូវថាលោក ហ៊ុន ម៉ាណែត ជាថ្នាក់ដឹកនាំតំណាងឱ្យប្រទេសកម្ពុជា សូម​មេត្តា​​ផ្តល់កិត្តយសដល់ស្រ្តីបើកបររត់រ៉ឺម៉កសណ្តោងខ្មែរដែលត្រូវការពួកគាត់ជួយគាំទ្រ»៕

558 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម