សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍សហរដ្ឋអាមេរិករិះគន់​ករណី​ជួញដូរមនុស្ស​នៅកម្ពុជា និង​វិធានការ​​ឆ្លើយតបចំពោះ​អំពើ​​ឆ​បោកតាម​អនឡាញ​​

ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ
ប៉ូលិសខេត្តព្រះសីហនុបានឆ្មក់ចូលបង្ក្រាបក្នុងអគារមួយកន្លែងដែលមានការឆបោកតាមអនឡាញខុសច្បាប់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។ ហ្វេសប៊ុកប៉ូលិសខេត្តព្រះសីហនុ

សហរដ្ឋ​អាមេរិកបន្ត​​ដាក់​ប្រទេសកម្ពុជាស្ថិត​​ក្នុង​ចំណាត់ថ្នាក់ទាបបំផុត​បី​ឆ្នាំជាប់គ្នាចំពោះ​វិធាន​ការឆ្លើយ​តបរបស់ខ្លួន​លើ​ករណី​ជួញដូរមនុស្ស ដោយ​របា​យ​ការណ៍ថ្មីមួយ​បាន​អះអាង​ថា មន្ត្រីកម្ពុជាមិនទាន់​បានសម្រេច​បាន​​​គ្រប់គ្រាន់ ក្នុង​ការ​​ដោះ​ស្រាយ​​ប​ញ្ហា​ជួញដូរ​មនុស្ស​នៅឡើយ​ទេ ហើយ​មន្ត្រី​​ខ្លះដែលគេមិនបញ្ចេញឈ្មោះ​​​​​បាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​សកម្មភាពជួញដូរមនុស្ស​​​ ដែល​គេយកទៅបម្រើ​ការ​​នៅ​តាម​​ទី​តាំង​​​​ប្រតិបត្តិការ​ឆបោក​អន​ឡាញ​នៅតំ​បន់​​ព្រំដែនកម្ពុជាទៀត​ផង​។ 

របាយការណ៍ស្តីពី​ «ការជួញដូរមនុស្ស» ជាសាកល ចេញផ្សាយដោយក្រសួងការបរ​ទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៤ ខែមិថុនា បានលើក​ឡើង​ថា មន្ត្រីកម្ពុជា​មិន​​ទាន់បានសម្រេច​បាន​គ្រប់គ្រាន់ ក្នុង​ការ​ស៊ើបអង្កេតលើ​ករណី​ជួញដូរមនុស្ស​ដ៏រីក​រាលដាល​ និង​កម្លាំង​ពល​កម្ម​ជា​ជន​បរទេស​​ដែលត្រូវ​គេ​​បង្ខំ​​ឱ្យ​បម្រើ​ការ​នៅ​ក្នុង​ឧស្សាហកម្មឆ​បោកតាម​អន​ឡាញ​ ស្របពេល​វិធាន​ការឆ្លើយតបរបស់ប្រ​ទេស​កម្ពុជា​ចំពោះទម្រង់​នៃ​ការ​ជួញដូរ​ពលរដ្ឋ​កម្ពុជាផ្សេងទៀត​ក៏​មិន​ទាន់​មាន​ភាព​​ប្រសើរ​ឡើង​គ្រប់​គ្រាន់​ដែរ។

របាយការណ៍នេះបានចាត់ថ្នាក់ប្រទេសមួយ​ចំនួន​ដោយផ្អែកលើការទទួលស្គា​ល់របស់ពួកគេ​ ការឆ្លើយតប និងការទប់​ស្កាត់​ការជួញដូរមនុស្ស​គ្រប់ទម្រង់ ហើយ​កម្ពុជាបានជាប់​ចំណាត់ថ្នាក់ទាបបំផុត គឺ​កម្រិត​ទី៣ ដោយសារ​មានការ​កើន​​ឡើងនៃ​អំពើ​ជួញដូរ​​ ការ​​​ឃុំខ្លួន​និង​ការ​ធ្វើ​ទារុណកម្ម​​លើ​បុគ្គលិក​ជា​ជនបរ​ទេស​នៅតាម​ទីតាំងអាជីវកម្មអនឡាញលួច​លាក់​​ ដែល​ធ្វើ​សកម្មភាព​ឆបោកប្រាក់​​​តាម​ទម្រង់​ផ្សេងៗ ដែលមាន​ចាប់តាំងពី​ឧស្សាហកម្ម​ល្បែង​អន​ឡាញ​ខុសច្បាប់​ ការ​​ជួញដូរ​រូបិយប័ណ្ណបរទេសហៅថា Forex ការឆបោក​តាម​រយៈ​ការជួញដូរ​រូបិយប័ណ្ណអេឡិចត្រូនិច crypto និងការ​​ឆបោក​​ទិញទំនិញ​អនឡាញជា​ដើម​។​ 

វិធីសាស្ត្រ​​ឆ​បោកចម្រុះនេះ​ ត្រូវបានគេហៅជា​ទូទៅ​ថា «pig butchering»  ខណៈ​បណ្តាញ​សារព័ត៌មានអន្តរជាតិជាច្រើន​ធ្វើ​សេចក្តី​រាយការណ៍ពីរឿងរ៉ាវរបស់​ជនរងគ្រោះ​នៅតាម​បណ្តា​ប្រទេសផ្សេងៗ ដែលបាត់បង់ប្រាក់ច្រើនសន្ធឹកសន្ធាប់​ បន្ទាប់ពីបាន​ជជែកជាមួយជនឆបោក ដែលត្រូវ​បានគេរកឃើញ​ថា មាន​ប្រភព​នៅ​​​​តំបន់ទន្លេ​មេគង្គ រួមទាំងបុគ្គលិក​ដែល​ត្រូវ​គេ​​​​បង្ខំឱ្យ​ធ្វើ​ការ​នៅកម្ពុជាផងដែរ​។ 

វិធីសាស្ត្រ​ឆបោក​ទាំង​​​នេះត្រូវ​បាន​គេហៅ​ឈ្មោះបែបនេះ​ ដោយសារតែ​បុគ្គលិកឆបោកមួយ​​ចំនួនបង្កើតការសន្ទនា ឬទំនាក់ទំនង​ស្នេហាជាមួយ​នឹងគោលដៅ​របស់​ពួកគេ មុនពេលបញ្ចុះបញ្ចូល​ពួកគេឱ្យដាក់តម្កល់​ប្រាក់ ដែលជាញឹកញាប់តាមរយៈ​ការវិនិយោគ​ប្រាក់​គ្រីបតូ មានន័យ​ថា «ធ្វើឱ្យធាត់» ហើយបន្ទាប់មក «សម្លាប់» ជ្រូកនោះតែម្តង។ 

របាយការណ៍ដដែល​ក៏បានកត់សម្គាល់ផងដែរថា ស្របពេល​វិធាន​​ការឆ្លើយតបរបស់រដ្ឋាភិបាលនៅ​មិនបានគ្រប់គ្រាន់ ទម្រង់នៃការជួញដូរផ្សេងទៀត​ ដែលផ្តោត​​គោលដៅលើ​ពលរដ្ឋកម្ពុជាបន្តកើត​មាន​ រួមមាន​ការ​បញ្ចាំ​ខ្លួន​ដោះ​បំ​ណុល​នៅតាម​សិប្បកម្មផលិត​ឥដ្ឋ ការជួញដូរមនុស្ស​ធ្វើ​ជា​កម្មករនេសាទ​សមុទ្រទឹកជ្រៅ និងការជួញដូរផ្លូវភេទនៅតាមព្រំដែនកម្ពុជា។

 ក្រសួងការបរទេសអាមេរិក​បានលើក​ឡើង​ថា មន្ត្រី​អនុវត្តច្បាប់ធ្វើ​ការ​កំណត់អត្ត​​សញ្ញាណជន​រងគ្រោះដោយសារការជួញដូរមិន​បានត្រឹមត្រូវ ផ្ទុយទៅវិញបាន​ចាត់​​ទុក​ការអំ​ពាវ​នាវរកជំនួយ​របស់បុគ្គលិក​ទាំង​នោះ​ថា ជា «វិវាទការងារ» ទោះបីជាក្រសួងសង្គមកិច្ចមានកំណត់គោលការណ៍​ណែនាំអំពីការ​កំណត់​អត្តសញ្ញាណជនរងគ្រោះ និងសេវាការពារមួយចំ​នួន​ក៏ដោយ។ 

របាយការណ៍នេះ​ក៏បានកត់សម្គាល់ផងដែរថា កម្ពុជាចាំបាច់ត្រូវផ្តល់ជំនួយគាំ​ទ្រ​បន្ថែមទៀតដល់ជនរងគ្រោះនៃ​ការជួញដូរកុមារ និងការជួញដូរកម្លាំងពលកម្ម ដោយ​​ផ្តល់​ថវិកាបន្ថែម​ទៀត​ពីរដ្ឋាភិបាល និងដោយ​មិនពឹងផ្អែកច្រើន​លើជំ​នួយ​ថវិកា​​​ពី​អង្គការក្រៅរដ្ឋាភិបាល។

 លោកស្រី​ ជូ ប៊ុនអេង ជា​អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធ​ប្រ​ឆាំង​អំពើ​​ជួញ​ដូរមនុស្ស​ បានការពារវិធានការ​ឆ្លើយ​តប​​របស់កម្ពុជាចំពោះការចោទ​ប្រកាន់អំពីការ​ជួញ​ដូរមនុស្ស​សម្រាប់​ឧស្សាហកម្មឆបោកតាមប្រព័ន្ធអន​ឡាញ​ ដោយលោកស្រី​មាន​​​ប្រសាសន៍​ថា ប្រទេសកម្ពុជា​មានការ​ពិបាក ក្នុងការដោះស្រាយបទល្មើសឆ្លងដែន និងប្រើបច្ចេកវិទ្យាទំនើប​ទាំង​នេះ​។ 

លោកស្រី​បានមាន​ប្រសាសន៍​ថា៖ «ប្រទេសណា​ក៏ដោយដែលយើងបានទៅជួបគ្នាគឺបានជជែកគ្នាថា​ គ្មានទាន់ប្រទេសណាធ្វើបានជោគជ័យទេ។ ហើយវាជាឧក្រិដ្ឋកម្មឆ្លងដែនអ្នកប្រព្រឹត្តពិតប្រាដដហ្នឹង គឺជាអ្នកណា​ យើងនៅមិនទាន់ដឹងទេ។ ហើយយើងអាចបង្ក្រាបបាននៅតែអ្វីដែលនៅ​ចំពោះ​មុខ​យើង​ប៉ុណ្ណោះ» ។  

លោក​ស្រី​បានបន្ត​ថា សូម្បីតែប្រទេស «ធំៗ» ដូចជាសហរដ្ឋអាមេរិក ក៏មិនទាន់​អាច​ដោះស្រាយបទល្មើស​ទាំងនេះបានដែរ ហើយពលរដ្ឋអាមេរិកនៅតែក្លាយជា​ជនរងគ្រោះនៃអំពើ​ឆបោក​តាមអន​ឡាញ​។ លោកស្រី ជូ​ ប៊ុនអេង បាន​មាន​ប្រ​​សាសន៍​​ថា លោកស្រី​បាន​និង​​កំពុង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​សហរដ្ឋ​អាមេរិក និង​​សុំ​ជំនួយ​ ដើម្បី​ដោះស្រាយ​បទល្មើស​​បែប​នេះ។ 

លោកស្រីបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ យើងឃើញថា ប្រទេសមួយៗមាន​ប្រជាពលរដ្ឋ​របស់ខ្លួនឯងទៅចាញ់បោក ឬទៅជាជនរងគ្រោះដោយសារតែ​ប្រព័ន្ធអាយធី ឬការ​ឆ​បោក ដូច្នេះ​មានន័យថា ក្នុងបណ្តាប្រទេសណាក៏ពុំទាន់បានទទួលជោគជ័យនៅឡើយ​ទេ»។  

ផ្ទុយទៅវិញ ក្រសួងការបរទេសអាមេរិក​បានអះអាង​ថា មន្ត្រីអនុវត្តច្បាប់មិន​បាន​ធ្វើ​ការបង្រ្កាប​​គ្រប់គ្រាន់ ឬឆ្មក់ចូលឆែកទីតាំង​អាជីវកម្មប្រកបដោយ​ប្រសិទ្ធិ​ភាព​ទេ​ នៅពេល​ដែលបុគ្គលិក​ទូរសព្ទទៅ​ក្រសួងមហាផ្ទៃ ឬស្ថានទូតសុំជំនួយ ហើយមន្ត្រីកម្ពុជាត្រូវ​ការ​ព័ត៌មានច្រើនពេក​មុនពេលចាប់ផ្តើមឆ្មក់ឆែក​។

របាយការណ៍នេះបានចោទប្រកាន់ថា ទី​តាំង​អាជីវកម្មឆបោក​មួយចំនួនត្រូវបាន​ផ្តល់​ដំណឹងជា​មុន​ មុន​ពេលមាន​ការ​ឆ្មក់ចូលឆែក​។  របាយការណ៍នេះសរសេរ​ថា៖ «មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ និងទីប្រឹក្សាមួយចំនួនកាន់​កាប់ទីតាំង​និង​អគារ​ដោយផ្ទាល់ ឬតាមរយៈអាជីវកម្ម ដែលគេដឹង​ថា ត្រូវបាន​ប្រើប្រាស់ដោយក្រុម​ឆបោកតាមអនឡាញ​ ដើម្បីកេងប្រវ័ញ្ចជនរងគ្រោះតាម​រយៈ​ការជួញដូរកម្លាំង​ពល​កម្ម​ និង​ទទួលបានអត្ថប្រយោជន៍ហិរញ្ញវត្ថុដោយផ្ទាល់ពីបទ​ល្មើស​ទាំងនេះ»។ 

របាយការណ៍ដដែលបានលើកឡើងថា៖ «ការពាក់ព័ន្ធ​របស់មន្ត្រី និង​ពួកអ្នក​ជំនួញធំៗបានបណ្តាលឱ្យមានការ​អនុវត្ត​ច្បាប់​ដោយចោះៗ និងមាន​ហេតុ​ផល​នយោបាយ ដែល​រារាំងសកម្មភាពអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាពប្រឆាំងនឹងបទ​ល្មើស​ជួញដូរមនុស្ស​ ដែលនៅតែរីករាលដាលក្នុង​រយៈ​ពេល​មួយឆ្នាំកន្លងមកនេះ​»។ 

របាយការណ៍នេះ​ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលបានតែងតាំងបុគ្គលមួយ​​ចំនួនឱ្យកាន់តួនាទី​ដែលទទួល​ខុស​ត្រូវ ឬមានឥទ្ធិពលសំខាន់លើការ​ងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​ បើទោះបីជាមានការចោទប្រកាន់ជាសាធារណៈនាពេល​កន្លងមក និងកំពុង​បន្ត​ថា មាន​ការជាប់​ពាក់​ព័ន្ធ​​​ជាផ្លូវការរបស់​ពួកគេ​នៅក្នុងករណីពាក់ព័ន្ធ​នឹងការជួញដូរមនុស្សក៏ដោយ។ 

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានស្នើសុំ​ឱ្យសហរដ្ឋអាមេរិក​ប្រាប់​​ឈ្មោះមន្ត្រី ដែលតាម​ចោទថា បានចូល​ដៃ​ប្រព្រឹត្តិអំពើឆបោកតាម​អនឡាញ​ និងឧស្សាហកម្មល្បែងស៊ីសង។

 លោកបានមានប្រសាសន៍ថា៖ «យើងបានប្រឹងប្រែង​អស់ពីសមត្ថភាព ហើយយើង​នៅតែត្រូវការការគាំទ្រ ជាពិសេសពីសហរដ្ឋអាមេរិក។ យើងបើកចំហរឲ្យសហរដ្ឋអាមេរិក ​តើ​អ្នក​ណា​ខ្លះ​ពុករលួយ? ឲ្យយើងខ្ញុំបានដឹងមក។ យើង​មិន​ដែល​និយាយ​ថា​ទេ ​ចំពោះ [របាយការណ៍​ទាំង​នេះ]… ចេះតែចោទប្រកាន់យើង ហើយតើមន្ត្រី​ប្រាប់ឈ្មោះមក… យើង​រីករាយនឹង​ធ្វើ​ការងារនេះ​ កុំ​​ចោទប្រកាន់​​យើង​​!»។  

លោកបានបន្ថែមថា ក្រសួងមហាផ្ទៃបាន​ទទួល​ពាក្យបណ្តឹង និងសំណើ​សុំជំ​នួយ​​ពី «បុគ្គលិក​រាប់ពាន់នាក់»  ហើយ​សហការជាមួយអង្គការក្រៅរដ្ឋាភិបាល រួមទាំង​អង្គការប្រឆាំងការជួញដូរមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ឈ្មោះ​អង្គការ​បេសកកម្មយុត្តិធម៌អន្តរជាតិ (International Justice Mission) ក្នុងចំណោមអង្គការដទៃទៀត។ 

លោក ប៉ែន បូណា អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​បដិសេធ​​ធ្វើ​អត្ថាធិប្បាយ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅ​ក្រសួង​មហាផ្ទៃវិញ​។ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រ​សួង​​ការ​បរទេសមិន​បាន​ឆ្លើយ​តប​នឹង​សំណួរ​របស់ខេមបូចា​ទេ​។

 ទោះបីជារបាយការណ៍នេះ​មិនបានបញ្ជាក់ឈ្មោះ​មន្ត្រីជាន់ខ្ពស់ និងទីប្រឹក្សាដែល​តាម​ចោទ​ថា មានការ​ទំនាក់ទំនង​នឹងអំពើឆបោកក៏ដោយ​ ក៏អត្ថបទ​ព័ត៌​មាន​ស៊ើបអង្កេតនាពេល​ថ្មីៗបានផ្តល់​ព័ត៌មាន​​បន្ថែមទៀត៖ សារព័ត៌មាន VOD English ដែលពេលនេះ​លែងដំណើរការ បានរកឃើញ​ទីតាំង​ប្រ​តិបត្តិ​ការអំពើ​ឆបោក ដែល​មាន​ទំនាក់​​ទំនង​ជាមួយលោកអ្នក​ឧកញ៉ា ទ្រី ភាព ជា​ទីប្រឹ​ក្សារដ្ឋាភិបាល ដែល​រងទណ្ឌកម្មពី​សហ​អាមេរិក និង​លោក កុក អាន ​ជា​សមាជិកព្រឹទ្ធសភា​។ ​ទន្ទឹមនឹងនេះ វិទ្យុអាស៊ីសេរី បានរកឃើញការឃុំខ្លួន និងការ​​ធ្វើទារុណកម្មនៅទី​តាំង​​ជាប់​ពាក់​ព័ន្ធជាមួយលោក ចេន ហ្ស៊ី ដែលជាប្រធានក្រុមហ៊ុន Prince Group។ លោក ចេន ហ្ស៊ី ដែល​​ទទួល​បាន​​សញ្ជាតិ​ខ្មែរ​ គឺ​ជាទីប្រឹក្សារបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ 

កាលពីខែមុន សហភាពអឺរ៉ុប​និង​អង្គការសហប្រជាជាតិបានកំណត់ពេល​ដាក់ដំ​ណើរ​​ការ​គម្រោងប្រឆាំងការជួញដូរមនុស្សរបស់​ខ្លួន​​ឡើងវិញ​​ បន្ទាប់ពីដឹងថា កម្ម​វិធី​​របស់ខ្លួន នឹងត្រូវរៀបចំធ្វើ​នៅសណ្ឋាគារមួយ​ ដែលជាកម្មសិទ្ធិរបស់លោក លី យ៉ុង​ផាត់ សមាជិកព្រឹទ្ធសភា ដែលតាម​ចោទ​ថា បាន​ជួលទីតាំង​នោះ​សម្រាប់ប្រតិបត្តិការ​​ឆបោក នេះបើតាមសេចក្តី​រាយ​ការណ៍របស់កាសែត​ New York Times ។ 

នៅពេលនិយាយ​អំពីអំពើ​ឆ​បោក និងឧស្សា​ហកម្ម​ល្បែងអនឡាញ របាយការ​ណ៍​នេះ​រៀបរាប់​អំពីការ​ធ្វើ​បា​ប​ដ៏ឃោរឃៅ​បំផុតមកលើ​បុគ្គលិក​ ជាពិសេសជនបរ​ទេស ដែលត្រូវបានជួញដូរ ឃុំ​ខ្លួន ហើយ​នៅពេលខ្លះ ត្រូវ​បាន​ធ្វើទារុណកម្ម ឬសម្លាប់តាម​ទី​តាំង​ឆ​បោក។ ក្រៅពីសេចក្តីរាយការណ៍អំពី​​ការធ្វើ​បាប​ និងការចាប់បង្ខាំង​ បុគ្គលិក​មួយ​ចំនួនបាន​និយាយថា ពួកគេបានធ្វើ​ការ​ដោយ​បាន​ដឹងព័ត៌មាន​ខ្លះអំពីការងារដែលពួកគេនឹងត្រូវ​ធ្វើ ហើយតាម​ព័ត៌មាន​ថា សេរីភាពរបស់អ្នកផ្សេងទៀតមាន​កម្រិត​ រួមទាំង​បុគ្គលិក​កម្ពុជាដែលត្រូវបានជ្រើសរើសឱ្យធ្វើការ​ងារ​ «អនឡាញ» ទាំងនេះ។ 

សេចក្តី​រាយការណ៍នេះក៏បានផ្តោតទៅលើការជួញដូរមនុស្ស​ទៅកាន់កំពង់ផែក្រុង​​ព្រះសីហនុ ដែលឱ្យឈ្មោះមិន​ត្រឹម​ត្រូវ​​ថា ជា «តំបន់សេដ្ឋកិច្ចពិសេសក្រោមកិច្ចព្រមព្រៀងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ រវាងកម្ពុជា និង [ចិន]» ខណៈដែលអំពើ​​ឆ​បោកបាននិងកំពុងកើនឡើងនៅតាម​ទីក្រុងផ្សេងទៀតដូចជា ប៉ោយប៉ែត បាវិត សំពៅពូន ក៏ដូចជានៅតាម​ទីតាំងដាច់ស្រយាលជាច្រើនទៀត

 ក្រសួងការបរទេសអាមេរិក​បានកត់សម្គាល់ថា មានបុគ្គលិក​ប្រហែល១០០​ ០០០នាក់ ត្រូវបានជួញដូរ និងបង្ខំឱ្យធ្វើការនៅក្នុងឧស្សាហកម្មល្បែងអនឡាញ និងឆបោក ដោយលើកឡើងពីរបាយការណ៍សិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំមុន ដែលរដ្ឋាភិបាលក៏បានបដិសេធផងដែរ។ 

របាយការណ៍ដដែល​នេះបានសង្កត់ធ្ងន់លើការកើន​ឡើង​នៃឧស្សាហកម្មល្បែងអន​ឡាញ និងឧស្សាហកម្ម​ឆបោក​នៅកម្ពុជា ដែល​ជា​ហេតុ​ផល​នៅក្នុងការ​ផ្តល់​ចំណាត់​​​ថ្នាក់​ដល់​​ប្រទេស​កម្ពុជា ហើយបញ្ហា​នេះបាន​ធ្វើឱ្យ​មាន​ការ​​រិះគន់​ពី​ឧត្តម​ស្នងការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិមនុស្ស អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ក៏ដូចជាបណ្តា​ប្រ​ទេស​សមាជិកអាស៊ាន។

 កាល​ពី​ឆ្នាំ២០២២ ប្រទេសកម្ពុជាត្រូវបានទម្លាក់ចំណាត់ថ្នាក់ដល់​កម្រិត​ទី៣ ដែល​មានន័យថា ប្រទេសនេះមិនបាន​សម្រេច​បាន​​តាម «ស្តង់ដារអប្បបរមា» ក្នុងការ​បញ្ឈប់ និងទប់ស្កាត់ករណីជួញដូរមនុស្ស ការពារជនរងគ្រោះ និងផ្តន្ទាទោសជនល្មើស។

 ការធ្លាក់ចុះនៃចំណាត់ថ្នាក់នេះបានកើតឡើងស្របពេលដែលអំពើ​ឆ​បោក និងល្បែងតាមអន​ឡាញ​កាន់តែរីករាលដាល​ និងអាច​មើលឃើញយ៉ាងច្បាស់​​ ដោយ​បុគ្គលិកទាំង​អស់​​អះអាងថា ពួកគេត្រូវបានគេជួញដូរ ឃុំ​ខ្លួន និងធ្វើទា​រុណ​​កម្មឱ្យធ្វើការងារ ដែល​ជា​សកម្មភាពឆបោកតាមអនឡាញ។  

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រទេសតំបន់​ទន្លេ​មេគង្គមួយ​ទៀត ដែលបានទទួលចំណាត់ថ្នាក់ទាបដូចប្រទេសកម្ពុជា​ដែរ​ ទី​ដែលបញ្ហាឆបោក និងល្បែងអនឡាញនៅ​ប្រទេស​មីយ៉ាន់ម៉ា​កាន់តែធ្ងន់ធ្ងរឡើងដោយសារជម្លោះដែលកំពុងបន្ត។ ទន្ទឹមនឹងនោះ ប្រទេស​ឡាវជាប់ចំណាត់ថ្នាក់​ក្នុងតារាងតាមដានកម្រិត​ទី២ ចំណែកប្រទេស​​វៀតណាម និងថៃជាប់ចំណាត់ថ្នាក់​កម្រិត​ទី​២​​។

 ផ្ទុយទៅវិញ ប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់​កម្រិត​ទី​១ ទោះបីជាប៉ុន្មានសប្តាហ៍​ថ្មីៗនេះ បុគ្គលិក​នៅក្នុងឧស្សាហកម្មល្បែងអនឡាញបានអះអាងថា ពួកគេត្រូវ​បានគេជួញដូរ និងធ្វើទារុណកម្មក្នុងប្រតិបត្តិការស្រដៀងគ្នានៅតាម​ក្រុម​ហ៊ុន​​ល្បែងអនឡាញ​ហ្វីលីពីន (POGOs) មួយចំនួន ក៏ដោយ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ U.S. Reprimands Cambodia’s Trafficking, Online Scam Response:  Report

194 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម