សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរថៃបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់រាប់រយនាក់ត្រឡប់​មក​កម្ពុជា​វិញក្នុងពេលថ្មីៗនេះ

ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

បច្ចុប្បន្ននេះពលករខ្មែរដែលឆ្លងដែនខុសច្បាប់ជាច្រើនត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមក​​កម្ពុជា​​​វិញជារៀងរាល់ថ្ងៃតាមច្រកអន្តរជាតិមួយចំនួនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ សង្គមស៊ីវិលថា កក្តាដែលនាំឱ្យពលករខ្មែរឆ្លងដែនខុសច្បាប់នេះដោយសារតែកក្តាសេដ្ឋកិច្ចគ្រួសារ កង្វះព័ត៌មាន នីតិវិធីច្បាប់ស្មុគ្រស្មាញដែលនាំឱ្យចំណាយពេលវេលា និងថវិកាច្រើនជាដើម។

ស្រ្តីពលករខ្មែរម្នាក់ដែលកំពុងធ្វើការនៅប្រទេសថៃបានឱ្យដឹងថា ម្តាយរបស់គាត់ និង​ប្អូន​ប្រុសដែលមកធ្វើការនៅប្រទេសថៃខុសច្បាប់​ហើយត្រូវបានតម្រួតថៃឃាត់ខ្លួនបញ្ជូនទៅឃុំជិតមួយសប្តាហ៍មកហើយ។ នាងបាននិយាយថា ម្តាយ និងប្អូនរបស់ខ្លួនត្រូវបានតម្រួតថៃ​ចាប់​តាមផ្លូវខណៈដែលធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ ពេលនោះនាងមិនដឹងនោះទេ​ដោយសារទំនាក់ទំនងមិនបាន​។

ស្រ្តីពលករខាងលើបានបង្ហោះវីដេអូតាមគណនីយហ្វេសប៊ុករបស់ខ្លួនឈ្មោះ«សុំទោសដែល​ញុម​​រំខានយើង»បានបង្ហាញរូបភាពម្តាយ និងប្អូនប្រុសដែលជាប់ឃុំក្នុងបន្ទប់ឃុំឃាំងជាមួយ​ពលករ​ខ្មែរជាច្រើននាក់ផ្សេងទៀត។

ស្រ្តីពលករខាងលើនិយាយទាំងអួលដើមករថា៖ «នៅក្នុងគុកហើយ​ម៉ែខ្ញុំតេប្រាប់ខ្ញុំថា ម៉ែមិនអីទេកូន ម៉ែសប្បាយណាស់នៅក្នុងនេះមិនអីទេ បាយទឹកគេឱ្យយើងហូប មិនអីទេ កូនឯងមិនបាច់បារម្ភពីម៉ែទេ អារម្មណ៍ខ្ញុំអួលអស់រយៈពេល៤យប់ប្រាំថ្ងៃហើយរកម៉ែមិនឃើញ ទើបដឹងថា គេចាប់ដាក់គុកអញ្ចឹង! នេះឯងមកពីយើងអត់បត្រ(លិខិតឆ្លងដែន)មក​នៅស្រុកគេមិនស្រួលទេ»

ស្រ្តីពលករខ្មែរខាងលើ បានបានបង្ហោះរូបភាពប្អូនប្រុស និងពលករខ្មែរផ្សេងទៀត ជើងជាប់ ច្រវ៉ាក់ត្រូវបានតម្រួតថៃបញ្ជូនតាមឡានទៅកន្លែងឃុំខ្លួន។ ស្រ្តីពលករខាងលើ​បាននិយាយថា ប្រជាជនខ្មែរគ្មានអ្នកណាចង់មកធ្វើការស្រុកគេទេ ប៉ុន្តែដោយសារជីវភាពទើបបង្ខំចិត្ត។

ស្រ្តី​ពលករខ្មែរបន្ថែមថា៖ «ពេលធ្វើស្រែអត់មានដើមទុនទិញជី ថ្នាំ យើងយកលុយ​អង្គការ​(ធនាគារ) ទិញជី ថ្នាំទៅដាក់ស្រូវ ពេលប្រមូលស្រូវបានផលលក់ថោក លក់មក​មិនរួច​ថ្លៃ​ថ្នាំថ្លៃជីផង អ្នកដែល ក្រីក្ររដូចខ្ញុំ៩៩,៩៩ភាគរយហើយគ្មានអ្នកណា​នៅស្រុកបានទេ​ដែល​យកលុយអង្គការធ្វើស្រែចំការរាល់ឆ្នាំមិនបានផល​សងគេ ទើបមករកការងារធ្វើនៅស្រុក​គេ»

ពលករខ្មែរម្នាក់ឈ្មោះ ទី ណា រស់នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលទើបត្រឡប់មក​ស្រុក​កំណើត​វិញ បាននិយាយថា គាត់បានសម្រចចិត្តមកស្រុកវិញ​ បន្ទាប់ពីធ្វើការនៅ​ប្រទេសថៃច្រើនឆ្នាំពុំមានបញ្ហាអ្វីនោះទេដោយសារគាត់មានឯកសារការងារស្របច្បាប់។ ប៉ុន្តែលោកនិយាយថា មិត្តភ័ក្រ្តរួមការងាររបស់គាត់ និងពលករច្រើននាក់ដែលឆ្លងដែន​ខុស​ច្បាប់​ទៅធ្វើការនៅប្រទេសថៃត្រូវបានតម្រួតថៃចាប់ខ្លួនយកទៅឃុំច្រើន​ថ្ងៃទើបបញ្ជូន​ឱ្យ​ត្រឡប់មកស្រុកខ្មែរវិញ ប៉ុន្តែខ្លះរត់គេចពីមួយកន្លែងទៅមួយកន្លែង។

ទី ណា បន្ថែមថា៖ «បើយើងមានឯកសារគ្រប់គ្រាន់មិនអីទេ បើអត់មានឯកសារ ត្រូវគេ​ចាប់​ឃុំខ្លួន៣០ទៅ៤០ថ្ងៃអីសិន មិនមែនគេចាប់ភ្លាមឱ្យយើងមកភ្លាមនោះទេ»

ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ពលករខ្មែរម្នាក់ កញ្ញា វ៉ាន់ ស្រីវ៉ុន អាយុ២០ឆ្នាំ រស់នៅស្រុកមោងឫស្សីខេត្តបាត់ដំបង បាន​និយាយ​​ថា គាត់មិនចង់ធ្វើចំណាកស្រុកខុសច្បាប់ដូចបងប្រុស​របស់ខ្លួនកាលពីរឆ្នាំ​មុន​ដែល​ឆ្លងដែនទៅធ្វើការនៅប្រទេសថៃខុសច្បាប់ត្រូវតម្រួតថៃដេញចាប់ ពេលនោះបងប្រុស​នាង​រត់​ឆ្លងអូរ កាត់ព្រៃ អត់បាយ ក្រហាយទឹក ទំរាំរត់រួចមកដល់ដីខ្មែរវិញ។

កញ្ញា ស្រីវ៉ុន និយាយថា ដោយមិនចង់មានវាសនាដូចបងប្រុសនាងទៀតគ្រួសារ​នាងចំនួន​៥នាក់​កំពុង​តែ​ដាក់ពាក្យទៅធ្វើការស្របច្បាប់នៅក្នុងក្រុមហ៊ុនសាច់មាន់​នៅ​ប្រទេសថៃ​តាម​រយៈ​ក្រុមហ៊ុនមួយនៅភ្នំពេញដែលដោយគេទាម្នាក់៣៥០ដុល្លារ​តាំងពី​ខែ១២ ឆ្នាំ២០២២​​មក​ទល់​ពេលនះគឺរយៈពេលមួយឆ្នាំកន្លះហើយនៅតែមិនទាន់បានទៅទៀត។

កញ្ញា ស្រីវ៉ុន បញ្ជាក់ថា៖ «ប្រាក់ទាំងនេះម្តាយរបស់ខ្ញុំខ្ចីបុលគេ សង្ឃឹមថា បានទៅធ្វើការ​នៅ​ថៃ​​បាន​លុយ​​សងគេ តែពេលនេះជិត២ឆ្នាំហើយនៅមិនទាន់បានទៅទៀត ដោយខ្វះខាត​ម្តាយ​ខ្ញុំ​ទៅ​ធ្វើការសំណង់ ឪពុកខ្ញុំដើរ ស៊ីឈ្នួលព្រោះស្រូវឱ្យគេ ខ្ញុំដើររកការងាររត់តុ​តាម​ហាងដើម្បីរកលុយសងលុយអ្នក ភូមិបណ្តើរៗនិងចាយ វាយប្រចាំថ្ងៃ»

ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បញ្ជាក់ថា ក្នុងខែឧសភា ឆ្នាំ២០២៤ កន្លងទៅអាជ្ញាធរថៃបានចាប់ពលករខ្មែរដែលឆ្លងដែនខុសច្បាស់ដោយសារចាញ់បោកមេខ្យល់បញ្ជូនមកប្រទេសកម្ពុជាវិញចំនួន៦៣២នាក់ ក្នុងនោះមានស្ត្រី២១៧នាក់ និងកុមារចំនួន៨០នាក់ ហើយពួកគាត់ត្រូវបានបញ្ជូនបន្តទៅមជ្ឈមណ្ឌលសំចតក្រុងប៉ោយប៉ែត ដើម្បីអប់រំណែនាំរួចបញ្ជូនឲ្យត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ។

ក្រៅពីនោះអាជ្ញាធរថៃក៏បានបញ្ជូនសាកសពពលករ និងប្រជាពលរដ្ឋខ្មែរដែលបាត់បង់ជីវិតក្នុងប្រទេសថៃមកប្រទេសវិញចំនួន​១៣នាក់​ក្នុងនោះស្រ្តី២នាក់ តាមរយៈអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវប្រទេសថៃ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់បន្តថា សាកសពទាំងនោះមានពលករខ្មែរស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន៤នាក់ ចងកសម្លាប់ខ្លួនចំនួន១នាក់ ខ្យល់គរ១នាក់ និងត្រូវគេធ្វើឃាតដោយបាញ់សម្លាប់ចំនួន១នាក់សរុបចំនួន៧នាក់ និងសាកសពជាប្រប្រជាពលរដ្ឋដែលមរណភាពដោយសារជំងឺនៅមន្ទីរពេទ្យប្រទេសថៃសរុបចំនួន៦នាក់ក្នុងនោះស្ត្រី២នាក់។

លោក វ៉ាន់​ ដារ៉ាន់ ប្រធានស្នាក់ការត្រួតពិនិត្យច្រកអន្តរជាតិប៉ោយប៉ែតបានប្រាប់ ខេមបូចា ថា ពលករខ្មែរឆ្លងដែនខុសច្បាប់ទៅប្រទេសថៃទាំងនេះសុទ្ធសឹងមិនមានបណ្ណការងារ រឺប៉ាស្ព័រនោះទេ គឺពួកគេឆ្លងចូលប្រទេសថៃដោយលួចលាក់ខុសច្បាប់តាមច្រករបៀងច្រកម៉ាឡៃ និងបឹងត្រកួនជាដើម។

លោក វ៉ាន់​ ដារ៉ាន់ បញ្ជាក់បន្ថែមថា៖ «ដោយសារពួកគាត់អត់មានលុយកាក់ធ្វើអីទៅ គាត់ចង់ចំណេញ គាត់ជឿជាក់លើមេខ្យល់ ពេលខ្លះមេខ្យល់យកទៅទម្លាក់ចោល គាត់ង៉េះង៉ះតាមផ្លូវ អត់ស្គាល់ផ្លូវអីទៅ ទាហានថៃល្បាតឃើញចាប់យកឱ្យអន្តោប្រវេសន៍ថៃ ហើយគេទំនាក់ទំនងមកកម្ពុជាយើងបញ្ជូន​​​មកឱ្យយើងតាមច្រកប៉ោយប៉ែត»

លោកបញ្ជាក់ថា ដោយកម្ពុជា-ថៃមានកិច្ចព្រមព្រៀងជាមួយគ្នាគឺពលករដែលឆ្លងដែនខុសច្បាប់មិនអាចបញ្ជូនទៅច្រកល្បៀងវិញបានទេគឺត្រូវបញ្ជូនមកតាមច្រកអន្តរជាតិវិញ ហើយមុនគេបញ្ជូនមកភាគីថៃផ្តល់ដំណឹងមកមុនមួយថ្ងៃ រួចខាងអន្តោរប្រវេសន៍កម្ពុជាចាំទទួ បន្តបញ្ជូនឱ្យមណ្ឌលសំចតដើម្បីយកពួកគាត់ទៅអប់រំ រួចបញ្ជូនពួកគាត់ទៅស្រុកកំណើតវិញ។

ពលករខ្មែរឆ្លងដែនខុសច្បាប់ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកកម្ពុជាវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ក្នុងខែឧសភា ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ខេមបូចា មិនអាចទំនាក់ទំនងអ្នកស្រី ឈា ម៉ានិត ប្រធានមជ្ឈមណ្ឌលសំចតក្រុងប៉ោយប៉ែត​ដើម្បីបំភ្លឺបន្ថែមបានទេ។

លោក ស៊ុំ ចន្ទគា មន្រ្តីសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តបន្ទាយមានជ័យ ដែលបានជួបពលករជាច្រើនដើម្បីផ្សព្វផ្សាយផលប៉ះពាល់ពីការចំណាកស្រុកដោយខុសច្បាប់នេះបានកត់សម្គាល់ថា មូលហេតុដែលប្រជាពលរដ្ឋចំណាកស្រុកខុសច្បាប់ច្រើនដោយសារកក្តាជីវភាព​ខ្វះខាត ផលដំណាំដាំដុះរួចរកទីផ្សារមិនបាន ជំពាក់លុយធនាគារ ទីផ្សារពលកម្ម​ផ្សេង​ៗ​​ក្នុងស្រុកពុំគ្រប់គ្រាន់ជាដើម។

លោកបន្តថា ពលករខ្មែរចំណាកស្រុកទាំងប្រថុយប្រថានទៅតាមមេខ្យល់ និងតាមសាច់ញាតិដោយខុសច្បាប់ដោយគិតថា ចំណាយតិចតួចជាងស្របច្បាប់ ប៉ុន្តែធ្វើឱ្យពួកគាត់ប្រឈមមុខក្នុង​ការជួញដូរទាំងផ្លូវភេទ ទាំងកម្លាំងពលកម្មជាដើម ចុងបញ្ចប់ថៃត្រូវចាប់ខ្លួនបញ្ជូនមកប្រទេស​វិញដោយចោទថា ឆ្លងដែនចូលប្រទេសគេខុសច្បាប់។

លោក ស៊ុំ ចន្ទគា បន្ថែមថា៖ «រាជរដ្ឋាភិបាលត្រូវបង្កើតទីផ្សារការងារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ រយៈពេលវែងកុំឱ្យកើតឡើង​ដដែល​ៗដើម្បីឱ្យជីវភាពពួកគាត់កាន់តែប្រសើរឡើង»

លោក ឌី ថេហូយ៉ា ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់បានបញ្ជាក់ក្នុងបណ្តាញតេឡាក្រាម និងវេបសាយសង់ត្រាល់ថា របាយការណ៍របស់ទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះជាការឆ្លុះបញ្ជាំងពីទិដ្ឋភាពពិតដែលពលករខ្មែរកំពុងប្រឈម។

លោកបន្ថែមថា បញ្ហាប្រឈមរបស់ពលករខ្មែរមានដូចជាកង្វះព័ត៌មានស្តីពីចំណាកស្រុក និងដំណើរការនីតិវិធីច្បាប់ស្មុគ្រស្មាញដែលត្រូវចំណាយពេលវេលា និងលុយកាក់ច្រើន។ ដើម្បីដោះស្រាយបញ្ហាអន្តោប្រវេសន៍នេះ លោកផ្តល់យោបល់ថា ការផ្សព្វផ្សាយ ការយោគយល់ និងសម្របសម្រួលដំណើរការនីតិវិធីច្បាប់ជារឿងចាំបាច់។

លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បដិសេធមិនធ្វើអត្ថា​​ធិប្បាយ​​​ជុំវិញការចាប់បញ្ជូនពលករចំណាកស្រុកខុសច្បាប់ខាងលើនេះដោយលោករុញឱ្យសួរទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈវិញ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងប្រាប់ ខេមបូចា ថា ក្រសួងការងារសហការជាមួយក្រសួងងស្ថាប័នពាក់ព័ន្ធប្រឹងប្រែង​ទប់ស្កាត់ការធ្វើចំណាកស្រុកខុសច្បាប់ ព្រោះថាប្រឈមនឹងបញ្ហាជាច្រើនដូចជាបញ្ហាការអនុវត្តច្បាប់ បញ្ហាការជួញដូរមនុស្ស ការជួញដូរកម្លាំងពលកម្ម និងអំពើហិង្សានានា។

លោក កក្តា អ៊ន បន្ថែមថា៖ «ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធបន្តសហការអប់រំ បង្ការការធ្វើចំណាកស្រុកខុសច្បាប់ ក្រសួងការងារអំពាវនាវដល់ប្រជាពលរដ្ឋដែលចង់មានការងារធ្វើ ឬចង់រៀនជំនាញវិជ្ជាជីវៈ សូមទាក់ទងមកក្រសួងការងារតាមរយៈលេខ ១២៩៧ ឬ១២៨៦»

តាមរបាយការណ៍របស់ក្រសួងការងារកាលពីឆ្នាំ២០២៣មានពលករខ្មែរចំនួន១លាន៣សែននាក់ធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន ម៉ាឡេស៊ី ហុងកុង សិង្ហបុរីនិងប្រទេសមួយចំនួនទៀត។ ˜បើតាមតួលេខរបស់អង្គការសង់ត្រាល់បង្ហាញថាពលករខ្មែរកំពុងធ្វើការនៅក្រៅប្រទេសចំនួនប្រហែល២លាន២សែននាក់។

ខេមបូចា មិនអាចទំនាក់ទំនងលោកឧត្ដមសេនីយ៍ទោ ពេជ្រ​ វណ្ណា ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ តាមទូរសព្ទបានទេនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ៕

175 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម