សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

សាលាឧទ្ធរណ៍បន្តបើកសវនាការលើអតីតប្រធានបក្សប្រឆាំង លោក កឹម សុខា ពាក់ព័ន្ធនឹងបទក្បត់ជាតិ បន្ទាប់ពីពន្យារពេលច្រើនលើក

លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)
លោក កឹម សុខា ចាកចេញពីផ្ទះរបស់លោក ដើម្បីចូលរួមស្តាប់សាលក្រមកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ព្រីង សំរាំង)

សាលាឧទ្ធរណ៍បន្តបើកសវនាការលើ លោក កឹម សុខា​​ អតីតប្រធានគណបក្សប្រឆាំង នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ពាក់ព័ន្ធនឹងបទក្បត់ជាតិប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាល បន្ទាប់ពីពន្យារពេលជាច្រើនលើក។

សាលាឧទ្ធរណ៍បានចាប់ផ្តើមសវនាការនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ប៉ុន្តែដំណើរការនីតិវិធីត្រូវបានពន្យារពេលបីលើកមុនពេលឈានដល់ដំណាក់កាលសន្និដ្ឋាន ដែលដំបូងឡើយត្រូវបានគ្រោងនឹងចាប់ផ្តើមនៅខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែចាប់តាំងពីពេលនោះមកត្រូវបានពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៥។

សាលាឧទ្ធរណ៍បានពន្យារពេលលើកទីមួយនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ការពន្យារពេលលើកទីពីរនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ និងការពន្យារពេលលើកទីបីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ផ្តន្ទាទោស​អតីត​ប្រធាន​គណបក្ស​ប្រឆាំង​ លោក កឹម សុខា ដាក់​ពន្ធនាគាររយៈពេល២៧ឆ្នាំ​ ពី​បទ​ក្បត់​ជាតិ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។

នៅពេលនោះ ប្រធានក្រុមប្រឹក្សាចៅក្រម លោក កូយ សៅ បានប្រកាសសាលក្រមថា លោក កឹម សុខា ត្រូវផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេសតាមមាត្រា​៤៣៩​ និងមាត្រា៣៤៣នៃក្រមព្រហ្មទណ្ឌ។

លោកប្រធានក្រុមប្រឹក្សាចៅក្រម បានប្រកាសទោសបន្ថែមទៀតថា លោក កឹម សុខា ត្រូវបានដកសិទ្ធិជា​ពលរដ្ឋ​​ជាស្ថាពរ ដោយដកសិទ្ធិបោះឆ្នោត ដកសិទ្ធិឈរឈ្មោះ​ឱ្យគេបោះឆ្នោតឱ្យ និងដកសិទ្ធិធ្វើនយោបាយ។

លើសនេះទៀត សាលក្រមរបស់សាលាដំបូង​រាជធានីភ្នំពេញ​បានរារាំងលោក កឹម សុខា មិនឱ្យចាកចេញពីផ្ទះ ឬទំនាក់ទំនងដោយផ្ទាល់ ឬតាមប្រព័ន្ធ​អ៊ីនធឺណិតជាមួយបុគ្គលណាទាំងអស់ក្រៅពីសមាជិកគ្រួសារ លើក​លែង​តែមាន​ការអនុញ្ញាតពីព្រះរាជអាជ្ញា​។​

អ្នកសារព័ត៌មាន នាំគ្នាថតរូបភាពការមកដល់របស់អតីតប្រធានគណបក្សប្រឆាំង លោក កឹម សុខា នៅសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី៨ ខែមរសា ឆ្នាំ២០២៦ ដើម្បីចូលរួមសវនាការ។ (ខេមបូចា/ ព្រីង សំរាំង)

លោក កឹម សុខា ដែលជាអតីត​ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និង​ត្រូវ​បាន​ចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែល​តាម​ចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែល​កំពុង​កាន់​អំណាច។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​តាម​ដីកា​របស់​តុលាការ​កំពូល​កាលពី​ឆ្នាំ​២០១៧ ដោយ​ចោទ​ប្រកាន់​ថា​ជា​យានជំនិះ​សម្រាប់​ការ​ប៉ុនប៉ង​ធ្វើ​បដិវត្តន៍​ដូច​គ្នា​នោះ។ ជាផ្នែកនៃសេចក្តី​សម្រេច​នេះ សមាជិកគណបក្សសង្គ្រោះជាតិជាង១០០ នាក់ត្រូវបានរារាំងមិនឱ្យធ្វើ​នយោបាយ​​រយៈពេល​ប្រាំឆ្នាំ៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម