សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា
KH | EN

អង្គការមួយរកឃើញថា កម្មកររោងចក្រ​ម៉ៅការដេរបន្តទទួលបានប្រាក់ឈ្នួលទាប និងប្រឈមការរំលោភសិទ្ធិ

រូបភាពកម្មករកម្មការិនីនៅរោងចក្រម៉ៅការដេរបន្តខ្នាតតូចមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានអង្គការអុកស្វាម រំលេចក្នុងរបាយការណ៍ស្រាវជ្រាវ ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ (ខេមបូចា/ ប៉ា តុងចិន)
រូបភាពកម្មករកម្មការិនីនៅរោងចក្រម៉ៅការដេរបន្តខ្នាតតូចមួយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ដែលត្រូវបានអង្គការអុកស្វាម រំលេចក្នុងរបាយការណ៍ស្រាវជ្រាវ ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្តនៅកម្ពុជា»។ (ខេមបូចា/ ប៉ា តុងចិន)

កម្មករកម្មការិនីធ្វើការនៅរោងចក្រម៉ៅការដេរបន្ត​ប្រឈមនឹងការរំលោភសិទ្ធិការងារធ្ងន់ធ្ងរ ដោយពួកគេមិនទាន់ទទួលបានការអនុវត្តសិទ្ធិ និងកិច្ចគាំ​ពារសង្គមនៅកន្លែងការងារដូចមានចែងក្នុងច្បាប់នៅឡើយ តែផ្ទុយទៅវិញពួកគេរងការបង្ខំឱ្យធ្វើការលើសម៉ោងពីសំណាក់ថៅកែក្រុមហ៊ុន ទាំងដែលទទួលបានប្រាក់ឈ្នួលទាប។

នេះបើតាមរបាយការណ៍ស្រាវជ្រាវថ្មីមួយ​របស់អង្គការអុកស្វាម ស្តីពី«ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការបន្តនៅកម្ពុជា» ដែល​បានចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនានេះ។

ការរកឃើញនេះ ធ្វើឡើងក្រោមការស្ទង់មតិកម្មករនិយោជិតសរុបចំនួន៦០០នាក់ មកពីរោងចក្រម៉ៅការដេរបន្តចំនួន៦០កន្លែងផ្សេងគ្នា នៅក្នុងភូមិសាស្ត្ររាជធានីខេត្តចំនួន៣ រួមមាន រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តស្វាយរៀង។ ក្នុងនោះកម្មករនិយោជិតនៃរាជធានីខេត្តនីមួយៗមានចំនួន២០០នាក់ ដែលតំណាងឱ្យរោងចក្រចំនួន២០ក្នុងភូមិសាស្ត្រដែលពួកគេធ្វើការ។

ការស្រាវជ្រាវនេះបានគូសបញ្ជាក់ថា ម៉ោងធ្វើការក្នុងវិស័យម៉ៅការដេរបន្តភាគច្រើនមានរយៈពេលវែង លើសពីបទដ្ឋានដែលកំណត់ដោយច្បាប់ការងារ។ ក្នុងនោះមានកម្មករនិយោជិត៥០​​ភាគរយ ធ្វើការលើសពី៤៨ម៉ោងក្នុងមួយសប្តាហ៍ ខណៈកម្មករនិយោជិតចំនួន៥ភាគរយ ធ្វើការលើសពី៦០ម៉ោងក្នុងមួយសប្តាហ៍។ យ៉ាងណា ពួកគេទាំងនោះទទួលបានប្រាក់ឈ្នួលជាមធ្យមតែជាង១៧០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ មិនតែប៉ុណ្ណោះ មានតែកម្មករនិយោជិត ៣៧ភាគរយទេ ដែលទទួលបានប្រាក់ឧបត្ថម្ភថ្លៃធ្វើដំណើរ ឬស្នាក់នៅ ខណៈពួកគេត្រឹមតែ៩ភាគរយដែលទទួលបានប្រាក់អតីតភាពការងារ។

របាយការណ៍បញ្ជាក់ថា៖ «កម្មករនិយោជិតក្នុងរោងចក្រម៉ៅការដេរបន្ត ទទួលបានប្រាក់ឈ្នួលសុទ្ធជាមធ្យមត្រឹមតែ ១៧២ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ប្រាក់ឈ្នួលនេះមានអត្រាទាបជាង ៣៥ភាគរយ នៃប្រាក់ឈ្នួលសុទ្ធជាមធ្យមរបស់សមភាគីក្នុងវិស័យក្នុងប្រព័ន្ធដែលទទួលបាន ២៦៣ដុល្លារក្នុងមួយខែ គិតត្រឹមឆ្នាំ២០២១»

រាជរដ្ឋាភិបាលកម្ពុជាកាលពីខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាឱ្យកម្មករកាត់ដេរចំនួន៤ដុល្លារបន្ថែម ដែលសរុបប្រាក់ឈ្នួលអប្បបរមាប្រចាំខែទ្បើងដល់២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤។

របាយការណ៍ស្រាវជ្រាវនេះ មិនបានបញ្ជាក់ពីតួលេខពិតប្រាកដនៃចំនួនរោងចក្រម៉ៅការដេរបន្ត និងកម្មការិនីដែលកំពុងបំពេញការងារនោះទេ ក្រោមហេតុផលពិបាកវាស់វែងឱ្យបានច្បាស់លាស់ ដោយសាររោងចក្រម៉ៅការដេរបន្តដែលមិនបានទទួលស្គាល់ដោយច្បាប់មានចំនួនច្រើនសន្ធឹកសន្ធាប់។

នាយិកាអង្គការអុកស្វាម អ្នកស្រី ភាណ សោភ័ណ្ឌ បានគូសបញ្ជាក់ថា ការជ្រើសរើសយករាជធានីខេត្តទាំង៣ មកសិក្សា ដោយសារភូមិសាស្ត្រទាំង៣នេះ សម្បូររោងចក្រម៉ៅការដេរបន្ត។ អ្នកស្រីឱ្យដឹងដែរថា របាយការណ៍ស្រាវជ្រាវនេះ នឹងត្រូវបញ្ជូនដោយផ្ទាល់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីស្វែងរកការឆ្លើយតបតាមរយៈគោលនយោបាយគាំពារផ្សេងៗ។

អ្នកស្រីបញ្ជាក់ទៀតថា គោលបំណងនៃការសិក្សានេះ គឺដើម្បីបង្ហាញពីបញ្ហាប្រឈមរបស់​កម្មករ​និយោជិតធ្វើការក្នុងរោងចក្រម៉ៅការដេរបន្ត ដើម្បីឱ្យរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើពួកគេឱ្យដូចកម្មករនិយោជិតនៃរោងចក្រក្នុងប្រព័ន្ធដែរ។

អ្នកស្រីថ្លែងថា៖ «អ្វីដែលយើងចង់ឃើញ គឺថាកម្មករ ទោះបីជានៅក្នុងរោងចក្រដែលបានចុះបញ្ជី ឬក៏នៅក្នុងអាជីវកម្មម៉ៅការនេះ ទទួលបានការគោរពសិទ្ធិ ទទួលបានលក្ខខណ្ឌការងារ​​ ក៏ដូចជាការគាំពារសង្គមស្មើគ្នាដែរ»

បើតាមរបាយការណ៍ស្រាវជ្រាវបានរំលេចថា កម្មករនិយោជិតនៅរាជធានីភ្នំពេញដែលភាគច្រើនជារោងចក្រធន់ធំបានរាយការណ៍ថា ពួកគេជិត៨០ភាគរយត្រូវរងការពិន័យ បើពុំអាចបំពេញការងារតាមកូតាផលិតកម្មបាន ខណៈដែលកម្មករនិយោជិតនៅខេត្តចំនួន២ផ្សេងទៀតមានតិចតួចប៉ុណ្ណោះដែលជួបបញ្ហានេះ។

របាយការណ៍ស្រាវជ្រាវបញ្ជាក់ថា៖ «(កម្មករនិយោជិត)ប្រមាណ ៧៧ភាគរយ បានរាយការណ៍ការពិន័យ ឬការដាក់ទណ្ឌកម្ម ដែលកើតឡើងនៅពេលដែលពួកគេពុំអាចបំពេញការងារតាមកូតាផលិតកម្ម»

ការស្រាវជ្រាវខាងលើក៏បានបញ្ជាក់ដែរថា មានតែកម្មករនិយោជិតតែ១១ភាគរយប៉ុណ្ណោះមាន​កិច្ចសន្យាការងារជាលាយលក្ខណ៍អក្សរ ដែលកំណត់ថិរវេលាសម្រាប់រយៈពេល៣ខែ ឬ៦ខែ។ ដោយឡែក កម្មករនិយោជិតចំនួន៨៩ភាគរយទៀត មានកិច្ចសន្យាការងាររយៈពេលខ្លី ឬជាបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ កម្មករនិយោជិតចំនួន៧០ភាគរយទទួលបានប្រាក់ឈ្នួល​គិតជាប្រចាំថ្ងៃ។

បន្ថែមលើនេះ មានតែកម្មករនិយោជិត១១ភាគរយប៉ុណ្ណោះ ដែលមានបណ្ណបេឡាជាតិរបបសន្តិសុខសង្គម(បសស)។ បន្ថែមលើនេះ កម្មករនិយោជិត៩១ភាគរយមិនទទួលបានថ្ងៃឈប់សម្រាកប្រចាំឆ្នាំដែលមានប្រាក់ឈ្នួលឡើយ។ ពួកគេចំនួន៧៦ភាគរយក៏បានរាយការណ៍ថា មិនមានសិទ្ធិទទួលបានច្បាប់ឈប់សម្រាក ពេលឈឺដោយមានប្រាក់ឈ្នួល ហើយពួកគេក៏ត្រូវចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺ ឬគ្រោះថ្នាក់ការងារដោយខ្លួនឯងដែរ។ ជាមួយគ្នា កម្មករនិយោជិតចំនួន៣៨ភាគរយបានឱ្យដឹងថា​​ ពួកគេមិនអនុញ្ញាតឱ្យឈប់សម្រាកមាតុភាពឡើយ។ ​

ក្រៅតែបញ្ហាដ៏ចាក់ស្រេះនេះ អង្គការអុកស្វាមក៏រកឃើញដែរថា កម្មករនិយោជិតនៅតាមរោងចក្រម៉ៅការដេរបន្ត ក៏ជួបបញ្ហាប្រឈមក្នុងការចូលរួម និងបង្កើតសហជីពដោយបើកចំហរ ដោយក្នុងចំណោមកម្មករនិយោជិតដែលត្រូវបានស្ទង់មតិបានឱ្យដឹងថា ពួកគេមានតែ ១ភាគរយប៉ុណ្ណោះ ដែលជាសមាជិកសហជីព។

កម្មការិនីរោងចក្រម៉ៅការដេរបន្តអាយុ៣៨ឆ្នាំម្នាក់រស់នៅរាជធានីភ្នំពេញ ដែលអង្គការ​អុក​ស្វាម​សុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា នៅរោងចក្ររបស់អ្នកស្រី គឺមានការបង្ខំកម្មករនិយោជិតឱ្យធ្វើការដល់ចំនួនកំណត់ ទើបបើកប្រាក់ឈ្នួលឱ្យ។ បន្ថែមលើនេះ អ្នកស្រីថា ក្នុងករណីកម្មករនិយោជិតធ្វើការមិនគ្រប់ផែនការ នោះថៅកែរោងចក្រនឹងដាក់គំនាបមកលើពួកគាត់។

អ្នកស្រីថា៖ «យើងត្រូវដេរអាវពី៧០ទៅ៨០ឱ្យហើយក្នុងរយៈពេលមួយម៉ោង[..]សម្រាប់រោងចក្រតូចនេះ យើងត្រូវដេរសម្លៀកបំពាក់រហូតដល់គ្រប់ផែនការកំណត់។ ដូច្នេះយើងនឹងទទួល​បានប្រាក់ឈ្នួល។ នៅរោងចក្រធំៗ គេមិនស្រែកដាក់កម្មករនិយោជិតទេ។ នៅក្នុងរោងចក្រតូចនេះ នៅពេលដែលយើងធ្វើការងារមិនបានល្អ និងមិនគ្រប់ ផែកការ ពួកគេនឹងបន្ទោសយើង ហើយដាក់សម្ពាធកាន់តែខ្លាំងមកលើយើង»។

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលពាក់ព័ន្ធ នៅក្នុងវេទិកាកិច្ចពិភាក្សាគោលនយោបាយ និងផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវរបស់អង្គការ​​អុកស្វាម ស្តីពី«ការទទួលបានការងារសម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការដេរបន្ត នៅកម្ពុជា» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ ប៉ា តុងចិន)

ចំណែក អតីតកម្មការិនីក្នុងរោងចក្រម៉ៅការដេរបន្ត អ្នកស្រី គឹម លី បានឱ្យដឹងថា អ្នកស្រីធ្លាប់ធ្វើការរយៈពេលជិត២ខែក្នុងរោងចក្រម៉ៅការដេរបន្តមួយក្នុងរាជធានីភ្នំពេញ កាលពីអំឡុងចុងឆ្នាំ២០២៣ ស្របពេលដែលរោងចក្រផ្លូវការរបស់អ្នកស្រីត្រូវបានព្យួរកម្មករនិយោជិត ដោយ​សារ​គ្មានការងារឱ្យធ្វើ។ ពេលនោះ អ្នកស្រីឱ្យដឹងថា ថៅកែរោងចក្រម៉ៅការបានបង្ខំឱ្យកម្មករនិយោជិតធ្វើការ ប៉ុន្តែបើកប្រាក់ឈ្នួលមិនទៀងទាត់។

ស្ត្រីវ័យ៤៤ឆ្នាំរូបនេះបន្តថា កម្មករនិយោជិតនៅរោងចក្រម៉ៅការដេរបន្តនោះ មិនទទួលបានសេវាគាំពារសង្គម និងគ្រោះថ្នាក់ការងារឡើយ ហើយត្រូវក្រុមហ៊ុនកាត់ប្រាក់ឈ្នួលថែមទៀត ប្រសិនបើកម្មករនិយោជិតមានគ្រោះថ្នាក់មិនបានមកបំពេញការងារ។

អ្នកស្រីគូសបញ្ជាក់ថា៖ «ខ្ញុំសួរគាត់ៗ ថាអត់មានបណ្ណប.ស.ស ទេ ទី១។ ហើយទី២​​ បើសិនជាគាត់គ្រោះថ្នាក់ការងារ គាត់ត្រូវគេកាត់លុយ។ គេកាត់លុយ ហើយគាត់ប្រើលុយខ្លួនឯងទៀត។ ឧទាហរណ៍ថា កម្មករសន្លប់នៅក្នុងម៉ោងការងារ ក្រុមហ៊ុនតេហៅឡានពេទ្យមក ប៉ុន្តែពេលគាត់ដឹងខ្លួន គាត់អ្នកចេញលុយថ្លៃឡានពេទ្យ ឬសេវាពេទ្យដោយខ្លួនឯង មិនមែនជាក្រុមហ៊ុនទេ»។

យ៉ាងណា អ្នកស្រីថា ការដែលកម្មករនិយោជិតនៅតែស៊ូទ្រាំនឹងការងារក្នុងរោងចក្រម៉ៅការដេរបន្ត ដោយសារតែពួកគេមិនបានគិតវែងឆ្ងាយពីអត្ថប្រយោជន៍ការងារ។ ផ្ទុយទៅវិញ ពួកគេគិតថា អាចរកចំណូលបានភ្លាមៗប្រចាំថ្ងៃ ស្របពេលដែលពួកគេខ្វះខាតលុយកាក់ផ្គត់ផ្គង់គ្រួសារផងនោះ។

មាត្រា៨៣នៃច្បាប់ស្តីពីការងារចែងថា ការយឺតយូរមិនព្រមបើកប្រាក់ឈ្នួលឱ្យទាំងអស់ ឬមួយភាគខ្លះឱ្យកម្មករនិយោជិត រួមនិងការជេរប្រមាថ គំរាមកំហែង ជាការប្រព្រឹត្តកំហុសដ៏ធ្ងន់ធ្ងររបស់និយោជក។ 

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ បានមានប្រសាសន៍ថា តាមបទពិសោធន៍ដែលលោកធ្វើការកន្លងមក រោងចក្រម៉ៅការដេរបន្តភាគច្រើនមិនសូវបានអនុវត្តតាមច្បាប់ការងារឡើយ ទាំងការអនុវត្តសិទ្ធិការងារ និងការអនុវត្តសិទ្ធិសេរីភាពតំណាងសហជីព។

លោកមានប្រសាសន៍៖ «ក្រុមហ៊ុនដែលម៉ៅការ ភាគច្រើន គឺមិនសូវបានអនុវត្តច្បាប់បានល្អទេ ហើយមានការរឹតបន្តឹងសេរីភាពសហជីព និងសិទ្ធិកម្មករហ្នឹង ហើយខ្ញុំគិតថារបាយការណ៍​នេះ គឺត្រឹមត្រូវហើយ ព្រោះភាគច្រើននៃកម្មករម៉ៅការហ្នឹងគឺមិនបានរៀបរយបានល្អទេ»

បញ្ហានេះ លោកជំរុញឱ្យក្រសួងការងារត្រួតពិនិត្យការអនុវត្តសិទ្ធិការងារនៅតាមរោងចក្រដេរបន្តទាំងខ្នាតតូច និងធំទាំងអស់ ឱ្យបានត្រឹមត្រូវតាមច្បាប់ ចៀសវាងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មរបស់កម្មករនិយោជិត ក៏ដូចជារំលោភលើសិទ្ធិការងារផ្សេងៗ។

លោកលើកឡើងថា៖ «ខ្ញុំគិតថា ទោះបីកម្មករហ្នឹងម៉ៅការ កម្មករក្រុមហ៊ុនតូច ឬធំ ចុះបញ្ជី ឬមិនចុះបញ្ជីមិនសំខាន់។ សំខាន់គឺច្បាប់មានយ៉ាងម៉េច ត្រូវអនុវត្តតាមច្បាប់ ព្រោះច្បាប់ការងារមិនសំដៅលើអ្នកឯងប្រើកម្មករម្នាក់ ឬ២នាក់ ឬចុះបញ្ចី មិនចុះបញ្ជីទេ សំខាន់ឱ្យតែប្រើកម្មករគឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់»

ខេមបូចា មិនទាន់អាចសុំការឆ្លើយតបពី អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក ខេន លូ និងអគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) លោក កាំង មូនីកា បាននៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី២៤ ខែមិថុនានេះ។

ដោយឡែក ប្រធានសមាគមស្បែកជើងកម្ពុជា លោក លី ឃុនថៃ បានអះអាងថា ក្នុងចំណោមសមាជិករោងចក្រដេរស្បែកជើងទាំងអស់ក្នុងសមាគមរបស់លោក គឺមិនមានសមាជិកណាមួយដែលម៉ៅការបន្តឡើយ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា​ជីវៈ លោក កត្តា អ៊ន អះអាងថា ក្រសួងការងារនឹងពិនិត្យរបាយការណ៍របស់អង្គការអុកស្វាម ហើយឈានដល់ការកែលម្អបន្ថែម ប្រសិនរកឃើញចន្លោះខ្វះខាតពិតប្រាដក។

លោកមានប្រសាសន៍ថា៖«ក្រសួងនឹងពិនិត្យលើរបាយការណ៍នេះ ថាតើមានកម្រិតត្រឹមត្រូវ ឬមិនត្រឹមត្រូវកម្រិតណា។ បើក្រសួងយល់ថាការអនុវត្តកន្លងមកមានភាពខ្វះខាត ក្រសួងនឹងកែលម្អឱ្យកាន់តែប្រសើរឡើង»។

បើតាម លោក កត្តា អ៊ន បានឱ្យដឹងថា របាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្ដិកម្ម (SICMS) បំពេញដោយសហគ្រាស គ្រឹះស្ថាន នៅក្នុងឆ្នាំ២០២៣បានបង្ហាញថា រោងចក្រម៉ៅការដេរបន្តសរុបមានចំនួន២២ និងកម្មករនិយោជិតសរុបប្រមាណចំនួន ១២,៧២៩នាក់។

លោកឱ្យដឹងដែរថា តាមផែនការនៃការរៀបចំការចុះធ្វើអធិការកិច្ចការងារនៅតាមសហគ្រាសគ្រឹះស្ថាន ក្រសួងបានកំណត់ផែនការទៅលើវិស័យជាអាទិភាព ដែលក្នុងនោះរួមមានវិស័យកម្មសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។ ដោយឡែក ការចុះធ្វើអធិការកិច្ចការងារនេះយើងមិនមានកំណត់ទៅលើលក្ខណៈសហគ្រាស គ្រឹះស្ថាន ជាការចុះកិច្ចសន្យាម៉ៅការបន្ដនោះទេ ប៉ុន្ដែជារួម សហគ្រាស គ្រឹះស្ថានទាំងអស់នោះគឹមានក្នុងផែនការអធិការកិច្ចការងារ ដែលមានកំណត់ក្នុងផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍​វិស័យ​ការងារ សន្ដិសុខសង្គម និងបណ្ដុះ​បណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។

ទន្ទឹមគ្នា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ីវ រស្មី ចាត់ទុកថា របាយការណ៍ស្រាវជ្រាវនេះ នឹងក្លាយជាចំណែកមួយដែលជួយដល់ការសម្រេចចិត្តរបស់រដ្ឋាភិបាល ក្នុងការឆ្លើយតបនូវបញ្ហាប្រឈមរបស់កម្មករនិយោជិតទាំងអស់ ជាកម្រិតគោល​នយោបាយ​។ ការលើកឡើងរបស់លោកដូច្នេះ ធ្វើឡើងក្នុងវេទិការថ្នាក់ជាតិ ស្តីពី កិច្ចសន្ទនាគោលនយោបាយ និងការផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវ«ការទទួលបានការងារសមរម្យ និងរបបសន្តិសុខសង្គមក្នុងចំណោមកម្មការិនីរោងចក្រម៉ៅការបន្តនៅកម្ពុជា» កាលពីថ្ងៃទី២១ ខែមិថុនា ដែលរៀបឡើងដោយអង្គការអុកស្វាម។

លោកថ្លែងថា៖ «ចំណេះដឹង និងព័ត៌មានទាំងនេះ មានសារៈសំខាន់ក្នុងការរួមចំណែកផ្តល់ជា​ធាតុចូលដល់ការសម្រេចចិត្តនានារបស់រដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ ដើម្បីបន្តលើកកម្ពស់លក្ខខណ្ឌការងារ និងបន្តពង្រឹងសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងដើម្បីធានាថា កម្មករនិយោជិតគ្រប់រូប ដែលបំពេញការងារគ្រប់វិស័យសេដ្ឋកិច្ច ទាំងក្នុង និងក្រៅប្រព័ន្ធ ទទួលបានការងារ ប្រាក់ចំណូលសមរម្យ»

បើតាមក្រសួងការងារ គិតត្រឹមដើមឆ្នាំ២០២៤ កម្ពុជាមានរោងចក្រកាត់ដេរសរុបជាង ១ ៥០០កន្លែង ដែលមានកម្មករនិយោជិតសរុបជាង៩០ម៉ឺននាក់។ ក្នុងនោះមានស្ត្រីជាង៧០ម៉ឺននាក់ ដែលស្មើនឹង៨០ភាគរយនៃកម្មករនិយោជិតក្នុងវិស័យកាត់ដេរទាំងអស់៕

178 views

ព័ត៌មានថ្មី

អត្ថបទពេញនិយម