សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួង​យុត្តិធម៌​ប្រកាស​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​មាន​ការ​រិះគន់​ខ្លាំង​ជុំវិ​ញ​​​ការចោទ​ប្រកាន់អតីតឧកញ៉ា​ម្នាក់​ពី​​បទ​​ឃាតកម្ម​

លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់លើជនសង្ស័យជាឃាតកឈ្មោះ ស្រី ស៊ីណា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)
លោក កើត រិទ្ធ ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងអំឡុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញ ទាក់ទងនឹងការចោទប្រកាន់លើជនសង្ស័យជាឃាតកឈ្មោះ ស្រី ស៊ីណា ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា / ព្រីង សំរាំង)

ក្រសួងយុត្តិធម៌នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ជាពិសេសអំពី​ «ស្ថាន​ទម្ងន់ទោស​» នៃបទល្មើសព្រហ្មទណ្ឌ ដែល​ពាក់ព័ន្ធនឹងបទ​ឃាតកម្ម បន្ទាប់ពីមានការរិះ​គន់​ជា​សាធារណៈជុំវិញបទចោទដែលតុលាការ​បាន​ចោទប្រកាន់លើឧកញ៉ា ស្រី ស៊ីណា ដែលបានបាញ់ប្រហារ​យ៉ាងព្រៃផ្សៃលើ​ជនរងគ្រោះ​។

 អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានចាប់ខ្លួននៅខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីគេចខ្លួនពីកន្លែងប្រព្រឹត្តបទល្មើស​ ដែលបណ្តាល​ឲ្យឈ្មោះ​ ឡុង លីសុង អាយុ២៧ឆ្នាំ និងគូដណ្តឹងរបស់​គាត់​ឈ្មោះ​ ឃិន ​​កញ្ចនា​ អាយុ២៦ឆ្នាំ ស្លាប់ និងមនុស្ស​២នាក់ផ្សេង​ទៀតរងរបួស នៅខណ្ឌច្បារអំពៅ រាជធានីភ្នំ​ពេ​ញ​​។

ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់បញ្ចប់​គោរម​ងារ​​​​ឧកញ៉ា​ ស្រី​ ស៊ីណា បី​ថ្ងៃ​​ក្រោយ​ពី​មាន​ការ​ចោទ​ថា ​បាន​បាញ់​សម្លាប់ជនរងគ្រោះ។ ការ​បញ្ចប់​គោរម​ងារ​​នេះ ​ធ្វើ​ឡើង​​តាម​សេចក្តី​ក្រាបបង្គំ​ទូល​ថ្វាយ​របស់​លោកនាយ​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត។

ក្រសួងយុត្តិធម៌​បានធ្វើសន្និសីទសារព័ត៌មានមួយ​ស្តីពីបញ្ហានេះកាលពីថ្ងៃពុធ ទាក់​ទងនឹងចំណាត់ការផ្លូវច្បាប់របស់​សាលាដំបូងរាជធានីភ្នំពេញ ទី​ដែលជន​ល្មើស​ឈ្មោះ​ ស៊ីណា ត្រូវបានចោទប្រកាន់ចំនួនបីករណី គឺ​បទ​ឃាតកម្ម បទ​ប៉ុនប៉ងឃាតកម្ម​ និងបទ​ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។

លោករដ្ឋមន្ត្រី កើត រិទ្ធ មានប្រសាសន៍ថា៖ «ការ​ធ្វើ​សន្និសីទសារព័ត៌មាននេះ មិនមែន ​ដើម្បីការពារតុលាការនោះទេ ពីព្រោះបើ​ចៅក្រមធ្វើ​ខុស​ ចៅក្រម​បំពាន​ច្បាប់​ ចៅក្រម​ក៏​ត្រូវមាន​ការ​ទទួលខុសត្រូវ​ទាំងផ្លូវវិន័យ​ និងផ្លូវ​ច្បាប់​ផងដែរ​»។

គោលបំណងនៃសន្និសីទសារព័ត៌មាននេះ គឺជា​ការបំភ្លឺជូន​សាធារណជនអំពី​ច្បាប់​ជុំវិញ​អំពើ​ «ឃាតកម្មដ៏សាហាវ​» ស្របពេល​ដែលការវិភាគរបស់​សាធារណៈ​ជន​មួយចំនួនត្រូវ​បាន​​ធ្វើឡើងស្របតាមច្បាប់ ប៉ុន្តែខ្លះទៀត​ត្រូវបានធ្វើ​ឡើង​ទៅ​តាម​អារម្មណ៍។

លោកបានពន្យល់ថា ក្រម​ព្រហ្មទណ្ឌមាន​ចែង​ «បទ​ឃាតកម្មបីប្រភេទ» គឺ «ឃាតកម្មដោយអចេតនា ការប៉ុនប៉ងឃាតកម្ម​ និងឃាតកម្មគិតទុកជាមុន»។

លោក កើត រិទ្ធ មាន​ប្រសាសន៍ថា៖ «យើងទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា ឧក្រិដ្ឋ​ជន​នេះ [ស៊ីណា] បានសម្លាប់មនុស្ស។ ទី​២ ព្រះរាជអាជ្ញា​បាន​ចោទ​ប្រកាន់ [គាត់] ដោយ​ផ្អែក​លើ​អង្គហេតុ និងអង្គ​​ច្បាប់»។ 

លោក​បាន​បន្ថែម​ថា៖​ «​ក្នុង​ករណី​ដ៏​សាហា​វ​បែប​នេះ ស្ថាប័ន​ច្បាប់​អនុវត្តន៍ត្រូវធ្វើ​ការ​យ៉ាង​ហ្មត់ចត់​ និង​ [​ចាត់​ការ​] ​ប្រកប​ដោយ​​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​ធានា​ថា ​ឃាតក​ នឹង​​​មិន​រួច​ខ្លួន​ដោយ​ងាយ​ស្រួ​ល​នោះ​ទេ ហើយ​នឹង​មិន​មាន​ការ​បន្ធូរ​​បន្ថយ​​ទោស​នោះ​ទេ​»។

លោក ស្រី ស៊ីណា ជាជនសង្ស័យដែលបានបាញ់សម្លាញ់ជនរងគ្រោះពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងយកមកស្នងការដ្ឋាននគរបានរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ (រូបភាពស្នងការនគរបាលរាជធានីភ្នំពេញ)

លោក​បា​ន​អរគុណ​តំណាងអយ្យ​ការ​អម​សាលាដំបូងរាជធានីភ្នំពេញ​​ដែលបាន​​បំ​បែក​សំ​ណុំ​រឿង​នេះ​ជា​ពីរ​​ ដូច្នេះ​នឹង​មាន​សាលក្រមចំនួន​​ពីរ​អនុវត្ត​លើ​ជនល្មើស​​រូបនេះ​។ ជនល្មើស​​​នឹង​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគាររយៈ​ពេល​​ពី ១០ទៅ១៥​ឆ្នាំ​ចំពោះ​បទល្មើស​នីមួយៗ ហើយ​ដែល​​ត្រូវ​អនុវត្ត​បន្ត​​គ្នា​។

លោក កើត រិទ្ធ បានមាន​ប្រសាសន៍​​ថា៖​ «​នៅ​ពេល [​គាត់​អនុវត្ត​] ទោស​មួយ​​សម្រាប់​សាលក្រម​មួយរួចហើយ​ ជនល្មើសនឹង​បន្ត​អនុវត្ត​ [​ទោស​] មួយទៀត​​»។

លោក​ កើត រិទ្ធ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​យក​ឱកាស​នេះ ដើម្បី​​បញ្ជាក់ជូន​ដល់​បងប្អូន​អ្នក​សារព័ត៌មាន​ថា​ ប្រសិន​បើ​បុគ្គល​​នេះ [ស៊ីណា] មិន​ត្រូវ​បាន​​កាត់​ទោស ឬត្រូវ​បាន​កាត់​ទោស​ដូចគេនិយាយថា ជាប់​២ឬ៣​ឆ្នាំចេញមកវិញ​​ ខ្ញុំ​​អ្នក​​ទទួល​​ខុស​ត្រូវមុន​គេ​។ ខ្ញុំ​នឹង​ដើរ​ចេញឈប់​​ធ្វើ​ការងារ​ផ្នែក​​ច្បាប់តែ​ម្តង​»។

លោក​បាន​ធានា​បន្ថែម​ថា ទោស​ជាប់​ពន្ធនាគារ​នឹង​មិន​ត្រូវ​បាន​បន្ធូរបន្ថយ​ឡើយ​។

យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ បទ​ឃាតកម្មត្រូវផ្តន្ទាទោសដាក់ពន្ធ​នា​​គារពី១០ទៅ១៥ឆ្នាំ។ តុលាការ​បាន​លើកឡើង​ថា​ ចំពោះ​បទ​ចោទ​​ទី​២ គឺ​បទ​ប៉ុនប៉ង​ឃាតកម្ម​ និង​ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ជនត្រូវ​ចោទ​ ស៊ីណា ប្រឈម​នឹង​ការ​ផ្តន្ទា​​ទោស​ជាប់​​ពន្ធ​នា​គារ​ពី១០ទៅ១៥ឆ្នាំ។

កាលពី​ថ្ងៃ​​ទី២២ ខែ​មិថុនា សាធារណជន​បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​​​បទ​ចោទ​ដែល​​​តុលាការចោទប្រកាន់​លើ​ជនល្មើស​រូបនេះ​ ដោយ​ហៅសេចក្តី​​សម្រេចនេះ​​ថា «មិន​សមស្រប» និង «អយុត្តិធម៌» ហើយ​ជនដៃដល់​គួរ​ត្រូវ​បាន​ «ផ្តន្ទា​​ទោស​​ឱ្យបាន​ធ្ងន់ធ្ងរ» បន្ទាប់​ពីជន​ល្មើស​ ស៊ី​ណា​ ត្រូវ​បាន​ចោទ​ប្រកាន់ និង​មាន​ការ​បែក​ធ្លាយ​វីដេអូ​​នៃ​ការ​បាញ់​ប្រហារ​នេះ​។

អ្នកវិភាគសង្គម និងមន្ត្រីរដ្ឋាភិបាលមួយចំនួនក៏បានចែករំលែកទស្សនៈយល់​ឃើញ​របស់ពួកគេ​ផងដែរ។

វីដេអូដែលគេ​បានបង្ហោះនៅលើហ្វេសប៊ុក នៅថ្ងៃនោះ បានបង្ហាញឱ្យឃើញជន​ល្មើសឈ្មោះ​​​ ស៊ីណា ដែល​កាន់កាំភ្លើង​ ដើរចូលទៅក្នុងផ្ទះរបស់​ជនរងគ្រោះ ហើយបានបាញ់សម្លាប់គូដណ្តឹង​ពីរនាក់​ ដែលជិតដល់ថ្ងៃ​​រៀបអាពាហ៍ពិពាហ៍នោះ បណ្ដាលឱ្យ​ស្លាប់ និងធ្វើ​ឱ្យ​បុរសពីរនាក់ទៀត​រង​របួស​។ ជនល្មើស ស៊ីណា ​បាន​រត់​គេច​ខ្លួន​ពី​កន្លែង​​កើត​ហេតុ​ភ្លាមៗ​ បន្ទាប់​ពី​ការ​បាញ់​ប្រហារនេះ។ 

កាលពីថ្ងៃចន្ទ ក្រសួងយុត្តិធម៌បានអះអាង​ថា ខ្លួនបានតាម​ដាន​ដោយ​យកចិត្តទុក​​ដាក់បំផុត​លើការអនុវត្តច្បាប់ចំពោះ​ករណី​នេះ ដើម្បីធានាថា ច្បាប់​ត្រូវ​បាន​អនុវត្តដោយ​ «ត្រឹមត្រូវ» និង «ម៉ឺងម៉ាត់​»ដើម្បីធានាថា ជនល្មើសដាច់ខាត​ត្រូវ​តែ​ទទួលខុសត្រូវចំពោះ​មុខ​ច្បាប់ជាធរមាន​ដោយ​ម៉ឺងម៉ាត់​ និងដោយ​គ្មានការបន្ធូរបន្ថយណាមួយឡើយ​ ហើយ​ជនរងគ្រោះ​ដាច់​ខាត​ត្រូវ​តែទទួល​បាន​យុត្តិធម៌។

លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារ​នៅលើទំព័រហ្វេសប៊ុករបស់លោកកាលពីថ្ងៃអង្គារថា ការជជែកវែកញែក​គ្នា​ពាក់ព័ន្ធ​ទៅ​នឹង​ការកាត់ទោសជន​ល្មើស​នៅក្នុង​​ករណីនៃការ​បាញ់​ប្រហារ​នេះ ដោយ​មាន​ការ​បង្ហាញ​ក្តី​កង្វល់​និង​បារម្ភ​ក្នុង​ចំណោម​សាធារណជនខ្លាចជនល្មើស​ពុំត្រូវបានផ្តន្ទាទោសឱ្យ​បាន​ម៉ឺងម៉ាត់​តាម​ផ្លូវ​ច្បាប់​ ឬអាចមាន​ការ​ធានា​ឱ្យនៅក្រៅឃុំដោយ​មិន​ប្រក្រតី។

លោក ហ៊ុន ម៉ាណែត មាន​ប្រសាសន៍​​ថា រដ្ឋាភិបាល​ប្តេជ្ញា​អនុវត្ត​ច្បាប់ ​ដើម្បី​ធា​នាថែរក្សា​​​សន្តិសុខ​សាធារណៈ និង​សណ្តាប់ធ្នាប់​សង្គម ក៏​ដូចជា​ការ​​ដោះស្រាយ​បញ្ហា​នានា​ក្នុង​សង្គម ប្រកប​​ដោយ​ភាព​ត្រឹម​ត្រូវ​ និង​យុត្តិធម៌។

លោក ហ៊ុន ម៉ាណែត បាន​អំពាវនាវឱ្យ​ស្ថាប័នតុលាការ និងស្ថាប័ន​អយ្យការ យក​​ចិត្តទុកដាក់ក្នុង​ការ​ពិនិត្យ​និង​អនុវត្តច្បាប់លើករណី​នេះឱ្យ​បាន​ម៉ត់ចត់​ និង «ផ្តល់យុត្តិធម៌ជូនជនរងគ្រោះ និងក្រុមគ្រួសារដោយគ្មាន​ការអន្តរាគមន៍ណាមួយ​ជា​ដាច់​ខាត»។

លោក​ក៏បាន​ណែនាំ​ឱ្យ​លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ធ្វើ​វិ​សោ​ធ​ន​កម្ម​ក្រម​ព្រហ្មទណ្ឌ បន្ទាប់​ពី​បាន​អាន​ការបញ្ចេញ​មតិ​​របស់​អ្នក​ប្រើប្រាស់​​ហ្វេស​​​ប៊ុកម្នាក់​ និង​ជា​និស្សិត​ច្បាប់​ឈ្មោះ​ Vongchan Reaksmeidara ដែល​បាន​លើក​ឡើង​អំពី​ចន្លោះ​ប្រហោង​នៃ​ក្រម​ព្រហ្មទណ្ឌ ជាពិសេសចាប់ពី​​មាត្រា១៩៩ ដល់​មាត្រា២០៥។

មាត្រាស្តីពីបទ​ឃាតកម្មមិនបានចែងអំពីទោសទណ្ឌចំពោះ​ «បទព្រហ្មទណ្ឌ​ដែលមាន​ស្ថានទម្ងន់ទោស» ទាក់ទងនឹង «ការបាញ់សម្លាប់យ៉ាងសាហាវ​»។

ទន្ទឹមនឹងនោះ លោក កើត រិទ្ធ បានមាន​ប្រសាសន៍​ថា ដោយ​អនុវត្តតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌​នឹងធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ក្រម​នីតិវិធីព្រហ្មទណ្ឌ និងក្រមនីតិវិធីរដ្ឋប្បវេណី ដើម្បីដោះស្រាយ «ចន្លោះប្រហោង» នេះ និងកែសម្រួលច្បាប់ទាំងនេះឡើងវិញ ដើម្បីឆ្លើយ​តប​តម្រូវការបច្ចុប្បន្ន​របស់​សង្គម ការអភិវឌ្ឍ និងដើម្បី​ការពារសន្តិសុខសាធារណៈ។

លោកបន្តថា ការ​សម្រេច​ចិត្ត​​ធ្វើ​វិសោធនកម្ម​ច្បាប់ត្រូវបានសម្រេច អំឡុង​សន្និសីទមួយ​កាល​​ពី​​ខែមីនា ឆ្នាំ២០២៣។ លោក កើត រិទ្ធ បាន​គូស​បញ្ជាក់ថា៖ «យើងបានទទួ​ល​ស្គា​ល់​ថា ប្រសិនបើច្បាប់មានចន្លោះប្រហោង យើងត្រូវ​តែ​កែសម្រួល​ឡើងវិញ ប៉ុន្តែយើងមិនអាចអនុវត្តច្បាប់​ ដោយផ្អែកលើអារម្មណ៍របស់យើងនោះទេ»។

លោក​មាន​ប្រសាសន៍​​ថា ក្រម​ព្រហ្មទណ្ឌ​នឹង​ត្រូវ​កែសម្រួល ​ដើម្បី​បន្ថែម​ «ស្ថាន​ទម្ងន់​ទោស​» ​នៃ​បទ​ឃាតកម្ម​ ដោយ​លោក​បាន​បន្ថែម​ថា ​វិសោធនកម្ម​នឹង​លុបចេញ​មាត្រា​មួយ​ដែល​និយាយអំពី​​ការ​ស្រូប​​ទោស។

លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក បានប្រាប់ខេមបូចា​ ថា សន្និសីទកាសែតនេះ គឺដើម្បីបង្ហាញពីជំហរដល់សាធារណៈជន ដែលប្រើប្រាស់​បណ្តាញ​ព័ត៌​​មាន​​សង្គមបញ្ចេញកំហឹង ស្វែងយល់ពីនីតិវិធីតុលាការ និងឲ្យមាន​ការ​ជឿជា​ក់​​លើប្រព័ន្ធយុត្តិធម៌របស់កម្ពុជា។

លោក​មាន​ប្រសាសន៍​ថា៖​ «​ប្រជាពលរដ្ឋ​​ខ្វះ​ជំនឿ​លើ​ប្រព័ន្ធ [យុត្តិធម៌] ​ដូច​ខ្ញុំ​បាន​លើក​ឡើងហើយ​​ថា អ្នកខ្លះ​ ​ដែល​ប្រព្រឹត្ត​បទ​ល្មើសមួយចំនួនជាប់ឃុំមិនបានប៉ុន្មានផង​ក៏រួចខ្លួនទៅ​​​ ​» ដោយ​លោក​បាន​បន្ថែមថា អ្នក​ខ្លះ​ទៀត​​បាន​ប្រព្រឹត្តអំពើ​ហិង្សា វាយ​ដំ​តំណាងរាស្ត្រ​ ហើយ​ជាប់ពន្ធនាគារមួយរយៈ ចេញមកវិញត្រូវបានតម្លើងឋានន្តរសក្តិ។​​

លោកថា ជាក់ស្តែង​ អង្គរក្សម្នាក់បានវាយដំអតីតតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ ត្រូវបានដោះលែងពីពន្ធនាគារ និងដំឡើងឋានន្តរស័ក្តិ​ជាវរសេនីយ៍ឯក។

លោក​បាន​បន្ថែម​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នៅពេលនោះមិន​ទាន់​មាន​ការ​រីកចម្រើន​ខ្លាំង​ ដូច្នេះ​មិន​សូវ​មាន​អ្នក​ចាប់​អារម្មណ៍ច្រើន​​ទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Justice Ministry To Amend Criminal Code After Strong Criticism On Tycoon’s Murder Charge

936 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម