ស្របពេលសិស្សកំពុងវិលត្រឡប់មករៀនក្នុងថ្នាក់ជាបន្តបន្ទាប់ អ្នកជំនាញចាប់ផ្តើមកត់សម្គាល់ពីផលប៉ះពាល់ពីការសិក្សាពីចម្ងាយអស់រយៈពេលជិតមួយឆ្នាំកន្លះកន្លងទៅនេះ។
អ្នកជំនាញនិយាយថា ការសិក្សារបស់សិស្សបានរងការប៉ះពាល់យ៉ាងខ្លាំងដោយសារតែសាលារៀនបានបិទទ្វារអស់រយៈពេលយូរអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩។ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះគឺ កង្វះខាតការសិក្សាតាមថ្នាក់រៀនអំឡុងពេលវិបត្តិជំងឺកូវីដ១៩ បានកាត់បន្ថយលទ្ធភាពទទួលបានការអប់រំសម្រាប់កុមារមួយចំនួន ជាពិសេសកុមារដែលរស់នៅតំបន់ដាច់ស្រយាល និងមកពីគ្រួសារក្រីក្រ។
ដោយសំដៅទៅការសន្និដ្ឋានដូចនេះ ធនាគារពិភពលោក និងអង្គការភាពជាដៃគូសកលដើម្បីការអប់រំកាលពីថ្ងៃទី១៨ ខែមករា បានប្រកាសផ្តល់កញ្ចប់ហិរញ្ញប្បទានថ្មីចំនួន ៦៩.២៥ លានដុល្លារសម្រាប់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ សេចក្តីថ្លែងការណ៍រួមពីអង្គការទាំងពីរលើកឡើងថា ធនាគារនឹងផ្តល់ឥណទានចំនួន ៦០លានដុល្លារតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ ស្របពេលអង្គការភាពជាដៃគូសកលដើម្បីការអប់រំនឹងផ្តល់ឥណទានចំនួន ៩.២៥លានដុល្លារ។
សេចក្តីថ្លែងការណ៍ខាងលើនេះលើកឡើងថា ហិរញ្ញប្បទាននេះនឹងត្រូវប្រើដើម្បីគាំទ្រដល់គម្រោងលើកកម្ពស់វិស័យអប់រំទូទៅ (GEIP) រយៈពេលប្រាំឆ្នាំនៅក្នុងប្រទេស ដោយសំដៅជួយកម្ពុជាសម្រេចគោលដៅក្នុងការបង្កើតនិងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់បំផុត ដើម្បីស្ថាបនាសង្គមមួយដែលផ្អែកលើចំណេះដឹង។ សេចក្តីថ្លែងការណ៍ក៏បានបន្តថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាលើកកម្ពស់គុណភាពអប់រំសម្រាប់កុមារ និងដោះស្រាយបញ្ហាវិសមភាពក្នុងការទទួលបានការអប់រំប្រកបដោយគុណភាព។
អ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា បានប្រាប់ ខេមបូចា ថា ក្រសួងស្វាគមន៍និងសាទរកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ រួមមាន ធនាគារពិភពលោក ក្នុងការជួយលើកកម្ពស់គុណភាពអប់រំ និងពង្រឹងសុវត្ថិភាពនិងសុខមាលភាពសម្រាប់ការបង្រៀននិងសិក្សាអំឡុងពេលវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែលោកសុំមិនបញ្ចេញយោបល់ពាក់ព័ន្ធនឹងបែបផែនដែលក្រសួងនឹងអនុវត្តគម្រោងនេះ។
សេចក្តីថ្លែងការណ៍ពីទីភ្នាក់ងារផ្តល់ហិរញ្ញប្បទានខាងលើក៏មិនបានបញ្ជាក់លម្អិតពីការអនុវត្តគម្រោងផងដែរ។
អ្នកស្រី Maryam Salim អ្នកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ហិរញ្ញប្បទាននឹងផ្តោតលើសិស្សងាយរងគ្រោះក្នុងការបោះបង់ចោលការសិក្សា ដូចជា សិស្សពិការ ឬសិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារជនជាតិដើមភាគតិច។
អ្នកស្រីបានថ្លែងថា៖ «យើងសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងដោះស្រាយបញ្ហាប្រឈមទាំងនោះ និងធ្វើឲ្យអ្វីៗប្រសើរឡើងវិញ»។
សេចក្តីថ្លែងការណ៍បានលើកឡើងថា មានសកម្មភាពមួយចំនួនដែលនឹងត្រូវអនុវត្តនៅក្នុងគម្រោង ដូចជា ការដាក់បញ្ចូលកម្មវិធីនៅក្នុងការគ្រប់គ្រងតាមសាលា ការលើកកម្ពស់បរិស្ថានសិក្សា និងការពង្រឹងសមត្ថភាពគ្រូបង្រៀន ថ្នាក់ដឹកនាំសាលា គ្រូគរុកោសល្យ និងបុគ្គលិកក្នុងវិស័យអប់រំជាដើម។
ទីភ្នាក់ងារអង្គការសហប្រជាជាតិដូចជា អង្គការ Unicef បានកំណត់ការបិទទ្វារសាលារៀនរយៈពេលយូរជាកត្តាដាក់សម្ពាធយ៉ាងធំមួយសម្រាប់កុមារក្នុងវ័យសិក្សា។ យោងទៅតាមរបាយការណ៍របស់អង្គការ Unicef ចុះផ្សាយកាលពីខែមិថុនាឆ្នាំមុន ការបិទទ្វារសាលារៀនរយៈពេលយូរអាចប៉ះពាល់មិនត្រឹមតែសមត្ថភាពសិក្សារបស់សិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទៅលើសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ។
កម្ពុជាបានបិទគ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនទូទាំងប្រទេសជាលើកដំបូង ក្នុងខែមីនា ឆ្នាំ២០២០ នៅពេលមានការរាតត្បាតជំងឺកូវីដ១៩ រហូតដល់ខែវិច្ឆិកា ឆ្នាំដដែលនេះ។ បន្ទាប់មក សាលារៀនបានបើកទ្វារឡើងវិញក្នុងរយៈពេលខ្លី មុនពេលត្រូវបិទទ្វារសាជាថ្មី ដោយសារការផ្ទុះឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានចាប់ផ្តើមឲ្យមានការឆ្លងរាលដាលជាបន្តបន្ទាប់។ រដ្ឋាភិបាលបានចាប់ផ្តើមធ្វើការបើកសាលារៀនឡើងវិញក្នុងទ្រង់ទ្រាយធំ កាលពីដើមខែវិច្ឆិកា ឆ្នាំមុន ខណៈពេលមានការយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស។
យ៉ាងណាក៏ដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដែលមានទិសដៅផ្តោតលើការអប់រំដូចជា អង្គការ Unesco និយាយថា បើទោះបីជានៅពេលសាលារៀនបានបើកទ្វារឡើងវិញ នៅតែមានការលំបាកក្នុងការធានាថា កុមារនិងយុវជននឹងត្រឡប់ទៅសិក្សាក្នុងថ្នាក់រៀនវិញ។
អង្គការ Unesco បានលើកឡើងនៅក្នុងការសេចក្តីថ្លែងការណ៍ឆ្លើយតបលើផ្នែកអប់រំអំឡុងពេលវិបត្តិកូវីដ១៩ លើសាកលលោកថា ឧបសគ្គផ្នែកសេដ្ឋកិច្ចនឹងបង្អាក់សិស្សមិនឲ្យចូលសាលារៀន។ ស្របជាមួយនឹងការបិទទ្វាររយៈពេលវែង ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយនេះបានសរសេរក្នុងន័យដើមថា៖ «ផលវិបាកផ្នែកសេដ្ឋកិច្ចបានដាក់សម្ពាធឲ្យកុមារទៅធ្វើការនិងរកចំណូលដើម្បីជួយគ្រួសារដែលមានបន្ទុកផ្នែកហិរញ្ញវត្ថុ»។
យោងតាមក្រសួងអប់រំ នៅឆ្នាំសិក្សា ២០១៩ និង២០២០ អត្រាបោះបង់ចោលការសិក្សាសម្រាប់សិស្សនៅបឋមសិក្សាបានកើនឡើង ៦,៨ភាគរយ ធៀបនឹង ៤,៤ភាគរយកាលពីឆ្នាំមុន។
សម្រាប់សិស្សនៅអនុវិទ្យាល័យថ្នាក់ទី៧ ដល់ទី៩ អត្រាបោះបង់ចោលការសិក្សាបានកើនឡើងពី ១៥,៨ភាគរយ មក ១៨,៦ភាគរយ។ អត្រាបោះបង់ចោលការសិក្សាសម្រាប់សិស្សវិទ្យាល័យថ្នាក់ទី១០ ដល់ទី១២ មិនបានប្រែប្រួលនោះទេ ដោយស្ថិតនៅអត្រា ១៦,៩ភាគរយ។
លោក Daniel Schmucking តំណាងអង្គការសិក្សាគោលនយោបាយ Konrad Adenauer Stiftung ប្រចាំកម្ពុជា និយាយថា ការបិទសាលារៀនពិតជាបង្កការលំបាកយ៉ាងខ្លាំងសម្រាប់សិស្សដែលមិនមានគ្រឿងឧបករណ៍ឌីជីថលដើម្បីសិក្សាតាមប្រព័ន្ធអនឡាញ។ លោកបានថ្លែងថា កាលពីគ្រានោះ គ្រូបង្រៀនមិនបានទទួលការហ្វឹកហ្វឺនពីការបង្រៀនតាមប្រព័ន្ធអនឡាញនោះទេ។
លោកបានថ្លែងថា៖ «គួរឲ្យសោកស្តាយ រហូតមកដល់ពេលនេះ សាលារៀន និងមហាវិទ្យាល័យមួយចំនួននៅតែបន្តបិទទ្វារ និងបន្តជាមួយនឹងការសិក្សាតាមប្រព័ន្ធអនឡាញ»។ លោកបន្ថែមថា៖ « ស្របពេលកម្ពុជាកំពុងបើកសេដ្ឋកិច្ចឡើងវិញ ជាការសំខាន់ដែលសាលារៀន និងមហាវិទ្យាល័យវិលត្រឡប់មកការសិក្សាក្នុងថ្នាក់រៀនវិញឲ្យបានឆាប់រហ័ស ដែលនេះអាចជួយឲ្យសិស្សតាមទាន់នូវអ្វីដែលពួកគេខកខានរៀនអំឡុងពេលវិបត្តិជំងឺកូវីដ១៩»។
អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានប្រាប់ ខេមបូចា ថា វិសមភាពក្នុងការទទួលបានការអប់រំគឺចោទជាបញ្ហារួចស្រាប់ទៅហើយមុនពេលមានវិបត្តិជំងឺកូវីដ១៩ ហើយវាកាន់តែធ្ងន់ធ្ងរអំឡុងពេលវិបត្តិជំងឺនេះ។
អ្នកស្រីបានថ្លែងថា៖ «សិស្សានុសិស្ស ជាពិសេសអ្នកដែលរស់នៅតំបន់ដាច់ស្រយាល តែងជួបការលំបាកអំឡុងពេលសិក្សាតាមអនឡាញ»។ អ្នកស្រីបន្ថែមថា៖ «ហើយជាមួយគ្នានេះ កង្វះខាតឧបករណ៍ឌីជីថល និងសេវាអ៊ីនធឺណិតខ្សត់ខ្សោយគឺជាបញ្ហាចម្បងពីរ ដែលពួកគេបានជួបប្រទះ»។
លោក រចំ សាមឿន គ្រូបង្រៀនមួយរូបនៅសាលាបឋមសិក្សា តាកុកភ្នង ក្នុងស្រុកអូយ៉ាដាវ ខេត្តរតនគិរីនិយាយថា សូម្បីតែការសិក្សាក្នុងថ្នាក់រៀនវិលត្រឡប់មកវិញក៏ពិតមែន សិស្សដែលភាគច្រើនមកលើសហគមន៍ជនជាតិដើមភាគតិចនៅតែមានការលំបាកក្នុងការចូលរៀនវិញ ដោយសារតែពួកគេត្រូវជួយគ្រួសារធ្វើស្រែចម្ការ។
លោកបានថ្លែងថា៖ «ឪពុកម្តាយមិនសូវគាំទ្រពួកគេឲ្យរៀនសូត្រនោះទេ ប៉ុន្តែចង់ឲ្យពួកគេជួយការងារច្រើនជាង។ ឧទាហរណ៍ មកទល់ពេលឥឡូវនេះ សិស្សភាគច្រើនអវត្តមាន ពីព្រោះពួកគេត្រូវជួយឪពុកម្តាយប្រមូលផលដំណាំ»។ លោកបន្ថែមថា៖ «ហើយដោយសារតែហេតុផលនេះ សិស្សមួយចំនួនប្រហែលសម្រេចចិត្តឈប់រៀន នៅពេលដែលពួកគេរៀនមិនទាន់សិស្សដទៃទៀត»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ With students back in class, experts note lasting impact of school closures