ខុសប្លែកពីសិស្សសាលាដទៃទៀត ដែលជិះកង់ ជិះម៉ូតូ ឬដើរទៅផ្ទះនៅពេលចេញពីរៀន តែសិស្សានុសិស្សមួយចំនួននៃអនុវិទ្យាល័យមួយ ដែលស្ថិតនៅតាមបណ្ដោយស្ទឹងសង្កែ បែរជានាំគ្នាកាន់អាវពោងសុវត្ថិភាពម្នាក់មួយៗ ឡើងទៅលើទូកឈើចាស់មួយ ដែលកំពុងចតចាំនៅកំពង់ទឹក។
ពន្លឺព្រះអាទិត្យចាំងធ្លុះដុំពពកជះកម្ដៅកណ្ដាលថ្ងៃត្រង់ នាចុងខែកញ្ញា ចាំងឆ្លុះទៅក្នុងផ្ទៃទឹកបញ្ចេញពន្លឺព្រិចៗប្រដេញជាមួយរលកដែលកើតចេញពីការពុះជ្រែកដោយច្រវា និងទូកឈើចាស់នោះ កំពុងបោះពួយនាំក្មេងៗប្រមាណ៣០នាក់ទៅត្រើយម្ខាងនៃស្ទឹងសង្កែ។
កំពុងឈរលើទូកក្នុងសម្លៀកបំពាក់សិស្សសាលា តែមានអាវពោងសុវត្ថិភាពពណ៌ទឹកក្រូចពាក់ពីលើនោះ សិស្សម្នាក់បានឱ្យដឹងថា រូបគេកំពុងឆ្លងទៅផ្ទះនៅត្រើយម្ខាង ក្រោយចេញពីរៀននៅម៉ោង១១ថ្ងៃត្រង់។
នេះជាមធ្យោបាយធ្វើដំណើរពីផ្ទះទៅសាលារៀន និងពីសាលារៀនត្រឡប់ទៅផ្ទះ ក្នុងមួយថ្ងៃ៤ដង របស់សិស្សានុសិស្សនៃអនុវិទ្យាល័យបាក់អម្រែក ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ខណៈស្ពានបេតុងដ៏រឹងមាំមួយនៅក្នុងឃុំនេះស្ថិតនៅឆ្ងាយពីតំបន់របស់ពួកគេ។
សិស្សថ្នាក់ទី៧ នៃអនុវិទ្យាល័យបាក់អម្រែក កុមារា វឿត ឆវ័ន្ត ឱ្យដឹងថា ការធ្វើដំណើរទៅរៀនដោយជិះទូកឈើមានសភាពពុកផុយដោយអន្លើ ឆ្លងទឹកស្ទឹងដែលកំពុងហូរគួចត្របាញ់បែបនេះ មិនមែនជាជម្រើសរបស់គេនោះឡើយ។ ប៉ុន្តែដោយសារគ្មានមធ្យោបាយផ្សេងក្រៅនេះ ទើបគេត្រូវបង្ខំចិត្តធ្វើដំណើរកាត់ទឹកដើម្បីប្ដូរយកចំណេះ។
កុមារា ឆវ័ន្ត បានប្រាប់ថា៖ «កាលរៀនថ្នាក់ទី៦ ខ្ញុំរៀននៅខាងនោះ (ត្រើយម្ខាង) តែឡើង(ថ្នាក់ទី)៧ ត្រូវមករៀននៅនេះវិញ ដោយសារខាងនោះអត់មានសាលា(អនុវិទ្យាល័យ)»។
និយាយមិនទាន់ផុតពីមាត់ ស្រាប់តែមានទូកស្មាច់មួយបរកាត់ពីមុខនោះ បង្កើតបានជារលកបក់មកប៉ះទូកបណ្ដាលឱ្យឃ្លីងឃ្លោង ធ្វើឱ្យកូនសិស្សដែលឈរលើនោះរួមទាំង ឆវ័ន្ត ប្រឹងទប់ជំហរ រក្សាភាពស្ងៀមស្ងាត់មិនហ៊ានកម្រើកខ្លួនឡើយ។
កែវភ្នែកតាមសម្លឹងមើលទូកស្មាច់ដែលបរផុតទៅ កុមារា វឿត ឆវ័ន្ត និយាយថា គាត់មានការភ័យខ្លាចពេលស្ថិតក្នុងស្ថានភាពបែបនេះ បើទោះបីគាត់ចេះហែលទឹកក៏ដោយ។ ឆវ័ន្ត ឱ្យដឹងថា មុនពេលចេញពីផ្ទះមកសាលា ឪពុកម្ដាយរបស់គាត់តែងផ្ដែផ្ដាំឱ្យពាក់អាវពោងសុវត្ថិភាព និងហាមប្រឡែងគ្នានៅលើទូក។ ឆវ័ន្ត និយាយទាំងជ្រួញចិញ្ចើមថា ថ្ងៃខ្លះគេទៅរៀនមិនទាន់ពេល ដោយសារឈរចាំទូកយូរ ឯថ្ងៃខ្លះមិនបានទៅរៀនតែម្ដងដោយសារទឹកឡើងខ្លាំងគ្មានទូកចម្លង។ ឆវ័ន្ត និងសិស្សក្បែរនោះនាំគ្នានិយាយព្រមគ្នាថា ប្រសិនបើមានស្ពានឆ្លង ពួកគេអាចនឹងទៅរៀនបានទៀងទាត់ និងសុវត្ថិភាពជាងមុន។
កុមារៗបានលើកឡើងថា៖ «បើស្ពានឆ្លងល្អហ្នឹងឯង កុំឱ្យពិបាកឆ្លងទូកចុះឡើងៗ»។

រំលងបានមួយស្របក់ ទូកក៏បានរំកិលខ្លួនមកដល់ច្រាំងរាងចោតបន្តិច និងមានភក់រអិល ក្រោយជោគជាំដោយភ្លៀងមួយមេធំកាលពីយប់។ បុរសវ័យ៥០ប្លាយឆ្នាំម្នាក់ ប្រញាប់ហក់ចុះទៅក្នុងទឹក ដើម្បីទាញក្បាលទូកឱ្យជាប់នឹងបន្ទះក្ដារដែលលយចូលស្ទឹង ដើម្បីឱ្យសិស្សដើរឡើងមកលើគោក។ លោក សេង ខន ដែលជាម្ចាស់ទូក រៀបរាប់ឱ្យដឹងថា លោកប្រកបរបរនេះជាង១០ឆ្នាំមកហើយ ដោយចម្លងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភាគច្រើនជាសិស្សានុសិស្សដែលត្រូវឆ្លងស្ទឹងពីភូមិអន្សងសក ទៅរៀនភូមិបាក់អម្រែក។
លោក សេង ខន បញ្ជាក់ថា៖ «សិស្សអនុវិទ្យាល័យនោះជាង១០០នាក់ពីទី៧ ដល់ទី៩ ហើយមានក្មេងទៅរៀននៅសាលាឯកជនអង់គ្លេស (ក្មេង)តូចៗ»។
ទូកឈើរបស់លោក សេង ខន មានប្រវែងប្រហែល៥ម៉ែត្រ និងទទឹងជាងបីម៉ែត្រ មានសភាពចាស់ទ្រុឌទ្រោម ក្ដារទូកហើបដែកគោលដោយអន្លើ គ្មានរបាំងការពារសុវត្ថិភាព គ្មានកន្លែងអង្គុយ ខណៈនៅរដូវប្រាំងលោកត្រូវអូសឡើងគោកដើម្បីជួសជុល និងបិទជ័រទឹកបន្ថែម។
បើទោះបីមានរបរចម្លងទូកក៏ពិតមែន តែលោក សេង ខន អះអាងថា លោកមិនចង់ឱ្យសិស្សសាលាផ្ញើជីវិតលើទូកឈើកាត់តាមខ្សែទឹកហូរបែបនេះឡើយ។ លោកនិយាយទាំងទឹកមុខស្រងូតស្រងាត់ថា នៅពេលទឹកស្ទឹងសង្កែឡើងខ្លាំងម្ដងៗ លោកចម្លងសិស្សមួយជើងតែ១០នាក់ប៉ុណ្ណោះ ខណៈពេលខ្លះលោកបិទមិនចម្លងតែម្ដង ព្រោះខ្លាចក្រឡាប់ទូកដោយសារកម្លាំងទឹកហូរខ្លាំង។
លោកបន្ថែមថា៖ «[ពេលទឹកឡើងមកហូរកួច] ខ្លាចដែរហ្នឹងឯង! តែធ្វើម៉េច អត់មានស្ពានឆ្លងអ៊ីចឹងឯង! ចេះតែប្រថុយចម្លងទៅ»។
សិស្សឡើងគោកអស់ ក៏ស្រាប់តែលេចមុខបុរសចំណាស់ម្នាក់ វ័យ៦០ប្លាយឆ្នាំម្នាក់ ឈរក្បែរកំពង់ចម្លងចាំឆ្លងទៅត្រើយម្ខាង។ លោក សុខ ជន ត្អូញត្អែរថា ពេលខ្លះលោកត្រូវឈរចាំប្រហែល២០ទៅ៣០នាទី ទម្រាំទូកមកដល់។ និយាយបណ្ដើរ ក្រសែភ្នែកតាមសម្លឹងមើលសិស្សបណ្ដើរ បង្កប់ទៅដោយការព្រួយបារម្ភ បុរសចំណាស់រូបនេះបន្តថា គាត់អាណិតអាសូរដល់សិស្សដែលត្រូវប្រឈមគ្រោះថ្នាក់គ្រប់ពេលឆ្លងទូក ដើម្បីប្ដូរយកចំណេះវិជ្ជានៅសាលារៀន។
លោក សុខ ជន ឱ្យដឹងថា៖ «ពិបាកដែរហ្នឹងណា! ខ្លាចលង់ទឹក លិចទូក លិចក្តារ ទឹកជន់វាពិបាក។ តែទឹកឡើងមកវាពិបាកសព្វមុខ សព្វយ៉ាងហ្នឹង។ ទឹកគួចខ្លាំង អ្នកបើកស្មាច់បើកអីហ្នឹងមិនទុកចិត្តទេ។ ទោះអ្នកនៅស្រុកក្រោមនេះចេះហែលទឹកហើយក៏នៅតែយ៉ាប់ទៀត វាកួច វាបោក វាជល់គ្នា។ អ៊ីចឹងបានថា បើរដ្ឋាភិបាលធ្វើស្ពានឱ្យវាល្អ វាស្រួល មិនពិបាក»។
ការព្រួយបារម្ភរបស់លោក សុខ ជន គឺដូចគ្នាទៅនឹងការបារម្ភរបស់នាយករងនៃសាលាបឋមសិក្សា កែវមុនីពិសី គឺលោក នួន សុផល ដែលកំពុងឈរនៅលើជាន់ទីពីរនៃអគារទីចាត់ការ បែរមុខទៅទិសខាងកើតមើលស្ទឹងសង្កែដែលកំពុងមានទឹកហូរអន្លាយ បន្ទាប់ពីមានជំនន់វស្សានរដូវកាលពីប៉ុន្មានថ្ងៃមុននោះ។
លោកសុផលនិយាយទាំងដកដង្ហើមធំថា សិស្សដែលរៀនចប់ថ្នាក់ទី៦ ត្រូវបង្ខំចិត្តឆ្លងទឹកទៅរៀនបន្តថ្នាក់ទី៧ ដែលនៅត្រើយម្ខាង ព្រោះអនុវិទ្យាល័យដែលនៅត្រើយជាមួយគ្នាមានចម្ងាយឆ្ងាយ និងលែងទទួលសិស្សប្ដូរទៅរៀននៅទីនោះក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ។ លោកបន្ថែមថា សិស្សានុសិស្សទើបពាក់អាវពោងសុវត្ថិភាពដែលសប្បុរសជនទិញឱ្យនៅឆ្នាំនេះប៉ុណ្ណោះ បន្ទាប់ពីឃើញមានករណីលិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល ដែលមានសិស្សជាង១០នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍នោះ។
លោកនាយករង ថ្លែងថា៖ «[ទឹកឡើងពីរបីថ្ងៃនេះ] ទឹកហូរខ្លាំងណាស់។ ពិបាកធ្វើដំណើរឆ្លងកាត់។ ជូនកាលអ្នកចម្លង គាត់អត់ហ៊ានចម្លងដោយសារហូរខ្លាំងពេក។ តែអត់បានចម្លងក្មេងៗខាតរៀនហ្នឹងឯង មួយថ្ងៃហ្នឹង គឺអត់បានទៅសាលាទេ អ៊ីចឹងបើអាចមានស្ពានឥឡូវក៏ល្អដែរ»។

បើតាមលោក នួន សុផល កន្លងមកលោកធ្លាប់ទទួលបានដំណឹងពីការបោះបង់ការសិក្សារបស់សិស្សមួយចំនួន ដោយសារឪពុកម្ដាយរបស់ពួកគេបារម្ភពីសុវត្ថិភាពមិនហ៊ានឱ្យកូនឆ្លងទឹកទៅរៀន ខណៈសិស្សមួយចំនួនត្រូវផ្លាស់ប្ដូរទៅរស់នៅជាមួយសាច់ញាតិ ដែលមានផ្ទះនៅក្បែរអនុវិទ្យាល័យ។ លោកយល់ឃើញថា បញ្ហាប្រឈមក្នុងពេលធ្វើដំណើរទៅសាលារៀន ជាឧបសគ្គរារាំងដល់ការសិក្សារបស់សិស្សានុសិស្ស ដែលជាផ្នែកមួយរារាំងដល់គោលនយោបាយលើកកម្ពស់វិស័យអប់រំរបស់រដ្ឋាភិបាល។
លោកបន្ថែមថា៖ «បើតាមយោបល់ខ្ញុំគួរតែពន្លឿន! បើមានថវិកាពន្លឿនការសាងសង់ស្ពាននេះរឹតតែល្អ។ ជាពិសេសរដូវប្រាំងនេះអត់មានទឹក ពន្លឿនការសាងសង់មកដើម្បីឱ្យសិស្សឆ្នាំមុខគាត់ទៅ(សាលារៀន)បានស្រួល។ បើអាចធ្វើមួយឆ្នាំអីរួច កាន់តែល្អ»។
របាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញថា នៅក្នុងឆ្នាំសិក្សា២០២១-២០២២ អត្រាសិស្សដែលបោះបង់ចោលការសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ ឬកម្រិតវិទ្យាល័យ មានប្រមាណ១៨,៥% និងអត្រាត្រួតថ្នាក់១,១%។ ចំណែកអត្រាបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ ឬកម្រិតអនុវិទ្យាល័យមានចំនួន១៦,៦% និងអត្រាសិស្សត្រួតថ្នាក់មាន១,២%។
ការសិក្សាស្រាវជ្រាវកម្រិតសហគមន៍ របស់អង្គការតម្លាភាពកម្ពុជា ស្ដីពីសិទ្ធិទទួលបានការអប់រំក្នុងប្រទេសកម្ពុជា កាលពីឆ្នាំ២០១៤ បានរកឃើញថា កង្វះមធ្យោបាយធ្វើដំណើរ និងសាលានៅឆ្ងាយពេក គឺជាឧបសគ្គធំរបស់សិស្សានុសិស្ស។ ការសិក្សាបញ្ជាក់ថា កត្តាទាំងពីរនេះ បានធ្វើឱ្យឪពុកម្ដាយសិស្សបារម្ភពីសុវត្ថិភាពរបស់កូនៗ និងបង្ខំចិត្តឱ្យពួកគេបញ្ឈប់ការសិក្សា។
ការលើកឡើងពីរឿងស្ពាននេះ បានធ្វើឱ្យលោក នួន សុផល ក៏ដូចជាលោក សុខ ជន និងលោក សេង ខន ដែលជាអ្នកចម្លងទូក នឹកឃើញទៅដល់ការសន្យារបស់រដ្ឋបាលស្រុកឯកភ្នំ កាលពីឆ្នាំ២០១៧ ក្នុងពេលដែលមានការរៀបចំវេទិកាឱ្យពលរដ្ឋលើកឡើងពីបញ្ហា និងតម្រូវការក្នុងមូលដ្ឋាន។ ពួកគាត់ឱ្យដឹងថា នៅក្នុងវេទិកានាពេលនោះ អតីតនាយិកានៃសាលាបឋមសិក្សារាជដូនកែវ បានលើកឡើងពីបញ្ហាប្រឈមដែលសិស្សពិបាកធ្វើដំណើរឆ្លងស្ទឹងទៅរៀនព្រឹកល្ងាច ខណៈរដ្ឋបាលស្រុកបានសន្យានៅពេលនោះថានឹងលើកយកសំណើនេះទៅប្រាប់ថ្នាក់ខេត្ត ដែលរហូតមកទល់ពេលបច្ចុប្បន្នមិនទាន់មានដំណឹងអ្វីនៅឡើយ។
ជុំវិញរឿងនេះជំទប់ទី២ ឃុំព្រែកនរិន្ទ លោក សុខ សុភក្តិ អះអាងថា ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់ត្រើយខាងលិចស្ទឹងសង្កែ ក្នុងឃុំព្រែកនរិន្ទ ពិតជាជួបបញ្ហាលំបាកក្នុងការធ្វើដំណើរប្រាកដមែន ជាពិសេស គឺកង្វះមធ្យោបាយឆ្លងស្ទឹងសង្កែទៅត្រើយម្ខាង។ លោកបន្តថា បើផ្អែកលើថវិកាដែលរដ្ឋបាលឃុំព្រែកនរិន្ទទទួលបានមួយឆ្នាំជាង១ពាន់លានរៀល ឬជាង២០ម៉ឺនដុល្លារនោះ គឺមិនអាចដោះស្រាយបញ្ហាដ៏ធំនេះបានឡើយ។ លោកយល់ឃើញថា តាមការស្នើសុំ និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ រដ្ឋបាលថ្នាក់ជាតិគួរតែពិចារណាសាងសង់ស្ពានសមរម្យមួយឱ្យពួកគាត់ឆ្លង ដើម្បីសម្រួលដល់ការរស់នៅ ការលើកស្ទួយជីវភាព និងលើកកម្ពស់ការអប់រំសិស្សានុសិស្សនៅតំបន់នោះ។
លោក សុភក្តិ ថ្លែងថា៖ «ដូច្នេះដើម្បីបានស្ពានហ្នឹងរដ្ឋបាលថ្នាក់ឃុំខ្ញុំមិនអាចនឹងគ្រោងថវិកាហ្នឹងបានទេ មានតែធ្វើគម្រោង និងធ្វើរបាយការណ៍ថាចង់បានស្ពានទេ។ ដូច្នេះស្ពានហ្នឹងត្រឹមតែធ្វើរបាយការណ៍ ធ្វើគម្រោងពីរដ្ឋបាលថ្នាក់ឃុំទៅដល់ស្រុក ស្រុកពិនិត្យគម្រោងផ្ញើទៅខេត្ត។ ខេត្តទៅបើគេពិនិត្យឃើញជាអាទិភាពមែន គេយកគម្រោងហ្នឹងទៅជជែកនៅថ្នាក់ជាតិអ៊ីចឹងទៅមានក្រសួងសាធារណការអីជាដើម»។

យ៉ាងណាម៉ិញ ការត្អូញត្អែរ និងការរង់ចាំរបស់ប្រជាពលរដ្ឋ មិនមែនទើបតែកើតមានថ្មីៗនេះឡើយ ពោលគឺវាបានកើតឡើងតាំងពីជាង១០ឆ្នាំមុន ខណៈអាជ្ញាធរមូលដ្ឋានបានសន្យាជាមួយប្រជាពលរដ្ឋម្ដងហើយម្ដងទៀតទៅលើការស្ថាបនាផ្លូវបេតុង និងស្ពានឆ្លងស្ទឹងសង្កែនៅចំណុចមុខវត្តព្រែកត្រប់ ក្នុងឃុំព្រែកនរិន្ទ នៃស្រុកឯកភ្នំ ដែលមានចម្ងាយពីក្រុងបាត់ដំបងជាង២០គីឡូម៉ែត្រ។
ជុំវិញរឿងនេះ អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល អះអាងថា លោកមិនបានដឹងពីការស្នើសុំស្ពានរបស់ប្រជាពលរដ្ឋនេះឡើយ។ លោកបន្តថា ប្រសិនបើមានការលំបាកពិតមែន នោះអាជ្ញាធរភូមិឃុំ ត្រូវធ្វើរបាយការណ៍បញ្ជូនមករដ្ឋបាលស្រុក ដើម្បីឱ្យលោកពិនិត្យ ដើម្បីបញ្ជូនទៅថ្នាក់ខេត្តបន្តទៀត។
លោក ម៉ិល សុផល បញ្ជាក់ថា៖ «អត់ដឹងផង! ប្រជាពលរដ្ឋណាស្នើសុំតាមរយៈលោកមេឃុំអីមក។ ត្រូវការចាំបាច់អីកន្លែងណា គាត់ធ្វើលិខិតស្នើសុំមកប្រជាពលរដ្ឋប៉ុន្មាននាក់ តម្រូវការស្ពានហ្នឹងវាចាំបាច់យ៉ាងម៉េច? (ស្នើ) តាមរយៈមេឃុំមក យើងធ្វើការងារហ្នឹងបានហើយ។ ធ្វើសំណើមកកាន់ខ្ញុំមក! ខ្ញុំនឹងសំណើទៅខាងលើទៀត។ ប្រសិនបើមានលទ្ធភាពធ្វើ យើងនឹងរៀបចំថវិកាធ្វើ។ តែប្រសិនជាលើសសមត្ថភាព យើងនឹងស្នើសុំបន្តទៅទៀត»។
ប៉ុន្តែ បើយោងតាមសេចក្ដីរាយការណ៍មួយ កាលពីថ្ងៃទី២២ តុលា ឆ្នាំ២០២២ ក្រោយព្រឹត្តិការណ៍លិចទូកនៅស្រុកលើកដែក ខេត្តកណ្ដាល អភិបាលស្រុកឯកភ្នំរូបនេះ បានចុះទៅកំពង់ចម្លងសាលាបឋមសិក្សា កែវមុនីពិសី ដើម្បីផ្សព្វផ្សាយអប់រំអំពីសុវត្ថិភាពក្នុងការចម្លងទូកតាមដងស្ទឹងសង្កែ។
នាពេលនោះ លោក ម៉ិល សុផល ខ្លួនឯងផ្ទាល់ ព្រមទាំងសិស្សានុសិស្ស បានស្នើសុំស្ពានមួយខ្សែឆ្លងកាត់ស្ទឹងសង្កែនៅទីនេះ ដោយបញ្ជាក់ថា វាជាតម្រូវការចាំបាច់បំផុតសម្រាប់ការទំនាក់ទំនងគ្នារវាងប្រជាពលរដ្ឋទាំងនៅត្រើយខាងលិចនិងខាងកើត ជាពិសេសសិស្សានុសិស្សបានទៅសាលារៀនដោយសុវត្ថិភាព។
ទាក់ទិនរឿងនេះ មេឃុំព្រែកនរិន្ទ លោក ខេង សាវុន អះអាងថា លោកបានធ្វើរបាយការណ៍ពីបញ្ហាខ្វះខាតស្ពាននេះបញ្ជូនទៅថ្នាក់ស្រុកច្រើនដងមកហើយ និងថែមទាំងមានក្រុមបច្ចេកទេសថ្នាក់ខេត្ត និងក្រសួងសាធារណការ ចុះមកសិក្សាពីការសាងសង់ស្ពាននៅឃុំនេះផងដែរ។ តែលោកបញ្ជាក់ថា ដោយសារទីតាំងភូមិសាស្ត្រមិនអំណោយផល គម្រោងនៃការសាងសង់ស្ពាននេះត្រូវអូសបន្លាយជាង១០ឆ្នាំមកនេះ។
លោក ខេង សាវុន បន្តថា៖ «ស្ពានហ្នឹងសុំចូលជិត១០ឆ្នាំហើយ មកមើលអត់ៗ ដោយសារទីតាំងរកវាអត់បាន។ បើមាន (ទីតាំងត្រើយ) ខាងនេះវាអត់(ត្រើយ)ខាងនោះ វាទើសផ្ទះគេ ព្រោះស្ពានមិនអាចទើសទ្រព្យសម្បត្តិប្រជាពលរដ្ឋទេ ឱ្យគេរើរុះម៉េចកើត»។
មេឃុំរូបនេះបន្ថែមថា សម្រាប់ឆ្នាំសិក្សាថ្មីខាងមុខ ក្រុមប្រឹក្សាឃុំបានសម្រេចឱ្យសិស្សប្ដូរទៅរៀននៅអនុវិទ្យាល័យព្រែកនរិន្ទវិញ ព្រោះវាស្ថិតនៅត្រើយខាងលិចជាមួយគ្នានឹងសាលាបឋមសិក្សា កែវមុនីពិសី។ លោកថា ការសម្រេចនេះគឺដើម្បីបញ្ចៀសបញ្ហាលំបាក ឬគ្រោះថ្នាក់ដែលបណ្ដាលមកពីគ្មានស្ពានឆ្លង។
ទោះយ៉ាងណា អនុវិទ្យាល័យព្រែកនរិន្ទ មានចម្ងាយឆ្ងាយពីសាលាបឋមសិក្សាសិក្សាកែវមុនីពិសី និងសាលាបឋមសិក្សាព្រែកត្រប់ ពី៧ទៅ៨គីឡូម៉ែត្រ ខណៈសិស្សនៅតំបន់នោះមួយចំនួនមានក្រីក្រខ្វះខាតមធ្យោបាយធ្វើដំណើរ។
បញ្ហានេះនាំឱ្យសង្គមស៊ីវិលយល់ឃើញថា ការផ្លាស់ប្ដូរសាលាឱ្យសិស្សទៅរៀននៅឆ្ងាយមិនមែនជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពយូរអង្វែងនោះឡើយ ដោយសិស្សនឹងអាចបោះបង់ការសិក្សាដោយសារការធ្វើដំណើរពីផ្ទះទៅសាលារៀនមានចម្ងាយឆ្ងាយ។
អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំខេត្តបាត់ដំបង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា ការសាងសង់ស្ពានមួយឱ្យមានភាពរឹងមាំ និងមានសុវត្ថិភាព ទើបជាដំណោះស្រាយយូរអង្វែង និងប្រកបដោយប្រសិទ្ធភាព។ លោកបន្ថែមថា ស្ពានឆ្លងកាត់ស្ទឹងសង្កែនៅតំបន់នោះមិនត្រឹមបង្កភាពងាយស្រួលដល់សិស្សប៉ុណ្ណោះទេ តែវានឹងលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅតំបន់នោះតាមរយៈការដឹកជញ្ជូនកសិផល និងផលិតផលយកទៅលក់នៅទីផ្សារ។
លោកថ្លែងថា៖ «បញ្ហាចម្បងសំខាន់ហ្នឹង គឺអាជ្ញាធរស្រុកឯកភ្នំ ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរសាធាណការខេត្តត្រូវលើកគម្រោងហ្នឹងទៅក្រសួងសាធារណការ។ លើកគម្រោងឱ្យមានការសាងសង់ស្ពាន ធំមួយនៅផ្នែកខាងក្រោមហ្នឹង ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរទាក់ទងគ្នាពីតំបន់មួយទៅតំបន់មួយបានឆាប់រហ័ស ចំណេញពេលវេលា ហើយចំណេញថវិកា ចំណេញធនធាន»។

ទោះបីអាជ្ញាធររដ្ឋបាលឃុំបានអះអាងថា បានដាក់សំណើសុំស្ពានមួយនេះក្ដី តែអភិបាលខេត្តបាត់ដំបង លោក សុខ លូ អះអាងថា លោកមិនទាន់បានទទួលរបាយការណ៍ស្នើសុំសាងសង់ស្ពានអ្វីឡើយ ខណៈលោកទើបឡើងកាន់តំណែងហើយមិនទាន់ដឹងពីស្ថានភាពទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នោះ។ យ៉ាងណាលោកថា ការសាងសង់ស្ពានប្រភេទនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ជាតិ ដែលមានក្រសួងសាធារណការជាអ្នកគិតគូរ។
លោកអភិបាលខេត្តថ្លែងថា៖ «និយាយរួមគម្រោងស្ពានអ៊ីចឹង ទាល់តែថ្នាក់ជាតិបានធ្វើបាន។ ហើយយើងអត់ទាន់ទទួលបានទេគម្រោងហ្នឹង(របាយការណ៍ថ្នាក់ស្រុក)។ ទាល់តែថ្នាក់ជាតិបានធ្វើបានគេធំៗអ៊ីចឹងណា។ ហើយនិយាយរួមការដោះស្រាយរបស់យើងគឺតាមលទ្ធភាពថវិកា»។
អភិបាលខេត្តបាត់ដំបងចាត់ទុកគម្រោងសាងសង់ស្ពានឆ្លងកាត់ស្ទឹងសង្កែមួយនេះ ថាជាគម្រោងថ្នាក់ជាតិ ដោយសារលោកយល់ឃើញថា ទំហំទឹកប្រាក់នៃការសាងសង់សំណង់មួយនេះ គឺលើសពីសមត្ថភាពដែលរដ្ឋបាលថ្នាក់ខេត្តមាន។
តាមសេចក្ដីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២៣ រដ្ឋបាលថ្នាក់ខេត្ត ទទួលបានថវិកាប្រមាណ១,៤ពាន់លានរៀល ឬស្មើនឹងជាង៣០ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ។
ទាក់ទិនរឿងនេះអ្នកសារព័ត៌មានមិនទាន់អាចទាក់ទងអគ្គនាយកនៃអគ្គនាយកដ្ឋានសាធារណការ លោក ហេង រ័ត្នពិសិដ្ឋ ដើម្បីសុំការពន្យល់ពីនីតិវិធីនៃការចាត់ចូលគម្រោងសាងសង់ណាមួយចូលទៅក្នុងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបាននៅឡើយទេ។
នៅពេលចាកចេញពីភូមិអន្សងសក ឆ្ពោះមកកាន់ទីរួមខេត្តវិញ ប្រមាណ១០គីឡូម៉ែត្រ មកដល់ចំណុចផ្សារប្រហុក ក្នុងភូមិព្រែកតាច្រែង គេនឹងឃើញស្ពានធំៗចំនួនពីរ ដែលទើបសាងសង់ថ្មីៗ នៅឆ្ងាយពីគ្នាប្រហែល១គីឡូម៉ែត្រ គឺស្ពានព្រែកតាច្រែង និងស្ពានមួយទៀតស្ថិតនៅពីលើទំនប់ស្ទាក់ទឹកសាលាតាអន។
ស្ពានផ្សារប្រហុក ជាស្ពានដាច់ដោយឡែកមួយ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដោយសាងសង់ឡើងវិញជំនួសឱ្យស្ពានដែកចាស់ ឬហៅថាស្ពានបាឡេ មានប្រវែង៧២ម៉ែត្រ ដែលជាគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ក្នុងថ្ងៃជាមួយគ្នានេះ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង បានសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានធំៗចំនួន៤ទៀតផងដែរ តែសុទ្ធសឹងស្ថិតនៅប៉ែកខាងត្បូង និងខាងលិច នៃខេត្តបាត់ដំបង រួមមាន ស្ពាននៅស្រុកបាណន់ ស្រុកសំឡូត ស្រុកបវិល និងស្រុកកំរៀង។ យ៉ាងណា មិនមានតួលេខបង្ហាញពីការចំណាយលើការសាងសង់ស្ពានទាំង៥នេះឡើយ ដោយគេដឹងត្រឹមថា ស្ពានច្រាំងចោត ដែលជាស្ពានមេនៅស្រុកបាណន់ មានប្រវែង១៦២ម៉ែត្រ និងទទឹង៨ម៉ែត្រ បានចំណាយប្រាក់សាងសង់អស់១,២លានដុល្លារ ដែលជាថវិការបស់រដ្ឋាភិបាល។
អតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ថ្លែងនៅក្នុងពិធីសម្ពោធនោះថា ការកសាងស្ពានទាំង៥នេះជាយុទ្ធសាស្រ្តយ៉ាងសំខាន់ក្នុងការធ្វើសមាហរណកម្មការតភ្ជាប់ពេញលេញ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជំរុញការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ។
ការសាង់សង់ស្ពានចំនួន៥ក្នុងពេលតែមួយបែបនេះ នាំឱ្យប្រជាលរដ្ឋយល់ឃើញថា រដ្ឋាភិបាលពិតជាមានលទ្ធភាពគ្រប់គ្រាន់សម្រាប់សាងសង់ស្ពានមួយបន្ថែមទៀតតាមការស្នើសុំរបស់ពួកគាត់ជាក់ជាមិនខាន។
មុនពេលចុះទូកឆ្លងទៅត្រើយម្ខាង លោក សុខ ជន និយាយទាំងសំណើចយ៉ាងសោះកក្រោះថា វាដល់ពេលហើយដែលរដ្ឋាភិបាលគួរបំពេញតម្រូវការចាំបាច់ និងសន្យា ដែលធ្វើឱ្យពួកគាត់រង់ចាំអស់រយៈពេលជាង១០ឆ្នាំមកនេះ៕