សមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ ក្នុងរយៈពេល៦ខែ ឆ្នាំនេះ បានបញ្ជូនត្រឡប់ពីប្រទេសចិនមកកាន់មាតុភូមិវិញ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយចិន។ យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ។
លោក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានលើកឡើងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជា បានសហការជាមួយអាជ្ញាធរចិន បានជួយសង្គ្រោះស្ដ្រីជនជាតិខ្មែរចំនួន១៨០នាក់ និងបានបញ្ជូនត្រឡប់ពីប្រទេសចិនមកកាន់កម្ពុជាវិញ បន្ទាប់ពីចាញ់បោកមេខ្យល់អូសទាញនាំទៅរៀបការជាមួយជនបរទេស។
លោក វាសនា បន្តថា ក្នុងរយៈពេល ៦ខែនេះដែរ មានជនបរទេសជិត៥ពាន់នាក់ ស្មើនឹង៨៨សញ្ជាតិ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍អនុវត្តនីតិវិធីបណ្ដេញចេញពីកម្ពុជាទៅកាន់ប្រទេសកំណើតរៀងៗខ្លួន ក្រោយរកឃើញប្រព្រឹត្តបទល្មើសលួចឆ្លងដែនចូលមកធ្វើការដោយខុសច្បាប់ ឬប្រព្រឹត្តបទល្មើសនានា។
លោកថ្លែងទៀតថា ក្នុងរយៈពេលដូចគ្នានេះ ក៏មានប្រជាពលរដ្ឋខ្មែរជាង៥ពាន់នាក់ដែរ ដែលប្រព្រឹត្តបទល្មើសផ្សេងៗនៅក្រៅប្រទេស ត្រូវបានអាជ្ញាធរបរទេសសាមីបញ្ជូនមកកម្ពុជាវិញ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា បានបង្កើនការរឹតបន្តឹងច្បាប់អន្តោប្រវេសន៍ ដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ លើករណីជាអាទិ៍ ការឆ្លងដែនចូលមកដោយខុសច្បាប់ ការស្នាក់នៅហួសសុពលភាព ការលួចធ្វើការដោយគ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់ឯកសាររដ្ឋបាលដោយក្លែងបន្លំ ជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្ថែមថា ដូចប្រទេសនានាដែរ រាល់ជនបរទេសប្រព្រឹត្តបទល្មើស អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធីបណ្ដេញចេញ និងខ្លះទៀតដាក់ចូលបញ្ជីខ្មៅមិនឱ្យមកជាន់ដីកម្ពុជាតែម្ដងក៏មានដែរ។
លោក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងថា ស្រ្តីខ្មែរទាំង១៨០នាក់ បញ្ជូនពីប្រទេសចិនមកកាន់មាតុភូមិវិញ បានឱ្យពួកគាត់ទៅជួបក្រុមគ្រួសារវិញដោយសុវត្ថិភាពទាំងអស់គ្នា។ ស្រ្តីខ្មែរដែលបានជួយសង្រ្គោះទាំងនោះមានស្ថានភាពធម្មតា មិនមានបញ្ហាណាមួយឡើយ។
នៅពេលដែលអ្នកសារព័ត៌មានសួរសំណួរទៅកាន់គាត់ថា តើកត្តាអ្វីដែលនាំឱ្យស្ត្រីខ្មែរទាំងនោះឆាប់ចាញ់បោកគេ ឬជឿគេ? លោក សុមនា បានឆ្លើយតបថា៖ «[ស្ត្រីខ្មែរទាំងនោះ]ដើម្បីធូរធារជីវភាពគ្រួសារ ដើម្បីរកចំណូលក្នុងគ្រួសារ គាត់ត្រូវរកឱកាសណាល្អមួយ ដើម្បីធ្វើការ យើងមើលទៅអ្នកខ្លះទៅធ្វើការនៅថៃពេលមកវិញបានសល់ផ្ទះសល់ដីឱ្យទៅគ្រួសារមានជីវភាពកាន់តែល្អប្រសើ តែខ្លះទៀតក៏ប៉ះពាល់តិចតួច»។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ បានឱ្យដឹងថា ពាក់ព័ន្ធរឿងនេះ ជារឿងមួយសាទរដែលអាជ្ញាធរ រដ្ឋាភិបាលកម្ពុជាបានសហការជាមួយចិនជួយសង្រ្គោះស្រ្តីខ្មែរមួយចំនួនបញ្ជូនត្រឡប់មកវិញដោយជោគជ័យ ប៉ុន្តែនៅតែមានស្រ្តីខ្មែរច្រើននាក់ទៀតដែលនៅជាប់នៅប្រទេសចិន។
លោក តុលា បានថ្លែងថា៖ «ស្រ្តីខ្មែររាប់ពាន់នាក់ដែលបានរៀបការទៅប្រទេសចិន តែមិនបានជោគជ័យទេ អ្នកខ្លះគាត់រៀបការជោគជ័យទទួលបានជីវិតជាប្ដីប្រពន្ធ ប៉ុន្តែអ្នកខ្លះទៀត ទទួលរងការធ្វើបាបទារុណ្ឌកម្មផ្លូវកាយ និងផ្លូវចិត្ត»។
លោកបានលើកឡើងថា អ្នកដែលបានរៀបការទៅចិនមួយចំនួនទទួលរងការធ្វើបាបរំលោភបំពាន និងប្រើអំពើហិង្សាច្រើន ប៉ុន្តែស្រ្តីមួយចំនួនមិនហ៊ាននិយាយចេញនោះទេ ទាល់តែស្រ្តីខ្លះគាត់ក្លាហានហ៊ានបង្ហោះសារ ឬវីដេអូរឿងដែលពួកគាត់បានជួប ទើបសំឡេងបានដឹងលឺដល់សង្គមស៊ីវិល ឬរាជរដ្ឋាភិបាល អាចរកដំណោះស្រាយជួយបាន។
លោក តុលា បន្តទៀតថា ប្រទេសចិនអត់មានNGOធ្វើការផ្នែកអំពោះហិង្សានោះទេ ព្រោះNOGទាំងអស់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរចិន។
លោកមានប្រសាសន៍ថា៖ «រឿងដែលយើងត្រូវធ្វើ អាជ្ញាធរកម្ពុជាគួតែធ្វើការសហការជាមួយអាជ្ញាធរចិន ដើម្បីស្រង់ស្ថិតិស្រ្តីខ្មែរនៅចិនមានប៉ុន្មាននាក់ ស្ថានភាពពួកគាត់បែបណា»។ លោកបន្តថា៖ «គួរតែមានកិច្ចព្រមព្រៀងជាមួយចិនដើម្បីឱ្យស្ថានទូត ឬកុងស៊ុលខ្មែរយើងមានឱកាសបង្កើតឱ្យមានព្រឹត្តិការណ៍ជួបជុំគ្នា ដើម្បីឱ្យស្រ្តីខ្មែរទាំងនោះគាត់អាចមកជួបគ្នាបាន អាចមានលេខទំនាក់ទំនងស្ថានទូត កុងស៊ុលសម្រាប់ពួកគាត់ទាក់ទង ជាដើម»។
លោក តុលា ថា ការទប់ស្កាត់ជារឿងសំខាន់ទោះបីជាកន្លងមកក្រសួងការបរទេសបានរឹតបន្តឹងពីការបញ្ជូនស្រ្តីខ្មែទៅប្រទេសចិន ប៉ុន្តែនៅតែមានការជួញដូរស្រ្តីខ្មែរទៅចិនច្រើនបន្តគ្នាឆ្លងកាត់តាមព្រំដែនវៀនណាមឆ្ពោះទៅចិន ជាក់ស្ដែងតាមការលើកឡើងរបស់ជនរងគ្រោះដែលត្រឡប់មកវិញហាក់ដូចជាបង្កប់អំពើពុករលួយក្នុងរឿងនេះ។
លោកបានបញ្ជាក់ថា៖ «យើងគួរតែមានការសើបអង្កេតឱ្យច្បាស់លាស់ និងការដាក់ទោសទណ្ឌអំពីជនល្មើស ដើម្បីកុំឱ្យមានការប្រព្រឹត្តិ ឬការជួញដូរស្រ្តីនៅកម្ពុជា»។ លោកបន្តថា៖ «យើងគួរតែមានវិធានការនៃការទប់ស្កាត់មានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ មានទាំងភាគីរដ្ឋ ភាគីមិនមែនរដ្ឋ និងអង្គការសង្គមស៊ីវិល ដើម្បីយើងធានាកុំឱ្យមានការគប់គិតគ្នា ជាពិសេសការគប់គិតគ្នារវាងមន្រ្តីខិលខូចមួយចំនួនជាមួយជនល្មើស»។
លោកបានបន្ថែមថា កត្តាដែលជំរុញឱ្យពលរដ្ឋចាកចេញពីស្រុកកំណើត ទៅរកការងារនៅក្រៅប្រទេស ដោយសារជីវភាពក្រីក្រ អត់មានការងារធ្វើគ្រប់គ្រាន់ ការងារមួយចំនួនប្រាក់ឈ្នួលអត់គ្រប់គ្រាន់ មិនអាចដោះស្រាយបំណុលពួកគាត់បាន។
កាលពីខែមីនា ឆ្នាំ២០២៤ ក្មេងស្រីអាយុ១៦ឆ្នាំមួយរូបត្រូវបានជួយសង្គ្រោះ បន្ទាប់ពីរូបនាងត្រូវបានជួញដូរក្រោមរូបភាពរៀបការទៅប្រទេសចិន។
យុវតីជនរងគ្រោះនោះមកពីខេត្តត្បូងឃ្មុំ បានចែករំលែកពីរឿងរ៉ាវអកុសលរបស់នាងនៅក្នុងវីដេអូមួយដែលមានរយៈពេល១នាទី និងដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក និងចែករំលែកបន្តដោយគណនីហ្វេសប៊ុក ឈ្មោះ នាង ធីតា ដោយក្នុងវីដេអូនោះ នាងបាននិយាយថា នាងត្រូវបានមេខ្យល់ឆបោកនិងលក់មកកាន់ប្រទេសចិន៕










