ក្រុមហ៊ុនមួយដែលមានជាប់ទាក់ទងនឹងការឆបោកនិងការជួញដូរមនុស្សនៅកម្ពុជាដោយមាន ឯកសារគាំទ្រច្បាស់លាស់ ត្រូវបានដកចេញពីពិធីពានរង្វាន់អចលនទ្រព្យថ្នាក់តំបន់មួយ ដែលរៀបចំឡើងដោយក្រុមហ៊ុន PropertyGuru Group បន្ទាប់ពីមានការសាកសួរព័ត៌មានពី ខេមបូចា។
របាយការណ៍នានាពីសារព័ត៌មាន អង្គការប្រឆាំងការជួញដូរមនុស្ស និងស្ថានទូត បានភ្ជាប់ទំនាក់ទំនងក្រុមហ៊ុន Zheng Heng Group ទៅនឹងប្រតិបត្តិការជួញដូរមនុស្ស និងឆបោកតាមរយៈគម្រោងអភិវឌ្ឍន៍ឈូងសមុទ្រវែង (Long Bay) របស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតារាសាគរនៃខេត្តកោះកុង។
ប៉ុន្តែ កម្មវិធីពានរង្វាន់អលចនទ្រព្យកម្ពុជារបស់ក្រុមហ៊ុន PropertyGuru បានប្រកាសកាលពីថ្ងៃទី៧ ខែកក្កដា ថា ក្រុមហ៊ុន Zheng Heng (Cambodia) Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ Zheng Heng Group បានជាប់នៅក្នុងបញ្ជីតែងតាំងសម្រាប់ពានរង្វាន់៨ប្រភេទខុសៗគ្នា ដែលជាចំនួនច្រើនបំផុតគ្មានក្រុមហ៊ុនណាទទួលបានដូច្នេះ នៅក្នុងការប្រកួតប្រជែងពានរង្វាន់អចលនទ្រព្យកម្ពុជា ។ អ្នកឈ្នះពានរង្វាន់ពីពិធីប្រកាសពានរង្វាន់នៅថ្ងៃទី១៨ ខែសីហា នឹងបន្តទៅចូលរួមកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី ជាបន្តទៀត ។
ក្រុមហ៊ុនអចលនទ្រព្យអនឡាញ PropertyGuru ដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី បានពណ៌នាព្រឹត្តិការណ៍របស់ខ្លួននេះថាជា«កម្មវិធីពានរង្វាន់អចលនទ្រព្យដ៏ធំបំផុតនិងទទួលបានការគោរពច្រើនបំផុតនៅក្នុងតំបន់» ។
គម្រោងអភិវឌ្ឍន៍ Long Bay របស់ក្រុមហ៊ុន Zheng Heng ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់«ការអភិវឌ្ឍទីក្រុងឆ្នើម» និង«ការអភិវឌ្ឍប្រើប្រាស់ចម្រុះឆ្នើម»។ សណ្ឋាគារ Long Bay Century និងសណ្ឋាគារ-កាស៊ីណូ Long Bay ក៏ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់«ការអភិវឌ្ឍរមណីយដ្ឋានឆ្នើម» និង«ការអភិវឌ្ឍវិស័យកម្សាន្តឆ្នើម» ផងដែរ ។ ក្រុមហ៊ុន Zheng Heng ដដែល ទទួលបានការតែងតាំងសម្រាប់ពានរង្វាន់៤ប្រភេទទៀតសម្រាប់គម្រោង Villa One របស់ខ្លួន ។
គណនី Twitter ឈ្មោះ Cyber Scam Monitor ដែលជាក្រុមតាមដានឧក្រិដ្ឋកម្មឆបោក បានរំលេចការចាប់អារម្មណ៍ជាថ្មីម្ដងទៀតទៅលើការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុន Zheng Heng ទៅនឹងឧក្រិដ្ឋកម្មចាត់តាំង បន្ទាប់ពីដំណឹងនៃការផ្ដល់ពានរង្វាន់ដល់ក្រុមហ៊ុនមួយនេះ ។
«វាជារឿងគួរឱ្យភ្ញាក់ផ្អើល» នេះជាប្រសាសន៍របស់ Richard Allan Aquino ប្រធានផ្នែកម៉ាកយីហោ និងសេវាកម្មទីផ្សាររបស់ PropertyGuru ដែលបានធ្វើឡើងកាលពីថ្ងៃទី១៧ ខែកក្កដា នៅខណៈដែលសារព័ត៌មាន ខេមបូចា បានជូនដំណឹងដល់រូបលោកអំពីព័ត៌មានដែលផ្សព្វផ្សាយជាសាធារណៈអំពីករណីជួញដូរមនុស្សនៅក្នុងគម្រោង Long Bay។
«គណៈកម្មាធិការឯករាជ្យមួយ» ដែលរួមមានចៅក្រមផ្ដល់ពិន្ទុ ១០រូប ជាអ្នកកំណត់លើបេក្ខជនដែលត្រូវបានតែងតាំងជាជ័យលាភី ដោយគណៈកម្មាធិការនេះដឹកនាំដោយលោក សន សៀប ដែលជាប្រធាននៃពិធីពានរង្វាន់ និងជាប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ។ ចៅក្រមផ្ដល់ពិន្ទុរួមមានសមាសភាពមេធាវី អ្នកអភិវឌ្ឍអចលនទ្រព្យ ស្ថាបត្យករ និងនាយកក្រុមហ៊ុន ទាំងជនជាតិខ្មែរ និងទាំងបរទេសដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ។ ពុំមានចៅក្រមផ្ដល់ពិន្ទុណាម្នាក់បានឆ្លើយតបនឹងសំណើសុំការអធិប្បាយនោះឡើយ ។
ដំណើរការនៃការផ្ដល់ពិន្ទុ រួមបញ្ចូលទាំងការចុះទៅទស្សនកិច្ច«ដើម្បីពិនិត្យមើលដល់ទីតាំង»នៃគម្រោងអភិវឌ្ឍន៍នីមួយៗ ។ ក្រុមហ៊ុន HLB International Real Estate Group ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ «បានដឹកនាំនិងពិនិត្យមើលទៅលើដំណើរការនៃការផ្ដល់ពិន្ទុ» នេះ ដើម្បីធានានូវ«ភាពត្រឹមត្រូវយុត្តិធម៌ តម្លាភាព និងភាពអាចជឿទុកចិត្តបាន»។ នេះបើតាមការលើកឡើងនៅលើគេហទំព័រនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី (Asia Property Awards) ។ ក្រុមហ៊ុន HLB មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ ។
លោក Aquino បាននិយាយថា៖ «ចំពោះចៅក្រមផ្ដល់ពិន្ទុ ពួកគេពិនិត្យទៅលើគុណសម្បត្តិនៃគម្រោងអចលនទ្រព្យ ពួកគេពិនិត្យទៅលើគុណភាពនៃគម្រោង មិនមែនទៅលើក្រុមហ៊ុនដែលជាប្រតិបត្តិករអាជីវកម្មណាមួយនោះទេ»។ ប៉ុន្តែ លោកបាននិយាយបន្ថែមថា ក្រុមហ៊ុន PropertyGuru នឹងពិនិត្យឡើងវិញចំពោះការជាប់ពាក់ព័ន្ធរបស់ក្រុមហ៊ុន Zheng Heng Group ទៅនឹងសកម្មភាពឧក្រិដ្ឋកម្ម។
ប្រាំបីថ្ងៃក្រោយមក ក្រុមហ៊ុនបានចេញសេចក្ដីថ្លែងការណ៍បែបនេះ កាលពីថ្ងៃអង្គារ៖ «កម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា នឹងមិនដាក់បញ្ចូលសណ្ឋាគារ-កាស៊ីណូ Long Bay Century និងក្រុមហ៊ុន Zheng Heng Co., Ltd. នៅក្នុងបញ្ជីតែងតាំងសម្រាប់ពានរង្វាន់គ្រប់ប្រភេទនៃកម្មវិធីនៅឆ្នាំនេះ នោះទេ»។
ប្រធានក្រុមហ៊ុន Zheng Heng បដិសេធថា ពុំមានជាប់ពាក់ព័ន្ធនឹងករណីឆបោក-ជួញដូរមនុស្សទេ
ឈូងសមុទ្រវែង ឬ Long Bay គឺជាគម្រោងរមណីយដ្ឋាននិងការកម្សាន្តប្រណីតមួយ ដែលបានបើកសម្ពោធកាលពីឆ្នាំ២០១៨ នៅក្នុងតំបន់សម្បទានសេដ្ឋកិច្ចតារាសាគរដែលមានទំហំ ៤៥ ០០០ហិកតារបស់ក្រុមហ៊ុន Union Development នៅក្នុងខេត្តកោះកុង។
នៅលើគេហទំព័ររបស់ក្រុមហ៊ុន Zheng Heng Group ក្រុមហ៊ុនសរសេរថា៖ «ក្រុមហ៊ុន Zheng Heng Group… ជាម្ចាស់នៃគម្រោងអចលនទ្រព្យមួយដ៏ល្អបំផុត…ដែលមានឈ្មោះថា ឈូងសមុទ្រវែង នៅក្នុងតំបន់តារាសាគរ»។
សារព័ត៌មានអន្តរជាតិ Al Jazeera បានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្ស ៥០នាក់ ត្រូវបានជួយសង្គ្រោះចេញពីតំបន់រមណីយដ្ឋាន Long Bay នេះ កាលពីឆ្នាំ២០២២ ។ គណនី Twitter ឈ្មោះ Cyber Scam Monitor បានសរសេរអំពី Long Bay និងបានកត់សម្គាល់ពីការផ្សាយពាណិជ្ជកម្មជ្រើសរើសបុគ្គលិកតាមអនឡាញ ដែលស្វែងរកជ្រើសរើសបុគ្គលិក«ផ្នែកបម្រើអតិថិជន» និងផ្ដល់សំបុត្រយន្តហោះ និងទិដ្ឋាការដោយឥតគិតថ្លៃ។
នៅពេលត្រូវបានទាក់ទងសួរតាមទូរសព្ទ ប្រធានក្រុមហ៊ុន Zheng Heng Group លោក Deng Pibing ដែលមានសញ្ជាតិខ្មែរ និងត្រូវបានចុះបញ្ជីជានាយកតែម្នាក់គត់នៃក្រុមហ៊ុន Zheng Heng Co., Ltd. នៅក្នុងបញ្ជីពាណិជ្ជកម្ម បានថ្លែងទទួលស្គាល់ថា ក្រុមហ៊ុនរបស់លោក«ជាអ្នកទទួលខុសត្រូវ»លើគម្រោងរមណីយដ្ឋាន Long Bay ប៉ុន្តែ បានបដិសេធថា លោកពុំបានដឹង ឬទទួលខុសត្រូវលើប្រតិបត្តិការជួញដូរមនុស្ស ឬឆបោកណាមួយនៅក្នុងតំបន់អភិវឌ្ឍន៍នេះឡើយ។
លោក Pibing បានបន្ថែមនៅក្នុងសារអ៊ីម៉ែលរបស់លោកថា គម្រោងអចលនទ្រព្យលំនៅដ្ឋាន Long Bay ដែលស្ថិតនៅជាប់នឹងសណ្ឋាគារ Long Bay ត្រូវបានលក់កាលពីដើមឆ្នាំ២០២២ ហើយក្រុមហ៊ុនរបស់លោកគ្រាន់តែជាអ្នកគ្រប់គ្រង«ការធ្វើប្លង់ទេសភាព» និង«ពុំមានសិទ្ធិគ្រប់គ្រងទៅលើសកម្មភាពនានានៅក្នុងគម្រោងអចលនទ្រព្យនេះឡើយ»។
រដ្ឋាភិបាលកោះតៃវ៉ាន់បានផ្ញើលិខិតមួយ កាលពីខែមិថុនាឆ្នាំទៅមិញ មកកាន់អភិបាលរាជធានីភ្នំពេញ ដោយលើកឡើងថា ជនជាតិតៃវ៉ាន់ម្នាក់បានត្រូវ«ឃុំឃាំង…នៅក្នុងតំបន់ Long Bay តារាសាគរ» និង«ត្រូវបានបង្ខំ…ឱ្យធ្វើការងារឆបោកតាមអនឡាញ» ហើយ«រូបគេកំពុងភ័យខ្លាចពីអាយុជីវិតរបស់ខ្លួន»។
កាលពីខែសីហា ឆ្នាំមុន ស្ថានទូតហ្វ៊ីលីពីនបានផ្ញើលិខិតមួយច្បាប់មកកាន់អាជ្ញាធរកម្ពុជា ដោយបានលើកឡើងថា ពលរដ្ឋហ្វ៊ីលីពីន«កំពុងត្រូវបានបង្ខំឱ្យធ្វើការជាអ្នកឆបោកតាមអនឡាញ» និង«មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីបរិវេណក្រុមហ៊ុន»នៅក្នុង«កាស៊ីណូ Long Bay» ឡើយ ។
ស្ថានទូតហ្វ៊ីលីពីនមិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយទេ។ រីឯការិយាល័យសេដ្ឋកិច្ចនិងវប្បធម៌តៃវ៉ាន់ប្រចាំទីក្រុងហូជីមិញ ដែលបានចេញលិខិតខាងលើ បាននិយាយថា ខ្លួនមិនអាចធ្វើការអធិប្បាយបានឡើយ ។
លោក Pibing ដែលជាប្រធានក្រុមហ៊ុន Zheng Heng បានប្រាប់ ខេមបូចា តាមទូរសព្ទថា លោកទម្លាក់ការទទួលខុសត្រូវចំពោះសកម្មភាពឧក្រិដ្ឋកម្មដែលទាក់ទងនឹងកាស៊ីណូ Long Bay ទៅលើលោក សោម ចន្ទមុនី (Som Chanmony) ជានាយកក្រុមហ៊ុន Long Bay Entertainment ដែលបានទទួលអាជ្ញាបណ្ណប្រតិបត្តិការអាជីវកម្មកាស៊ីណូ កាលពីខែកញ្ញា ឆ្នាំ២០២២ ។
លោក Pibing បាននិយាយនៅក្នុងសារអ៊ីម៉ែលថា ក្រុមហ៊ុន Long Bay Entertainment ជួលផ្នែកខ្លះនៃគម្រោងអចលនទ្រព្យពីក្រុមហ៊ុន Zheng Heng Group និង«ជាអ្នកប្រតិបត្តិសកម្មភាពកម្សាន្តនៅក្នុងសណ្ឋាគារនិងកាស៊ីណូ»។
នៅពេលសារព័ត៌មានបានទាក់ទងទៅលេខទូរសព្ទរបស់លោក ចន្ទមុនី ដែលផ្ដល់ដោយលោក Pibing បុរសម្នាក់ដែលពុំព្រមប្រាប់អត្តសញ្ញាណខ្លួន បាននិយាយថា៖ «ខ្ញុំមិនដឹងអំពីករណី[ឆបោកនិងជួញដូរមនុស្ស]ដែលកើតឡើងនោះទេ ។ វាគ្រាន់តែជាការចោទប្រកាន់ប៉ុណ្ណោះ។ រឿងនេះមិនធ្លាប់កើតមានពីមុនមកឡើយ ដូច្នេះ ខ្ញុំមិនអាចនិយាយអ្វីច្រើនជាងនេះបានទេ ខ្ញុំរវល់»។ រួចហើយបុរសនោះក៏បានទម្លាក់ទូរសព្ទចុះលែងនិយាយ។
នៅពេល ខេមបូចា ទាក់ទងទៅលោក ចន្ទមុនី ដោយប្រើលេខទូរសព្ទផ្សេងមួយទៀត លោកបានណែនាំប្រាប់អត្តសញ្ញាណរបស់លោក និងបានទទួលស្គាល់ថា លោកជានាយកកាស៊ីណូ ប៉ុន្តែជាថ្មីម្ដងទៀត លោកបានបដិសេធថា ពុំមានសកម្មភាពខុសច្បាប់ណាមួយបានកើតឡើងនោះទេ។
លោកនិយាយថា៖ «ទេ ទេ ទេ ទេ»។ លោក ចន្ទមុនីបន្តថា៖ «ខ្ញុំមិនដឹងទេ»។
ក្រុមហ៊ុន Long Bay Entertainment របស់ ចន្ទមុនី បានជួលសិទ្ធិបន្តលើសេវាកម្មល្បែងស៊ីសងជាច្រើននៅក្នុងកាស៊ីណូ Long Bay ទៅឱ្យក្រុមហ៊ុនមួយទៀតឈ្មោះ Century Entertainment International Holdings Limited ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងគ្រប់គ្រងដោយមេកាស៊ីណូម៉ាកាវ ឈ្មោះ Ng Man Sun ដែលគេស្គាល់ថាជា «Street Market Wai» ជាបុគ្គលដែលជាប់ពាក់ព័ន្ធនឹងអង្គការចាត់តាំងឧក្រិដ្ឋកម្មរបស់ចិន ។
កាលពីពេលមុន ក្រុមហ៊ុន Zheng Heng បានគំរាមប្ដឹងអង្គការប្រឆាំងការជួញដូរមនុស្សពីបទផ្សាយព័ត៌មានអំពីរចនាសម្ព័ន្ធអាជីវកម្មរបស់ក្រុមហ៊ុននៅក្រោយប្រតិបត្តិការជួយសង្គ្រោះមនុស្សចេញពីតំបន់អភិវឌ្ឍន៍ Long Bay កាលពីឆ្នាំមុន ។
ក្រោយមកទៀត មន្ត្រីផ្នែកទំនាក់ទំនងសាធារណៈមួយរូបបានស្នើសុំផ្ដល់លុយកាក់ទៅឱ្យសារព័ត៌មានក្នុងស្រុក សំឡេងប្រជាធិបតេយ្យ (VOD) ជាថ្នូរនឹងការលុបចេញនូវព័ត៌មានដែលផ្សារភ្ជាប់ក្រុមហ៊ុន Zheng Heng ទៅនឹងករណីឆបោក និងជួញដូរមនុស្សនៅឯ Long Bay និងបន្ទាប់មកទៀត បានគំរាមប្រើប្រាស់«អាវុធផ្លូវច្បាប់»ប្រឆាំងនឹងសារព័ត៌មាន VOD។
អចលនទ្រព្យមួយកន្លែងទៀតដែលកាន់កាប់ដោយក្រុមហ៊ុន Zheng Heng នៅក្នុងខេត្តព្រះសីហនុ ត្រូវបានបង្ក្រាបកាលពីខែកញ្ញា ឆ្នាំមុន ហើយនគរបាលបានរកឃើញភ័ស្តុតាងនៃការបង្ខាំងមនុស្សដោយខុសច្បាប់ ។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលរបស់លោក លោក Pibing បានពណ៌នាក្រុមហ៊ុន Zheng Heng ថាជា«ក្រុមហ៊ុនអាជីវកម្មស្របច្បាប់» ដែល«គាំទ្រជាខ្លាំង»ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ។
ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជាចំពោះករណី Long Bay
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាស្ថាប័នគ្រប់គ្រងកងកម្លាំងនគរបាលជាតិ និងគ្រប់គ្រងខ្សែទូរសព្ទពិសេសសម្រាប់ជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស បានចុះផ្សាយនៅលើគេហទំព័ររបស់លោកកាលពីថ្ងៃទី២៦ ខែមេសា នូវអត្ថបទមួយដែលអមដោយរូបភាពនៃរបាយការណ៍អំពីជនរងគ្រោះដោយសារការជួញដូរ។ រូបភាពទាំងនោះ រួមមានរបាយការណ៍យ៉ាងហោចចំនួន៣ដែលបញ្ជាក់អត្តសញ្ញាណ Long Bay នៅក្នុងឧទ្យានតារាសាគរនៃខេត្តកោះកុង ជាភាសាចិន ។
សេចក្ដីរាយការណ៍មួយបានកត់សម្គាល់ថា ជនជាតិចិន៣នាក់បានស្នើសុំ«ការជួយសង្គ្រោះ»នៅក្នុង«ករណីជួញដូរនិងបង្ខាំងមនុស្ស»មួយនៅឯសណ្ឋាគារនិងកាស៊ីណូ Long Bay កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំទៅមិញ។ សេចក្ដីរាយការណ៍បច្ចុប្បន្នភាពទីពីរបានកត់សម្គាល់ថា ជនជាតិតៃវ៉ាន់ម្នាក់ត្រូវបាន«ឃុំខ្លួន»នៅ«Long Bay» ហើយលិខិតឆ្លងដែនរបស់គាត់ត្រូវបានគេរឹបអូស ខណៈដែលសេចក្ដីរាយការណ៍មួយផ្សេងទៀតបានលើកឡើងថា ជនជាតិចិន៤នាក់បានស្វែងរក«ការជួយសង្គ្រោះ»ពី«Long Bay»។
លោក Pibing បានប្រាប់ ខេមបូចា តាមរយៈសារអ៊ីម៉ែល នៅពេលអ្នកសារព័ត៌មានបានបង្ហាញរបាយការណ៍របស់លោក ស ខេង ទៅគាត់ យ៉ាងដូច្នេះថា៖ «យើងសប្បាយចិត្តដែលលោករដ្ឋមន្ត្រីបានផ្ដល់ព័ត៌មានឱ្យពិភពលោកបានដឹងតាមរយៈការចុះផ្សាយរបស់លោក»។
លោក Pibing ក៏បានផ្ញើឱ្យ ខេមបូចា ផងដែរ នូវ link នៃអត្ថបទចុះផ្សាយកាលពីខែកញ្ញា ឆ្នាំ២០២២ ពីរដ្ឋបាលខេត្តកោះកុង ដែលកត់សម្គាល់ថា ជនជាតិចិនអាយុ១៨ឆ្នាំមួយរូប នៅក្នុងរមណីយដ្ឋាន Long Bay បានស្នើសុំឲ្យអាជ្ញាធរជួយរូបគាត់ឱ្យបានត្រឡប់ទៅផ្ទះវិញ ។
អាជ្ញាធរខេត្តកោះកុងបានលើកឡើងថា៖ «ជនជាតិចិនរូបនោះបាននិងកំពុងធ្វើការ…ដោយគ្មានការគំរាមកំហែង ការបង្ខិតបង្ខំ ឬការបង្ខាំង ឬទារុណកម្មអ្វីឡើយ ហើយទទួលបានប្រាក់ខែ ១ ៥០០ដុល្លារក្នុងមួយខែ»។ អាជ្ញាធរខេត្តកោះកុងបន្តថា៖ «មូលហេតុដែលគាត់ប្ដឹង គឺដោយសារគាត់ភ័យខ្លាចពីសុវត្ថិភាពរបស់គាត់នៅពេលអនាគត និងចង់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញ»។
នៅក្នុងអត្ថបទចុះផ្សាយនោះ បង្ហាញរូបភាពរបស់លោក ចន្ទមុនី នាយកកាស៊ីណូ Long Bay ដែលជួបប្រជុំជាមួយអាជ្ញាធរ ។
នៅពេលទាក់ទងតាមទូរសព្ទទៅលោកស្រីកាលពីសប្ដាហ៍មុន លោកស្រី ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានមានប្រសាសន៍ថា៖ «ខ្ញុំមិនបានដឹងពីករណីនៅកាស៊ីណូ Long Bay ទេ»។
លោកស្រីបានបន្ថែមថា៖ «ជួនកាលម្ចាស់ដី ឬអគារដែលជួលឱ្យទៅអ្នកផ្សេង មិនដឹងថាអ្នកជួលហ្នុងកំពុងធ្វើអ្វីខ្លះ និងធ្វើក្នុងគោលបំណងអ្វីឡើយ»។
ស្នងការនគរបាលខេត្តកោះកុង លោក គង់ មនោ បានប្រាប់ ខេមបូចា ឱ្យទាក់ទងទៅមន្ត្រីអ្នកនាំពាក្យរបស់លោក។ មន្ត្រីអ្នកនាំពាក្យរូបនោះបានបដិសេធមិនឆ្លើយនឹងសំណួរទេ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ករណីជួញដូរមនុស្សបានថយចុះនៅក្នុងឆ្នាំនេះ ដោយសារតែ«ការងាររបស់អាជ្ញាធរ និងកិច្ចសហប្រតិបត្តិការពីភាគីពាក់ព័ន្ធ» ប៉ុន្តែ លោកមិនបានឆ្លើយចំៗចំពោះសំណួរពីសារព័ត៌មាន ខេមបូចា ដែលសួរអំពីករណី Long Bay ឡើយ។
លោកបានប្រាប់ ខេមបូចា ថា Long Bay ត្រូវបានតែងតាំងសម្រាប់ពានរង្វាន់អចលនទ្រព្យកម្ពុជា គឺ«ដោយសារសេវាកម្មល្អរបស់ពួកគេ»។
លោក Pibing គឺជាម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សេងទៀតជាច្រើន ក្នុងនោះរាប់បញ្ចូលទាំង ធនាគារ BIC ផងដែរ និងត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងព្រឹត្តិការណ៍សំខាន់ៗជាច្រើន បើទោះបីជាក្រុមហ៊ុនរបស់លោកមានជាប់ពាក់ព័ន្ធច្បាស់ទៅនឹងសកម្មភាពឧក្រិដ្ឋកម្មក្ដី។
កាលពីខែកុម្ភៈ ឯកអគ្គរាជទូតចក្រភពអង់គ្លេស លោក Dominic Williams បានបង្ហាញខ្លួនជាមួយនឹងលោក Deng Pibing ដែលជាប្រធាននៃសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ នៅឯព្រឹត្តិការណ៍មួយដែលផ្សព្វផ្សាយពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេសលើវិស័យវប្បធម៌និងសិល្បៈ» នេះបើយោងតាមសារព័ត៌មាន Khmer Times។
ស្ថានទូតអង់គ្លេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍តាមអ៊ីម៉ែលថា៖ «ស្ថានទូតមិនមែនជាម្ចាស់នៃព្រឹត្តិការណ៍នោះទេ ហើយក៏មិនពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍នោះដែរ»។ «ស្ថានទូតថ្កោលទោសយ៉ាងខ្លាំងក្លាទៅលើអំពើជួញដូរមនុស្ស និងការឆបោក ឬការបោកប្រាស់តាមអនឡាញ»។
ទោះបីជារាល់ទំនាក់ទំនងយោងទៅក្រុមហ៊ុន Zheng Heng ត្រូវបានលុបចេញពីគេហទំព័រនៃកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីក្ដី លោក Pibing បានប្រាប់ ខេមបូចា ថា ក្រុមហ៊ុនរបស់លោក«ស័ក្ដិសមនឹងទទួលបានការសរសើរនិងការទទួលស្គាល់»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Company Linked to Scams, Human Trafficking Ousted from Cambodia Property Awards