ពលរដ្ឋក្នុងខណ្ឌដង្កោជាង២០០នាក់នាំគ្នាបិទកំណាត់៦០ម៉ែត្រនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីស្វែងរកកិច្ចអន្ដរាគមន៍ពីអាជ្ញាធរក្រោយដីផ្លូវរួមរបស់ពួកគេទទឹង១២ម៉ែត្រ បណ្ដោយ៩០០ម៉ែត្រត្រូវបានលោកឧកញ៉ាម្នាក់បានរំលោភដោយអូសបន្លាយជាង២ឆ្នាំ ខណៈអាជ្ញាធរពាក់ព័ន្ធអះអាងថា កំពុងគិតគូរបញ្ហាវិវាទនេះ។
បើតាមអ្នកស្រី ចាន់ ធី ជាពលរដ្ឋម្នាក់បានឱ្យដឹងថា ការបិទផ្លូវ៦០ម៉ែត្រនេះបន្ទាប់ពីពួកគាត់គ្មានជម្រើសលើវិវាទជាមួយក្រុមហ៊ុន អាយ អិន ជី ហូលឌីង ដែលអូសបន្លាយតាំងពី២០២២មក។ ស្ដ្រីវ័យ៥០ឆ្នាំរូបនេះបន្ដថា ក្រុមហ៊ុនបានរំលោភយកដីផ្លូវពលរដ្ឋដែលប្រើប្រាស់៥០០គ្រួសារក្នុងភូមិព្រែកថ្លឹងមានទំហំទទឹង១២ម៉ែត្រ និងបណ្ដោយ៩០០ម៉ែត្រ។ អ្នកស្រីបន្ដថា ការតវ៉ានេះដើម្បីឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយអន្ដរាគមន៍លើករណីនេះ បើគ្មានដំណោះស្រាយទេ ពួកអ្នកស្រីនឹងបន្ដតវ៉ាទ្រង់ទ្រាយធំ។
អ្នកស្រីបាននិយាយថា៖ «ពលរដ្ឋ៥០០គ្រួសារប្រើប្រាស់ដីផ្លូវហ្នឹង។ គេ[ក្រុមហ៊ុន អាយ អិន ជី ហូលឌីង]រំលោភយកតាំង២០២២មក ពួកខ្ញុំព្យាយាមស្វែងរកដំណោះស្រាយដែរ ប៉ុន្ដែគ្មានការឆ្លើយតប ទើបពួកខ្ញុំបិទ។ គេចុះមកខាងក្រុង និងខណ្ឌគេចុះមកឱ្យពួកខ្ញុំបំបែកគ្នាសិន។ ខ្ញុំចង់បានតែដីហ្នឹងមកវិញ ព្រោះដីរួមពួកខ្ញុំ»។
យ៉ាងណាអ្នកស្រីឱ្យដឹងទៀតថា ដោយសារប្រឹងតវ៉ាខ្លួនអ្នកស្រីត្រូវបានខាងភាគីក្រុមហ៊ុនដាក់បណ្ដឹងពីបទបំផិ្លចបំផ្លាញទាំងអ្នកស្រីមិនបានធ្វើខុសតាំងពី២០២៣មក។ អ្នកស្រីថា ពលរដ្ឋដែលជាប់បណ្ដឹងមានចំនួន៥នាក់ ខណៈអ្នកស្រីចាត់ទុកការប្ដឹងពួកអ្នកស្រីដើម្បីទប់ស្កាត់សកម្មភាពតវ៉ា ប៉ុន្ដែអ្នកស្រីថា ពួកអ្នកស្រីមិនព្រួយបារម្ភឡើយ។
អ្នកស្រីបន្ថែមថា៖ «គេចោទយើង[បំផិ្លចបំផ្លាញ] យើងអត់ដឹងដែរ។ ជាប់បណ្ដឹង៥នាក់នៅតុលាការ។ គេជំនុំជម្រះម្ដងហើយតែអត់ទាន់ចប់។ អត់ជាព្រួយបារម្ភទេ យើងអត់មានបានខុសផង យើងទៅភ័យអីខ្លាចអី»។
ពេលអ្នកសារព័ត៌មានខេមបូចាចុះទៅសង្កេតផ្ទាល់ឃើញថា មានពលរដ្ឋជាង២០០នាក់បានប្រមូលផ្ដុំគ្នាដោយខ្លះចុះអវត្ដមាន និងខ្លះទៀតលើកបដាទាមទារឱ្យលោកនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត និងលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជួយអន្ដរាគមន៍បញ្ហាវិវាទដីធ្លីដែលមានចំនួន៥០០គ្រួសារស្ថិតនៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានបិទកំណាត់ផ្លូវ៦០ម៉ែត្រក្បែរផ្សារទំនើបអ៊ីអន៣លើទំហំដីផ្លូវទទឹង១២ម៉ែត្របណ្ដោយ៩០០ម៉ែត្រដែលអូសបន្លាយចាប់តាំងពី២០២២មកម្ល៉េះ។
ចំណែកពលរដ្ឋតវ៉ាម្នាក់ទៀត គឺអ្នកស្រី ជា ស្រីណា អាយុ៦០ឆ្នាំ រស់នៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ បាននិយាយថា ការតវ៉ារបស់ពលរដ្ឋ គឺចង់បានតែដីដែលក្រុមហ៊ុនរំលោភយកមកវិញ មិនមានចេតនាបង្កភាពវឹកវរដល់សង្គមឡើយ។ អ្នកស្រីរៀបរាប់បន្ដថា កន្លងមកពលរដ្ឋនាំគ្នាតវ៉ាច្រើនដងមកហើយ ប៉ុន្ដែខាងអាជ្ញាធរហាក់មិនអើពើលើបញ្ហានេះ រហូតពលរដ្ឋសម្រេចចិត្ដនាំបិទផ្លូវតវ៉ាដូច្នេះ។
អ្នកស្រីបន្តថា៖ «ផ្លូវ១២ម៉ែត្រគេ[អាជ្ញាធរ]មិនដោះស្រាយឱ្យ បានពួកខ្ញុំបិទផ្លូវតវ៉ា។ តវ៉ានេះច្រើនដងហើយតាំង២០២២មកចាប់ពីមានជម្លោះនឹងក្រុមហ៊ុន អាយ អិន ជី ហ្នឹងមក។ ក្រុមហ៊ុនអត់ចេញមុខដោះស្រាយឱ្យយើង មិនដឹងគេគិតម៉េចគេ ខ្ញុំអត់យល់។បើគេមិនដោះស្រាយយើងតវ៉ាទៀតចឹងទៅ»។
ខេមបូជា មិនអាចសុំការបំភ្លឺពីភាគីក្រុមហ៊ុន អាយ អិន ជី ហូលឌីង បានទេ ដោយទូរសព្ទចូលគ្មានអ្នកលើក។
តែយ៉ាងណាស្ថាបនិករបស់ក្រុមហ៊ុន អាយ អិន ជី ហូលឌីង គឺឧកញ៉ា អ៊ឹង ប៊ុនហូវ, ឧកញ៉ា លឹម រស់ និងឧកញ៉ា លឹម ប៊ុនសួរ ដែលឧកញ៉ាទាំងបីរូបនេះ បានចូលហ៊ុនគ្នាបង្កើតក្រុមហ៊ុនរួមគ្នា តាំងពីឆ្នាំ១៩៩៣ ហើយច្រើនឆ្នាំកន្លងមក ក្រុមហ៊ុនមានការរីកចម្រើនជាបន្តបន្ទាប់ រហូតបង្កើតបានជាសម្ព័ន្ធក្រុមហ៊ុនមួយឈ្មោះថា AZ Group។
បើតាមអង្គការលីកាដូបានចេញរបាយកាណ៍កាលពី២០២០រកឃើញថា ប្រជាពលរដ្ឋជាងមួយលាននាក់នៅក្នុងរាជធានីភ្នំពេញកំពុងប្រឈមនឹងការកើនឡើងនូវទឹកជំនន់ និងមានមនុស្សជាងមួយពាន់គ្រួសារទៀតកំពុងប្រឈមនឹងការបណ្តេញចេញ ការបាត់បង់ប្រាក់ចំណូល និងអសន្តិសុខស្បៀង ដោយសារតែគម្រោងអភវិឌ្ឍន អាយ អិន ជី ស៊ីធី (ING City) និងគម្រោងផ្សេងៗទៀតដែលបាននិងកំពុងធ្វើឱ្យប៉ះពាល់តំបន់បឹងទំពុន ឬជើងឯកដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ។
បើតាមលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ មានប្រសាសន៍ថា បញ្ហានេះខាងអាជ្ញាធរកំពុងតែពន្លឿនកិច្ចការងារនេះ តែអ្នកស្រីសុំមិនអត្ថាធិប្បាយបន្ថែម។
អភិបាលខណ្ឌដង្កោរូបនេះថ្លែងថា៖ «សុំទោសហើយ អត់ហ៊ានឆ្លើយជាមួយ តែអាជ្ញាធរធ្វើការហ្នឹងរាល់ថ្ងៃរាល់ រាល់ពេលទេ អរគុណច្រើនបង»។
មាត្រា ៣២នៃរដ្ឋធម្មនុញ្ញចែងថា ជនគ្រប់រូបមានសិទ្ធិរស់រានមានជីវិត មានសេរីភាព និងមានសន្តិសុខផ្ទាល់ខ្លួន ។ មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលាក្រុងភ្នំពេញ បានប្រាប់ ខេមបូចា ថា លោកបានដឹងរឿងរ៉ាវនៃការតវ៉ាពលរដ្ឋ ប៉ុន្ដែលោកថា លោកឆែកទៅអ្នកទទួលបន្ទុកសិនថា មានចំណាត់ការយ៉ាងណាលើបញ្ហានេះ។
លោកថ្លែងថា៖ «ខ្ញុំនឹងរឿងហ្នឹងហើយ។ខ្ញុំឆែកសិនទៅអ្នកទទួលបន្ទុកសិនថា គេមានចំណាត់ការយ៉ាងណាសិន អរគុណ»។
បើតាមលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ លីកាដូ គូសបញ្ជាក់ថា ការអូសបន្លាយវិវាទដីធ្លីពលរដ្ឋវារុញច្រានឱ្យពលរដ្ឋជួបវិបត្ដិធ្ងន់ធ្ងរដោយយករូបភាពបាតុកម្មដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ លោកបន្ដថា ស្ថាប័នពាក់ព័ន្ធគួរពន្លឿនយន្ដការដោះស្រាយឱ្យទាន់ពេល មុននឹងពលរដ្ឋធ្លាក់ក្នុងវិបត្ដិជីវភាព វិបត្ដិបំណុល។
លោកថ្លែងថា៖ «ពលរដ្ឋអស់ជម្រើសលើដំណោះស្រាយទើបពលរដ្ឋសម្រេចយកបាតុកម្មនេះ។ បញ្ហានេះសូមអាជ្ញាធរ និងក្រសួងពាក់ព័ន្ធពន្លឿននីតិវិធីដោះស្រាយបញ្ហាដីធ្លីរបស់ពលរដ្ឋឱ្យបានលឿន។ បញ្ហាហ្នឹងកើតឡើងគឺពលរដ្ឋទេអ្នករងគ្រោះតាមរយៈបទចោទផ្សេងៗអានេះជាក្ដីបារម្ភរបស់យើង»។
អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍កាលពីឆ្នាំ២០២៣និយាយថា ពលរដ្ឋ៣ខេត្ដរងគ្រោះដោយបណ្ដេញចេញទាំងបង្ខំ និងមិនទទួលបាននូវសំណងសមរម្យ១២ករណី ខណៈសង្គមស៊ីវិលផ្សេងទៀតថា ការចេញរបាយការណ៍នេះ គឺជាការរួមចំណែកមួយក្នុងការជំរុញដល់រដ្ឋាភិបាលថ្មីងាកមកគិតគូរពីបញ្ហាសិទ្ធិមនុស្សកាន់តែខ្លាំង។
អង្គការសមាគមធាងត្នោតបានចាត់ទុកការបណ្ដេញចេញទាំងនេះ ថា ជាការរំលោភលើច្បាប់សិទ្ធិមនុស្សអន្ដរជាតិ ជាពិសេសសិទ្ធិទទួលបានលំនៅឋានសមរម្យ។
ចំណែកឯរបាយការណ៍សមាគមការពារសិទ្ធិមនុស្សអាដហុក ចុះថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ រកឃើញថា រយៈពេល៤ឆ្នាំ គិតពីឆ្នាំ២០១៩ វិវាទដីធ្លី ១៦៩ ករណីបានកើតឡើង លើដីទំហំជាង៥ម៉ឺនហិកតា៕