កម្ពុជា និងសហរដ្ឋអាមេរិកនឹងស្តារទំនាក់ទំនងឲ្យប្រសើរឡើង ដោយចាប់ផ្តើមសមយុទ្ធយោធាឡើងវិញ និងទទួលយកនិស្សិតយោធាកម្ពុជាទៅសិក្សានៅបណ្ឌិត្យសភាយោធា West Point នេះបើយោងតាមការបង្ហោះសារលើហ្វេសប៊ុករបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានជួបជាមួយលោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅព្រឹកថ្ងៃអង្គារ។
នៅលើទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរថា លោក អូស្ទីន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះ ដោយនាំសាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក គឺ «យើងនឹងធ្វើការជាមួយគ្នា ជាមួយសម្តេចតេជោ [ហ៊ុន សែន] និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្តារ និងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរបានប្រសើរឡើងវិញ»។
លោក ហ៊ុន សែន បានសរសេរដោយដកស្រង់សម្តីរបស់លោក អូស្ទីន ថា៖ «ប្រទេសទាំងពីរអាចធ្វើការកែសម្រួលឥរិយាបថ ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង របស់យើង បើទោះបីជាយើងមានទស្សនៈមិនស្របគ្នាលើបញ្ហាមួយចំនួន ក៏ប៉ុន្តែទំនាក់ទំនងរបស់យើងលើវិស័យជាច្រើនមានភាពផ្លែផ្កាវិជ្ជមាន ហើយយើងអាចអង្គុយជាមួយគ្នា ធ្វើការជាមួយគ្នាប្រកបដោយលទ្ធផល»។
លោក អូស្ទីន បានឯកភាពគ្នាលើការបន្តឱ្យមានការសន្ទនាគ្នា ជាពិសេសលើគោលនយោបាយការពារជាតិ ដើម្បីស្វែងរកផ្លូវថ្មីមួយក្នុងទំនាក់ទំនងកម្ពុជានិងអាមេរិកនាពេលអនាគត។
លោក ហ៊ុន សែន ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងបើកឱ្យមានការចុះឈ្មោះចូលរៀនឡើងវិញសម្រាប់ពលរដ្ឋកម្ពុជាទៅសិក្សានៅសាលាបណ្ឌិត្យយោធា West Point ចូលរួមកម្មវិធីផ្លាស់ប្តូរក្នុងសមយុទ្ធយោធារួមគ្នាជាការត្រៀមសម្រាប់សង្គ្រោះគ្រោះមហន្តរាយ និងបន្តការបណ្តុះបណ្តាលក្នុងវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ។
នៅឆ្នាំ២០២១ សហរដ្ឋអាមេរិកបានលុបចោលអាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ដើម្បីចុះឈ្មោះចូលរៀននៅសាលាបណ្ឌិត្យយោធា West Point ដោយសារថា កម្ពុជាបាន «បាត់បង់សិទ្ធិទទួលបានកម្មវិធីសិក្សានៅសាលាបណ្ឌិត្យយោធានេះ ដោយសារតែកិច្ចសហប្រតិបត្តិការទន់ខ្សោយក្នុងវិស័យមួយចំនួននៃទំនាក់ទំនងយោធាទ្វេភាគីជាប្រពៃណី»។
លោក ហ៊ុន សែន បានឆ្លើយតបដោយឯកភាពនឹងគោលបំណងរបស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកក្នុងការខិតខំពង្រីកនូវទំនាក់ទំនងល្អឱ្យប្រសើឡើងវិញ។
លោក ហ៊ុន សែន បានសរសេរថា៖ «[ខ្ញុំ] ចាត់ទុកថា ទំនាក់ទំនងពិសេសរវាងប្រទេសយើងទាំងពីរមិនអាក្រក់ពេកនោះទេ [ឥឡូវនេះ] បើប្រៀបធៀបនឹងអតីតកាល។ កន្លងមក ភាគីយើងទាំងពីរខ្វះការជឿទុកចិត្តគ្នាទៅវិញទៅមក ដូច្នេះយើងត្រូវរកវិធីខិតខំកសាងជំនឿទុកចិត្តគ្នាឲ្យបានច្រើន។ យើងត្រូវគ្រប់គ្រងភាពខុសគ្នា ទស្សនខុសគ្នា បង្រួញភាពខុសគ្នាឱ្យតូច ទោះពិបាកក៏ដោយ»។
លោកបានបន្តថា៖ «ការខ្វះខាតមួយទៀត គឺការខ្វះខាតព័ត៌មានទៅវិញទៅមក និងការវិនិច្ឆ័យខុស ដែលធ្វើឲ្យភាគីទាំងពីរមានការយល់ច្រឡំ ដោយសារមិនបានប្តូរព័ត៌មានគ្នា និងមិនបានធ្វើការពិភាក្សាគ្នា»។
លោក ហ៊ុន សែន សំណូមពរដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចដទៃទៀត កុំដាក់ប្រទេសកម្ពុជានៅក្នុងជម្លោះភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំ «យកប្រទេសកម្ពុជាធ្វើជាទីកន្លែងប្រយុទ្ធ»។ លោកបានបញ្ជាក់ជាថ្មីថា កម្ពុជាបានអនុវត្តគោលនយោបាយឯករាជ្យរបស់ខ្លួនផ្អែកលើច្បាប់មិនជ្រើសរើសយកខាងណាមួយទេ ហើយយកប្រទេសទាំងអស់ជាមិត្ត។
បន្ទាប់ពីជំនួបជាមួយលោក ហ៊ុន សែន លោក ឡយ អូស្ទីន បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលលោកទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យការពារជាតិ។
លោក ហ៊ុន ម៉ាណែត បានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «សហរដ្ឋអាមេរិកនឹងត្រៀមខ្លួនជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការ ក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នាឱ្យកាន់តែប្រសើរបន្ថែមទៀត»។
លោក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «លោករដ្ឋមន្ត្រីក្រសួងការពារជាតិនិងខ្ញុំក៏បានពិភាក្សាគ្នាផងដែរអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញ [ជាមួយសហរដ្ឋអាមេរិក] លើវិស័យមួយចំនួន ដូចជាការផ្លាស់ប្តូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងការធ្វើសមយុទ្ធយោធារួមគ្នារវាងកងទ័ពកម្ពុជា–សហរដ្ឋអាមេរិក»។
នៅក្នុងការឆ្លើយតបតាមអ៊ីមែលមកកាន់ខេមបូចា លោក Wesley Holzer អ្នកនាំពាក្យស្ថានទូតសហអាមេរិកប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា នេះគឺជាដំណើរទស្សនកិច្ចទ្វេភាគីលើកដំបូងរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក។ ទោះជាយ៉ាងនេះក្តី នេះគឺជាដំណើរទស្សនកិច្ចលើកទី២ របស់លោក អូស្ទីន មកកាន់ប្រទេសកម្ពុជា ទីដែលលោកបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក នៅខេត្តសៀមរាប កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលអានដោយឧត្តមសេនីយ៍ទោ Pat Ryder ជាអ្នកនាំពាក្យមន្ទីរបញ្ចកោណបានឲ្យដឹងថា លោក អូស្ទីន បានពិភាក្សាអំពីឱកាសក្នុងការពង្រឹងទំនាក់ទំនងការពារជាតិទ្វេភាគី ដើម្បីគាំទ្រសន្តិភាព និងសន្តិសុខក្នុងតំបន់ជាមួយកម្ពុជា។
លោកបានសរសេរថា ការងារនេះនឹងធ្វើឡើងតាមរយៈ «ការបន្តការផ្លាស់ប្តូរការបណ្តុះបណ្តាលយោធាលើផ្នែកជំនួយគ្រោះមហន្តរាយ និងការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ការបណ្តុះបណ្តាល និងការផ្លាស់ប្តូរលើផ្នែកការដោះមីន និងការបោសសំអាតយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការទទួលបានកម្មវិធីអប់រំជំនាញយោធារបស់សហរដ្ឋអាមេរិក»។
លោក អូស្ទីន ដែលបានមកដល់ប្រទេសកម្ពុជាបន្ទាប់ពីចូលរួមកិច្ចសន្ទនា Shangri-La នៅប្រទេសសិង្ហបុរី ត្រូវគេរំពឹងថា នឹងជួបជាមួយសមភាគីក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាឧត្តមនាវីឯក Dong Jun ដែលជាសមភាគីចិនផងដែរ។ លោកនឹងបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសបារាំង ជាទីដែលលោកនឹងប្រារព្ធខួបលើកទី៨០ នៃទិវា D-Day នេះបើយោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។
ក្រោយមក លោក អូស្ទីន បានសរសេរនៅលើបណ្តាញសង្គម Twitter ថា លោកបានជួបជាមួយលោក ហ៊ុន ម៉ាណែត ដែលជានិស្សិតបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធា West Point ។ លោកបានសរសេរថា៖ «យើងបានពិភាក្សាអំពីរបៀបដែលសហរដ្ឋអាមេរិក និងកម្ពុជាអាចពង្រឹងទំនាក់ទំនងវិស័យការពារជាតិក្នុងការគាំទ្រសន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ដោយឡែក បទសម្ភាសន៍មួយរបស់វិទ្យុកម្ពុជា-ចិន ជាមួយលោក ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានស្ថានទូតចិនប្រចាំនៅកម្ពុជាបង្ហោះកាលពីថ្ងៃទី២៨ ខែឧសភា។
នៅក្នុងបទសម្ភាសន៍នោះ លោកបានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលផ្តល់ឱកាសដល់កងទ័ពនៃប្រទេសទាំងពីរបានផ្លាស់ប្តូរជំនាញ និងទទួលបានជំនាញថ្មីៗ និងធ្វើទំនើបកម្មសព្វាវុធ អំឡុងសមយុទ្ធយោធានាគមាសប្រចាំឆ្នាំដែលទើបបញ្ចប់នាពេលថ្មីៗនេះ។
លោក សីហា បានមានប្រសាសន៍ថា៖ «សមយុទ្ធ [យោធា] គឺជាការបង្ហាញការទំនាក់ទំនង ជាពិសេសការបង្ហាញជំនាញ និងបទពិសោធន៍របស់កងទ័ពរំដោះប្រជាជនចិន ក្នុងការផ្ទេរមកឱ្យកងទ័ពកម្ពុជា មានលទ្ធភាពក្នុងការស្វែងយល់និងអនុវត្តការងាររបស់ខ្លួនឱ្យមានកម្រិតកើនឡើងបន្ថែមទៀត»។
លោកបានបន្ថែមថា កម្ពុជា៖ «ស្វាគមន៍យ៉ាងកក់ក្តៅចំពោះនាវាចិន ដែលមកដល់កំពង់ផែស្វយ័តព្រះសីហនុ» សម្រាប់សមយុទ្ធយោធានាគមាស។ ក្នុងវីដេអូឃ្លីបរយៈពេល៤នាទី លោក សីហា ក៏បានលើកឡើងពីជម្លោះសមុទ្រចិនខាងត្បូង ដោយលោកបានអះអាងថា ចិនក៏ «ព្យាយាមការពារអ្វីដែលជារបស់ចិន»។
លោក សីហា មានប្រសាសន៍ថា៖ «គ្មានអ្វីដែលយើងមិនអាចដោះស្រាយបាន ប្រសិនបើប្រទេសទាំងនេះអាចមានលទ្ធភាពក្នុងការជួបប្រាស្រ័យ ដាក់បញ្ហានៅលើតុក្នុងការជជែកគ្នា ដើម្បីរកដំណោះស្រាយ»។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-អាមេរិកបានចុះខ្សោយបន្តិច បន្ទាប់ពីកម្ពុជាបានផ្អាកការធ្វើសមយុទ្ធយោធារួមគ្នាជាមួយសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧។ បញ្ហានេះកាន់តែអាក្រក់ជាងនេះ ដោយសារតែក្តីបារម្ភដែលកើតឡើងកាលពីឆ្នាំ២០១៩ ដែលថា មូលដ្ឋានកងទ័ពជើងទឹករាម ដែលតាមការចោទថានឹងផ្តល់សិទ្ធិផ្តាច់មុខដល់យោធាចិនចូលទៅកាន់ផ្នែកមួយនៃមូលដ្ឋានទ័ពនេះ ដែលមានទីតាំងនៅឈូងសមុទ្រថៃ។
ទោះបីជាយ៉ាងណា ទាំងកម្ពុជានិងចិន បានបដិសេធម្តងហើយម្តងទៀតចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិក។
មូលដ្ឋានកងទ័ពជើងទឹករាមមានបំពាក់សម្ភារដែលជាជំនួយរបស់សហរដ្ឋអាមេរិក ដែលត្រូវបានវាយកម្ទេចចោលនៅឆ្នាំ២០២០។ នៅឆ្នាំ២០២២ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានទទូចឱ្យកម្ពុជាមាន «តម្លាភាពពេញលេញ» អំពី «សកម្មភាពរបស់ចិនទាំងបច្ចុប្បន្ន និងអនាគតនៅឯមូលដ្ឋានទ័ពជើងទឹករាម»។
ទន្ទឹមនឹងនេះ លោក មាស នី អ្នកវិភាគនយោបាយ មានប្រសាសន៍ថា សហរដ្ឋអាមេរិកព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនទាក់ទងនឹងមូលដ្ឋានទ័ពជើងទឹករាម និងវត្តមានរបស់កងទ័ពចិន។
លោក មាស នី មានប្រសាសន៍ថា៖ «ទំនាក់ទំនងទំាងអស់នេះអាចប៉ះពាល់ដល់សេដ្ឋកិច្ចផ្សេងៗ និងការទូតនៅថ្ងៃខាងមុខ ប្រសិនបើស្ថានការណ៍នៅតែមិនច្បាស់លាស់ទាំងសងខាង។ យើងនិយាយថា វាអត់មាន [កងទ័ពចិន] ប៉ុន្តែយើងបានធ្វើសមយុទ្ធយោធាជាមួយចិន ហើយយើងបដិសេធមិនធ្វើជាមួយអាមេរិក»។
លោកមានប្រសាសន៍ថា ប៉ុន្តែសហរដ្ឋអាមេរិកចង់រក្សាទំនាក់ទំនងការទូតជាមួយកម្ពុជា ដើម្បីជាប្រយោជន៍ដល់ការពង្រឹងសន្តិសុខ និងស្ថិរភាពក្នុងតំបន់។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបដិសេធធ្វើអត្ថាធិប្បាយបន្ថែម ដោយស្នើឱ្យអ្នកយកព័ត៌មានយកតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិមិនបានឆ្លើយតបនឹងសំណួរទេ ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ US-Cambodia To Restore Ties, Joint Military Drills