លោក អូន ភាព ជាអតីតអ្នកយកព័ត៌មានកាសែត ឌឹ ខេមបូឌា ដេលី មានអារម្មណ៍ធូរស្បើយក្នុងចិត្ត បន្ទាប់ពីដើមបណ្តឹងនៅខេត្តរតនគិរី ដែលបានប្តឹងរូបលោកនិងសហការីឈ្មោះ Zsombor Peter បានដកពាក្យបណ្តឹងរបស់ខ្លួនវិញនៅសប្តាហ៍នេះ។
អ្នកសារព័ត៌មានទាំងពីររូប ដែលល្បីខាងសរសេររឿងស៊ើបអង្កេតស្តីពីការកាប់ឈើខុសច្បាប់និងបញ្ហាបរិស្ថានផ្សេងទៀត បានទៅឃុំប៉ាតេក្នុងខេត្តនេះ ក្នុងខែមិថុនា ឆ្នាំ ២០១៧ ដើម្បីរាយការណ៍អំពីមូលហេតុអ្វីបានជាគណបក្សប្រឆាំងទទួលបានការគាំទ្រខ្លាំងនៅមណ្ឌលបោះឆ្នោតមួយនេះ។
លោក រម៉ាំ យ៉ូត ដែលកាលនោះ ជាមេឃុំគណបក្សសម រង្ស៊ី មិនសប្បាយចិត្តនឹងការសាកសួររបស់អ្នកទាំងពីរ ហើយបានសម្រេចចិត្តប្តឹងអ្នកសារព័ត៌មានទាំងពីរពីបទញុះញង់ ហើយរឿងស្តីពីការបោះឆ្នោតមួយ បានប្រែក្លាយយ៉ាងឆាប់រហ័សទៅជាបណ្តឹងផ្លូវច្បាប់ដែលអូសបន្លាយរយៈពេល ៣០ខែ សម្រាប់អ្នកយកព័ត៌មានទាំងពីរ ដែលបានចាកចេញពីប្រទេសកម្ពុជាតាំងពីពេលនោះ។
កាលពីថ្ងៃអង្គារ សាលាដំបូងខេត្តរតនគិរីបានប្រកាសថា លោក រម៉ាំ យ៉ូត បានដកពាក្យបណ្តឹងលើលោក អូន ភាព និង Zsombor Peter ។ លោក កែវ ពិសិដ្ឋ ជាអ្នកនាំពាក្យតុលាការខេត្តរតនគិរី គ្រាន់តែបញ្ជាក់ថា ការចោទប្រកាន់ត្រូវបានទម្លាក់ហើយ។
លោក ពិសិដ្ឋ បានមានប្រសាសន៍ថា៖ «បាទ! លោកចៅក្រម [ គង់ តាំងម៉េង] បានទម្លាក់ការចោទប្រកាន់លើជនជាប់ចោទទាំងពីរ។ ប៉ុន្តែខ្ញុំមិនដឹងពីមូលហេតុលម្អិតទេ ពីព្រោះក្រឡាបញ្ជីបានប្រាប់ខ្ញុំថា ដើមចោទបានដកពាក្យបណ្តឹងរបស់គាត់ហើយ”»។
លោក អូន ភាព ដែលបច្ចុប្បន្នរស់នៅសហរដ្ឋអាមេរិកនិងកំពុងរង់ចាំដំណើរការសុំសិទ្ធិជ្រកកោនបាននិយាយថា ការទម្លាក់ការចោទប្រកាន់នេះ បានផ្តល់ការធានាតិចតួចដល់លោកដែលថា លោកអាចត្រឡប់មកប្រទេសកម្ពុជាវិញដោយសុវត្ថិភាព។ ក្រុមគ្រួសាររបស់អ្នកយកព័ត៌មានរូបនេះកំពុងតែរស់នៅក្នុងប្រទេសនៅឡើយ។
លោក អូន ភាព បានប្រាប់ខេមបូចាកាលពីថ្ងៃព្រហស្បតិ៍ថា៖ «ប្រសិនបើយើងក្រឡេកមើលស៊ីជ្រៅ [ការវិវត្តន៍នេះ] វាមិនបានផ្តល់យុត្តិធម៌ដល់យើងទេ»។
លោកបាននិយាយថា៖ «ប្រសិនបើតុលាការចង់ផ្តល់យុត្តិធម៌ដល់យើង គាត់គួរធ្វើតាំងពីយូរមកហើយ។ គាត់មិនចាំបាច់រង់ចាំឲ្យយើងរត់គេចខ្លួន ហើយនៅឆ្ងាយពីប្រពន្ធកូនរបស់ខ្ញុំនោះទេ»។
ការបារម្ភរបស់លោក អូន ភាព ពិតជាមានហេតុផល។ ប្រទេសកម្ពុជាមានការផ្តន្ទាទោស និងការឃុំខ្លួនអ្នកសារព័ត៌មានយ៉ាងច្រើនក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ។
លោក សុវណ្ណ រិទ្ធី ជាអតីតអគ្គនាយកបណ្តាញសារព័ត៌មាន TVFB ដ៏មានប្រជាប្រិយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ប៉ុន្តែទោសនៅសល់ត្រូវបានព្យួរកាលពីខែតុលា ដោយគ្រាន់តែរាយការណ៍ពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ចាងហ្វាងការផ្សាយម្នាក់ទៀតគឺលោក រស់ សុឃិតក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ខែផងដែរ ដោយសារតែការសរសេរចំណងជើងបែបទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្តាញហ្វេសប៊ុក ហើយបច្ចុប្បន្ន លោកកំពុងអនុវត្តទោសក្នុងពន្ធនាគារព្រៃសនៅឡើយ។
ចំណែកលោក សុខ ឧត្តម ជាម្ចាស់ស្ថានីយ៍វិទ្យុ កំពុងរង់ចាំការប្រកាសសាលក្រមនៃករណីញុះញង់ ដែលលោកត្រូវបានចោទប្រកាន់ពីបទញុះញង់អ្នកភូមិប្រឆាំងនឹងយោធាទាក់ទិននឹងជម្លោះដីធ្លី។
កាលពីឆ្នាំ ២០១៧ កាសែត ឌឹ ខេមបូឌា ដេលី បានបង្ខំចិត្តបិទទ្វារ បន្ទាប់ពីបដិសេធមិនបង់ប្រាក់ពន្ធហួសកំរិត។ ប៉ុន្មានសប្តាហ៍ក្រោយមក វិទ្យុអាស៊ីសេរីបានប្រកាសបិទការិយាល័យរបស់ខ្លួនក្នុងក្រុងភ្នំពេញដោយសារការបារម្ភពីបញ្ហាសន្តិសុខនិងបញ្ហាពន្ធ។ កាសែតភ្នំពេញប៉ុស្តិ៍ត្រូវបានលក់កាលពីខែឧសភាឆ្នាំ ២០១៨ ទៅវិនិយោគិនម៉ាឡេស៊ីម្នាក់ ដែលក្រុមហ៊ុនទំនាក់ទំនងសាធារណៈរបស់វិនិយោគិនរូបនេះ បានធ្វើការឱ្យរដ្ឋាភិបាលកម្ពុជា។
លោក អូន ភាព ពេញចិត្តនឹងវិជ្ជាជីវៈសារព័ត៌មានរបស់លោកខ្លាំងយ៉ាងខ្លាំង ហើយបាននិយាយថា ប្រសិនលោកត្រូវវិលត្រឡប់មកវិញ លោកប្រហែលជាវិលត្រឡប់ទៅធ្វើការងារកាសែត ដែលលោកធ្លាប់ធ្វើនៅកាសែត ឌឹ ខេមបូឌាដេលី។ ប៉ុន្តែការកើនឡើងនៃការចាប់ខ្លួននិងលំហសេរីភាពនៃការបញ្ចេញមតិបានរួមតូចយ៉ាងឆាប់រហ័សនេះ ធ្វើឲ្យលោកមានការបារម្ភ។
លោកបន្តថា៖ «សម្រាប់ពេលនេះ យើងមិនអាចត្រឡប់ទៅវិញបានទេព្រោះយើងនៅតែចង់ធ្វើការងារជាអ្នកកាសែត បន្ទាប់ពីត្រឡប់ [ ទៅកម្ពុជា] វិញ។ ហើយប្រសិនបើយើងសរសេរអត្ថបទរិះគន់ [អ្នកមានអំណាច] ពួកគេនឹងចាប់យើងដាក់ពន្ធនាគារម្តងទៀត»។
អ្នកកាសែតជើងចាស់រូបនេះ ស្ទាក់ស្ទើរមិនចង់និយាយលម្អិតអំពីស្ថានភាពផ្ទាល់ខ្លួនរបស់លោក។ លោកបាននិយាយថា គាត់ធ្វើការក្រៅម៉ោងដែលគ្រប់គ្រាន់សម្រាប់តែការចំណាយលើការរស់នៅរបស់លោកប៉ុណ្ណោះ។
លោកបាននិយាយថា គោលនយោបាយអន្តោប្រវេសន៍របស់រដ្ឋបាលលោក Trump បានធ្វើឲ្យដំណើរការដាក់ពាក្យសុំសិទ្ធិជ្រកកោនរបស់លោកមានការយឺតយ៉ាវហើយការទម្លាក់បទចោទនេះ ក៏ជាឧបសគ្គថ្មីសម្រាប់លោកផងដែរ។
លោក អូន ភាព បាននិយាយថា៖ « [ អន្តោប្រវេសន៍អាមេរិក ] នឹងសួរខ្ញុំ ដោយសារករណីរបស់យើងត្រូវបានទម្លាក់ចោល តើខ្ញុំនៅតែប្រឈមនឹងគ្រោះថ្នាក់ឬទេប្រសិនបើខ្ញុំត្រឡប់ទៅ [ ប្រទេសកម្ពុជាវិញ ] ?»។
ខេមបូចាមិនអាចទាក់ទងសុំការបំភ្លឺពីលោក Zsombor Peter។
លោក សេក សុភ័ណ្ឌ មេធាវីការពារអ្នកកាសែតទាំងពីរមានសេចក្តីត្រេកអរ ដែលតុលាការបានសម្រេចទម្លាក់ការចោទប្រកាន់ ដោយនិយាយថា វាជាលទ្ធផលត្រឹមត្រូវ។
លោក សុភ័ណ្ឌ ដែលចូលរួមក្នុងសវនាការកាលពីថ្ងៃអង្គារបាននិយាយថា ដើមបណ្តឹងឈ្មោះ រម៉ាំ យ៉ូត បានអះអាងថា រឿងក្តីនេះបានចំណាយពេលយូរពេក។ ខេមបូចាមិនអាចសុំការបំភ្លឺពីលោក រម៉ាំ យ៉ូត បានទេ។
លោក សុភ័ណ្ឌ បានដកស្រង់សម្តីរបស់លោក រម៉ាំ យ៉ូត អំឡុងសវនាការថា៖ «ខ្ញុំបញ្ចប់រឿងក្តីនេះ ព្រោះវាបានចំណាយពេលយូរហើយខ្ញុំមិនអាចចាំរឿងក្តីនេះទេ»។
ក្រុមសង្គមស៊ីវិលនិងអ្នកតស៊ូមតិផ្នែកសេរីភាពសារព័ត៌មានបានស្វាគមន៍ចំពោះការវិវត្តន៍នេះ ប៉ុន្តែបាននិយាយថា អ្នកកាសែតផ្សេងទៀត ដែលប្រឈមនឹងការចោទប្រកាន់ស្រដៀងគ្នាគួរតែត្រូវរួចខ្លួនឬទម្លាក់ការចោទប្រកាន់។
លោក ណុប វី នាយកប្រតិបតិ្តនៃសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានមានប្រសាសន៍ថា អ្នកកាសែត ដែលរាយការណ៍រឿងរ៉ាវនិងផ្សព្វផ្សាយព័ត៌មានជូនសាធារណៈជនមិនគួរត្រូវបានដាក់ទោសចំពោះការបំពេញការងាររបស់ពួកគេឡើយ។
លោកបានគូសបញ្ជាក់ពីករណីរបស់អ្នកសម្របសម្រួលប្រព័ន្ធផ្សព្វផ្សាយលោក រ៉ាត់ រត្នមុន្នី ដែលត្រូវបានផ្តន្ទាទោសដោយសារជួយបណ្តាញទូរទស្សន៍រុស្ស៊ី RT ផលិតភាពយន្តឯកសារដែលធ្វើឱ្យរដ្ឋាភិបាលមិនសប្បាយចិត្ត។
ស្រដៀងគ្នានេះដែរ អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន កំពុងរង់ចាំការបញ្ចប់ការជំនុំជម្រះលើបទចោទចារកម្មដែលអ្នកទាំងពីរ ត្រូវបានចោទប្រកាន់ថា បានផ្តល់ព័ត៌មានដល់រដ្ឋបរទេស។
ដោយសំដៅដល់ករណីរបស់អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ណុប វីបាននិយាយថា៖ «វាជាសញ្ញាល្អ ហើយយើងសង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញនឹងទម្លាក់ការចោទប្រកាន់លើពួកគាត់ផងដែរ»។
លោកបន្តថា៖ «ខ្ញុំគិតថា វាជាពេលវេលាដ៏ត្រឹមត្រូវ ព្រោះករណីរបស់ពួកគាត់បានអូសបន្លាយជាច្រើនឆ្នាំ ហើយវាប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ពួកគាត់»៕