លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគតរបស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងពីភាពល្អប្រសើរនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ប៉ុន្តែផ្ទុយពីអង្គការសង្គមស៊ីវិលដែលថាសេរីភាពនេះកំពុងរងការរឹតត្បិត ហើយលំហសេរីភាពជនស៊ីវិលក៏កំពុងរួមតូចផងដែរ។
លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលរួមកម្មវិធីអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក នៅក្នុងរាជធានីភ្នំពេញ ដែលនេះជាលើកទីមួយសម្រាប់វត្តមានរបស់លោក។ លោក បានចូលរួមកម្មវិធីនេះតំណាងឲ្យឪពុករបស់លោក ជាមួយនឹងអ្នកសារព័ត៌មានជាង ១០០នាក់។ វត្តមានរបស់លោកកើតមានស្របពេលដែលលោកព្យាយាមបង្ហាញខ្លួនជាសាធារណៈកាន់តែច្រើន បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាកាលពីខែធ្នូ កន្លងទៅបានគាំទ្រលោកជាបេក្ខជននាយករដ្ឋមន្ត្រី។
លោក មានប្រសាសន៍ថា៖ «ច្បាប់បង្កើតឡើងដើម្បីការពារលំហនៃសិទ្ធិសេរីភាពទាំងអស់គ្នា ហើយការអនុវត្តសិទ្ធិរបស់ពលរដ្ឋម្នាក់ៗមិនត្រូវឲ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃ»។
លោកបានបន្តថា ច្បាប់ទាក់ទឹងនឹងសិទ្ធិបញ្ចេញមតិបានអនុវត្តដោយស្មើភាពគ្នាក្នុងសង្គម។ លោកក៏បានកត់សម្គាល់ដែរថា ស្ថាប័នប្រព័ន្ធផ្សព្វផ្សាយមានចំនួនជាង ២ ០០០ បានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានអ្នកសារព័ត៌មានប្រហែល ៥ ០០០នាក់កំពុងអនុវត្តតួនាទីរបស់ខ្លួនក្នុងប្រទេសកម្ពុជា។
លោកបានបន្ថែមថា៖ «បើយើងនិយាយពីអ្នកសារព័ត៌មានសម័យឌីជីថលនេះ មានប្រហែលចូលជាងពាក់កណ្ដាលប្រទេសហើយ បានន័យថាអ្នកមានលទ្ធភាពទិញទូរសព្ទទំនើប ប្រើហ្វេសប៊ុក និងដែលសេរីភាពរបស់ពួកគាត់បានបញ្ចេញរាល់ថ្ងៃ»។
យ៉ាងណាខាងអង្គការសង្គមស៊ីវិលវិញ យល់ឃើញថាលំហសេរីភាពសារព័ត៌មានកាន់តែរួមតូច ខណៈមានអ្នកសារព័ត៌មានខ្លះបានរងការគំរាមកំហែង និងរងសម្ពាធផ្លូវច្បាប់ និងក៏មានអ្នកខ្លះត្រូវឃុំខ្លួនដោយសារតែការបំពេញការងារផងដែរ។ ក្នុងកម្មវិធីនេះ សង្គមស៊ីវិលក៏បានលើកឡើងពីរឿងអ្នកសារព័ត៌មាន វីអូឌី (VOD) លោក ម៉ិច ដារ៉ា ដែលត្រូវឃុំខ្លួនរយៈពេលខ្លីដោយនគរបាលអន្តោប្រវេសន៍នៅខេត្តព្រះសីហនុផងដែរ។ លោក ម៉ិច ដារ៉ា ឲ្យដឹងថានគរបាលបានឃុំខ្លួនរូបលោកអស់ប្រហែលពីរម៉ោង មុននឹងដោះលែងលោកវិញ ក្រោយពីលោកបានបដិសេធលុបរូបដែលលោកបានថតនៅទីតាំងសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការនៅកន្លែងមួយដែលសង្ស័យថាមានប្រើកម្លាំងពលកម្មដោយបង្ខំ។
អ្នកស្រី ឆន សុគន្ធា នាយិការអភិវឌ្ឍផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលកម្ពុជាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្រ លើកឡើងថា ប្រសាសន៍របស់លោក ហ៊ុន ម៉ាណែត មិនបានលើកពីបញ្ហាដែលអ្នកសារព័ត៌មានបានជួបប្រទះនោះទេ។ អ្នកស្រី បានលើកពីចំណុចមួយដែលលោក ហ៊ុន ម៉ាណែត មានប្រសានស៍ទាក់ទងនឹងប្រជាពលរដ្ឋប្រើប្រាស់បណ្ដាញសង្គមដែរ។ អ្នកស្រីបង្ហាញជាកង្វល់ទាក់ទងនឹងការយល់ដឹងផ្នែកឌីជីថលរបស់ប្រជាជនកម្ពុជា ដោយថាអ្នកទាំងនោះអាចនឹងជួបបញ្ហានៅពេលប្រើបណ្ដាញសង្គមចែករំលែកព័ត៌មានបន្តដោយមិនមានចំណេះដឹងគ្រប់គ្រាន់។
អ្នកស្រីបានបន្តថា៖ «មានមនុស្សជាច្រើនរងគ្រោះដោយសារតែរឿងនេះ»។ អ្នកស្រីលើកត្រង់ចំណុចនេះ ដោយសម្ដៅថាអ្នកប្រើទូរសព្ទទំនើបទាំងអស់មិនមែនសុទ្ធតែជាអ្នកសារព័ត៌មាននោះទេ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ សម្ដែងការសោកស្តាយដែលសមាគមអ្នកសារព័ត៌មានខ្លះបានរាយការណ៍ថាក្រសួងបានដកអាជ្ញាបណ្ណពីស្ថាប័នរបស់ពួកគេ។
លោកមានប្រសាសន៍ថា៖ «យើងមិនបានដកអាជ្ញាបណ្ណប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកទាំងនោះទេ យើងគ្រាន់តែផ្អាកបណ្ដោះអាសន្ន»។ លោកបន្តថា ការផ្អាកអាជ្ញាបណ្ណនេះទាក់ទងនឹង «ការជម្រិតទារប្រាក់» ពីក្រុមហ៊ុនដឹកជញ្ជូនខ្សាច់មួយ។
លោកបន្តថា៖ «ខ្ញុំគិតថាសេរីភាពនៅកម្ពុជាល្អប្រសើរជានៅបណ្ដាប្រទេសអ៊ឺរ៉ុប»។
លោក ក៏បានណែនាំដល់សមាគមនដែលការពារអ្នកសារព័ត៌មានឲ្យតាមដានបានស៊ីជម្រៅមុននឹងបញ្ចេញរបាយការណ៍របស់ខ្លួន។
បើតាមរបាយការណ៍ប្រចាំត្រីមាសរបស់ខេមបូចា គិតពីខែមករា ដល់ខែមីនា មានករណីប្រឆាំងនឹងអ្នកសារព័ត៌មានចំនួន ១៣ករណី លើអ្នកសារព័ត៌មាន ២៣រូប។ អ្នកសារព័ត៌មានចំនួនប្រាំរូបត្រូវបានដាក់ពន្ធនាគារ បួនរូបផ្សេងទៀតកំពុងប្រឈមមុខនឹងផ្លូវច្បាប់ និង ១១នាក់ផ្សេងទៀតបានរងនូវអំពើហិង្សា និងការគំរាមកំហែង ហើយក៏មានស្ថាប័នប្រព័ន្ធផ្សព្វផ្សាយចំនួនបីត្រូវបានដកអាជ្ញាបណ្ណផងដែរ។
លោក ណុប វី នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អំពាវនាវឲ្យក្រសួងព័ត៌មានផ្ដល់អាជ្ញាបណ្ណដល់ស្ថាប័នទាំងនោះជាថ្មី។
លោកបន្តថា៖ «តាមគំនិតរបស់ខ្ញុំ ខ្ញុំរីករាយដែលក្រសួងព័ត៌មានអាចបន្តចេញអាជ្ញាបណ្ណថ្មីដល់ស្ថាប័នទាំងនោះ ពីព្រោះវាមានផលលំបាកច្រើនពេលអាជ្ញាបណ្ណត្រូវបានដក»។
លោកបានបន្ថែមថា៖ «ទីមួយ ពួកគាត់មិនអាចផ្ដល់ព័ត៌មានដល់ប្រជាពលរដ្ឋបាន…ទីពីរគឺថា មានការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន ដែលអ្នកសារព័ត៌មានអាចផ្សាយនូវអ្វីដែលពួកគេចង់» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Hun Manet says press freedom is alive and well in Cambodia