ធនាគារចំនួនបីដែលរួមមាន ធនាគារ ពាណិជ្ជកម្ម CCU ធនាគារ Heng Feng Cambodia និងធនាគារ HH ត្រូវបានធនាគារជាតិនៃកម្ពុជា (NBC) សម្រេចដកហូតអាជ្ញាបណ្ណ និងដាក់ក្រោមការជម្រះបញ្ជី។ នេះបើយោងតាមសេចក្តីប្រកាសធនាគារជាតិ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ។
ធនាគារជាតិបានតែងតាំងក្រុមហ៊ុនចំនួនពីរក្នុងការជម្រះបញ្ជីធនាគាទាំងបីនេះ រួមមានក្រុមហ៊ុន រីចន៍ & ផាតនឺ នឹងត្រូវទទួលខុសត្រូវជម្រះបញ្ជី ពាណិជ្ជកម្ម CCU ។ ចំណែកក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌៀ) ជាអ្នកជម្រះបញ្ជីធនាគារ Heng Feng Cambodia និងធនាគារ HH ។ ការជម្រះបញ្ជីនេះនឹងចាប់ផ្តើមចាប់ពីថ្ងៃអង្គារ ទី៤ ខែសីហានេះតទៅ។
ហេតុដូចនេះ ចំពោះអតិថិជនធនាគាទាំងបីនេះ ធនាគារជាតិស្នើឱ្យរៀបចំឯកសារសុំដកប្រាក់បញ្ញើ និងទាក់ទងទៅកាន់ក្រុមហ៊ុនទាំងពីរដែលទទួលខុសត្រូវទៅលើធនាគារនីមួយៗ។
មុនពេលដែលធនាគារជាតិសម្រេចដកហូតអាជ្ញាបណ្ណ ធនាគាទាំងបីនេះក៏ធ្លាប់ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ នៅថ្ងៃទី២៤ ខែមិថុនា ក្នុងចំណោមឈ្មោះបុគ្គលដែលរតនាគារអាមេរិកដាក់ទណ្ឌកម្ម ក្នុងនោះសហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើធនាគារ ពាណិជ្ជកម្ម CCU ផងដែរ ដោយអាមេរិកអះអាងថាធនាគានេះ មានទំនាក់ទំនងជាមួយបណ្តាញ ក្រុមហ៊ុន Prince Group។ ចំណែកឯ ធនាគារ Heng Feng Cambodia ត្រូវបានរកឃើញមានបណ្តាញតភ្ជាប់ទៅនឹងការឆបោកតាមអ៊ីនធឺណិត។ រីឯធនាគារ HH វិញ ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០២៥ ដោយអះអាងថា មានជាប់ពាក់ព័ន្ធនឹងបុគ្គលដែលរងទណ្ឌកម្ម និងបណ្តាញឆបោកវិនិយោគរូបិយប័ណ្ណឌីជីថល ឬស្គាល់ថាជាគ្រីបតូ៕










