សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងរ៉ែ និងថាមពល ចេញអាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់ថ្មីនៅខេត្តស្ទឹងត្រែង

ក្រសួងរ៉ែ និងថាមពលក្នុងកិច្ចប្រជុំមួយបានប្រកាសពីការផ្ដល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់ថ្មីមួយនៅខេត្តស្ទឹងត្រែងកាលពីខែមីនា។ (រូបភាពពីទំព័រហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល)
ក្រសួងរ៉ែ និងថាមពលក្នុងកិច្ចប្រជុំមួយបានប្រកាសពីការផ្ដល់អាជ្ញាបណ្ណអាជីវកម្មបូមខ្សាច់ថ្មីមួយនៅខេត្តស្ទឹងត្រែងកាលពីខែមីនា។ (រូបភាពពីទំព័រហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល)

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ក្រ​សួង​រ៉ែ និង​ថាម​ពល​ បាន​ឱ្យ​ដឹងថា ​ក្រ​សួង​បាន​ផ្ដល់​អាជ្ញាបណ្ណ​អាជីវកម្ម​​បូម​ខ្សាច់​ថ្មី​មួយ​ដល់​សហគ្រាស​ សំរិទ្ធ ប៊ុន​ធឿន សម្រាប់​ការ​បូម​ខ្សាច់​ក្នុង​ទន្លេ​សេកុង ក្នុង​ខេត្ត​ស្ទឹង​ត្រែង​។​

ក្រុម​ហ៊ុន​បូម​ខ្សាច់​ខាង​លើ​បាន​ចុះ​បញ្ជី​កាល​ពី​ខែ​តុលា ឆ្នាំ​មុន និង​មាន​លោក សំរិទ្ធ ប៊ុន​ធឿន ជា​ម្ចាស់​កម្មសិទ្ធិ និង​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​ស្រែ​ពោធិ សង្កាត់​ស្រះ​ឫស្សី។​

លោក ប៊ុនធឿន ថ្លែងថា៖ «ការ​បូម​ខ្សាច់​​ធ្វើ​ឡើង​គ្រាន់​តែ​សម្រាប់​ផ្គត់​ផ្គង់​ដល់​ក្រុម​ហ៊ុន​ស៊ីម៉ងត៍​លាយ​ស្រេច​វឌ្ឍនៈ»។​ លោកបន្តថា៖​ «ការ​បូម​របស់​យើង​មាន​ចម្ងាយ​២០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ ដើម្បី​ឱ្យប្រាកដ​ថា​មាន​សុវត្ថិ​ភាព កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និងអនុវត្ត​ទៅ​តាម​ពេល​វេលា និង​គោល​នយោបាយ​​របស់​ក្រ​សួង​រ៉ែ និង​ថាម​ពល​»។​

​ពល​រដ្ឋ​វ័យ​កណ្ដាល​ម្នាក់​រស់​នៅ​ក្នុងភូមិស្រែពោធិ ជិត​កន្លែង​បាន​អាជ្ញាបណ្ណ​បូម​ខ្សាច់​ថ្មី​បាន​ឱ្យ​ដឹងថា លោក​បាន​ឃើញ​ការ​បូម​ខ្សាច់​ចំនួន​បី​កន្លែង និង​បាម្ភ​​ពី​ផល​ប៉ះ​ពាល់​​របស់​សកម្ម​ភាព​បូម​​ខ្សាច់​នេះ។​

លោក​បន្ថែម​ថា៖ «សព្វ​ថ្ងៃ​នៅ​តាម​បណ្ដោយ​ដង​ទន្លេក្នុង​សហគមន៍​របស់​ខ្ញុំ វាមាន​ការ​រំខាន​ដល់​​ប្រ​ជាពល​រដ្ឋ និង​សំឡេង​ចេញ​ពី​ការ​បូម​ខ្សាច់»។ បុរសម្នាក់នោះបន្តថា៖ «​ម្ដង​ម្កាល​ពេល​គេ​ជួស​ជុល​សាឡង់ យើង​ឃើញ​មាន​លេច​ប្រេង​ចូល​ទៅ​ក្នុង​ទន្លេ ដែល​វា​អាច​ប៉ះ​ពាល់​ដល់​បរិស្ថាន និង​រំខាន​ដល់​​អ្នក​ទេស​ចរ​ក្នុង​តំបន់​នេះ»។​

ប្រ​ជា​ពល​រដ្ឋ​បាន​អះអាងថា​ការ​បូម​ខ្សាច់​តាម​បណ្ដោយ​ដង​ទន្លេ​មាន​ជា​យូរ​ឆ្នាំ​មក​ហើយ និង​ថា​មាន​ច្រាំង​ទន្លេ​ជាច្រើន​កន្លែង​បាន​បាក់​ក្នុង​ឆ្នាំ​កន្លង​មក​ផង​ដែរ​»។​

លោក​បន្ត​ថា៖ «រាល់​ឆ្នាំ​មាន​ដី​បាក់​នៅ​កន្លែង​មួយ​ចំនួន​ជុំវិញ​តំបន់​នេះ ហើយ​អំឡុង​ខែ​ប្រាំង ខ្ញុំ​ឃើញ​ទន្លេ​ជ្រៅទៅៗ»។ លោក​បន្ថែមថា៖ «​ខ្ញុំ​ជំរុញ​ឱ្យ​អាជ្ញាធរ និង​ក្រ​សួង​ពាក់​ព័ន្ធ​ជួយ​តាម​ដាន និង​ណែ​នាំ​អ្នក​រក​ស៊ី​ទាំង​នោះ​ឱ្យ​គោរព​ច្បាប់ និង​កាត់​បន្ថយ​ការ​រំខាន​ដល់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​តំបន់​នេះ»។​

មេឃុំ​ស្រះ​ឫស្សី  លោក ដែន ភារម្យ បដិសេធ​ថាមិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​​នៅ​កន្លែង​បូម​ខ្សាច់​នោះ ឬ​ជុំ​វិញ​សហគមន៍​។

លោក​មាន​ប្រសាសន៍​ថា៖ «​ពួក​គេ​បូមផ្អែក​​​តាម​ការ​វាយ​តម្លៃត្រឹម​ត្រូវ គេ​បូម​នៅ​ឆ្ងាយ​ពី​ច្រាំង​ទន្លេ និង​អនុវត្ត​តាម​គោលការណ៍​ក្រ​សួង​រ៉ែ ហើយ​ខ្ញុំ​មិន​គិត​ថា ​មាន​សំឡេង​រំខានអ្នក​ភូមិ ហើយ​ក៏​គ្មាន​ការ​បាក់​ដី​ដូច​ការ​លើក​ឡើង​ដែរ»។​

លោក ប៊ុនធឿន បាន​ឱ្យ​ដឹង​ដែរថា ប្រហែល​ជា​មាន​ក្រុម​ហ៊ុនប្រតិបត្តិ​ការ​បូម​ខ្សាច់​ដោយ​ខុស​ច្បា​ប់​ផ្សេង​ទៀត​នៅ​ទី​នោះ​ដែរ។​

​លោក​បន្ថែម​ថា៖ «​ខ្ញុំ​សង្ឈឹម​ថា​ក្រសួង​នឹង​ពិនិត្យ​លើ​អាជីវកម្ម​ដែល​កំពុង​ដំណើរ​ការ​ដោយ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង ​​ដែល​កំ​ពុង​កើត​មាន​ និង​មិន​បាន​អនុវត្ត​តាម​ច្បាប់​កំណត់របស់​ក្រ​សួង​»។​

បើ​តាម​លោក គង់ ស៊ី​ថា អគ្គនាយក​រង នៃអគ្គនាយក​ដ្ឋាន​ធនធានរ៉ែ នៅ​ខេត្ត​ស្ទឹង​ត្រែង​ក៏​មាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​មាន​អាជ្ញាបណ្ណ​​មួយ​ផ្សេង​ទៀត​ផង​ដែរ​។​

ស្ថាប័ន​ធ្វើ​ការ​លើ​បរិស្ថាន Mongabay បាន​រាយការណ៍​ថា ​មាន​ក្រុម​ហ៊ុន​បូម​ខ្សាច់​ស្រប​ច្បាប់ និង​ចុះ​បញ្ជី​ត្រឹម​ត្រូវ​ចំនួន​៤៩ គិត​ក្នុងខែសីហា ​ឆ្នាំ​២០២២​។ លោក អ៊ឹង​ ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ មិន​អាច​ទាក់​ទងសុំ​អត្ថាធិប្បាយ​បាន​ទេ​។​

សារព័ត៌មាន​ក្នុង​ស្រុក​មួយកាល​ពីខែ​តុលា បាន​រាយការណ៍​ថា កម្ពុជា​បាន​បើក​ឱ្យមាន​ការ​នាំ​ខ្សាច់​ទៅ​បរទេស​វិញ ដែល​ការ​នាំ​ចេញ​នេះ​គឺ​ធ្វើ​ឡើង​តាមច្រក​​ព្រំ​ដែន​វៀត​ណាម។ ការ​នាំ​ខ្សាច់​​ចេញ​នេះ​ត្រូវ​បាន​ហាម​ឃាត់​កាល​ពី​ឆ្នាំ​២០១៧​។​

សកម្មជន​បរិស្ថាន​ លោក លី ចាន់​ដារ៉ាវុធ បាន​ឱ្យ​ដឹង​ថា ​ការ​បូម​ខ្សាច់​បាន​បន្ត​កើន​ឡើង​ជា​ខ្លាំង​ក្នុង​ប្រទេសកម្ពុជា ដែល​នាំ​ឱ្យ​មាន​កង្វល់​ទាក់​ទង​នឹង​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​សង្គម ឈាន​ទៅ​ដល់​សហគមន៍ និងទន្លេ​នានា​។​​

លោកសង្ឃឹម​ថា ​ក្រ​សួង​ពាក់​ព័ន្ធ​នឹង​ធ្វើ​ការ​សិក្សា​ស៊ីជម្រៅ​មួយ​ពី​ផល​ប៉ះ​ពាល់​របស់​អាជីវកម្ម​នេះ។​

លោកលើកឡើង​ថា៖ «[ការ​បូម​ខ្សាច់]​ធ្វើ​ឱ្យ​ទន្លេ​កាន់​តែ​ជ្រៅ បង្កើន​ហានិភ័យ​ទឹក​ជំនន់»។ លោកបន្ថែម​ថា៖ «​ខ្ញុំ​គិ​ត​ថា​គួរ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់ ព្រោះ​ប្រព័ន្ធ​អេកូឡូស៊ី មិនងាយ​នឹង​ជួស​ជុលបាន​​ឡើង​វិញ​ទេ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New Sand Mining License Issued in Stung Treng

174 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម