សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកសារព័ត៌មានជាង១០០នាក់ដាក់ញត្តិស្នើឱ្យក្រសួងដកអាជ្ញាបណ្ណ​​សារព័ត៌មាន លោក ផែង វណ្ណៈ បន្ទាប់ពីរងការមាក់ងាយ

អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

អ្នកសារព័ត៌មានអនឡាញជាង១០០នាក់បានប្រមូលផ្ដុំគ្នាដាក់ញត្តិនៅក្រសួងព័ត៌មានដើម្បីស្នើឱ្យចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណសារព័ត៌មានរបស់លោក ផែង វណ្ណៈ ក្រោយ​ពេល​ដែលបុគ្គលរូបនេះបាននិយាយប្រមាថដល់កិត្តិយសរបស់អ្នកសារព័តមាននៅលើ​បណ្ដាញ​សង្គមហ្វេសប៊ុករបស់ផ្ទាល់ខ្លួនរបស់គាត់។  

តាមរយៈញត្តិចុះថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ និងចុះហត្ថលេខាដោយ លោក ជាវ គីមលាង មានតួនាទីជាចាងហ្វាងនៃអង្គភាពសារព័ត៌មានគ្រុឌ០១ និង ជាតំណាង​ឱ្យ​សហការី​ទាំង២៥រាជធានី-ខេត្ត បានស្នើឱ្យក្រសួងព័ត៌មានពិនិត្យ និងចាត់វិធានការលើលោក ផែង វណ្ណៈ ជាចាងហ្វាងការផ្សាយ PHENG VANNAK NEWS ចំពោះការប្រើពាក្យពេចន៍វោហារ ប្រមាថមាក់ងាយមកលើអ្នកសារព័ត៌មាន។

ក្នុងលិខិតនោះ បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ​ បានប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Pheng Vannak News និងបាននិយាយថា
«ខ្លួនមានទ្រព្យសម្បត្តិស្តុកស្ដម្ភ ជីវិតហាយសូ រស់នៅក្នុងផ្ទះវីឡា ជិះសុទ្ធតែរថយន្ត​ទំនើប​តម្លៃ​ជាង៣០ម៉ឺនដុល្លារ មិនដូចពួកអាកាសែតខ្ចប់មមីសមាន់មួយរៀលៗឆ្នូតពាក់កាតដើរ ឡាយ​តាមចិញ្ចើមផ្លូវ ដើរសំពះសុំលុយគេ រហេមរហាម ខ្វះចំណេះដឹងនោះទេ»។ ដោយ​ពួកគេ​បន្ថែមថា ការដៀលប្រមាថនេះមិនមែនជាលើកទីមួយនោះទេ។

ក្នុងលិខិតដដែលបញ្ជាក់ថា បណ្ដាអ្នកសារព័ត៌មានដែលចូលរួមថ្កោលទោសបានចាត់ទុកថា ទង្វើរបស់លោក ផែង វណ្ណៈ គឺជាការញុះញង់ឱ្យមានការរើសអើង និងបង្កភាពវឹកវរ​ដល់​សង្គម​ជាតិ ពុំមែនជាការរិះគន់ក្នុងន័យស្ថាបនានោះឡើយ ដែលនាំឱ្យប្រជាពលរដ្ឋមានគំនិត​អវិជ្ជមាន និងអស់ជំនឿលើស្ថាប័នព័ត៌មាន ដែលជាស្ថាប័នអ្នកនាំពាក្យរបស់ជាតិ ក៏ដូចជា​បងប្អូន​អ្នកសារព័ត៌មានផ្ទាល់ដែលកំពុងបំពេញវិជ្ជាជីវៈបម្រើសង្គម។

លោក វណ្ណ ថារឹទ្ធ ជាចាងហ្វាងនៃអង្គភាពសារព័ត៌មាន សាន ព្រហ្ម បានបដិសេធទៅ​នឹងការ​ចោទ​ប្រកាន់របស់លោក ផែង វណ្ណៈ ដោយលោកថាបុគ្គលរូបនេះ​ពុំមានអ្វីជាសម្អាង​នោះ​ឡើយ ប៉ុន្តែបានធ្វើការរាប់បញ្ចូលអ្នកសារព័ត៌មានអនឡាញ ដែលលោកប្រមាថថា​ជា​អ្នកកាសែត​​តាមចិញ្ចើមផ្លូវនោះ បានប្រកបអាជីពដើរយកតែលុយពីគេ។

លោកបានថ្លែងថា៖«វាជាភាសាមួយដែលធ្ងន់ គឺជាភាសាមួយដែលដៀលនិងប្រមាថ ហើយ​មានការចោទប្រកាន់ថែមទៀត។ ចោទប្រកាន់ថាពួកគាត់[អ្នកសារព័ត៌មាន]ថា​ដើរតែ​យក​លុយ យកអីរបស់គេអីចឹងទៅ ប៉ុន្តែធាតុពិតគឺគាត់គ្មានអ្វីជាសំអាងណាមួយ​ដែលថា​ពួកគាត់​ធ្វើអ៊ីចឹងនោះទេ។ ហើយការណ៌ដែលគាត់និយាយរ៉ាប់ហ្នឹងគឺជាភាសាដែល​យើង​មិនអាច​ទទួលយកបាន»

លោកបន្ថែមថា កន្លងមកគាត់មើលឃើញថាស្ថាប័នសារព័ត៌មាន លោក ផែង វណ្ណៈ គឺពុំមាន​កូនចៅ​ចុះយកព័ត៌មាននោះឡើយ ដោយចាំតែធ្វើការចម្លងយក​ព័ត៌មានពីស្ថាប័ន​ផ្សេងទៀត​តែប៉ុណ្ណោះ។

ជាមួយគ្នា លោក ថារឹទ្ធ បានស្នើឱ្យក្រសួងធ្វើការលុបអាជ្ញាបណ្ណសារព័ត៌មានរបស់ លោក ផែង វណ្ណៈ ជាកំហិត​ ដោយបើពុំនោះទេវានឹងធ្វើឱ្យប៉ះពាល់ដល់កិត្តិយស​របស់​អ្នក​សារព័ត៌មាន​ដែលប្រកាន់ខ្ជាប់វិជ្ជាជីវៈ ក៏ដូចជាការនឹងធ្វើឱ្យធ្លាក់ចុះនៃវិស័យសារព័ត៌មាន​ជា​ដើម។

លោកបន្ថែមថា៖«ដំណើរពួកខ្ញុំមកទីនេះគឺមិនមានអ្វីច្រើននោះទេ គឺសុំតែការលុបអាជ្ញាបណ្ណ​បុគ្គល​នេះ​ចោលតែម្ដង បើសិនជានៅបន្តទៀតវិស័យសារព័ត៌មាននឹងធ្លាក់ចុះ ពីព្រោះអ្នក​សារព័ត៌មាន​នៅទីនេះសុទ្ធសឹងតែបានរៀន និងសុទ្ធតែមានវិជ្ជាជីវៈទាំងអស់ អ្នកណាក៏​មាន​វិញ្ញាបនបត្របញ្ជាក់ការសិក្សានោះដែរ»

អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

គួរបញ្ជាក់ថា ក្រោយពេលប្រមូលផ្ដុំគ្នាអស់ជាង១ម៉ោង ក្រសួងបានអញ្ជើញ​អ្នកសារព័ត៌មាន​ដែលមកធ្វើការតវ៉ាទាំងអស់ចូលជួបនៅវេលាម៉ោង៩:១០នាទី ព្រឹក ដែលដឹកនាំដោយលោក ផុស សុវណ្ណ អគ្គនាយកនៃនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍។  

លោក ប៊ុន ធីម ជាចាងហ្វាងនៃអង្គភាពគេហទំព័រថ្មី បានលើកឡើងនៅក្នុងអង្គប្រជុំថា មិនថា​ក្រសួង​ធ្វើការសម្រេចចិត្តបែបណានោះទេ ប៉ុន្តែលោកចង់ឱ្យលោក ផែង​ វណ្ណៈ ធ្វើការកែប្រែ​នូវ​អាកប្បបកិរិយារបស់ខ្លួន និងគិតពីក្រមសីលធម៌វិជ្ជាជីវៈមុននឹងធ្វើការនិយាយ ឬបង្ហោះពី​ខ្លឹមសារអ្វីមួយលើបណ្ដាញសង្គម។ លោកបន្ថែមថា បើពុំនោះទេវានឹងជះឥទ្ធិពលអាក្រក់ដល់​ក្មេង​ជំនាន់ក្រោយ។

លោកបញ្ជាក់ថា៖«រឿងលុប ឬមិនលុបគឺជាការសម្រេចចិត្តរបស់ក្រសួង ប៉ុន្តែខ្ញុំចង់ឱ្យលោក ផែង វណ្ណៈមុននឹងការLive  មុននឹងការនិយាយស្ដីគឺសូមឱ្យគាត់គិតពីក្រមសីលធម៌វិជ្ជាជីវៈ ព្រោះគាត់បានតាំងខ្លួនថាជាអ្នកចេះដឹង មានវិជ្ជាជីវៈត្រឹមត្រូវ ក៏ប៉ុន្តែកន្លងមកលោក ផែង វណ្ណៈ គឺតែងតែLive ជាព័ត៌មានជេរប្រទេច ដែលនេះហើយជាពាក្យពេចន៍មួយដែលមិនល្អ ធ្វើឱ្យក្មេងជំនាន់ក្រោយយកគំរូតាម ឬស្ដាប់ទៅវាមិនសមរម្យ»

យ៉ាងណាក្ដីអ្នកស្រី ជា ធូរីដា ជាពិធីការិនីTV Online នៃស្ថាប័នក្នុងស្រុកមួយ បានទទូចឱ្យ​ក្រសួងព័ត៌មាន និងស្ថាប័នពាក់ព័ន្ធពិនិត្យនិងចាត់វិធានការឱ្យបានជាបន្ទាន់ទៅ​នឹងករណី​ប្រមាថ​មាក់ងាយរបស់លោក ផែង វណ្ណៈ ទៅកាន់បងប្អូនអ្នកសារព័ត៌មាននេះ។ ដោយ​អ្នកស្រី​បន្តថា បើករណីពុំអាចដោះស្រាយបាននោះទេវានឹងធ្វើឱ្យបុគ្គលរូបនោះ​នឹងកាន់តែបន្តប្រព្រឹត្ត​អំពើបែបនេះទៀត។

អ្នកស្រីលើកឡើងថា៖ «នេះជាការស្នើសុំហើយ ស្នើសុំទៀតទៅដល់បណ្ដាថ្នាក់ដឹកនាំនៅតាម​បណ្ដាស្ថាប័ន នៅក្នុងក្រសួងព័ត៌មានទាំងអស់ សូមមេត្តាចាត់វិធានការរឿងនេះឱ្យក្ដៅគគុក ដោយសារ​បើគាត់មើលងាយបានលើកនេះ ខ្ញុំគិតថាលើកក្រោយក៏គាត់នឹងមើលងាយ​បន្ត​ទៀត ហើយបងៗដែលជាអ្នកសារព័ត៌មានគាត់នឹងលែងមានឥទ្ធិពលហើយ»

ទាក់ទងនឹងសំណើខាងលើ លោក ផុស សុវណ្ណ មានប្រសាសន៍ឆ្លើយតបទៅកាន់​អ្នក​សារព័ត៌មាន​ថា ពាក្យស្នើសុំថ្កោលទោស ឬបិទស្ថាប័នសារព័ត៌មានលោក ផែង វណ្ណៈ ក្រសួង​ព្រមទទួលយកការស្នើនេះហើយក្រសួងនឹងយកទៅពិភាក្សាគ្នាជាមួយនឹងថ្នាក់ដឹកនាំដើម្បី​សម្រេចថាបិទ ឬមិនបិទ។ លោកបន្តទៀតថា បើនិយាយតាមបច្ចេកទេសក្រសួងអាចមាន​សិទ្ធិ​បិទស្ថាប័នរបស់លោក ផែង វណ្ណៈ បានលុះត្រាតែបុគ្គលរូបនេះមិនព្រម​កែតម្រូវ ឬទទួល​កំហុស​របស់ខ្លួនទើបក្រសួងមានវិធានការទៅលើរឿងនេះ។ 

លោក សុវណ្ណ មានប្រសាសន៍ថា៖ «បើក្រសួងព័ត៌មានបានទទួលហើយសារនេះ ទទួលសារ​ហើយផ្ញើជូនទៅ ផែង វណ្ណៈ គាត់មិនធ្វើការកែតម្រូវ បានខ្ញុំមានសិទ្ធិធ្វើការដក[អាជ្ញាបណ្ណ] ប៉ុន្តែបើគាត់ធ្វើការកែតម្រូវអស់ ខ្ញុំអត់ដឹងថាបច្ចេកទេសម៉េចទៀត ចឹងបានខ្ញុំទុកពេលនេះ​ឱ្យថា្នក់ដឹកនាំសម្រេច»

លោក ផុស សុវណ្ណ បន្ថែមថា កន្លងមកក្រសួងអាចដកស្ថាប័នព័ត៌មានបាន គឺនៅពេលស្ថាប័ន​នោះ​មិនកែតម្រូវតាមការសំណូមពររបស់ក្រសួង ឱ្យកែតម្រូវត្រង់ចំណុចដែលក្រសួងពិនិត្យ​ទៅ​ឃើញថាពិតជាមានកំហុស។ 

លោកមានប្រសាសន៍បន្តទៀតថា លោកមិនទាន់សម្រេចថាបិទ ឬដកស្ថាប័នសារព័ត៌មាន​របស់ លោក ផែង វណ្ណៈ ទេ ប៉ុន្តែលោកនឹងស្នើសុំឱ្យមានការកែប្រែ ឬលុបវីដេអូណាមួយ​ដែល​មាន​ការប្រតិកម្មខ្លាំង និងធ្វើឱ្យប៉ះពាល់ដល់អ្នកសារព័ត៌មាន។

លោកបន្ថែមទៀតថា៖ «លើកលែងតែធ្ងន់ធ្ងរកម្រិតណាមួយផ្សេងទៀតដែលជាកម្រិត​អ្នក​នយោបាយគាត់មើលឃើញថាវាអាចនឹងបង្ក(បញ្ហាធំ) បានយើង(ក្រសួង)អាចធ្វើការលុប ឬក៏ដកហូតអាជ្ញាប័ណ្ណតែម្តង»

អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ចំពោះករណីនេះលោក ផែង វណ្ណៈ មានប្រសាសន៍ថា លោកមិនបានចាប់អារម្មណ៍ទៅនឹង​ការតវ៉ា​របស់អ្នកកាសែតទាំងអស់នោះទេ ព្រោះលោកមិនបានស្គាល់ពួកគេ។ លោកបន្តថា ដើមហេតុនៃរឿងនេះគឺលោកបានឃើញសេចក្តីជូនដំណឹងមួយលើបណ្តាញសង្គមដែលបានផ្សព្វផ្សាយដោយកាស៊ីណូមួយឈ្មោះ «TOP DIAMOND CASINO»​ពាក់ព័ន្ធនឹង​អ្នកកាសែត​ដែល​ដាក់ខែសុំលុយពីកាស៊ីណូនោះ ដែលទង្វើនេះគឺខុសនឹងច្បាប់ និងបានធ្វើឱ្យប៉ះពាល់​អ្នកកាសែត​ដែលមានវិជ្ជាជីវៈ។

លោកបន្តថា ការនិយាយរបស់លោកគឺចង់សំដៅ​ដល់អ្នកកាសែតដែលមាន​ឈ្មោះដើរយក​លុយ​​ពីកាស៊ីណូប៉ុណ្ណោះ។ លោកនិយាយថា៖ «យើង(លោក ផែង វណ្ណៈ)មិនដឹងថាកាសែត​មួយណា​ទេ តែយើងចាត់ទុកថាអ្នកដែលប្រើកាតកាសែត ស្ពាយកាតកាសែត​ដើរសុំលុយគេ​វាខុសច្បាប់»

លោក ផែង វណ្ណៈ បានបន្ថែមទៀតថា ការប្រើពាក្យអាក្រក់ គឺសម្រាប់តែអ្នកកាសែតមិន​ត្រឹមត្រូវ​ទេ ប៉ុន្តែបើសម្រាប់អ្នកកាសែតដែលត្រឹមត្រូវគឺលោកមិនប្រើពាក្យ​អាក្រក់​ជាមួយ​ឡើយ។ ចំពោះការប្តឹង គឺសម្រេចលើក្រសួង ហើយលោកមិនតតាំងជាមួយអ្នកកាសែតទាំង​នោះ​ឡើយ។

ចំណែកឯលោក សូ សំបូរ ជាចាងហ្វាងសារព័ត៌មាន ASB TV News ដែលបានចូលរួមក្នុងការ​ថ្កោល​ទោស​លោក ផែង វណ្ណៈ​ បានផ្តល់បទសម្ភាសន៍ក្រោយអង្គប្រជុំបិទបញ្ចប់ថា លោក​មាន​សង្ឃឹមថាក្រសួងនឹងដកអាជ្ញាបណ្ណលោក ផែង វណ្ណៈ​ ព្រោះមានអ្នកសារព័ត៌មានជាច្រើន​ដែលមកពីស្ថាប័នផ្សេងៗទូទាំងប្រទេសបានចូលរួមធ្វើការថ្កោលទោស។ លោកបន្តថា ក្រសួង​​គួរតែដកស្ថាប័នរបស់លោក ផែង វណ្ណៈ​ ព្រោះបើក្រសួងមិនដកគឺនឹងធ្វើឱ្យប៉ះពាល់​ដល់​បរិយាកាសសារព័ត៌មានដែលមានវិជ្ជាជីវៈ ព្រោះលោក ផែង វណ្ណៈ បានប្រើពាក្យមើល​ងាយ និងប្រមាថដល់អ្នកសារព័ត៌មានក្នុងប្រទេស។

លោកបន្ថែមថា៖​ «ក្រសួងព័ត៌មានមិនដឹងជាទុកសាច់ស្អុយនេះ​ធ្វើអ្វីទៀតទេ សាច់ស្អុយគួរតែ​[..]ចោល បុគ្គលដែលបំពុលបរិយាកាសផ្នែកវិស័យសារព័ត៌មានក៏គួរតែដកចេញទៅ»

លោក ខៀវ កូឡា ជាអ្នកនាំពាក្យក្លឹបអ្នកកាសែតកម្ពុជា យល់ឃើញថា អ្នកសារព័ត៌មានពួកគេ​មានសិទ្ធិ​ប្រតិកម្មទៅលើការនិយាយរបស់លោក ផែង វណ្ណៈ​ ព្រោះជាសិទ្ធិរបស់ពួកគេ​ដែល​រស់នៅក្នុងសង្គមហើយវាក៏ជាច្បាប់ស្តីពីសារព័ត៌មាន។ លោកបន្ថែមថា ការនិយាយរបស់​លោក ផែង វណ្ណៈ គឺជ្រុលហួសដោយការនិយាយមិនបានរៀបពាក្យឱ្យបាន​សមរម្យ​ដែលធ្វើ​ឱ្យ​ប៉ះទង្គិចដល់អ្នកសារព័ត៌មានដែលមានប្រាក់ចំណូលទាប។

លោកថ្លែងថា៖​ «ខ្ញុំគិតថាលោក ផែង វណ្ណៈ គាត់ទៅជ្រុលពេក ការបញ្ចេញយោបល់​គាត់​អត់ចេះ​រៀបពាក្យចឹងទៅវាប៉ះទង្គិចជាមួយអ្នកសារព័ត៌មានមួយចំនួន»

ទោះយ៉ាងលោក កូឡា ចង់ឃើញរដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហាញពីសមត្ថភាព​ក្នុងការ​ដោះ​ស្រាយ​ទៅលើបញ្ហានេះ និងឱ្យភាគីទាំងសងខាងពួកគេអាចទទួលយកបានបន្ទាប់​ពីការដោះ​ស្រាយហើយ។

លោកបន្ថែមថា៖ «ខ្ញុំជឿថាឯកឧត្តមរដ្ឋមន្រ្តីលោកប្រាកដជាបង្ហាញទេពកោសល្យរបស់គាត់ ក្នុងការដោះស្រាយវិបត្តិ ដែលជះឥទ្ធិពលមិនល្អដល់សាមគ្គីភាព ក្នុងចំណោមសហគមន៍​សារព័ត៌មានកម្ពុជា»

អ្នកសារព័ត៌មានអនឡាញតវ៉ា និងដាក់ញត្តិនៅក្រសួងព័ត៌មាន ប្តឹងលោក ផែង វណ្ណៈ រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។ (ខេមបូចា/ ហ៊ែល កំសាន)

គួរឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែមិថុនា​ ឆ្នាំ២០២៣ លោក ផែង វណ្ណៈក៏ធ្លាប់បានផ្ញើសារ​គំរាម​កំហែង​ដល់អាយុជីវិត ជាសំឡេងទៅហ្វេកប៊ុករបស់អ្នកសារព័ត៌មាន The Cambodia Daily លោក តាំង សារ៉ាដា ថា៖ «កុំចូលទឹកដីខ្មែរ បើហ៊ានចូលទឹកដីខ្មែរ អញនឹងកាប់ក្បាលនឹង ពូថៅ»។ ដោយឡែក លោក វណ្ណៈ ក៏ធ្លាប់បានបង្ហោះសារបៀតបៀនទៅលើស្រ្តី​អ្នកយក​ព័ត៌មាន​​VOD ម្នាក់នៅលើបណ្ដាញសង្គម ក្រោយស្ថាប័នមួយនេះត្រូវបានបិទ៕

703 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម