សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីប៉ះទង្គិចជាមួយហ្វេសប៊ុក អនាគតនៃកម្មវិធីដែលផ្តល់មូលនិធិដោយ Meta ស្ថិតក្នុងភាពមិនច្បាស់លាស់

សិស្សម្នាក់កំពុងមើលទូរសព្ទដៃនៅមុខក្លោងទ្វារចូលវិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សិស្សម្នាក់កំពុងមើលទូរសព្ទដៃនៅមុខក្លោងទ្វារចូលវិទ្យាល័យបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

បន្ទាប់ពីរដ្ឋាភិបាលបានប្រកាសថា ខ្លួននឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយហ្វេសប៊ុក​កាល​ពី​សប្តាហ៍មុន អនាគតនៃកម្មវិធីដែលមាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​ និង​ផ្តល់មូលនិធិ​​ដោយ​ក្រុមហ៊ុន Meta ស្ថិតក្នុង​ភាព​មិនច្បាស់​លាស់។ ក្រុមហ៊ុន​ Meta គឺ​ជា​ក្រុមហ៊ុន​មេរបស់​បណ្តាញ​​ទំនាក់ទំនងសង្គមមួយនេះ​។

លិខិត​របស់​ក្រសួង​ទូរគមនាគមន៍​ចេញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា បញ្ជាក់​ថា រដ្ឋាភិបាល​នឹង​ផ្អាក​ទំនាក់​ទំនង​ជាមួយហ្វេសប៊ុក​ បញ្ចប់​ភាព​ជា​ដៃគូ​ក្នុងវិស័យ​ឯកជន និង​បណ្តេញ​តំណាង​ក្រុមហ៊ុន​ចេញ​ពី​ប្រទេសកម្ពុជា​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លុប​ហ្វេសប៊ុក​របស់​លោក​ បន្ទាប់​ពី​​ក្រុមប្រឹក្សា​ត្រួត​ពិនិត្យ​​​របស់ក្រុម​ហ៊ុន​ Meta បានផ្តល់​អនុសាសន៍​ឱ្យផ្អាក​គណនីហ្វេសប៊ុក​របស់​លោក​រយៈ​ពេល៦ខែ បន្ទាប់ពី​លោក​បាន​ផ្សាយ​ផ្ទាល់​សុន្ទរកថាដោយ​​​​អំពាវនាវ​ឱ្យ​មាន​អំពើ​ហិង្សា​លើ​គូប្រជែង​​​នយោបាយបក្ស​ប្រឆាំង​។ ក្រសួងការបរទេសកម្ពុជា​កាលពីថ្ងៃអង្គារបានហាមឃាត់​សមាជិកទាំង២២នាក់នៃក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន​ Meta ដោយហៅការ​សម្រេច​ចិត្តនេះថា «មានលក្ខណៈនយោបាយ»

ខណៈពេលលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលក្រោយមកបានបំភ្លឺទៅកាន់បណ្តាញ​សារព័ត៌មាន​ Rest of World ថា រដ្ឋាភិបាលនឹងមិនស្វះស្វែងរកការបញ្ចប់ភាពជាដៃគូក្នុង​វិស័យឯកជនរបស់ហ្វេសប៊ុកនៅកម្ពុជានោះទេ ប៉ុន្តែលោកបានរំលឹកឡើងវិញថា រដ្ឋាភិបាលនឹងឈប់ធ្វើ​ដៃគូជាមួយហ្វេសប៊ុក។

លោក លីវ សុផាន់ណារិទ្ធ អ្នក​នាំ​ពាក្យ​ក្រសួង​ទូរគមនាគមន៍បន្ថែម​ថា កម្មវិធី​អប់រំរបស់​ក្រុមហ៊ុន​​ Meta ក្នុង​ប្រទេសកម្ពុជា​​នឹង​ត្រូវ​បញ្ចប់។

លោក សុផាន់ណារិទ្ធ បាន​ថ្លែង​ថា៖​ «​ពីមុន​យើង​មាន​វគ្គ​បណ្តុះបណ្តាល​ខ្លះ​ដែល​ផ្តល់​​ដោយ​ Meta ប៉ុន្តែ​ឥឡូវ​ យើង​នឹង​ឈប់​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ទាំង​នោះ​ហើយ»

ក្រុមហ៊ុន Meta បានផ្តល់មូលនិធិដល់កម្មវិធីជាច្រើនជាមួយអង្គការក្រៅរដ្ឋាភិបាល​កម្ពុជា​ក្នុង​ភាព​ជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ដូចជាកម្មវិធីអក្ខរកម្ម​ឌីជីថល​ខ្មែរ និងផតថល​សេដ្ឋកិច្ច​ឌីជីថល។

លោក ហេង ភក្តី អ្នក​គ្រប់​គ្រង​គោល​នយោបាយ​សាធារណៈ​របស់​ក្រុមហ៊ុន Meta និង​ក្រុមហ៊ុន Meta មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

វិទ្យាល័យព្រះស៊ីសុវត្ថិ គឺជាសាលាមួយក្នុងចំណោមសាលាចំនួនប្រាំមួយ ដែលគ្រោង​​​នឹង​ទទួល​បានអត្ថប្រយោជន៍ពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដែលផ្តល់មូលនិធិដោយក្រុមហ៊ុន Meta ដែល​កម្មវិធីនេះ ត្រូវ​បាន​បើកដំណើរការកាលពីខែមីនា ដោយសហការជាមួយ​អង្គការ​សកម្មភាពសម្រាប់​ការអប់រំនៅ​កម្ពុជា​ (KAPE) និងក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធី​នេះ​គឺបានមកពីគំនិតផ្តួចផ្តើម WeThinkDigital របស់ក្រុមហ៊ុន​ Meta។

កម្មវិធីនេះ ត្រូវបានរៀប​ចំ​ឡើង ដើម្បីណែនាំគ្រូបង្គោលមក​ពីសាលានីមួយៗតាម​រយៈ​កម្មវិធី​សិក្សា​ដែលរៀប​ចំ​ឡើងដោយក្រុមហ៊ុន​ Meta ដើម្បីធ្វើសមាហរណកម្មទៅ​ក្នុងកម្មវិធី​បណ្តុះ​បណ្តាលឌីជីថលដែលមានស្រាប់របស់ពួកគេ ដោយមានគោលដៅបណ្តុះបណ្តាល​សិស្សពី ៣ ០០០ ទៅ ៥ ០០០នាក់ នេះបើយោងតាម​គេហទំព័ររបស់អង្គការ KAPE។

សិស្សានុសិស្ស​លេង​ទូរសព្ទ​ដៃ​​នៅ​មុខ​ក្លោង​ទ្វារ​​ចូល​វិទ្យាល័យ​បឹងកេងកង រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

លោកស្រី​ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ KiriPost ក្នុង​ពិធី​សម្ពោធថា៖ «វគ្គសិក្សានេះនឹងបំពាក់ឱ្យសាលារៀននូវជំនាញចាំ​បាច់ ដើម្បីរីកចម្រើនក្នុង​យុគសម័យឌីជីថល ហើយយើងទន្ទឹងរង់ចាំមើលការរីកចម្រើន និងភាពជោគជ័យរបស់​សាលា​​ទាំងនោះ”។

លោក សំ កំសាន្ត នាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ បានមានប្រសាសន៍ថា សាលា​បាននឹង​កំពុង​​ដំណើរការកម្មវិធីអក្ខរកម្មឌីជីថលរួចហើយ ហើយនិយាយថា ការ​សិក្សានឹងបន្ត។ លោក​បាន​អះអាងថា កម្មវិធីសិក្សា និងវគ្គ​បណ្តុះបណ្តាល​​បន្ថែមរបស់ក្រុមហ៊ុន Meta មិនទាន់ត្រូវ​បាន​អនុវត្តនៅឡើយទេ​ ហើយកាលពីថ្ងៃសុក្រ លោកបាននិយាយថា មិនមានព័ត៌មាន​ថ្មី​ពី​ក្រសួង​អប់រំ យុវជននិងកីឡា​អំពីអនាគតនៃ​កម្មវិធីនេះ​ទេ។

លោកបានលើកឡើងថា៖ «ទាក់ទងហ្វេសប៊ុក​និង Meta វាមិនពាក់ព័ន្ធនឹងសា​លារបស់​យើង ​ឬកម្មវិធី​អប់រំអក្ខរកម្មឌីជីថល ដែលនឹង​ត្រូវកាត់ផ្តាច់ ឬផ្អាកដំណើរការ​នោះទេ។ ដំណើរការ​នៅតែដដែល ហើយយើងបន្តលើកកម្ពស់ [អក្ខរកម្មឌីជីថល]»

លោក​បាន​បន្ថែម​ថា៖​ «យើង​មិន​ដឹង​ថា​តើ​ត្រូវ​បន្ត​ដំណើរការ [​កម្មវិធី​] ឬ​ផ្អាក​ទេ ព្រោះ​វា​ជា​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់​ដឹកនាំ​»

អង្គការ KAPE មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។ ចំណែក​អ្នក​ទទួល​​ទូរ​សព្ទ​នៅ​​ការិយាល័យរបស់អង្គការ​ InSTEDDiLab ជាអង្គការមួយដែលបានចុះបញ្ជីជាដៃគូមួយ​ក្នុង​ចំណោមដៃគូរនៃ​គំនិតផ្តួចផ្តើម​ដែល​ផ្តល់មូលនិធិដោយ ក្រុម​ហ៊ុន Meta បាននិយាយថា កម្មវិធី​នេះ​នឹងបន្ត ប៉ុន្តែលោក​មិនប្រាកដថាតើក្រុមហ៊ុន Meta នឹងនៅបន្ត​ចូល​រួម​ឬយ៉ាង​ណា​ទេ។ លោក​មិនបានប្រាប់​ឈ្មោះ​និង​តួនាទី​នោះទេ​។

មាស សុបញ្ញា សិស្សថ្នាក់ទី១២ នៅវិទ្យាល័យព្រះ​ស៊ីសុវត្ថិ បាននិយាយថា ខ្លួន​បានចូលរួម​សិក្ខាសាលាជាមួយតំណាងហ្វេសប៊ុកកាលពីឆ្នាំមុន។ សុបញ្ញា​ បាន​និយាយថា ហ្វេសប៊ុក​បានបង្ហាញពីរបៀបប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីអនុវត្តគម្រោង និង​លើក​កម្ពស់​ការយល់ដឹងពីសង្គមឱ្យកាន់តែមានប្រសិទ្ធភាព​។

សុបញ្ញា បាននិយាយថា៖ «ខ្ញុំ​សង្ឃឹម​ថា ការ​អប់រំ​អក្ខរកម្ម​តាម​ប្រព័ន្ធ​ឌីជីថល​នឹង​​នៅ​តែ​បន្ត បើ​ទោះ​បី​ជា​អវត្តមាន​តំណាង​ហ្វេសប៊ុកនៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដោយ»។ សុបញ្ញា បន្តថា៖ «ខ្ញុំ​ក៏​មានសុទិដ្ឋិនិយមថា នឹងមានដំណោះស្រាយមួយសម្រាប់តំណាង ហ្វេសប៊ុក​នៅកម្ពុជា ដើម្បី​បន្តការ​អប់រំ និង​លើក​កម្ពស់អក្ខរកម្មឌីជីថលនៅកម្ពុជា ក៏ដូចជាអភិវឌ្ឍបណ្តាញ​ទំនាក់ទំនង​សង្គមដ៏ធំនេះ ដើម្បី​នាំ​មក​នូវអត្ថប្រយោជន៍កាន់តែច្រើនដល់ប្រទេសកម្ពុជា»

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អនាគត​កម្មវិធី​នេះ​ទេ។

ក្រុមហ៊ុន Meta ក៏បានចាប់ដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផលិត​ផតថល​សេដ្ឋកិច្ចឌីជីថលផងដែរ។ គិតត្រឹមព្រឹកថ្ងៃសុក្រ គេហទំព័រនៅ​បង្ហាញ​ស្លាកក្រុមហ៊ុន​ Meta នៅក្រោមពាក្យ «សហការរៀបចំដោយ»

គេហទំព័រសេដ្ឋកិច្ចឌីជីថលរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ “សហការរៀបចំ” ដោយក្រុមហ៊ុន Meta។ (រូបភាពស្គ្រីនសត)

ក្រុមហ៊ុន Meta ក៏បាន «ផ្តួចផ្តើម និងផ្តល់មូលនិធិ» សម្រាប់​មូលដ្ឋានទិន្នន័យព័ត៌មានទាក់ទង​នឹងសេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា ដែលគ្រប់គ្រងដោយអង្គការ​ ទិន្នន័យអំពីការ​អភិវឌ្ឍ​ និងរួម​ទាំង​ក្រុមអ្នកប្រឹក្សាតំណាងមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងទូរគមនាគមន៍ នេះ​បើយោងតាមគេហទំព័រ។

ផតថលនេះបានផ្សាយបន្តផ្ទាល់នៅក្នុងខែតុលាឆ្នាំមុន។ តំណាងក្រុមហ៊ុន Meta ដែលសុំ​មិនបញ្ចេញឈ្មោះត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន​ KiriPost ដោយនិយាយថា ក្រុមហ៊ុនបានស្វែងរកការជំរុញសេដ្ឋកិច្ចឌីជីថល និងក្របខណ្ឌគោលនយោបាយ​របស់​ប្រទេស​កម្ពុជានៅក្នុងទសវត្សរ៍ខាងមុខ​នេះ។

តំណាង​មក​ពី​អង្គការទិន្នន័យអំពីការ​អភិវឌ្ឍ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​អនាគត​នៃ​គេហទំព័រ​នេះ​ទេ។

លោក មាស សុខសេនសាន អ្នក​នាំ​ពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុបាន​អះអាង​ថា រដ្ឋាភិបាល​មិន​បាន​ពាក់ព័ន្ធ​នឹង​គេហទំព័រទិន្នន័យអំពីការ​អភិវឌ្ឍទេ។ ទាក់ទងនឹង​គេហទំព័រ​របស់រដ្ឋាភិបាល ដែលផ្តល់មូលនិធិដោយក្រុមហ៊ុន Meta  លោក សុខសេនសាន «បានសង្កត់​ធ្ងន់​ថា ទាក់ទងនឹងសកម្មភាពចាស់ទាំងអស់ [ជាមួយ Meta ] រដ្ឋាភិបាលមិនបានធ្វើអ្វី​ស៊ី​ជម្រៅ និងទូលំទូលាយនោះទេ ដោយភាគច្រើនធ្វើការលើចំណេះដឹងផ្នែកឌីជីថល និងការ​បណ្តុះបណ្តាលយុទ្ធសាស្ត្រទីផ្សារតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម»

លោក សុខសេនសាន បានមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋនៅតែអាចប្រើប្រាស់ហ្វេស​ប៊ុក​សម្រាប់ការទំនាក់ទំនង និងអាជីវកម្ម ដូច្នេះគ្មានអ្វីនឹងប៉ះពាល់ដល់សេដ្ឋកិច្ចឌីជីថល និង​ក្រប​ខណ្ឌ​គោលនយោបាយសង្គមរបស់កម្ពុជាឡើយ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ After PM Clashes with Facebook, the Future of Meta-Funded Programs Remains Uncertain

178 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម