សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបញ្ចប់ភាពជាដៃគូវិស័យឯកជនហ្វេសប៊ុក និងបណ្ដេញតំណាងក្រុមហ៊ុនចេញពីកម្ពុជា

ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ រូបថតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ទីស្ដីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងរាជធានីភ្នំពេញ រូបថតកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

បន្ទាប់​ពី​ទំព័រហ្វេស​ប៊ុក​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ត្រូវ​​ព្យួរ​មិន​ឱ្យ​ប្រើ​ប្រាស់បណ្ដោះ​អាសន្ន ដោយសារ​តែរឿង​ចោទ​ថា ​បាន​ប្រើ​ប្រាស់​ទំព័រ​មួយ​នេះ​គំរាម​កំហែង​លើ​ក្រុម​អ្នក​នយោបាយ​ប្រឆាំង ​រដ្ឋាភិបាល​បាន​ប្រកាស​កាលពី​ថ្ងៃសៅរ៍​ថា ​ក្រុម​ហ៊ុន​តំណាង​របស់​​ហ្វេសប៊ុក​នៅ​កម្ពុជា ត្រូវ​បណ្ដេ​ញ​ចេញ​ពី​ប្រទេស​កម្ពុជា​។​

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រ​សួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានផុស​លើ​បណ្ដាញ​​សង្គម​ហ្វេស​ប៊ុក ដោយសរសេរ​ថា ចំពោះ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក គឺ​តម្រូវ​​ឱ្យ «បញ្ឈប់​​រាល់​សកម្ម​ភាព ដូច​ជា​ភាព​ជា​តំណាង​របស់​ក្រុម​ហ៊ុន ទំនាក់ទំនង​ជា​មួយ​រាជរដ្ឋាភិបាល និង​កិច្ច​សហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា»។​

ក្រ​សួង​​លើក​ឡើង​ថា៖ «ភាព​មិ​ន​ប្រក្រតី​នៃ​សេវា​របស់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​សម្រាប់​អ្នក​ប្រើ​ប្រាស់​​នៅ​កម្ពុជា ដូចជា​ការ​បង្កើត​គណនីក្លែង​បន្លំ ហានិភ័យ​លើ​ទិន្នន័យ​ឯក​ជន ការ​ប្រើ​ប្រាស់ និង​ការ​ប្រមូល​ទិន្នន័យឯកជន​ ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ និង​ការ​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​នយោបាយ​របស់​ប្រទេស»។​​

លោក​នាយក​រដ្ឋ​មន្ត្រី មុន​ពេល​ចេញ​សេចក្ដី​សម្រេច​បែបនេះ ក៏​ធ្លាប់​បាន​ព្រមាន​ពី​ការ​បិទ​ដំណើរ​ការ​ហ្វេស​ប៊ុក​ទាំងស្រុង​ពី​កម្ពុជា​ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​លោក​ក៏​បាន​បញ្ចប់​ត្រឹម​លុប​គណនីផ្ទាល់​របស់​លោកដែល​មាន​អ្នក​តាម​ដាន​ជាង​១៤​លាន​នាក់​។​

លោក​នាយក​រដ្ឋ​មន្ត្រី​​ តាម​រយៈ​សារ​ជាសំឡេង​ដែល​បាន​ផ្សាយ​តាម​បណ្ដាញ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល មាន​ប្រ​សាសន៍​ថា៖ «ខ្ញុំ​មិន​ល្ងង់​រហូត​ដល់​បិទ​ហ្វេសប៊ុក​ពេល​ដែល​ប្រជា​ពល​រដ្ឋ​​កំពុង​ភ្ជាប់​ទំនាក់ទំនង និង​ទទួល​ព័ត៌មាន​»

លោក​ឱ្យ​ដឹង​ដែរ​ថា លោក​បាន​ប្ដូរ​ទៅ​ប្រើ​ប្រាស់​បណ្ដាញ​តេឡេក្រាម​វិញ ដោយ​ថា​មាន​គណនីហ្វេស​ប៊ុក​ក្លែង​ក្លាយ​ជា​ច្រើន​បាន​យក​ឈ្មោះ​លោក​ប្រើ​ប្រាស់ និង​លោក​បារម្ភ​ពី​ការ​លួច​គ្រប់​គ្រង​ហ្វេសប៊ុក​ពី​ចោរ​អ៊ីនធឺណិត​ផង​ដែរ​។​

លោក​បន្ថែម​ថា៖ «​ដូច​នេះ គ្មាន​ហេតុ​ផល​ណាដែល​ខ្ញុំ​ត្រូវ​ប្រើ​ហ្វេស​ប៊ុក​ដែល​នាំ​ឱ្យ​ស៊យ​នោះ​ទេ​»​។​

​មួយ​ថ្ងៃ​មុន​នេះ ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន ​Meta  ជា​ក្រុម​ហ៊ុន​មេ​របស់​ហ្វេស​ប៊ុក​បាន​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រយៈពេល​៦​ខែ។​

ប៉ុន្តែ​ក្រោយ​ពី​រដ្ឋាភិបាល​សម្រេច​ចិត្ត​ផ្ដាច់​ទំនាក់ទំនង​រវាង​វិស័យ​រដ្ឋ និង​ឯក​ជន​ជា​មួយ​ក្រុ​ម​ហ៊ុន​ហ្វេស​ប៊ុក​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន ផល​ប៉ះពាល់​ដែលអាច​កើត​មាន​លើ​ប្រជា​ពល​រដ្ឋ​កម្ពុជា​ដែល​ពឹង​ផ្អែង​លើ​ហ្វេស​ប៊ុកដែលត្រូវ​ប្រើ​ប្រាស់​អ៊ីនធឺណិត និង​តម្រូវ​ការ​សេដ្ឋកិច្ច គឺ​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​។​

បើ​តាម​ទិន្ន័យ​បាន​ពី​ DataReportal  ក្នុង​ឆ្នាំ​២០២២ អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គមហ្វេស​ប៊ុក​​មាន​ចំនួន​១១​លាន​នាក់​ក្នុង​ចំណោមប្រ​ជា​ជន​កម្ពុជា​១៦,៥​លាន​នាក់​។​

ក្រុម​ហ៊ុន​ទូរគមនាគមន៍​ធំៗ​ជា​ច្រើន​បាន​ភ្ជាប់​ការ​ប្រូម៉ូសិន​របស់​ខ្លូន​ទៅ​នឹង​ហ្វេស​ប៊ុក​។ ក្រុម​ហ៊ុន​សេវា​ទូរសព្ទ​ចល័ត​ធំទីពីរ​នៅ​កម្ពុជា Smart បាន​ផ្សាយ​ពាណិជ្ជ​កម្ម​ក្នុង​ការ​ផ្ដល់​ទិន្ន័យ​មិន​កំណត់​លើ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ត្រឹម​២​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ប្រើ​ប្រាស់​លេខ​ទូរសព្ទ​ Smart មួយ​ចំនួន​ត្រូវ​បាន​បង្កើត​គណនី​ហ្វេស​ប៊ុក​ផ្ទាល់​ខ្លួន​ដោយ​ស្វ័យ​ប្រវត្តិ​ពេល​ចុះ​ឈ្មោះ​ប្រើ​​ប្រាស់​ជាមួយ​សេវា​ក្រុម​ហ៊ុននេះ​។​

អតីត​អគ្គនាយក​ក្រុម​ហ៊ុន​ Smart Axiata ​លោក Thomas Hundt បាន​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​ហ៊ុន​​ថា៖ «ការ​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​សហគមន៍​ហ្វេស​ប៊ុក គឺ​ជា​គន្លឹះ​សំខាន់​​មួយ​ក្នុង​ការ​ជំរុញ​ឱ្យមាន​អ្នក​ប្រើ​ប្រាស់​សេវា​អ៊ីនធឺណិត​តាម​ទូរស័ព្ទ​ដៃ ដូច​នេះហើយវា​គឺ​ជា​បំណង​របស់​យើង​ក្នុង​ការ​ធ្វើ​ឱ្យ​កាន់​តែ​ងាយ​ស្រួល និងអាច​ប្រើ​ប្រាស់ហ្វេស​ប៊ុក​​បាន​ក្នុង​តម្លៃ​សម​រម្យ»។​

ក្រុម​ហ៊ុន​ Smart មិន​អាច​ទាក់ទង​សុំ​ការ​អត្ថា​ធិប្បាយ​បានទេ ទាក់​ទង​នឹង​ថា​តើ​ការ​សម្រេច​របស់​ក្រ​សួង​នេះ​អាច​ប៉ះពាល់​ដល់​ការ​ធ្វើ​ប្រូម៉ូសិន​របស់​ខ្លួន ​ឬយ៉ាងណា​។​

រដ្ឋ​មន្ត្រី​ក្រ​សួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក​ ជា វណ្ណដេត បដិសេធ​អត្ថា​ធិប្បាយ​លើ​រឿង​នេះ និង​បានបង្វែរ​សំណួរ​ទៅ​កាន់​រដ្ឋលេខាធិការ​ក្រ​សួង លោក សូ វិសុទ្ធ ​តែ​មិន​អាច​ទាក់​ទង​បាន​។​

អ្នកនាំពាក្យ​ក្រុមហ៊ុន​ Meta បាន​ប្រាប់​ខេមបូចា​ថា៖ «​យើង​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ទេ​នៅ​ពេល​នេះ»។​

ក្រុម​ហ៊ុន​ធំៗ​ផ្ដល់​សេវា​អ៊ីនធឺណិត​ផ្សេង​ទៀត​ដូចជា​ក្រុម​ហ៊ុនសែល​កាត ក្រុម​ហ៊ុន​មិត្តហ្វូន ក្រុម​ហ៊ុន WiCAM និង​មេគង្គណិត​ មិន​បាន​ឆ្លើយ​តប​នឹង​ការ​ស្នើ​សុំ​ធ្វើ​អត្ថាធិប្បាយ​ពី​ខេមបូចា​នោះទេ​។​

ការ​សម្រេច​ឱ្យ​ព្យួរ​គណនី​ហ្វេ​សប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នេះ ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ Meta ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សម្ដី​របស់​លោក ហ៊ុន សែន ដែល​ផ្សាយ​ផ្ទាល់​លើ​បណ្ដាញ​សង្គម។ ពេល​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​គំរាម​អ្នក​នយោបាយ​ប្រឆាំង​ពី​វិធានការ​​ផ្លូវ​ច្បាប់ ឬ «​ដំបង»។ នៅ​ប៉ុន្មាន​ខែ​បន្ទាប់ សកម្ម​ជន​បក្ស​ប្រឆាំង​ត្រូវ​បាន​គេ​តាម​ដាន និង​វាយ​​នឹង​ដំបង​ដោយ​ជន​មិន​ស្គាល់​មុខ​ពី​ខាង​ក្រោយ​ខ្នង​។​

លោក អ៊ិត សូធឿត នាយក​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ (CCIM) បាន​កត់​សម្គាល់​ថា​ ហ្វេស​ប៊ុក​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​មាន​ផ្ទុក​ប្រសាសន៍ សេចក្ដី​ប្រកាស​ និង​ឯកសារ​រដ្ឋាភិបាល រាប់​ពាន់​ច្បាប់​។ ​លោកបាម្ភ​ថា សាធារណជន​នឹង​មិន​អាច​ស្វែង​រក​ព័ត៌មានទាំង​នេះ​​បាន​តទៅទៀត​។​

​លោក​លើក​ឡើង​ថា​៖ «ហ្វេស​ប៊ុក​បាន​ដើរតួ​​យ៉ាង​សំខាន់​ក្នុង​ការ​ចំណោម​ប្រជា​ពល​រដ្ឋ​កម្ពុជា ដោយ​ហ្វេស​ប៊ុក​បាន​អនុញ្ញាត​ឱ្យ​ប្រ​ជា​ពល​រដ្ឋ​ទទួលបាន​​ព័ត៌មាន​​»។​

អង្គកាលីកាដូលើក​ឡើង​ថា ​កាល​ពី​ឆ្នាំ​២០១៣ មាន​ក្រុម​ហ៊ុន​អ៊ិន​ធឺ​ណិត​មួយ​ចំនួន​បាន​បិទ​មិន​ឱ្យ​អ្នក​ប្រើ​ប្រាស់​បើក​ហ្វេសប៊ុក​បាន ដែល​កាល​នោះ​ជា​ពេល​វេលា​នៃ​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ជាតិ ហើយ​គណបក្ស​ប្រឆាំង​បាន​ធ្វើ​យុទ្ធនាការ​របស់​ខ្លួន​យ៉ាង​ខ្លាំង​ក្លា​លើ​បណ្ដាញ​សង្គម​មួយ​នេះ។​

សកម្មជន​បរិស្ថាន​លោក សាន់ ម៉ាឡា មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​ផ្ដល់​ជា​កញ្ចប់​ថវិកា​ដល់​សង្គម​ស៊ីវិល​ដើម្បី​គាំទ្រ​ដល់ការ​បណ្ដុះ​បណ្ដាល​ផ្នែក​​អក្ខរកម្ម​ឌីជីថល​ និង​សុវត្ថិភាព​ផ្នែក​ឌីជីថល​នៅ​កម្ពុជា ហើយ​លោក​ក៏​មាន​ការ​បារម្ភ​ដែរ​ពេល​តំណាង​របស់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​ចាក​ចេញពី​កម្ពុជា។​

លោក​ឱ្យ​ដឹងថា៖ «សម្រាប់​ខ្ញុំ​ ការ​រក្សា​ទុក​តំណាង​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​នៅ​កម្ពុជា​នឹង​ជា​ផ្នែក​មួយ​នៃ​ការ​ជំរុញ​ឱ្យ​ក្រុម​ហ៊ុន​​ហ្វេស​ប៊ុកដ៏សំខាន់​អនុញ្ញាត​ឱ្យ​អ្នក​បង្កើត​មាតិ​កា​បាន​ទទួល​ចំណូល​ផ្លូវ​ការ​ពី​អ្វី​ដែល​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​»។​

​​សម្រាប់​មន្ត្រី​រដ្ឋាភិបាល ក៏​ដូច​ជា​អ្នក​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី ​ទាក់ទង​នឹង​ការឈប់​ប្រើ​ហ្វេស​ប៊ុក​នេះ ហាក់​នៅ​មាន​ភាព​ចម្រុះ​គ្នា​នៅ​ឡើយ។​ មនុស្ស​មួយ​ចំនួន​បាន​ធ្វើ​តាម​លោក ឡេង ណាវ៉ាត្រា ដោយ​បាន​សន្យាថា ​នឹង​លុប​ហ្វេស​ប៊ុក​​របស់​ខ្លួន​ដែល​មាន​អ្នក​តាម​ដាន​​២,២​លាន​នាក់។ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ លោក​បាន​ប្ដូរ​ចិត្ត​វិញ​។​

លោកបាន​សរសេរ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក​ថា៖ «​ក្រុម​បម្រើ​បរទេស​ទាំង​ឡាយ កុំ​មក​ឌឺ​ខ្ញុំ​ពេក ខ្ញុំ​សម្រេច​ចិត្ត​មិន​លុប​ហ្វេស​ប៊ុក​របស់​ខ្ញុំ​ ទុក​សំពង​អ្ន​កឯង​សិន ខ្ញុំ​មិន​ល្ងង់​ពេក​ទេ បើ​សិនជា​ដល់ពេល​ ខ្ញុំ​លុប​ក៏​មិន​ទាន់​ហួសពេល​ដែរ»។​

រាយការណ៍​បន្ថែម​ដោយ៖ ហ៊ែល កំសាន និង​សុវណ្ណ ស្រីពេជ្រ

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Ends Facebook Private Sector Partnerships, Expels Company’s Representative

309 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម