សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

ធនាគារជាតិដកអាជ្ញាបណ្ណធនាគារផេនដា ហើយបញ្ជាឱ្យមានការជម្រះបញ្ជី

ការិយាល័យកណ្ដាលរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ (ខេមបូចា/ទ្រី ថានី)
ការិយាល័យកណ្ដាលរបស់ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក នៅខណ្ឌទួលគោក រាជធានីភ្នំពេញ។ រូបភាពថត នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦។ (ខេមបូចា/ទ្រី ថានី)

ធនាគារជាតិនៃកម្ពុជា បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនបានដកអាជ្ញាបណ្ណរបស់ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក។ ស្ថាប័នឥណទាននេះ ត្រូវបានរាយការណ៍ថាមានទំនាក់ទំនងជាមួយក្រុមហ៊ុនមួយដែលស្ថិតក្រោមទណ្ឌកម្ម និងត្រូវបានចោទប្រកាន់ថា បានលាងលុយរាប់ពាន់លានដុល្លារឱ្យបណ្ដាញឆបោក។

ធនាគារជាតិបានឱ្យដឹងថា ការដកហូតអាជ្ញាបណ្ណ និងការដាក់ឱ្យជម្រះបញ្ជី ត្រូវបានអនុម័តកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយយោងទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារដែលបានធ្លាក់ចុះ និងមិនអាចបន្តផ្តល់សេវាធនាគារបានទៀត។

សេចក្តីរាយការណ៍ព័ត៌មានមួយរបស់ខេមបូចាដែលចេញកាលពីឆ្នាំមុន បានរកឃើញថាមានឈ្មោះត្រួតស៊ីគ្នានៃថ្នាក់ដឹកនាំជាន់ខ្ពស់ និងសមាជិកក្រុមប្រឹក្សាភិបាលរវាងធនាគារ ផេនដា ខមមើសល ប៊ែង ម.ក  (Panda Commercial Bank)និង Huione Pay ដែលជាអតីតធនាគារអនឡាញហើយជាផ្នែកមួយរបស់ក្រុមហ៊ុនHuione Group។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើក្រុមហ៊ុន Huione កាលពីឆ្នាំមុន ដោយអះអាងថា ក្រុមហ៊ុននេះបានលាងលុយរាប់ពាន់លានដុល្លារដែលបានពីការបោកប្រាស់គ្រីបតូ និងពីហេកឃ័រកូរ៉េខាង។

Huione Pay ត្រូវបានដកអាជ្ញាបណ្ណនៅខែកញ្ញា ឆ្នាំ ២០២៤ ហើយបានប្ដូរឈ្មោះជា H-Pay មុនពេលមានការដកប្រាក់យ៉ាងច្រើនទូទាំងប្រទេស។

ថ្នាក់ដឹកនាំរបស់ធនាគារផេនដាក៏មានទំនាក់ទំនងទៅនឹងធនាគារព្រីនស៍ផងដែរដែលត្រូវបានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសមួយចំនួននៅអាស៊ីដាក់ក្នុងបញ្ជីខ្មៅ ដោយសារតែជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោក។

នាយកប្រតិបត្តិបច្ចុប្បន្នរបស់ធនាគារ គឺ លោក Cheong Kim Soon ធ្លាប់ធ្វើជានាយកប្រតិបត្តិការរបស់ ធនាគារ ព្រីនស៍ នៅឆ្នាំ ២០១៩។ លោកមិនមានឈ្មោះក្នុងបញ្ជីទណ្ឌកម្ម ហើយមិនត្រូវបានចោទប្រកាន់ពីអំពើខុសច្បាប់ណាមួយដែរ ក្នុងអំឡុងពេលបំពេញការងារនៅធនាគារនោះទេ។ លោកបានបម្រើការនៅពេលដែលសហរដ្ឋអាមេរិកអះអាងថា ក្រុមហ៊ុនមេរបស់ធនាគាគឺក្រុមហ៊ុន ព្រីនស៍ គ្រុប បានបង្កើត «ប្រតិបត្តិការបោកប្រាស់តាមអ៊ីនធឺណិតដែលរកផលចំណេញបានច្រើន នៅទូទាំងអាស៊ីអាគ្នេយ៍ ជាពិសេសនៅកម្ពុជា»។

នៅដើមខែមករា ធនាគារជាតិនៃកម្ពុជា បានផ្អាកសេវាថ្មីៗរបស់ ធនាគារ ព្រីនស៍ ហើយដាក់ឱ្យមានការជម្រះបញ្ជីភ្លាមៗ បន្ទាប់ពីប្រធានក្រុមហ៊ុនមេរបស់ធនាគារនេះ ឈ្មោះ Chen Zhi ដែលអាជ្ញាធរអាមេរិកពិពណ៌នាថាជាមេខ្លោងបណ្ដាញបោកប្រាស់ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប្រទេសចិន។

ធនាគារជាតិនៃកម្ពុជា មិនបានបញ្ជាក់ថា ការសម្រេចដាក់ឱ្យជម្រះបញ្ជី ធនាគារ ផេនដាមានការពាក់ព័ន្ធនឹងហិរញ្ញវត្ថុដែលសង្ស័យថាខុសច្បាប់ ឬទំនាក់ទំនងជាមួយក្រុមហ៊ុនទូទាត់ប្រាក់ដែលទទួលរងទណ្ឌកម្មនោះទេ។ ធនាគារជាតិនៃកម្ពុជាមិនបានឆ្លើយសំណួរពីខេមបូចាផងដែរ។

ដូចករណី ធនាគារព្រីនស៍ដែរ ធនាគារជាតិនៃកម្ពុជា បានដាក់ធនាគារផេនដាក្រោមការគ្រប់គ្រងបណ្ដោះអាសន្នសម្រាប់ការជម្រះបញ្ជី និងបានតែងតាំងក្រុមហ៊ុន ម៉ូរីសុនកាក់ អឌីត-អឺខោនធីង (Morrisonkak Audit-Accounting)​ឱ្យត្រួតពិនិត្យដំណើរការបញ្ចប់ប្រតិបត្តិការ។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងក្នុងសេចក្តីជូនដំណឹងថា៖«ក្នុងអំឡុងពេលនេះ ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ត្រូវបានផ្អាកមិនឲ្យផ្តល់សេវាធនាគារថ្មី រួមទាំងការទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាន»។​

ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា អតិថិជនត្រូវរៀបចំឯកសារចាំបាច់ ដើម្បីដកប្រាក់បញ្ញើ ខណៈអ្នកខ្ចីត្រូវបន្តសងប្រាក់កម្ចីតាមធម្មតា ហើយស្ថាប័ននេះនឹងតាមដានយ៉ាងយកចិត្តទុកដាក់លើការគ្រប់គ្រងបណ្ដោះអាសន្ន ដើម្បី «ការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ និងអតិថិជន»។

ធនាគារ ផេនដា ខមមើសល ប៊ែង ម.ក ផ្សព្វផ្សាយថាខ្លួនថា ផ្តល់ «អត្រាការប្រាក់ខ្ពស់បំផុតនៅកម្ពុជា»។ (Panda Bank/Facebook)

យោងតាមធនាគារជាតិនៃកម្ពុជា ធនាគារផេនដាបានទទួលអាជ្ញាបណ្ណធនាគារពាណិជ្ជនៅឆ្នាំ ២០១៩។ គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ធនាគារនេះមានទ្រព្យសកម្មសរុបប្រមាណ ៧៧៦ លានដុល្លារអាមេរិក ឥណទានប្រមាណ ៥៣៦ លានដុល្លារអាមេរិក និងប្រាក់បញ្ញើប្រមាណ ៥០២ លានដុល្លារអាមេរិក ដែលស្មើនឹងចំណែកទីផ្សារ ០,៧៧% នៃប្រព័ន្ធធនាគារកម្ពុជា។

បុគ្គលិកម្នាក់របស់ ធនាគារ ផេនដា ដែលសុំមិនបញ្ចេញឈ្មោះដោយសារព្រួយបារម្ភពីសុវត្ថិភាព បានប្រាប់នៅថ្ងៃចន្ទថា បុគ្គលិកនៅតែបន្តធ្វើការតាមធម្មតា ហើយមិនទាន់ទទួលបានការណែនាំបន្ថែមណាមួយនៅឡើយទេ។

ធនាគារ ផេនដា មិនបានឆ្លើយតបទៅនឹងសំណើសុំការបំភ្លឺជុំវិញការវាយតម្លៃរបស់ ធនាគារជាតិនៃកម្ពុជា ចំពោះការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុរបស់ខ្លួនឡើយ។

អ្នកដាក់ប្រាក់មួយចំនួនបានសម្តែងការព្រួយបារម្ភ ដោយលើកឡើងពីភាពស្រដៀងគ្នាទៅនឹងអ្នកប្រើប្រាស់ Huione បន្ទាប់ពីបណ្តាញទូទាត់នោះបានផ្អាកការដកប្រាក់កាលពីខែធ្នូ ដោយសារតែ បញ្ហាភាពខ្វះសាច់ប្រាក់។

ម្ចាស់គណនីធនាគារផេនដាម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះដោយសារព្រួយបារម្ភពីឯកជនភាព បានសំណូមពរថា៖ «ខ្ញុំចង់ឱ្យធនាគារជាតិនៃកម្ពុជា ជួយដោះស្រាយបញ្ហានេះឱ្យច្បាស់លាស់ជាងនេះ។ ឥឡូវនេះ ខ្ញុំមិនដឹងថាត្រូវធ្វើម៉េចទេ»។

អតិថិជនរូបនេះបានប្រាប់ថាគាត់ប្រើធនាគារផេនដាដើម្បីសន្សំប្រាក់ ព្រោះវាផ្តល់អត្រាការប្រាក់រហូតដល់ ១០%។ ធនាគារ ផេនដា បានផ្សព្វផ្សាយថាខ្លួនមាន «អត្រាការប្រាក់ខ្ពស់ជាងគេនៅកម្ពុជា»។

ធនាគារនេះគឺជាធនាគារចុងក្រោយមួយដែលរងផលប៉ះពាល់ ស្របពេលដែលសម្ពាធអន្តរជាតិលើកម្ពុជាឱ្យបង្ក្រាបបណ្តាញឆបោកកំពុងតែកើនឡើង។ វិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រតិបត្តិការបែបនេះនៅកម្ពុជា បានបោកយកប្រាក់ច្រើនជាង ១២,៥ ពាន់លានដុល្លារអាមេរិកពីជនរងគ្រោះទូទាំងពិភពលោក ដោយពឹងផ្អែកលើមនុស្សប្រមាណ ១០០ ០០០ នាក់ ដែលត្រូវបានបង្ខំ ឬបង្ខិតបង្ខំឱ្យធ្វើការ បន្ទាប់ពីត្រូវជួញដូរមកពីប្រទេសផ្សេងៗជាច្រើន៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ National Bank Revokes Panda Bank License, Orders Liquidation

ព័ត៌មានថ្មី

អត្ថបទពេញនិយម