សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលបង្កើតគណៈកម្មាធិការដើម្បីតាមដានសាធារណមតិ និងផ្សព្វផ្សាយរូបភាពវិជ្ជមានពីកម្ពុជា

សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល តំណាងរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)
សមាជិកនៃក្រុមអង្គការសង្គមស៊ីវិល តំណាងរដ្ឋាភិបាល និងអ្នកសារព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក នៅរាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣ ។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មាធិការមួយ​ដើម្បី​ពង្រឹង​សាធារណមតិ​និង​តាមដាន​ព័ត៌មាន​នៅក្នុង​ប្រទេស​ ហើយ​អ្នកតស៊ូមតិ​បារម្ភថា ស្ថាប័នរដ្ឋាភិបាល​មួយ​នេះ​នឹង​បន្ទច់​បង្អាក់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ និង​សេរីភាពសារព័ត៌មាន។

អនុក្រឹត្យ​ថ្មី​ដែល​បានចេញផ្សាយ​ជាសាធារណៈ​កាលពីថ្ងៃអង្គារ​ បាន​បង្កើត​គណៈកម្មាធិការ​ជាតិ​​សម្រប​សម្រួល​កិច្ចការព័ត៌មាន ​និង​សាធារណមតិ ដែលមានតួនាទី«តាមដាន​​ក្ដាប់»​គ្រប់​ស្ថានការណ៍​​ និង​ពន្យល់ ​និង​ការពារ​«ភាពវិជ្ជមានរបស់​ព្រះរាជាណាចក្រ​កម្ពុជា»។ ភារកិច្ច​បន្ថែម​ទៀត​ រួមមាន ការ​លើកកម្ពស់​«កិត្យានុភាព»របស់ប្រទេស​កម្ពុជា ទាំង​នៅក្នុងស្រុក​ និង​នៅលើ​ឆាកអន្តរជាតិ ដោយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពីសមិទ្ធផល​របស់ប្រទេស ការពារ​អធិបតេយ្យ​ជាតិ និង​សហការ​ជាមួយ​បណ្ដាញ​ផ្សព្វផ្សាយព័ត៌មាន​ដើម្បី​ចែករំលែក​ខ្លឹមសារបន្ត។

អនុក្រឹត្យដដែល​ចែងច្បាស់លាស់ថា ស្ថាប័នរដ្ឋាភិបាលមួយនេះ​នឹង​បង្កើត​យន្តការ​មួយ​ដើម្បី​ឆ្លើយតប​​ចំពោះ​«ព័ត៌មាន​ក្លែងក្លាយ»​ឱ្យ​កាន់តែមានប្រសិទ្ធភាព​ថែមទៀត។

លោក ប៉ែន បូណា មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាល និងជាអនុប្រធាន​នៃគណៈកម្មាធិការ​ បាន​និយាយ​ថា ស្ថាប័ន​នេះ​នឹង​ផ្ដោត​លើ​ការធានាថា ប្រជាជន​ទទួលបាន​«ព័ត៌មានពិត»​គ្រប់​ជ្រុង​ជ្រោយ និង​ថា ព័ត៌មាន​ដែលពួកគេ​ទទួលបានមិនត្រូវបានគេបំផ្លើសឡើយ។

លោក​ បូណា បានថ្លែងយ៉ាង​ដូច្នេះថា៖ «ប្រសិនបើ​មាន​ព័ត៌មាន​បំផ្លើស ឬ​ព័ត៌មានមិនពិត ដែល​បង្កើត​ឡើង​ដើម្បី​មួលបង្កាច់រដ្ឋាភិបាល​ យើងនឹង​រកវិធី​ដើម្បីបន្សាប​វា​តាមរយៈ​ការ​ប្រើប្រាស់​ព័ត៌មាន​ពិត»។ លោក​បាន​បន្ថែម​ថា យើង​នឹង​ធ្វើការដើម្បី​ធានាថា៖ «លំហូរ​​ព័ត៌មាន​មានភាពបើក​ចំហ​​ទូលំ​ទូលាយ ដើម្បី​ឱ្យ​ប្រជាជន​អាចទទួលបាន​ច្បាស់លាស់»។ 

កាលពីដើមឆ្នាំនេះ ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី​ លោក ហ៊ុន សែន រដ្ឋាភិបាល​បាន​លុប​ចោលអាជ្ញាបណ្ណ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ក្នុង​នោះរាប់ទាំង​អង្គភាពសារព័ត៌មាន​ឯករាជ្យ VOD ដែល​គ្រប់គ្រង​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ។ នៅមុន​ការបោះឆ្នោតជាតិ​កាលពីខែកក្កដាកន្លងទៅ រដ្ឋាភិបាលបានបញ្ជា​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធើណិត​បិទខ្ទប់​​ស្ថាប័ន​សារព័ត៌មាន​ឯករាជ្យ។ 

នាយកផ្នែក​ប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌល CCIM លោក អ៊ិត សូធឿត បាន​ប្រាប់ ខេមបូចា ថា គណៈកម្មាធិការ​ថ្មីនេះ​នឹងប៉ះពាល់ដល់អ្នកសារព័ត៌មាន។

លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «តាមបទពិសោធន៍ គឺថានៅពេលដែល​ស្ថាប័ន​សារព័ត៌មាន​​របស់​យើង​ផ្សព្វផ្សាយ​[ព័ត៌មាន] រដ្ឋាភិបាលតែងតែឆ្លើយតប​ដោយ​ចាត់ទុកថា​ព័ត៌មាននោះជាព័ត៌មាន​មិន​ពិត»។ ប៉ុន្តែ លោក​បាន​បន្តថា៖ «ជួនកាល [មន្ត្រីរដ្ឋាភិបាល]​មិន​បានបញ្ចេញ​ឱ្យ​ដឹង​អ្វីដែលជាព័ត៌មាន​ពិត​ទេ ដែល​បាន​បង្កើត​ជា​ចំណាប់អារម្មណ៍មួយ​នៃការ​បំភិត​បំភ័យ»

លោក​សង្ឃឹមថា រដ្ឋាភិបាលថ្មីដែលទើបបង្កើតឡើង​ក្រោម​ការដឹកនាំរបស់​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នឹង​មិន​ដាក់សម្ពាធ​​បន្ថែមទៀត​លើ​អ្នកសារព័ត៌មាន​ឡើយ។

លោក សូធឿត បន្ថែមថា៖ «សង្ឃឹមថា រដ្ឋាភិបាលថ្មី​សម្បូរទៅដោយ​មនុស្ស​ថ្មី​និង​មាន​ចំណេះ​ដឹង​ខ្ពស់ ដូច្នេះ​យើង​សង្ឃឹម​ថា រដ្ឋាភិបាល​មិន​ប្រើប្រាស់វិធីរឹតត្បិត​បន្ថែមទៀត​នោះ​ឡើយ»

រៀម ស្រីពេជ្ររតនា ដែលជាសកម្មជន​បរិស្ថាន​និង​ជានិស្សិត​នៅរាជធានីភ្នំពេញ យល់ឃើញ​ថា នៅពេល​គណៈកម្មាធិការនេះ​បង្កើតឡើង​ វានឹងធ្វើឱ្យ​ជីវិតរស់នៅ​របស់​នាង ​និង​ប្រជាជន​ទាំងអស់​កាន់តែ​លំបាក​ជាងមុនថែមទៀត។

នាងបានឱ្យដឹង​ថា៖ «ដោយសារតែ​ព័ត៌មាន​ត្រូវបានគ្រប់គ្រង​និង​ត្រួតពិនិត្យ​នៅគ្រប់ទីកន្លែង​[ដោយរដ្ឋាភិបាល] នៅពេលយើងជាអ្នក​ដែល​សម្ដែង​មតិ​ យើងអាចនឹង​ជួបការលំបាក»។ កញ្ញាបាន​បញ្ជាក់ថា៖ «ក្នុងនាមជាពលរដ្ឋ យើងសប្បាយចិត្តជាង នៅពេលយើងឃើញ​រដ្ឋាភិបាល​យកចិត្តទុកដាក់ឱ្យបានច្រើន​ទៅលើ​ប្រជាជន និង​បើក​ចំហ​កាន់តែ​ទូលាយ​ដល់​ការបញ្ចេញមតិ»

កញ្ញាបាននិយាយថា វាលំបាក​ចំពោះ​សកម្មជន​ និង​អ្នកផ្សេងទៀត​ក្នុងការ​សម្ដែងការរិះគន់ ឬ​ផ្ដល់​បទ​សម្ភាសន៍​ទៅដល់​អ្នកសារព័ត៌មាន ហើយ​នាង​ចង់​ឱ្យ​រដ្ឋាភិបាល​ផ្ដោត​លើ​គោល​នយោបាយ​​ដែល​នឹង​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទៅច្រើនជាង។

គណៈកម្មាធិការនេះ​នឹង​ស្ថិតក្រោម​ការគ្រប់គ្រង​របស់ទីស្ដីការ​គណៈរដ្ឋមន្ត្រី និងរួមមាន​នូវ​សមាសភាព​​មន្ត្រីជាន់ខ្ពស់​មកពីក្រសួងនានា ព្រមទាំងតំណាង​មកពីអង្គភាពអ្នកនាំពាក្យ​រដ្ឋាភិបាល និង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី។ យោងតាមអនុក្រឹត្យ​ខាងលើ គណៈកម្មាធិការនេះ​ក៏នឹង​«មានការគាំទ្រ​ពី​បណ្ដាញ​ផ្សព្វផ្សាយ​ឯកជន​និងរដ្ឋផងដែរ»

លោក អំ សំអាត នាយកចាត់ការទូទៅ​នៃអង្គការ​សិទ្ធិមនុស្ស លីកាដូ បានលើកឡើង​ថា រដ្ឋាភិបាលមិនគួរ​បង្កើត​គណៈកម្មាធិការនេះ​ទេ។

លោកបានថ្លែង​ថា៖ «វាអាចនាំឱ្យមាន​ការសង្ស័យ និងការរិះគន់ថា នឹងមាន​ការតាមដាន​ព័ត៌មាន​រិះគន់ ដែល​ជាបញ្ហា​មួយ​ដែលអាចប៉ះពាល់ទៅដល់​សេរីភាពនៃការបញ្ចេញមតិ ឬសេរីភាព​សារព័ត៌មាន»

លោក សំអាត បានបន្ថែមថា រដ្ឋាភិបាលមិនគួរបង្កើត​ស្ថាប័ន​ថ្មី​នៅខាងក្រៅ​ក្រសួង​ព័ត៌មាន​ដែលមានស្រាប់​ ដែលជាអ្នកគ្រប់គ្រង​បញ្ហា​ទាំងនេះឡើយ ហើយ​គណៈកម្មាធិការថ្មីនេះ នឹងត្រូវការការចំណាយ​ថវិកា​រដ្ឋ​ច្រើនថែមទៀត៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Government Forms Committee to Monitor Public Opinion and Promote Positive Image of Cambodia

172 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម