សិស្សរាប់លាននាក់បានចាប់ផ្តើមឆ្នាំសិក្សាថ្មីកាលពីថ្ងៃចន្ទកន្លងទៅនេះ បន្ទាប់ពីខកខានអស់រយៈពេលមួយឆ្នាំដោយសារការរាតត្បាតជំងឺកូវីដ១៩ ខណៈដែលសាលារៀនចំនួន ៣៥តាមបណ្តោយព្រំដែននៅតែបន្តបិទទ្វារ ដោយសារត្រូវបានប្រើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករចំណាកស្រុកវិលត្រឡប់មកពីប្រទេសថៃ។
រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ក្បួនអនុវត្តសុវត្ថិភាពសម្របតាមស្ថានភាពត្រូវបានដាក់ឲ្យប្រើប្រាស់នៅតាមសាលារៀនឯកជន និងរដ្ឋចំនួនប្រមាណ ១៨.០០០ នៅទូទាំងប្រទេស។ ហើយសិស្សពីសាលារៀនប្រែផ្លាស់ជាមណ្ឌលចត្តាឡីស័កត្រូវបានបញ្ជូនឲ្យទៅសិក្សានៅសាលារៀនក្បែរនោះ ដើម្បីចាប់ផ្តើមឆ្នាំសិក្សាថ្មី ដែលត្រូវបានបង្រួមរយៈពេលខ្លីជាងមុន។
លោកបានថ្លែងថា៖ «ដើម្បីចូលរួមការពារប្រឆាំងនឹងជំងឺកូវីដ១៩នៅឆ្នាំនេះ ក្រសួងបានចេញសេចក្តីណែនាំលើការសិក្សាពីសុវត្ថិភាពផ្នែកសុខភាព។ ដូច្នេះ សូមមាតាបិតា និងអាណាព្យាបាលទាំងអស់ យកចិត្តទុកដាក់ដើម្បីជួយបង្ហាត់បង្រៀនបន្ថែមដល់កូន»។
សាលារៀនជាង ៣០តាមបណ្តោយព្រំដែនបានក្លាយជាមណ្ឌលចត្តាឡីស័កបណ្តោះអាសន្នសម្រាប់ពលករធ្វើមាតុភូមិនិវត្តន៍ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការរាតត្បាតជំងឺកូវីដ១៩ បានកើតមាននៅខេត្តសាមុតសាខន ប្រទេសថៃ ដែលមានចំនួនពលករបរទសច្រើនធ្វើការក្នុងផ្នែកអាហារសមុទ្រ។
ពលរដ្ឋកម្ពុជាជាង ១២.០០០នាក់បានវិលត្រឡប់មកស្រុកកំណើតវិញ ចាប់តាំងពីការរាតត្បាតជំងឺកូវីដ១៩ បានកើតឡើងនៅពាក់កណ្តលខែធ្នូ ដោយពលករចំនួន ២៧នាក់ត្រូវបានធ្វើតេស្តវិជ្ជមានពីជំងឺកូវីដ១៩ នៅមណ្ឌលរៀបចំដោយរដ្ឋាភិបាលតាមបណ្តោយព្រំដែន និងពលរដ្ឋខ្មែរចំនួន ១៥៧នាក់ ត្រូវបានធ្វើតេស្តរកឃើញជំងឺកូវីដ១៩ នៅប្រទេសថៃ។
លោក យី សុងគី ប្រធានមន្ទីរអប់រំខេត្តបាត់ដំបង បានមានប្រសាសន៍ថា សាលារៀនចំនួន១៨ យកធ្វើជាមណ្ឌលចត្តាឡីស័កសម្រាប់ពលករចំណាកស្រុក ខណៈពលករបន្តឆ្លងព្រំដែនចូលក្នុងប្រទេស។ លោកមិនច្បាស់ថា សាលារៀននឹងត្រូវប្រើប្រាស់ជាមណ្ឌលចត្តាឡីស័កដល់ពេលណានោះទេ ប៉ុន្តែសាលាមួយចំនួនអាចបើកទ្វារសម្រាប់សិស្សក្នុងពេលឆាប់ៗនេះ។
លោកបានថ្លែងថា៖ «សាលារៀនមួយចំនួនក្នុងចំណោមសាលារៀនទាំង ១៨ អាចត្រូវដំណើរការឡើងវិញនៅចុងសប្តាហ៍នេះ» ដោយបន្ថែមថា សិស្សសាលាបឋមសិក្សាត្រូវបានផ្លាស់ឲ្យទៅសិក្សានៅសាលារៀនដទៃទៀតជាបណ្តោះអាសន្ន ខណៈសិស្សវិទ្យាល័យកំពុងសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។
លោក ឌី រ៉ាដូ អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ពលករចំណាកស្រុកជាង ៣.០០០នាក់ បានវិលត្រឡប់ចូលក្នុងប្រទេសតាមច្រកព្រំដែនផ្លូវការនៅខេត្តឧត្តរមានជ័យ ចាប់តាំងពីថ្ងៃទី២០ ខែធ្នូមក ដោយសំណាកចំនួន ២.០០០ ត្រូវបានយកដើម្បីធ្វើតេស្ត។
លោកបានបន្តថា វិទ្យាល័យ និងបឋមសិក្សាចំនួន ០៨ ត្រូវបានប្រែផ្លាស់ជាមណ្ឌលចត្តាឡីស័កក្នុងខេត្តឧត្តរមានជ័យ ដោយសិស្សទាំងអស់ត្រូវតម្រូវឲ្យសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។ លោកក៏បានលើកឡើងពីបទបញ្ជាពីសំណាក់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងអាជ្ញាធរថៃ ឲ្យពលករបន្តនៅប្រទេសថៃ ជាជាងប្រញាប់ប្រញាល់ធ្វើមាតុភូមិនិវត្តន៍។
ពលករចំណាកស្រុកប្រមាណ ៤.០០០ នាក់បានវិលត្រឡប់មកខេត្តបន្ទាយមានជ័យ ដោយពលករ ៨០០នាក់ក្នុងចំណោមនោះអាចត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក និងធ្វើតេស្តមិនរកឃើញជំងឺកូវីដ១៩។
អ្នកនាំពាក្យរដ្ឋបាលខេត្តបន្ទាយមានជ័យលោក លី សារី បានមានប្រសាសន៍ថា សិស្សថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ត្រូវបានបញ្ជូនឲ្យសិក្សានៅតាមសាលារៀនដទៃទៀត ខណៈសិស្សថ្នាក់ទាបជាងនេះត្រូវសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត។
នៅខាងក្រៅវិឡាល័យទួលស្វាយព្រៃក្នុងក្រុងភ្នំពេញ អ្នកស្រី នួន សុខសីហា អាណាព្យាបាលសិស្សថ្នាក់ទី៨ មួយរូប និយាយថា ឆ្នាំសិក្សាដែលត្រូវបានបង្រួមខ្លីជាងមុន ដែលជាទូទៅចាប់ផ្តើមនៅខែតុលា អាចបង្កការខ្វះចន្លោះសម្រាប់សិស្សមួយចំនួន។
ដោយអំពាវនាវឲ្យឪពុកម្តាយជួយបំពេញការខ្វះចន្លោះនេះ អ្នកស្រីបានថ្លែងថា៖ «វាប្រហែលមានផលប៉ះពាល់តិចតួចមកលើសិស្សដែលខំរៀន ប៉ុន្តែសម្រាប់សិស្សដែលមិនសូវយកចិត្តទុកដាក់រៀនសូត្រ ពួកគេនឹងប៉ះពាល់ខ្លាំង។ ខ្ញុំគិតថា គ្រប់អាណាព្យាបាលគួរចំណាយពេលបង្ហាត់បង្រៀនកូនបន្ថែម»។
ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត បានក្លាយជាមធ្យោបាយផ្តល់សេវាកម្មអប់រំចម្បងនៅកម្ពុជា និងទូទាំងសាកលលោកនៅឆ្នាំ ២០២០ ប៉ុន្តែត្រូវបានរងការរិះគន់ពីលទ្ធភាពនៃការទទួលបាន និងប្រសិទ្ធភាពនៃការសិក្សាបែបនេះ។ យុវត្តី ឡេង លីហុង សិស្សថ្នាក់ទី១០ នៅវិទ្យាល័យទួលស្វាយព្រៃក៏បានបង្ហាញមន្ទិលពីការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ។
លីហុង បាននិយាយថា៖ «ខ្ញុំចង់រៀននៅសាលាជាងតាមប្រព័ន្ធអនឡាញ ពីព្រោះខ្ញុំអាចសួរសំណួរទៅគ្រូផ្ទាល់។ ពេលខ្លះ នៅពេលយើងមិនយល់ពីមេរៀន មិត្តរួមថ្នាក់អាចជួយគ្នាទៅវិញទៅមក»។
លោកស្រី អ៊ុក ឆាយវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានមានប្រសាសន៍ថា ខណៈការអប់រំត្រូវបានបង្អាក់សម្រាប់ឆ្នាំ ២០២០ រដ្ឋាភិបាលគួរស្វែងរកដំណោះស្រាយផ្សេងទៀត និងធានាថា សាលារៀនតាមបណ្តោយព្រំដែនអាចបើកទ្វារសម្រាប់សិស្ស។
អ្នកស្រីបានបន្តថា សម្រាប់សិស្សដែលត្រូវរងការប៉ះពាល់ ការបន្ធូរបន្ថយកម្មវិធីសិក្សានឹងមានប្រសិទ្ធភាពខ្ពស់ជាងការរៀនតាមប្រព័ន្ធអ៊ីនធឺណិត។
អ្នកស្រីបានថ្លែងថា៖ «ការរៀនតាមអនឡាញគឺមានការលំបាក សម្រាប់សិស្ស និងគ្រូ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ New academic year begins with 30 border schools still closed for quarantine