សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សមត្ថកិច្ចអះអាងថា អគ្គីភ័យបានឆេះផ្ទះនៅបណ្តោយផ្លូវរថភ្លើងអស់៨០ខ្នង

ក្រុមប៉ូលិសពន្លត់អគ្គីភ័យប្រើទុយោទឹកបាញ់ពន្លត់ភ្លើងដែលឆេះផ្ទះនៅបណ្តោយផ្លូវរថភ្លើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
ក្រុមប៉ូលិសពន្លត់អគ្គីភ័យប្រើទុយោទឹកបាញ់ពន្លត់ភ្លើងដែលឆេះផ្ទះនៅបណ្តោយផ្លូវរថភ្លើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ រូបថតថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

អាជ្ញាធរអះអាងថា អគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់៨០ខ្នង ប៉ុន្តែប្រជាពលរដ្ឋ​រងគ្រោះ​បញ្ជាក់ថាមានប្រមាណជាង ២០ខ្នងតែប៉ុណ្ណោះ ដែលស្ថិតនៅតាម​បណ្ដោយ​ផ្លូវរថភ្លើង ជាទីតាំងដែលសាលារាជធានីភ្នំពេញធ្លាប់ស្នើឲ្យផ្លាស់ប្តូរទី​​លំនៅ។

អគ្គីភ័យបានចាប់ផ្តើមឆាបឆេះនៅវេលាម៉ោងប្រហែល ៦:៣០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅទល់មុខ​ក្រសួង​ការពារជាតិ ស្ថិត​នៅ​តាមបណ្តោយ​ផ្លូវរថភ្លើង ក្នុងភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងធ្លាប់ត្រូវ​បាន​ចចារ​ឲ្យរើសចេញតាម​គោលនយោបាយ​សំណងរបស់រដ្ឋាភិបាល។

បើទោះបីជាអ្នកភូមិព្យាយាមបាញ់ទឹកពន្លត់ដើម្បីកុំឲ្យរាលដាលកាន់តែខ្លាំង និងជញ្ជូនសម្ភារៈ​ចេញក៏ដោយ ក៏អណ្ដាតភ្លើងពណ៌ក្រហមបានឆេះយ៉ាង​សណ្ធោសណ្ធៅ​លេបត្របាក់ផ្ទះ​ប្រជាពលរដ្ឋជាច្រើនខ្នង ដោយបន្សល់នៅតែគំនរផេះធ្យូងពណ៌ខ្មៅ និងផ្សែងមួយចំនួន។

ប្រជាពលរដ្ឋប្រឹងជញ្ជូនសម្ភារៈចេញមកក្រៅយ៉ាងឆោឡោ នៅបរិវេណភ្លើងឆេះជាប់ផ្លូវ​រទេះភ្លើង មានភួយ ពួក ទូរទឹកកក ម៉ូតូ និងសម្ភារៈផ្សេងទៀត ដែលត្រូវបានយកចេញ​ពី​ផ្ទះរបស់ពួកគាត់ដែលមិនភ្លើងមិនទាន់ឆេះដល់។

អ្នកស្រី ប៉ោង គឹមហួន អាយុ ៥៦ឆ្នាំ ជាជនរងគ្រោះម្នាក់ដែលរស់នៅទីនោះ២០ឆ្នាំជាង បាននិយាយថា​ ភ្លើងចាប់ផ្ដើមឆេះតាំងពីម៉ោងជាង ៦:០០ព្រឹកមកម្ល៉េះ ដោយឆេះអស់ប្រហែល ២០ផ្ទះ ពេលគាត់ក្រោកពីដំណេកដើម្បីរៀបចំបោកខោអាវ។

អ្នកស្រី គឹមហួន ឲ្យដឹងថា៖ «ពេលឃើញអ៊ីចឹង ខ្ញុំស្លន់ភ្លេចអស់ហើយ រកនិយាយអីមិនកើតទេ ឡើងទន់ដៃទន់ជើងដួលអស់ក្បាលជង្គង់ របស់ខំរកត្រូវរលាយមួយពព្រិចភ្នែកគ្មានសល់សូម្បី​បន្តិច»

ភ្លើងឆេះកាន់តែខ្លាំងឡើងៗមុនប្រជាពលរដ្ឋនាំគ្នាជញ្ជូនសម្ភារៈមកដាក់ខាងក្រៅផ្ទះ តែអ្នកស្រី​គឹមហួន បានត្រឹមឈរមើលអណ្ដាតភ្លើងលេបត្របាក់ផ្ទះរបស់ខ្លួនព្រោះបារម្ភពីសុវត្ថិភាព។

អ្នកស្រីបានបន្តថា៖ «យើងគ្មានស្រវាអីបានទេ ចេញមកតែខ្លួន ភ្លើងឆេះអស់គ្មានសល់អីទេ ខោអាវកូនរៀន សញ្ញាប័ត្រក៏អស់ សម្ភារៈល្អៗរាប់ពាន់រាប់ម៉ឺនបើគិតជាលុយ ខ្ញុំគ្មានយកអីបានទេ កូនមិនឲ្យចូលទេ ព្រោះខ្លាចផ្ទុះហ្គាស ឲ្យតែរក្សាជីវិតសិន»

អ្នកស្រីបានបន្ថែមទៀតថា ឡានទឹកមិនអាចបាញ់ចូលដល់ក្នុងបានទេ គេបានបាញ់ស្ទាក់ផ្ទះខាងមុខកុំឲ្យរាលដាលទៀតតែប៉ុណ្ណោះ។

អ្នកស្រី គឹមហួន​ និយាយថា៖ «​ខ្ញុំក៏មិនដឹងពីមូលហេតុឆេះដែរ លឺតែគេនិយាយនោះទេ ថាមានពួកជក់គ្រឿងញៀនមកដេកផ្ទះគេទុកចោលធ្វើឲ្យឆេះ»។ 

អ្នកស្រីនិយាយទៀតថា កន្លងមកមានអ្នកមកចចារទិញដីតំបន់នោះដោយផ្តល់តម្លៃ១ម៉ែត្រការ៉េ ២០០០ដុល្លារ ប៉ុន្តែអ្នកស្រីមិនទាន់លក់ព្រោះ​កូនកំពុងនៅរៀន ហើយអ្នកខ្លះក៏លក់ អ្នកខ្លះក៏អត់ទៅ។​

អ្នកស្រីបន្ថែមទៀតថា៖ «គម្រោងបន្ទាប់ ខ្ញុំមិនដឹងដែរ មិនដឹងគិតយ៉ាងម៉េចទេ មានលទ្ធភាព​ណាទៅជួលផ្ទះគេនៅ មានលុយណាទៅទិញផ្ទះ​ បើខ្ញុំនៅតែផ្ទះរំពឹងចំណូលប្ដីហ្នឹង មានតែ​ទៅ​នៅជាមួយមីងវាមួយរយៈ ព្រោះកូនបងត្រូវប្រឡងសញ្ញាប័ត្រទី ១២ ឆ្នាំនេះ ហើយប្អូនត្រូវចូលថ្នាក់ទី ១២ដែរ»

ប្រជាពលរដ្ឋរងគ្រោះប្រមូលរបស់របរចេញក្រៅផ្ទះខណៈភ្លើងឆេះផ្ទះ​របស់ពួគគាត់នៅ​បណ្តោយផ្លូវ​រទេះភ្លើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​ រូបថត​ពី​ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆ័ណ្ណ ​
ប្រជាពលរដ្ឋរងគ្រោះប្រមូលរបស់របរចេញក្រៅផ្ទះខណៈភ្លើងឆេះផ្ទះ​របស់ពួកគាត់នៅ​បណ្តោយផ្លូវ​រទេះភ្លើងនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​ រូបថត​ពី​ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០២១។ ខេមបូចា/ បញ្ញា ឆព័ណ្ណ ​

អ្នកស្រី សាន ដេន អាយុ ៥៨​ឆ្នាំ ប្រជាពលរដ្ឋម្នាក់ដែលជាសាច់ញាតិរបស់ជនរងគ្រោះ​ដោយអគ្គីភ័យ​បាននិយាយថា អគ្គីភ័យបានលេបត្របាក់​ផ្ទះកូនប្រសារគាត់​និងសម្ភារៈជា​ច្រើនកាលពីព្រឹកមិញ។ 

អ្នកស្រី ដេន ឲ្យដឹងថា៖ «និយាយមិនចេញហ្មង ពេលឃើញហេតុការអ៊ីចឹងទៅ មួយពព្រិច​ភ្នែក​សោះ ប្រហែលមិនដល់មួយម៉ោង លឿនណាស់ វាខ្យល់ យើងមិននឹកស្មាន​ដល់ ។ ពួកយើងជញ្ជួនសម្ភារៈមិនទាន់ទេ ព្រោះអណ្ដាតភ្លើងឆេះលឿនពេក»។

អ្នកស្រី ដេន បានលក់ផ្ទះរបស់ខ្លួនក្នុងតំបន់នោះក្នុងតម្លៃ២០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ប៉ុន្តែកូនរបស់គាត់មិនទាន់លក់នោះទេ។

អ្នកស្រីឲ្យដឹងថា៖ «មិនទាន់លក់ថាទុកឲ្យបានថ្លៃតិចសិន ព្រោះលក់ភាគតិចដែរ​ហ្នឹង  ខ្លះគេចង់លក់ តែខ្លះមិនទាន់លក់ នៅផ្ទះច្រើនដែរហ្នឹង ទុកទៅថាបានថ្លៃតិច។ ផ្ទះកូនខ្ញុំទំហំ ៤២ ការ៉េឆេះទាំងអស់ហ្មង គ្មានបានជញ្ជូនស្អីទេ បានតែយកម៉ូតូចេញ ក្រៅពីនេះរលីងឆេះ»

នាយការិយាល័យបង្ការពន្លត់អគ្គីភ័យរាជធានីភ្នំពេញ លោក ព្រំ យ៉ន មានប្រសាសន៍ថា អគ្គីភ័យ​បានបង្កការខូចខាតផ្ទះប្រជាពលរដ្ឋដែលជាសំណង់មិនរៀបរយអស់ ៨០ខ្នង​ដែលជារបាយការណ៍បឋម តែមិនទាន់សរុបស្ថិតិគ្រួសារដែលប៉ះពាល់នៅឡើយ។ 

លោក ព្រំ យ៉ន ឲ្យដឹងថា៖ «វាជាការងាររបស់យើងដើម្បីទប់ស្កាត់គ្រោះមហន្តរាយរាលដាល​បន្តទៀត ទប់ស្កាត់​និង​កាត់ផ្ដាច់ ហើយយើងកំពុងពិនិត្យស្រាវជ្រាវស៊ើបអង្កេតឡើង យើងមិន​ទាន់​ជាក់លាក់​ណា​មួយទេពីមួលហេតុនៃការឆេះ កំពុងធ្វើកោសល្យវិច័យ»

យោងតាមគេហទំព័ររដ្ឋបាលខណ្ឌដូនពេញ ផ្សាយថ្ងៃទី ១០ ខែធ្នូ​ ឆ្នាំ២០២១ ថា សមត្ថកិច្ច​បាន​​ប្រើប្រាស់រថយន្តចំនួន ២៥គ្រឿង និងប្រើប្រាស់ទឹកអស់ ៧៥ឡាន និងម៉ូតូកង់បីពន្លត់​អគ្គីភ័យចំនួន០៣គ្រឿង ដោយធ្វើការពន្លត់ចប់នៅម៉ោង ៨:០០នាទីព្រឹក ក្នុងករណីខាងលើ​ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឬកងកម្លាំងនោះទេ។

លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជាបាននិយាយថា នៅតំបន់មិន​រៀបរយ​ភាគ​​ច្រើនប្រឈមនឹងហានិភ័យភ្លើងឆេះឬកត្តាផ្សេងៗទៀត ហើយអាជ្ញាធរគួរធ្វើ​ការស៊ើប​អង្កេត​ពីបញ្ហានេះ ប្រសិនបើនៅតែមានការសង្ស័យ។

លោក វុទ្ធី និយាយថា៖ «យើងមិនច្បាស់ថា ដោយសារស្ថានភាពទីតាំងនោះល្អប្រសើរឬ អ្នកដែលមានចេតនាធ្វើឲ្យឆេះ យើងពិបាកសន្និដ្ឋានណាស់​ ជូនការជាចេតនា​របស់ជនណា​មួយ ឬជាការធ្វើប្រហេស។​ ប្រសើនបើពលរដ្ឋសង្ស័យថា អគ្គីភ័យបង្កដោយជនណាមួយ អាជ្ញាធរគួរតែធ្វើការស៊ើបអង្កេតបទឧក្រិដ្ឋនេះ ព្រោះពាក់ព័ន្ធនឹងការបំផ្លាញទ្រព្យសម្បត្តិ​ឯកជន»។ 

លោក វុទ្ធី បានបន្ថែមទៀតថា វាជាគ្រោះបង្កដោយអគ្គីភ័យ រដ្ឋាភិបាលត្រូវធ្វើការគាំទ្រនិង​ដោះស្រាយ​ដល់​ជនរងគ្រោះ។ 

លោកបន្ថែមថា៖ «ព្រោះឆេះផ្ទះបាត់បង់ជម្រកផង ទ្រព្យសម្បត្តិផង ដូច្នេះរដ្ឋាភិបាល​ត្រូវធ្វើ​ការគាំទ្រទាំងអាហារនិងសម្ភារៈចាំបាច់ផ្សេងៗទៀត មិនអាចទុកឲ្យពួកគាត់​មានស្ថានភាព​បែបនេះ​ដោយមិនមានការគាំទ្រ»

សឹង សែនករុណា អ្នកនាំពាក្យសមាគមអាដហុកមានប្រសាសន៍ថា តំបន់ដែលមានបញ្ហា​បែបនេះ ពលរដ្ឋច្បាស់ជាមានមន្ទិលសង្ស័យមួយចំនួនហើយ គប្បីសមត្ថកិច្ចធ្វើការ​ស៊ើបអង្កេត​បញ្ជាក់ទៅពួកគាត់ឲ្យដឹងពីមូលហេតុនៃការឆេះ។ 

លោក សែនករុណា​ មានប្រសាសន៍ថា៖ «ពលរដ្ឋដែលធ្លាប់មានបញ្ហាប្រឈមនឹងការបណ្ដេញ​ចេញ អាចនឹងមានការសង្ស័យ ដែលអាជ្ញាធរគួរបើកការស៊ើបអង្កេតដ៏គួរឲ្យទុកចិត្តមួយ តើមូលហេតុឆេះបែបណាដើម្បីឲ្យពួកគាត់អាចទទួលយកបាន វាជារឿងល្អសម្រាប់​សមត្ថកិច្ចផងដែរ?»៕ 

390 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម