អ្នកស្រី សេង ផា អាយុ ៦៣ឆ្នាំ មិនអាចអានអក្សរនៅលើខិតបណ្ណរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបិទលើជញ្ជាំងផ្ទះឈើរបស់អ្នកស្រីនោះទេ។ ប៉ុន្តែអ្នកស្រីស្គាល់បេក្ខភាពមួយរូបក្នុងចំណោមបេក្ខភាពក្រុមប្រឹក្សាសង្កាត់សរុប ៣៥នាក់ ក្នុងសង្កាត់បឹងកក់២។
អ្នកស្រី ផា ដែលបានរស់នៅតាមបណ្តោយផ្លូវរថភ្លើងចាប់តាំងឆ្នាំ១៩៩០មក បាននិយាយថា អ្នកស្រីចង់ឃើញបេក្ខភាពចៅសង្កាត់អាណត្តិថ្មីដោះស្រាយបញ្ហាផ្សេងៗនៅក្នុងសហគមន៍របស់អ្នកស្រី ជាពិសេសពាក់ព័ន្ធនឹងទីតាំងដែលគ្រួសារតាមបណ្តោយផ្លូវរថភ្លើងដូចអ្នកស្រីត្រូវផ្លាស់ទៅរស់នៅ បន្ទាប់ពីមានគម្រោងការអភិវឌ្ឍផ្លូវបេតុងនៅតាមផ្លូវដែក។
អ្នកស្រីបានថ្លែងថា៖ «យើងមិនបានឮគណបក្សណាមួយនិយាយពីរឿងនេះ [ការផ្លាស់ទីលំនៅ]ទេ។ ខ្ញុំមិនខ្វល់ថា ពួកគាត់មកពីបក្សណាទេ។ ខ្ញុំគិតថា ចៅសង្កាត់ជាប់ឆ្នោតថ្មីគួរជួយប្រជាពលរដ្ឋ ដើម្បីពួកគេអាចបន្តរស់នៅទីនេះឬទទួលបានសំណងសមរម្យ»។
អាជ្ញាធរក្រុងភ្នំពេញនឹងសាងសង់ផ្លូវប៉េតុងទទឹង ១២ម៉ែត្រ និងប្រព័ន្ធបង្ហូរទឹកលូតាមបណ្តោយផ្លូវរថភ្លើង ដោយបានបង្កការប៉ះពាល់ដល់គ្រួសារមួយចំនួនរស់នៅតាមបណ្តោយផ្លូវដែក ដែលលាតសន្ធឹងពីខណ្ឌទួលគោក រហូតដល់ខណ្ឌដូនពេញ និងខណ្ឌឬស្សីកែវ។ គ្រួសាររស់នៅខណ្ឌទួលគោកមិនទាន់ទទួលបានដំណោះស្រាយណាមួយនៅឡើយទេមកទល់ពេលនេះ។
ការណ៍នេះបានបណ្តាលឲ្យគ្រួសារជាង៣០ រស់នៅតាមបណ្តោយផ្លូវដែក ត្រូវតម្រូវឲ្យផ្លាស់ទីលំនៅទៅតំបន់ជាយក្រុង។ មកទល់ពេលនេះ គ្រួសារទាំងនេះបានបដិសេធ និងបន្តស្នើសុំឲ្យអាជ្ញាធរក្រុងអនុញ្ញាតឲ្យពួកគេបន្តស្នាក់នៅទីតាំងនៅក្នុងទីក្រុង។
កាលពីឆ្នាំ ២០២០ អាជ្ញាធរខណ្ឌទួលគោកបានទុកពេលឲ្យសហគមន៍១៧ រយៈពេល ១ខែឲ្យចាកចេញពីទីលំនៅរបស់ពួកគេ។ បួនខែបន្ទាប់មក អាជ្ញាធរបានផ្អាកការបណ្តេញចេញ។ គ្រួសារទាំងនោះនិយាយថា ពួកគេនឹងមិនចាកចេញនោះទេ ប្រសិនបើមិនមានសំណងល្អជាងនេះ ដូចជា ការផ្លាស់ទៅរស់នៅក្នុងខណ្ឌទួលគោក ឬខណ្ឌឬស្សីកែវ។ ហើយចាប់តាំងពីពេលនោះមក ពួកគេបានប្រឈមនឹងភាពមិនច្បាស់លាស់។
ស្របពេលយុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់បានចាប់ផ្តើម មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះបានដាក់តង់ឃោសនាតាមបណ្តោយផ្លូវរថភ្លើងក្នុងសង្កាត់បឹងកក់២ រាជធានីភ្នំពេញ ដោយមានសមាជិកគណបក្សពីរបីនាក់ចាំចែកខិតបណ្ណដល់សាធារណជន។

អ្នកស្រី អ៊ីវ ម៉ាច អាយុ ៦២ឆ្នាំ មានមុខរបរជាអ្នករើសអេតចាយ ដែលបានរស់នៅទីនេះចាប់តាំងពីឆ្នាំ១៩៩២ មកបានប្រាប់ ខេមបូចា ថា អាជ្ញាធរបានតម្រូវឲ្យអ្នកស្រីរើផ្ទះចេញដោយមិនមានសំណង ហើយអ្នកស្រីបានបដិសេធ។
អ្នកស្រីបាននិយាយថា៖ «យើងមិនដឹងថា តើពួកគេនឹងដោះស្រាយយ៉ាងណានោះទេ ពីព្រោះអំឡុងពេលឃោសនា ពួកគេអត់បាននិយាយពីរឿងនេះទេ។ ពួកគេគ្រាន់តែនិយាយថា មិនទាន់មានផែនការរុះរើផ្ទះចេញនោះទេ»។ អ្នកស្រីបន្ថែមថា៖ «អាជ្ញាធរសង្កាត់ពីមុនមកធ្លាប់ប្រាប់ឲ្យយើងនៅស្ងៀម ស៊ីបាយឲ្យឆ្ងាញ់ និងដេកលក់ឲ្យស្រួល។ តែខ្ញុំមិនមានអារម្មណ៍ស្រួលនោះទេ មកទល់ពេលនេះ»។
អ្នកស្រី ម៉ុម សុភាព អ្នកភូមិ ១៧ អាយុ ៤១ឆ្នាំ ដែលបានរងការប៉ះពាល់ពីការអភិវឌ្ឍផងដែរ និយាយថា មានតែគណបក្សនយោបាយតែពីរប៉ុណ្ណោះគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន ដែលត្រូវបានឃើញថា បានមកឃោសនានៅក្នុងសហគមន៍របស់អ្នកស្រី។ ប៉ុន្តែគ្មានការលើកមកនិយាយពីបញ្ហាផ្លាស់ទីលំនៅ ឬសំណងដល់សហគមន៍រស់នៅតាមបណ្តោយផ្លូវរថភ្លើងនោះទេ។
អ្នកស្រីបានថ្លែងថា៖ «គណបក្សភ្លើងទៀនគ្រាន់តែចែកខិតបណ្ណ ស្របពេលគណបក្សប្រជាជនកម្ពុជាបង្រៀនប្រជាជនឲ្យគូសលើប្រអប់របស់គណបក្ស» ដោយអ្នកស្រីបានបន្ថែមថា អ្នកស្រីព្រួយបារម្ភថា អាជ្ញាធរនឹងបង្ខំឲ្យគ្រប់គ្នាចាកចេញ និងរុះរើលំនៅដ្ឋានចេញ។
គណបក្សនយោបាយចំនួន ១៧ បានចាប់ផ្តើមយុទ្ធនាការឃោសនារយៈពេលពីរសប្តាហ៍កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ ខែមិថុនាខាងមុខ។
គណបក្សប្រជាជនកម្ពុជាបានធ្វើការឃោសនាសារនយោបាយពីសន្តិភាព និងជ័យជម្នះថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលកំណត់នូវការផ្តួលរំលំរបបខ្មែរក្រហម។
លោក ប៉ា សុជាតិវង្ស ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បាននិយាយថា នេះមិនមែនជាពេលវេលាសមស្របក្នុងការនិយាយពីការផ្លាស់ប្តូរទីលំនៅនោះទេ ហើយរឿងនេះនឹងត្រូវយកទៅពិភាក្សានាពេលអនាគតជំនួសវិញ។
លោកបានថ្លែងថា៖ «នេះមិនជាប់ពាក់ព័ន្ធនឹងការប្តេជ្ញារបស់គណបក្សនយោបាយនោះទេ ប៉ុន្តែពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុង»។ លោកបន្ថែមថា៖ «តើពួកគាត់នឹងបោះឆ្នោតឲ្យគណបក្សដែលជួយគាត់ ឬយ៉ាងណា? ហេតុអីមិនលើកពីគណបក្សដែលជួយឲ្យពួកគាត់រស់ឡើងវិញ?»។

លោក អំ សំអាត នាយកទទួលបន្ទុកចាត់ការទូទៅប្រចាំអង្គការសិទ្ធិមនុស្សលីកាដូ បាននិយាយថា ពលរដ្ឋរងគ្រោះចង់ឃើញមានការសន្យាផ្តល់ជាដំណោះស្រាយជាជាងគ្រាន់តែដឹងពីគោលនយោបាយរបស់គណបក្សនយោបាយ អំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត។
លោកបានថ្លែងថា៖ «ពលរដ្ឋចង់ឃើញថា គណបក្សណាអាចដោះស្រាយបញ្ហារបស់ពួកគេ ជាពិសេសមេឃុំចៅសង្កាត់ដែល [ត្រូវ] ការពារប្រយោជន៍របស់ពលរដ្ឋនៅក្នុងសហគមន៍»។
លោកបានបន្ថែមថា ការបោះឆ្នោតជ្រើសចៅសង្កាត់គឺមានសារៈសំខាន់ ពីព្រោះពួកគាត់ត្រូវរស់នៅជាមួយនឹងពលរដ្ឋ និងយល់ដឹងពីបញ្ហាផ្សេងៗរបស់ពលរដ្ឋ៕ (រាយការណ៍បន្ថែមដោយ ស៊ើង និមល់)