សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករដែលជួប​ការ​លំបាក​ដោយសារ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ ស្នើ​សុំ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល

ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)
ស្រ្តីជា​កសិករ​នៅ​​ខេត្ត​កំពង់ស្ពឺម្នាក់​កំពុងរោយស្រូវ​ក្រោយ​ពីបានច្រូតកាត់រួច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤​។ (ខេមបូចា/ព្រីង សំរាំង)

កសិករ​កំពុង​ព្រួយ​បារម្ភ​អំពី​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​គណបក្ស​នយោបាយ​មួយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​កញ្ចប់​ថវិកា​ពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

កសិករ​ម្នាក់​បាន​បង្ហោះ​វីដេអូ​ឃ្លីប​មួយនៅ​លើ​បណ្តាញសង្គមហ្វេសប៊ុក ដោយ​បញ្ជាក់​ថា ​តម្លៃ​ស្រូវ​បាន​ធ្លាក់​ចុះ​មក​ប្រហែល ៥០០​រៀល​ក្នុង​មួយ​គីឡូក្រាម បន្ទាប់​ពី​ការ​ប្រមូល​ផល​នៅ​ខេត្ត​បន្ទាយមានជ័យ។ លោកបាននិយាយថា តម្លៃ​បច្ចុប្បន្ន ​គឺ៦០០​រៀល​ បើ​ប្រៀបធៀប​នឹង​តម្លៃ​កាលពីឆ្នាំមុនមានតម្លៃចន្លោះពី ១ ១៥០​រៀល​ ទៅ​ ១ ២៥០​រៀល​។

អ្នកស្រី ដេន ចាន់នី ជា​កសិករ​ដាំ​ស្រូវ​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា ថា អ្នកស្រី​នឹង​ប្រមូល​ផល​ស្រូវ​របស់​អ្នកស្រី ទោះ​បី​ជា​តម្លៃ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​ឆ្នាំ​នេះ​ក៏​ដោយ ដែល​ធ្វើ​ឱ្យ​អ្នកស្រី​ព្រួយ​បារម្ភ​ពី​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ។

អ្នកស្រី​បាន​ដាំស្រូវ​ពូជ​នាង​អុក និង​នាង​អំ ដែល​ឥឡូវ​នេះ​កំពុង​លក់​ក្នុង​តម្លៃ​ត្រឹម​តែ ៦០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូក្រាម គឺ​ស្ទើរ​តែ​ពាក់​កណ្តាល​នៃ​តម្លៃ​កាល​ពី​ឆ្នាំ​មុន​ដែល​មាន​តម្លៃ ១ ១៥០​រៀល​ក្នុង​មួយ​គីឡូក្រាម។ អ្នកស្រី​បាន​បន្ថែមថា ទោះបីក្នុងតម្លៃថោកយ៉ាងនេះហើយ ក៏ឈ្មួញស្រូវ​នៅតែមានភាពស្ទាក់​ស្ទើរ​ក្នុង​ការ​ប្រមូលទិញស្រូវផងដែរ។​

អ្នកស្រី ចាន់នី បាន​ធ្វើ​ស្រែ​​អស់​រយៈ​ពេល​ជាង១៧​ឆ្នាំ​មក​ហើយ និង​បាន​ដាំ​ដុះ​ស្រូវ​លើ​ផ្ទៃ​ដី​ចំនួន៣​ហិកតា​នៅ​ឆ្នាំ​នេះ ដែល​អាច​ទទួលផល​បាន​ពី៥​ទៅ៦​តោន។ ដូច​កសិករ​ជា​ច្រើន​នាក់​ទៀត​នៅ​ក្នុង​ភូមិ​របស់ខ្លួន អ្នកស្រី ​ត្រូវ​ខ្ចី​លុយ​ពី​ធនាគារ​ដើម្បី​បង់​ថ្លៃ​ដើមក្នុងការបង្ករបង្កើនផលស្រូវនៅឆ្នាំនេះ។

អ្នកស្រី ចាន់នី បាននិយាយថា៖ «ស្រូវចុះថោក ហើយអត់មានឈ្មួញចុះទិញទេ។ កសិករខាងខ្ញុំ កំពុងតែងត្អូញយ៉ាប់ហើយ ព្រោះជំពាក់ធានាច្រើន។ បើតម្លៃបាន៦០០៛ សូម្បីតែថ្លៃជីថ្នាំ និងថ្លៃត្រាក់ទ័រ គឺអត់ទូទាត់ចង់រួចទេ»

អ្នកស្រី​បាន​អះអាង​ថា អ្នកស្រី​មិន​ទាន់​បាន​ឃើញ​សេចក្តី​ប្រកាស​ណា​មួយ​ពី​ក្រសួង​កសិកម្ម​ពី​តម្លៃ​ស្រូវ​នៅ​ឡើយ​ទេ ដោយ​បន្ថែមទៀត​ថា អ្នកស្រី​មិន​ដឹង​ពី​វិធី​ចូល​ទៅ​កាន់​សហគមន៍​កសិកម្ម​ទំនើប ឬ​កម្មវិធី​គាំទ្រ​នានា​នោះ​ទេ។

អ្នកស្រីបន្តថា៖ «ក្នុងនាមខ្ញុំជាកសិករក្នុងភូមិពោធិ៍ ឃុំពៅធិ៍ ខ្ញុំសុំជម្រាបសំណូមពរឱ្យឈ្មួញ និងសហគមន៍ ជួយឱ្យស្រូវមានតម្លៃសមរម្យសម្រាប់កសិករដើម្បីកុំឱ្យខាតដូចខ្ញុំ។ ខ្ញុំសូមស្នើរទៅខាងក្រសួងទាំងអស់ឱ្យជួយប្រជាពលរដ្ឋកសិករនៅខាងខេត្តព្រះវិហារផង។ នៅភូមិនេះ ពលរដ្ឋក្រីក្រ ហើយឥឡូវស្រូវចុះថោក បំណុលក៏កាន់តែកើនឡើងព្រោះកសិករសុទ្ធតែយកលុយពីធនាគារមកធ្វើស្រែ។ សុំឱ្យក្រសួងទាំងអស់ជួយរក្សាតម្លៃស្រូវឱ្យបានសមរម្យ។ ពួកខ្ញុំរាល់ថ្ងៃខំណាស់»។ 

កសិករ​ម្នាក់​ទៀត​ឈ្មោះ លោក តៃ សំណាង មក​ពី​ខេត្ត​តាកែវ បាន​មាន​ប្រសាសន៍​ថា លោក​កំពុង​រៀបចំ​ប្រមូល​ផល​ស្រូវ​នៅ​លើ​ដី​ស្រែ​ចំនួន៦​ហិកតា​នៅ​ចុង​ខែ​នេះ (ខែ​វិច្ឆិកា) ហើយក៏​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំងនៃតម្លៃស្រូវ​នៅ​ឆ្នាំ​នេះដែរ។

លោក​បាន​ឱ្យដឹងថា កាល​ពី​ឆ្នាំ​មុន ស្រូវ​លក់​បាន​តម្លៃ ១ ២៥០​រៀល​ក្នុង​មួយ​គីឡូក្រាម ប៉ុន្តែ​តម្លៃ​បាន​ធ្លាក់​ចុះ​មក​នៅ​ប្រហែល ៨០០​រៀល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​មិន​ដឹង​ថា ​អ្វី​ជា​មូល​ហេតុ​ដែល​បណ្ដាល​ឱ្យ​មាន​ការ​ធ្លាក់​ចុះបែប​នេះ​ទេ។ លោក​បាន​ជំរុញ​ឱ្យ​ក្រសួង​ដែល​ពាក់ព័ន្ធ​ជួយ​ធានា​តម្លៃ​ឱ្យបានសមរម្យ​សម្រាប់​កសិករ។

លោក​បាន​បញ្ជាក់​ថា៖ «ប្រសិន​បើ​តម្លៃ​នៅ​តែ​ទាប ពួក​យើង​នឹង​ប្រឈម​មុខ​នឹង​ខាត​ហើយ។ យើង​ខ្ចី​លុយ​ដើម្បី​ទិញ​ជី និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត ហើយ​យើង​អាច​សង​លុយគេវិញ​បាន​លុះ​ត្រា​តែ​យើង​លក់​ស្រូវ​បាន​សិន»។ លោក​បាន​បន្តថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​លោក​ធ្វើ​ស្រែ​ តម្លៃ​ស្រូវ​មិន​ដែល​ធ្លាក់​ចុះ​ក្រោម ១ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ទេ។

លោក​ក៏​បាន​ប្រាប់ សារព័ត៌មាន​ខេមបូចា ដែរ​ថា លោក​មិន​បាន​ចូល​រួម​ក្នុង​សហគមន៍​កសិកម្ម​ទំនើប​ណា​មួយ​ទេ ព្រោះ​លោក​មិន​ដឹង​ថាចូលដោយរបៀបណានោះទេ។

កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
កសិករប្រមូលផលស្រូវនៅក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម លោក ឌិត ទីណា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អំពាវនាវ​ដល់​ឈ្មួញឱ្យ​ផ្តល់​​​តម្លៃ​សមរម្យ​សម្រាប់​ស្រូវ​ក្នុង​អំឡុង​ពេល​ប្រមូល​ផល​បច្ចុប្បន្ននេះ ដោយ​កត់​សម្គាល់​ថា កសិករ​កំពុង​ប្រមូល​ផល​ស្រូវ​នាង​អំ ខណៈ​កសិករនៅតំបន់​ផ្សេង​ទៀតទូទាំងប្រទេសក៏​កំពុង​ប្រមូល​ផល​ស្រូវ​ផ្កា​រំដួលដែរ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «​អំពាវនាវ​ឱ្យបងបង្អូនដែលជា​ឈ្មួញ​ ជួយ​ទិញ​ពី​បងប្អូនប្រជាកសិករ​​យើង​ក្នុង​តម្លៃ​សមរម្យទៅ ដូច​ជា​ស្រូវ​ផ្កា​រំដួល​នេះក្នុងវង្វង់ ១ ០០០​រៀល​នេះ ​ជា​តម្លៃ​សមរម្យ​មែនទែន»។

លោក ទីណា បាន​បន្តថា៖ «ខ្ញុំក៏​បាន​ជជែក​ជាមួយ​នឹងសហព័ន្ធ​ស្រូវ​អង្ករ​ដូចគ្នា គឺត្រៀមក្នុងខែ១១ យុទ្ធនាការ​ក្នុងការប្រមូលទិញស្រូវរបស់យើងក្នុង​តម្លៃ​សមរម្យនេះ»

លោក​ក៏​បាន​អំពាវនាវ​ដល់​ម្ចាស់​បំណុល​ឱ្យ​ពន្យារ​ពេល​ការ​សង​បំណុល ដោយ​លើក​ឡើង​ពី​តម្លៃ​ទីផ្សារ​ទាប ដែល​ធ្វើ​ឱ្យ​កសិករ​មាន​ការ​លំបាក​ក្នុង​ការ​សង​ប្រាក់​កម្ចី។ លោក​បាន​លើក​ទឹក​ចិត្ត​កសិករ​ឱ្យ​បង្កើត​សហគមន៍ដើម្បី​ពង្រឹង​លទ្ធភាព​របស់​ពួក​គេ​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី និង​កែលម្អ​សហគមន៍​កសិកម្ម ដោយ​ចែក​រំលែក​ថា កម្ពុជា​មាន​​កសិករ​ចំនួន ១,៧​លាន​គ្រួសារ និង​ដី​កសិកម្ម​ចំនួន ៣​លាន​ហិកតា។ 

ក្រសួង​របស់​លោក​ក៏​កំពុង​ពង្រីកកិច្ចសហការរវាងសហគមន៍​ជាមួយ​ដៃគូ​ឯកជន ដូច​ជា​ក្រុមហ៊ុន វីរៈ ប៊ុនថាំ ដែល​ទិញ​ស្រូវ​ក្នុង​តម្លៃ ៩៥០​រៀល​ក្នុង​មួយ​គីឡូក្រាម បើ​ប្រៀបធៀប​នឹង​តម្លៃ​បច្ចុប្បន្ន​គឺ ៦០០​រៀល។ លោក​បាន​ចង្អុល​បង្ហាញ​ថា ស្រូវ​ប្រហែល ៣០ ០០០​តោន​កំពុង​ត្រូវ​បាន​ប្រមូល​ផល​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទោះ​បី​ជា​តម្លៃ​បច្ចុប្បន្ន​ទាប​ក៏​ដោយ ការ​គណនា​បាន​បង្ហាញ​ថា​ទិន្នផល​នឹង​មាន​កម្រិត​ខ្ពស់។

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដែលជាគណបក្សប្រឆាំង បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​តម្លៃ​ស្រូវ​សើមធ្លាក់​ចុះបែបនេះ ដោយ​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ«កញ្ចប់​ថវិកា​ពិសេស» ដើម្បី​ប្រមូល​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​សមរម្យ។

គណបក្ស​បាន​លើកឡើងក្នុងសេចក្តីអំពាវនាវរបស់ខ្លួនថា៖«[តម្លៃ​ស្រូវ​សើម] កំពុង​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុងរដូវពេល​ប្រមូល​ផល​នេះ ដែល​កំពុង​បង្ក​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ និងបង្កើត​ជា​បន្ទុក​បំណុល​បន្ថែម​ដល់បងប្អូនប្រជា​កសិករខ្មែរនៅទូទាំងប្រទេស​កម្ពុជា​»។

ប្រធាន​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក សេក សុខា បាន​សង្កេត​ឃើញ​បញ្ហា​ប្រឈម​​មួយ​ចំនួន​ដែល​កសិករ​កំពុង​ជួប​ប្រទះ រួម​មាន​តម្លៃ​ទាប​ជាប់​រហូត ខ្វះ​ឃ្លាំង​ស្តុក​ស្រូវ និង​ឈ្មួញ​កណ្តាល​ដែល​មាន​បញ្ហា។​

លោក​បាន​ថ្លែង​ថា៖ «កសិករ​ភាគ​ច្រើន​បាន​ខ្ចី​លុយគេ​សម្រាប់​ធ្វើ​ស្រែ​ចម្ការ ហើយ​ពួក​គាត់​ត្រូវ​សង​ប្រាក់​កម្ចី​វិញ​បន្ទាប់​ពី​ប្រមូល​ផលរួច ដល់អ៊ីចឹងវាពិបាកនៅ​ពេល​ដែល​ពួក​គាត់​ត្រូវ​លក់​ស្រូវ​ក្នុង​តម្លៃ​ទាប»

លោក​បាន​បន្តថា ស្ថាប័ន​ពាក់ព័ន្ធ«បាន​ដឹង​រួច​ហើយ»ថា ​បញ្ហា​​នៅ​ទី​ណា ហើយ​រដ្ឋាភិបាល​គួរ​តែ​បែង​ចែក​ថវិកា​ពិសេស​ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ។

អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម លោក ឃឹម ហ្វីណង់ មិន​ទាន់បាន​ឆ្លើយ​តបទៅនឹងសំណួររបស់ អ្នកសារព័ត៌មានខេមបូចា នៅឡើយទេ ​នៅ​ពេលអត្ថបទនេះ​ចេញ​ផ្សាយ​៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Farmers Struggle With Falling Rice Price, Plea for Govt Support

198 views
ព័ត៌មានថ្មី
អត្ថបទពេញនិយម