ប្រាំមួយខែបន្ទាប់ពីបានទទួលសេចក្ដីជូនដំណឹងឲ្យរើចេញ សហគមន៍អ្នករស់នៅតាមបណ្ដោយផ្លូវរថភ្លើងក្នុងរាជធានីភ្នំពេញ ទីបំផុតបានជួបជាមួយមន្ត្រីសាលាក្រុង ដើម្បីពិភាក្សារឿងសំណងទាក់ទងនឹងការរើចេញនេះ ប៉ុន្តែប្រជាសហគមន៍ថាហាក់មានសង្ឃឹមតិចតួចនៅឡើយ ដោយមន្ត្រីអះអាងថាខ្លួនត្រូវរង់ចាំរបាយការណ៍ពីថ្នាក់ក្រោមសិន។
បន្ទាប់ពីរងការគំរាមចាប់ខ្លួនពីពេលមុនក្នុងការព្យាយាមជួបមន្ត្រីសាលាក្រុង តំណាងពលរដ្ឋ២៥គ្រួសារដែលរងការបណ្ដេញចេញពីលំនៅដ្ឋានដើម្បីយកដីធ្វើផ្លូវថ្មី និងប្រព័ន្ធលូក្នុងខណ្ឌទួលគោក បានជួបលោក កាំង លាងគ្រី ប្រធានការិយាល័យច្បាប់ និងដោះស្រាយវិវាទនៅមូលដ្ឋានរបស់សាលាក្រុង។
តំណាងសហគមន៍ម្នាក់ លោក កូវ សារុន បានឲ្យដឹងថា៖ «គាត់បានប្រាប់យើងថាសាលាក្រុងមិនបានទទួលរបាយការណ៍ណាមួយពីមន្ត្រីខណ្ឌនៅឡើយទេ ហើយបានបន្ទោសទៅអាជ្ញាធរខណ្ឌ ដែលមិនរាយការណ៍បញ្ហានេះទៅកាន់ថ្នាក់លើ»។
លោក ឲ្យដឹងទៀតថា សប្ដាហ៍ក្រោយនឹងមានជំនួបរវាងប្រជាសហគមន៍ មន្ត្រីសាលាក្រុង និងមន្ត្រីខណ្ឌ ដែលការសន្យាជួបនេះ ធ្វើឲ្យប្រជាសហគមន៍នៅមិនទាន់ទុកចិត្តបាននៅឡើយ ដោយថាច្រើនខែកន្លងមកនេះមន្ត្រី និងប្រជាពលរដ្ឋនៅមិនទាន់ត្រូវគ្នា។
លោកបន្ថែមថា៖ «ពួកគាត់បង្ហាញពីចេតនាចង់ដោះស្រាយបញ្ហា ប៉ុន្តែពួកយើងមិនទាន់មានសង្ឃឹមច្រើនទេ ព្រោះមិនទាន់បានជួបលោកអភិបាលក្រុងផង។ បើសិនជាជំនួបលើក្រោយមិនអាចរកដំណោះស្រាយបានទេ ប្រជាជននឹងទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
លោក លាងគ្រី បដិសេធធ្វើអត្ថាធិប្បាយលើរឿងនេះ និងបានបង្វែរសំណួរទៅកាន់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី ហើយអ្នកនាំពាក្យរូបនេះក៏បានបដិសេធផ្ដល់ព័ត៌មានលម្អិតពីដំណើរការដោះស្រាយជម្លោះនេះដែរ។
លោកមានប្រសាសន៍ថា៖ «ពួកគាត់បានយកបញ្ហាមកទីនេះ ហើយមន្ត្រីនឹងធ្វើការជាមួយពួកគាត់»។ លោកបដិសេធលម្អិតពីបញ្ហានេះ។
តាំងពីបានទទួលសេចក្ដីជូនដំណឹងឲ្យរើចេញកាលពីខែសីហា កន្លងមកអ្នកភូមិទាំងនោះបានតស៊ូទាមទារយកសំណងសមរម្យ និងបានបដិសេធសំណើឲ្យទៅរស់នៅក្រៅក្រុង។
ប្រជាពលរដ្ឋទាំងនេះ ក៏ត្រូវបានផ្ដល់ឱកាសឲ្យរស់នៅលើទីតាំងដដែលផងដែរ តែត្រូវកាត់ទំហំដី ប៉ុន្តែអ្នកភូមិថាផ្ទះអ្នកខ្លះនឹងនៅសល់តែពីរបីម៉ែត្រប៉ុណ្ណោះបន្ទាប់ពីធ្វើផ្លូវថ្មី និងបណ្ដាញលូត្រូវសាងសង់អមសង្ខាងផ្លូវរថភ្លើង។
អភិបាលខណ្ឌទួលគោក លោក ឯក ឃុនឌឿន ឆ្លើយបដិសេធទៅនឹងការអះអាងរបស់គ្រួសារត្រូវបណ្ដេញចេញ ដោយលោកថាសាលាខណ្ឌបានធ្វើរបាយការណ៍ទៅកាន់សារក្រុងរួចហើយ ទាក់ទងនឹងរឿងនេះ។
លោក ឲ្យដឹងថា៖ «យើងមិនទាន់បានបង្ខំពួកគាត់ឲ្យរុះរើផ្ទះនោះទេ។ យើងបានស្នើពួកគាត់ឲ្យនៅស្ងៀមស្ងាត់សិន ព្រោះយើងបានផ្ញើរបាយការណ៍ទៅកាន់សាលាក្រុងរួចហើយ និងកំពុងរង់ចាំដំណោះស្រាយ»។
ប្រជាពលរដ្ឋបានបដិសេធសំណើដែលចង់ឲ្យពួកគាត់ផ្លាស់ទៅនៅស្រុកអង្គស្នួល ខេត្តកណ្ដាល ចម្ងាយប្រហែល៣០គីឡូម៉ែត្រពីភ្នំពេញ ជំនួសមកវិញអ្នកទាំងនោះចង់បានដីនៅក្នុងខណ្ឌទួលគោក ឬខណ្ឌឫស្សីកែវ។
លោក ឃុនឌឿន ថាសំណើនេះស្ថិតក្នុងដៃអភិបាលក្រុង លោក ឃួង ស្រេង រួចហើយ។
សហគមន៍នេះជាគ្រួសារថ្មីដែលត្រូវរងការបណ្ដេញចេញ ព្រោះតែការអភិវឌ្ឍទីក្រុង ហើយពេលនេះគឺត្រូវធ្វើផ្លូវបេតុ១២ម៉ែត្រ និងបណ្ដាញលូនៅសង្ខាងផ្លូវរថភ្លើង។
លិខិតជូដំណឹងរបស់អាជ្ញាធរខណ្ឌទួលគោកចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានទុកពេលឲ្យគ្រួសារទាំងនោះរើចេញក្នុងរយៈពេលមួយខែ។
បន្ទាប់ពីការចចារជាមួយអាជ្ញាធរមូលដ្ឋានត្រូវជាប់គាំង ប្រជាពលរដ្ឋទាំងនោះបានធ្វើលិខិតអំពាវនាវមួយទៅកាន់ លោក ឃួង ស្រេង ដើម្បីជួយអន្តរាគមន៍។
ពលរដ្ឋបានស្នើសុំជួបជាមួយមន្ត្រីនៅថ្ងៃទី១៤ ខែមករាកន្លងទៅ ប៉ុន្តែពួកគេត្រូវអាជ្ញាធរមូលដ្ឋានប្រាប់ថា ពួកគេអាចនឹងត្រូវចាត់ទុកថាជាអ្នកគាំទ្រក្រុមប្រឆាំង ហើយនឹងត្រូវចាប់ខ្លួន បើសិនពួកគេធ្វើដំណើរទៅសាលាក្រុង។
លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កតជាន់ខ្ពស់របស់សមាគមសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា អាជ្ញាធរគួរតែខិតខំដោះស្រាយជម្លោះនេះ។
លោកបន្ថែមថា៖ «ពួកគាត់មិនគួររុញបញ្ហាដាក់គ្នានោះទេ។ វាបង្ហាញថាពួកគាត់មិនសហការដោះស្រាយបញ្ហា វាបង្ហាញថាពួកគាត់មិនបានយកចិត្តទុកដាក់ខ្លាំង ដែលនេះហើយជាមូលហេតុពលរដ្ឋជួបបញ្ហាគ្មានដំណោះស្រាយ»។
លោកបន្តថាអាជ្ញាធរត្រូវពិចារណាលើផលប៉ះពាល់លើសហគមន៍ក្រីក្រ មុនបង្ខំពួកគាត់ឲ្យចាកចេញពីទីក្រុង។
លោកបន្ថែមទៀតថា៖ «ប្រជាពលរដ្ឋមិនចង់ផ្លាស់ទៅកន្លែងថ្មីនោះទេ ព្រោះវាខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ រដ្ឋាភិបាលគួរតែបង្កើតឲ្យមានផ្លូវ មានទឹក មានអគិ្គសនី មណ្ឌលសុខភាព និងសាលារៀននៅទីនោះ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Authorities pass buck in railway eviction, residents say