ចម្ងាយប្រហែល ៥០ម៉ែត្រពីស្ពានអាកាសតិចណូ ឆ្ពោះទៅរង្វង់មូលទួលគោកនៅខាងស្តាំដៃខ្ទមរខិរខាកត្រូវបានសង់ជាប់ៗគ្នាត្រដឹកតាមបណ្តោយផ្លូវដែក។ នៅទីនោះប្រជាជនចំនួន២៥កំពុងបារម្ភពីការបណ្តេញចេញដោយបង្ខំដោយអាជ្ញាធរ។
រយៈពេលប្រាំខែមកហើយបន្ទាប់ពីការជូនដំណឹងរបស់អាជ្ញាធរឲ្យរើចេញ ដោយទុករយៈពេលមួយខែ ហើយការចរចានៅសហគមន៍ភូមិ១៧ កំពុងស្ថិតនៅចំណុចជាប់គាំង។ ពលរដ្ឋក្នុងសហគមន៍នេះបានច្រានចោលសំណើឲ្យផ្លាស់ទៅកន្លែងថ្មីនៅខេត្តកណ្តាល។
អ៊ីវ ម៉ាច អ្នករើសអេតចាយវ័យ ៦១ឆ្នាំ ដែលបានរស់នៅតំបន់នេះចាប់តាំងពីឆ្នាំ ១៩៩២មក បានប្រាប់ CamboJA ថា៖ «ខ្ញុំមិនអាចចេញនោះទេ។ ចៅស្រីខ្ញុំនឹងត្រូវឈប់រៀន ប្រសិនបើយើងផ្លាស់ទៅក្រៅក្រុងភ្នំពេញ»។
ស្ត្រីដែលពាក់ឧបករណ៍ជំនួយសំឡេង ដោយសារត្រចៀកទាំងគូររបស់គាត់មិនអាចស្តាប់ឮបានគ្រប់គ្រាន់ បាននិយាយថា គាត់រកលុយបានពី ១ម៉ឺន ទៅ១៥ ០០០រៀលក្នុង១ថ្ងៃ។ ការផ្លាស់ទៅរស់នៅស្រុកអង្គស្នួល ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រភាគខាងលិចក្រុងភ្នំពេញ គឺមានការលំបាកទាំងចំពោះគ្រួសាររបស់គាត់។
អ្នកស្រីបានថ្លែងថា៖ «ពេលខ្លះ ខ្ញុំមិនអាចរកចំណូលបាននោះទេ។ ខ្ញុំពិតជាព្រួយបារម្ភខ្លាំងណាស់ ខ្ញុំដេកមិនលក់នោះទេ» អ្នកស្រីបន្ថែមថា អាជ្ញាធរបានព្រមានអ្នកស្រី និងអ្នកដទៃទៀតឲ្យរក្សាភាពស្ងប់ស្ងាត់ និងរង់ចាំពួកគេស្វែងរកដំណោះស្រាយ។ តែមិនមានដំណោះស្រាយណាមួយធ្វើឡើងនោះទេមកដល់ពេលនេះ។
ប៉ុន្តែពលរដ្ឋនៅសហគមន៍នេះមិនអាចនៅស្ងៀមនោះទេ។
ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក គ្រួសារភូមិ ១៧ គឺប្រហែលជា គ្រួសារពលរដ្ឋចុងក្រោយបង្អស់ដែលប្រឈមនឹងការជម្លៀសចេញដោយបង្ខំ ដោយសារការអភិវឌ្ឍនៅក្រុងភ្នំពេញ។ មូលហេតុពីក្រោយនៅពេលនេះគឺការសាងសង់ផ្លូវប៉េតុងទទឹង១២ម៉ែត្រ និងការដាក់ប្រព័ន្ធតាស្តុកទឹកនៅតាមបណ្តោយផ្លូវរថភ្លើង។
សហគមន៍ជាង ៥០ និងពលរដ្ឋជាង ៤ម៉ឺននាក់ត្រូវបានជម្លៀសចេញពីក្រុងភ្នំពេញ ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០មក ដោយជាញឹកញយមិនមានសំណងត្រឹមត្រូវ នេះបើយោងទៅតាមអង្គការគាំពារសិទ្ធិដីធ្លីសមាគមធាងត្នោត។
អង្គការនេះបានលើកឡើងក្នុងរបាយការណ៍ការជម្លៀសចេញ និងផ្លាស់ទីស្នាក់អាស្រ័យ ឆ្នាំ២០២០ របស់ខ្លួនថា៖ «ការជាប់បំណុល ការបាត់បង់ជីវភាព ការប៉ះពាល់មកលើរាងកាយ និងកង្វះខាតការទទួលបានសេវាកម្មថែទាំសុខភាព និងការអប់រំគឺជា គ្រាន់តែជាទម្រង់នៃការរំលោភបំពានមួយចំនួន ដែលគ្រួសាររងគ្រោះត្រូវប្រឈមមុខនៅក្នុងការតស៊ូរបស់ពួកគេ»។
ចៅស្រីរបស់អ្នកស្រី ម៉ាច ឈ្មោះ ជាតា ដែលបានចូលរៀននៅក្រោមជំនួយសប្បុរសធម៌ បាននិយាយថា ទោះបីជាភូមិ ១៧ មិនមែនជាកន្លែងល្អឥតខ្ចោះក៏ដោយ ការផ្លាស់ចេញពីទីក្រុងនឹងបង្កការប៉ះពាល់ដល់លទ្ធភាពរបស់នាងក្នុងការទទួលបានការអប់រំ។
ជាតា និយាយថា មានអ្នកប្រើប្រាស់ថ្នាំញៀននៅពាសពេញសហគមន៍៖ «នៅពេលខ្ញុំមកពីសាលា ខ្ញុំនៅក្នុងផ្ទះ ហើយមិនសូវចេញក្រៅនោះទេ ពីព្រោះខ្ញុំខ្លាច។ ប៉ុន្តែ ខ្ញុំមិនចង់រើចេញពីក្រុងទេ។ ខ្ញុំសង្ឃឹមថា នឹងអាចរស់នៅកន្លែងថ្មីនៅទីក្រុងដែលប្រសើរជាងនេះ»។
លិខិតមួយពីសាលាខណ្ឌទួលគោកចុះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ បានទុកពេលឲ្យសហគមន៍១៧ រយៈពេលមួយខែដើម្បីចាកចេញ។ បួនខែបន្ទាប់មក គ្រួសារនៅក្នុងសហគមន៍នេះកំពុងប្រឈមនឹងការជម្លៀសចេញ ខណៈពួកគេនិយាយថា ពួកគេនឹងមិនចាកចេញដោយមិនមានសំណងប្រសើរជាងនេះទេ ដោយទទូចទៅរស់នៅទីតាំងដីក្រោយវត្តទួលអស់លោក ខណ្ឌឬស្សីកែវ។
ក្រុមគ្រួសារនៅក្នុងសហគមន៍បាននិយាយថា បន្ទាប់ពីការចរចាជាមួយអាជ្ញាធរមូលដ្ឋានបានជាប់គាំង ពួកគេបានផ្ញើលិខិតមួយសុំជំនួយអន្តរាគមន៍ពីអភិបាលក្រុងភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២៣ ធ្នូ ឆ្នាំ ២០២០ និងមានគម្រោងជួបជាមួយនឹងមន្រ្តីសាលាក្រុងនៅថ្ងៃទី១៤ ខែមករា។
ប៉ុន្តែនៅព្រឹកថ្ងៃជំនួបនោះ ប៉ូលិស និងចៅសង្កាត់បានមកជួបពួកគេ ដោយព្រមានមិនឲ្យទៅនោះទេ។
លោក កូវ សារុន តំណាងគ្រួសារសហគមន៍ ១៧ បាននិយាយថា៖ «ពួកគេគំរាមចាប់ខ្លួនពួកយើង។ ពួកគេនិយាយថា ប្រសិនបើយើងទៅ យើងនឹងត្រូវចាត់ទុកដូចគណបក្សប្រឆាំង និងត្រូវចាប់ដាក់គុក»។
លោក សារុន បានបន្តថា អាជ្ញាធរមូលដ្ឋានបានស្នើសុំឲ្យសហគមន៍ទទួលយកសំណងដែលអាជ្ញាធរផ្តល់ឲ្យ ដែលគ្រួសារខ្លះនៅសល់ដី តែពីរបីម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីកាត់រួច។
លោកបានថ្លែងថា៖ «តើយើងយកយ៉ាងម៉េច បើសល់ដីតែពីរម៉ែត្រនោះ ប្លង់កម្មសិទ្ធិនេះមានន័យអ្វីទៅ?»។ លោកបន្ថែមថា ការរើចេញទៅរស់នៅកន្លែងដែលពួកគេមិនធ្លាប់ស្គាល់ពីមុនគឺ មិនមែនជាជម្រើសនោះទេ។
លោកបានបន្តថា៖ «ប្រសិនបើយើងទៅទីនោះ វាដូចជា ចាប់ផ្តើមជីវិតថ្មីអញ្ចឹង ចាប់ផ្តើមពីសូន្យនៅកន្លែងថ្មីដែលមិនមានហេដ្ឋារចនាសម្ព័ន្ធអ្វីទាំងអស់»។
លោកបានបន្តថា ជម្រើសបន្ទាប់គឺ ដើរក្បួនទៅភូមិគ្រឹះរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដើម្បីទាមទារឲ្យមានការយកចិត្តទុកដាក់ពីទុក្ខលំបាករបស់គ្រួសារសហគមន៍ ១៧ ហើយការគំរាមកំហែងពីអាជ្ញាធរនឹងមិនបញ្ឈប់ពួកគេពីការធ្វើដូចនេះនោះទេ។
ខណៈអំពើហិង្សាបានថមថយក្នុងទម្រង់ការជម្លៀសដោយបង្ខំលើពលរដ្ឋក្រីក្រនៅទីក្រុង ការភ័យខ្លាចពីការជម្លៀសមិនបានថមថយនោះទេ ជាពិសេសអំឡុងពេលការរាតត្បាតជំងឺកូវីដ១៩ នេះបើយោងទៅតាមអង្គការសង្គមធាងត្នោត។
លោក សឿង សារ៉ន នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ក្នុងរបាយការណ៍កាលពីឆ្នាំមុនរបស់អង្គការថា៖ «ពិភពលោកបច្ចុប្បន្ន កំពុងតែមានការប្រឈមយ៉ាងខ្លាំងដោយជំងឺកូវីដ ហើយមានប្រជាពរដ្ឋកម្ពុជាក្រីក្រមួយចំនួនក៏កំពុងទទួលរងនូវផលវិបាកដោយសារតែជំងឺកូវីដ១៩ នេះផងដែរ ដោយពួកគាត់ជាច្រើនបានបាត់បង់ការងារ និងប្រាក់ចំណូល។» ដោយលោកអំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់រាល់ការជម្លៀសដោយបង្ខំអំឡុងពេលមានការរាតត្បាតជំងឺ។
លោកបាននិយាយថា៖ «បន្ទាប់ពីការរាតត្បាតជំងឺបញ្ចប់ យើងស្នើឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្សរបស់ពលរដ្ឋ និងត្រូវផ្តល់ការប្រឹក្សាជានិច្ច មុនពេលមានការជម្លៀសណាមួយ»។

មិនមែនតែគ្រួសារនៅ ភូមិ ១៧ ទេដែលរងផលប៉ះពាល់ ភូមិ ១៦ និង ១៥ ដែលនៅម្ខាងទៀតនៃស្ពានអាកាសតិចណូ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ក៏ចូលរួមទាមទារដូចគ្នាដែរ។ ទីនោះមាន ១០គ្រួសាររងផលប៉ះពាល់ទាំងស្រុក
ចៅសង្កាត់ទឹកល្អក់១ លោក ពេជ្រ សុខឃឿន បាននិយាយថា អ្នករកផលប៉ះពាល់មិនព្រមទៅរស់នៅកន្លែងថ្មីក្នុងខេត្តកណ្តាលនោះទេ។
លោកបានថ្លែងថា៖ «ពួកគេបានស្នើសុំដីនៅខណ្ឌឬស្សីកែវ ឬទួលគោក ប៉ុន្តែនេះគឺមិនអាចទៅរួចនោះទេ។ មិនមានដីសល់សម្រាប់ពួកគេនៅក្នុងខណ្ឌទាំងពីរនេះនោះទេ»។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ម៉េត មាសភក្តី បានស្នើឲ្យគ្រួសាររងគ្រោះបញ្ជូនលិខិតមកកាន់សាលាក្រុង ដើម្បីពន្យល់ពីស្ថានភាពរបស់ពួកគេ។
លោកបានថ្លែងថា៖ «ខ្ញុំមិនចាំថា ករណីណាមួយនោះទេ ដោយយើងទទួលបានលិខិតរាប់ពាន់» ។លោកបន្ថែមថា សាលាក្រុងគេកំពុងដោះស្រាយបញ្ហាជម្លោះមួយចំនួនជុំវិញការអភិវឌ្ឍតំបន់ផ្លូវរថភ្លើង។
លោកបានបន្តថា៖ «យើងបានសង់ផ្លូវប៉េតុងរួចមកហើយតាមបណ្តោយផ្នែកមួយចំនួននៃផ្លូវរថភ្លើង បន្ទាប់យើងបានសិក្សា និងដោះស្រាយផលប៉ះពាល់ផ្សេងៗ ហើយយើងនឹងបន្តធ្វើដូចនេះនៅកន្លែងដទៃទៀត»។
លោក អំ សំអាត នាយករងអង្គការការពារសិទ្ធិមនុស្ស Licadho បាននិយាយថា អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ រដ្ឋាភិបាលត្រូវបានចោទប្រកាន់ពីការអនុម័តនូវគម្រោងអភិវឌ្ឍន៍ដោយមិនបានគិតគូរឲ្យបានសមស្របពីផលប៉ះពាល់មកលើពលរដ្ឋ ហើយករណីសហគមន៍ ១៧នេះគឺមិនខុសគ្នាផងដែរ។
លោកបានថ្លែងថា៖ «ការជម្លៀសដោយបង្ខំគឺជា ការរំលោភបំពានសិទ្ធិរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជា ធ្វើឲ្យខូចឈ្មោះរបស់រដ្ឋាភិបាលផងដែរ ព្រឹត្តិការណ៍ដូចនេះក៏បង្កការប៉ះពាល់មកលើសង្គមទាំងមូលផងដែរ»។
លោកបានបន្ថែមថា៖ «ការជម្លៀសដោយបង្ខំគឺមានផលប៉ះពាល់អវិជ្ជមានមកលើកុមារ។ ពួកគេនឹងត្រូវឈប់រៀន»។
សម្រាប់លោក ហ៊ាន វុត្ថា ការគំរាមកំហែងពីការជម្លៀសចេញគឺ មិនមែនជាអ្វីថ្មីនោះទេ។
បុរសវ័យ ៥៤ឆ្នាំរូបនេះ ស្ថិតនៅក្នុងចំណោមមនុស្សរាប់ពាន់នាក់ ដែលត្រូវបានជម្លៀសចេញដោយបង្ខំនៅតំបន់បឹងកក់ កាលពីឆ្នាំ ២០០៧ បន្ទាប់ពីបានធ្វើការតវ៉ា និងប្រឈមជាមួយនឹងអាជ្ញាធរនៅក្នុងការជម្លៀសទ្រង់ទ្រាយធំដ៏អាក្រក់មួយនៅកម្ពុជា។
បន្ទាប់ពីទទួលបានប្រាក់សំណងចំនួន ៥០០ដុល្លារ និងផ្ទះនៅបុរីសន្តិភាព ២ នឹងរស់នៅទីនោះមួយរយៈ លោកបានលក់ផ្ទះនោះចេញក្នុងតម្លៃ៧០០០ដុល្លារ នឹង បានមកទិញផ្ទះតូចមួយតម្លៃ១ម៉ឺនដុល្លារតាមបណ្តោយផ្លូវរថភ្លើង ជាទីដែលលោករំពឹងថា អាចរស់នៅដោយស្ងប់ស្ងាត់។
លោកនិយាយថា៖ «ឥឡូវនេះ ខ្ញុំត្រូវប្រឈមនឹងការជម្លៀសចេញសារជាថ្មី ខ្ញុំនឹងសល់ដីប្រមាណ៣.៥ម៉ែត្រប៉ុណ្ណោះ បន្ទាប់ពីត្រូវបានកាត់ដើម្បីសាងសង់ផ្លូវ។
លោកបន្ថែមថា៖ «ខ្ញុំស្នើសុំសំណងសមរម្យមួយ ហើយខ្ញុំមិនរើទៅនៅក្រៅក្រុងភ្នំពេញនោះទេ»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ A bridge too far: Railway families reject relocation as threat of eviction mounts