មនុស្សប្រហែល១៥នាក់ស្លាប់ និងមនុស្សចន្លោះពី៣៥នាក់ទៅ៤០នាក់រងរបួសដោយសារអគ្គីភ័យឆេះកាស៊ីណូនៅប៉ោយប៉ែតកាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ យោងតាមប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ។
លោក សេក សុខុម ប្រធានមន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ បានឱ្យខេមបូចា ដឹងថា មនុស្សប្រហែល១៥នាក់ស្លាប់ ដែលកើនពី១០ទៅ១៥នាក់ និងអ្នករងរបួសកើនពី៣៥នាក់ទៅ៤០នាក់ដោយសារអគ្គីភ័យឆេះកាស៊ីណូ ប៉ោយប៉ែត រីសត និងក្រេន ដាយមិន ស៊ីធី នៅក្រុងប៉ោយប៉ែត កាលពីវេលាម៉ោងប្រហែល១១យប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ បើគិតត្រឹមម៉ោង១០ព្រឹកថ្ងៃទី២៩ ខែធ្នូនេះ។
លោក សុខុម បានថ្លែថា៖ «ឥឡូវនេះ គេរកឃើញសាកសពចំនួន១០នាក់»។ លោកបន្តថា អ្នករងគ្រោះមានចម្រុះជាតិសាសន៍ មានខ្មែរ មានជនជាតិថៃ និងមានជនជាតិផ្សេងទៀត ព្រោះអ្នកទៅលេងកាស៊ីណូ ភាគច្រើនជាជនជាតិបរទេស ហើយរហូតដល់ប្រហែលម៉ោង៨ព្រឹកថ្ងៃព្រហស្បតិ៍ ភ្លើងមិនទាន់រលត់នៅឡើយ។
លោកប្រធានមន្ទីរព័ត៌មានបញ្ជាក់ថា៖ «អ្នករបួសត្រូបានបញ្ជូនទៅព្យាបាលនៅប្រទេសជិតខាង[ប្រទេសថៃ] និងក្នុងប្រទេស[កម្ពុជា]»។
លោក សុខុម បន្ថែមថា យោងតាមការសន្និដ្ឋានក្រៅផ្លូវការ ការឆេះកាស៊ីណូនេះអាចបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ប៉ុន្តែមិនទាន់ផ្លូវការនៅឡើយ ហើយលោកក៏មិនទាន់អាចសរុបថា ប្រើរថយន្តពន្លត់អគ្គីភ័យប៉ុន្មានគ្រឿង ប៉ុន្តែរថយន្តពន្លត់អគ្គីភ័យត្រូវបានបញ្ជូនពីគ្រប់ស្រុកក្នុងខេត្តបន្ទាយមានជ័យនិងរបស់ខេត្ត ព្រមទាំងរថយន្តពន្លត់អគ្គីភ័យមកពីថៃជួយផងដែរ។
លោក គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (NCDM) បានថ្លែងថា មានមនុស្សជិត៤០០នាក់នៅទីនោះ ហើយអាជ្ញាធរបានជួយសង្គ្រោះពួកគេខ្លះ ខណៈគាត់មិនទាន់អាចរាប់បាននៅឡើយថាមានជនរងគ្រោះមួយចំនួនប៉ុន្មានដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសថៃ ហើយខ្លះទៀតក្នុងប្រទេសកម្ពុជា។
លោក គន់ គីម មានប្រសាសន៍ថា៖ «តាមរបាយការណ៍បឋមមានមនុស្សដល់ទៅ៣០០ទៅ ៤០០នាក់នៅលើអគារ។ នៅពេលកើតហេតុ មនុស្សជាច្រើនត្រូវបានជម្លៀសចេញ នៅសេសសល់មួយផ្នែក»។ លោកបានបន្ថែមថា៖ «ប៉ុន្តែវាមិនទាន់ច្បាស់ការ ព្រោះមានការដឹកជញ្ជូនទៅប្រទេសថៃផង និងចូលពេទ្យផង[នៅកម្ពុជា]»។
លោក បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ខេមបូចា ថា ពេលនេះសមត្ថកិច្ចនៅតែធ្វើការលើករណីនេះ ប៉ុន្តែលោកមិនទាន់ផ្តល់ព័ត៌មានបន្ថែមអំពីការពន្លត់អគ្គិភ័យនេះនៅឡើយទេ។
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្លែងយ៉ាងខ្លីថា កងកម្លាំងសង្គ្រោះក៏បានប្រើឧត្ថម្ភាគចក្រជួយសង្គ្រោះក្នុងហេតុការណ៍នេះផងដែរ។ លោកបន្ថែមថា ប៉ុន្តែលោកមិនទាន់ទទួលបានព័ត៌មានជាក់លាក់ពីការឆេះនេះនៅឡើយទេ ខណៈអ្នកសារព័ត៌មានហៅទូរសព្ទទៅកាន់គាត់ប្រហែលជាម៉ោងជាង៩ព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ។
លោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនអាចសុំការអត្ថាធិប្បាយពីហេតុការណ៍នេះបានទេ។
រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី