នៅតាមដងផ្លូវឡើងទៅភ្នំគិរីរម្យមានក្មេងៗជាច្រើនកំពុងសុំទាន ខណៈពេលភ្ញៀងទេសចរមួយចំនួនដែលបានទៅកម្សាន្តនៅតំបន់នោះ បោះចោលសំរាមដោយមិនបានគិតពីការថែទាំបរិស្ថាន និងមិនសូវខ្វល់ខ្វាយអំពីបញ្ហានេះទេ។
ហើយភ្ញៀងទេសចរមួយចំនួនទៀត ក៏បានគិតគូរទុកដាក់សំរាមបានល្អ និងអ្នកខ្លះទៀតមានចិត្តសប្បុរសបានហុចលុយឱ្យក្មេងៗទាំងអស់នោះ ដែលពួកគេកំពុងជួសជុលផ្លូវ ដែលនេះជាមធ្យោបាយរបស់ពួកគេក្នុងការសុំថវិកាពីភ្ញៀវទេសចរ។
ដោយឡែកសម្រាប់លោក អ៊ុក វណ្ណដេ ដែលបច្ចុប្បន្នជាស្ថាបនិកសាលាដូង យល់ឃើញថា បើយកលុយឱ្យក្មេងៗទាំងអស់នោះ ក៏មិនអាចជួយពួកគេបានយូរ ហើយបើដើរប្រាប់គេឯងកុំឱ្យចោលសំរាមផ្តេសផ្តាស ក៏មិនអាចធ្វើទៅរួច។ ដូច្នេះមានតែវិស័យអប់រំទេដែលអាចជួយកែប្រែស្ថានភាពនេះបាន ទើបលោកសម្រេចចិត្តបង្កើតសាលាដូងនេះឡើង ដោយមានលក្ខខណ្ឌថា ទីមួយ សាលានេះបង្រៀនមិនយកលុយ តែយកសំរាមពីការបោះចោលអត់សណ្តាប់ធ្នាប់របស់ភ្ញៀវទេសចរ «សំរាមមិនគួរឱ្យស្អប់ ដូចអ្នកចោលសំរាម» និងទីពីរ អ្នកដែលមករៀននៅសាលាដូង គឺមិនអនុញ្ញាតឱ្យទៅសុំទាន។
លោក វណ្ណដេ ឱ្យដឹងថា៖ «នៅពេលខ្ញុំបង្កើតសាលាដូងក្រោមចក្ខុវិស័យ ចង់ផ្សារភ្ជាប់ការអប់រំ និងការយល់ដឹងអំពីការកែច្នៃសំរាម ការបែងចែង ការប្រើប្រាស់ឡើងវិញ ដើម្បីឱ្យពួកគាត់ហ្នឹង មានចំណេះក្នុងការច្នៃសំរាមទាំងនេះឱ្យមានប្រយោជន៍»។
ត្រង់ចំណុចនេះហើយ ដែលជំរុញឱ្យលោករិះរកគំនិតកែច្នៃសំរាម អំបែង កំប៉ុង ដប ថង់ប្លាស្ទិក កង់ឡាន គម្របដប និងទុយោបំពង់បឺត ជាច្រើនតោន ច្នៃទៅជាសួនច្បារ កៅអី តុ និងសម្ភារៈផ្សេងៗទៀតដែលបានតុបតែងលម្អសាលា ឱ្យកាន់តែមានសោភ័ណភាព ស្រស់បំព្រង ជាទីទាក់ទាញសម្រាប់សិស្សានុសិស្ស និងភ្ញៀវទេសចរ។ ជាមួយនេះក៏បានកែច្នៃដបស្រាបៀរជិត២លានដប រចនាជាជញ្ជាំងហាងកាហ្វេ និងបន្ទប់អាហារផងដែរ។
ដោយឡែកកាលពីថ្មីៗនេះ លោកក៏មានគំនិតកែឆ្នៃសំបកឡានក្រុងចាស់ៗចំនួន៣ ទៅជាបន្ទាប់សិក្សា ក្នុងន័យសម្រួលតាមតម្រូវការនៃកំណើនសិស្សានុសិស្ស និងជាការបំផុសបំផុលគំនិតច្នៃប្រឌិត ដើម្បីទាក់ទាញមហាជនខ្មែរ និងភៀវទេសចរផង ហើយនៅពេលខាងមុខ ឡានក្រុងទាំងនេះនឹងមានការតុបតែង គូរគំនូរ និងបន្ថែមសម្ភារៈផ្សេងៗទៀត។
លោកបន្តថា៖ «ថ្ងៃមួយខ្ញុំទៅលេងផ្ទះមិត្តភក្តិ ក៏ឃើញសំបកឡានក្រុងជាច្រើនទុកចោល ក៏បានជជែកជាមួយគ្នា អ៊ីចឹងខ្ញុំគិតថាខ្ញុំអាចយកសំបកឡានក្រុងនេះកែច្នៃបាន ព្រោះវាស្រួលកែច្នៃផង ចំណាយតិចផង ហើយផលប្រយោជន៍វាមានជាច្រើន»។
ក្រោមចក្ខុវិស័យថ្មីនេះ លោកជឿជាក់ថានឹងអាចទាក់ទាញកូនសិស្សឱ្យចូលមករៀនបានកាន់តែច្រើន ព្រោះពួកគេមានអារម្មណ៍ដូចកំពុងជិះឡានក្រុង នៅពេលកំពុងសិក្សាក្នុងបន្ទប់ឡានក្រុងនេះ។ ម្យ៉ាងទៀតក៏បានទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ស្របពេលការកែច្នៃឡានក្រុងនេះចំណាយតិច តែមានផលប្រយោជន៍ច្រើន ព្រោះកន្លងមកសាលាគ្មានបន្ទប់សិក្សាត្រឹមត្រូវ ដែលប៉ះពាល់ដល់ការបង្រៀនរបស់លោកគ្រូអ្នកគ្រូ ព្រោះអំឡុងពេលបង្រៀនសំឡេងរំខានពីថ្នាក់មួយទៅថ្នាក់មួយទៀត និងកូនសិស្សមួយចំនួនទៀតកើតជំងឺគ្រុនឈាម ដោយសារតែមូសខ្លាខាំ។
មានឈ្មោះផ្លូវការថា អ៊ុក វណ្ណដេ ប៉ុន្តែនៅតាមបណ្តាញសង្គមនិយមហៅលោកថា «អ្នកចម្បាំងសំរាម»។ លោកកើតនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨៦ ជាអ្នកស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកបានរំលឹកពីអតីតកាលថា ក្នុងអំឡុងឆ្នាំ២០១៥ និង២០១៧ លោកបានមកទស្សនានៅភ្នំគិរីរម្យ ក្នុងនាមជាភ្ញៀវទេសចរម្នាក់ ប៉ុន្តែដោយឃើញទិដ្ឋភាពក្មេងៗជាច្រើន កំពុងសុំទាននៅតាមដងផ្លូវ បណ្តាលឱ្យលោកកើតចិត្តនឹកស្រមៃទៅដល់ភ្នំតាម៉ៅ ហើយបើបណ្តោយឱ្យក្មេងៗទាំងនេះនៅសុំអ៊ីចឹងទៀត នោះពួកគេនឹងក្លាយជាមនុស្សចាស់មួយក្រុមទៀតដែលប្រកបរបរសុំទាន ដូចភ្នំតាម៉ៅដែរ។ ដោយឡែកនៅពេលលោកទៅដល់កន្លែងទេសចរ ក៏ឃើញមនុស្សជាច្រើនបានបោះសំរាមចោលគ្មានសណ្តាប់ធ្នាប់ ដោយរូបភាពនេះហើយបណ្តុះចិត្តគំនិតរបស់លោក បង្កើតសាលាដូងភ្នំគិរីរម្យនេះឡើង។
តាមបទពិសោធន៍លោកផ្ទាល់ កាលលោកមកកសាងសាលាដំបូងដើមឆ្នាំ២០១៧ មានឧបសគ្គជាច្រើនដែលលោកត្រូវប្រឈម ដូចជាគ្មានទឹកស្អាត គ្មានអគ្គិសនីប្រើប្រាស់ ជាតំបន់ដាច់ស្រយាល និងត្រជាក់ខ្លាំង ហើយកាន់តែលំបាកនោះ គឺការពន្យល់ណែនាំ និងអូសទាញអាណាព្យាបាលឱ្យកូនរបស់ពួកគេបានមកសិក្សា ព្រោះបរិស្ថានជុំវិញរបស់ពួកគេមិនឱ្យតម្លៃលើការសិក្សា ម្យ៉ាងទៀតព្រោះកត្តាជីវភាពផងនោះ មានតែជំរុញឱ្យកូនៗរបស់ពួកគេទៅសុំទាន។
លោកបន្តថា៖ «បើខ្ញុំគិតតែរឿងលំបាក ឬរឿងមិនអាចទៅរួច គឺ១០០ភាគរយមិនអាចធ្វើបាន ប៉ុន្តែដោយឆន្ទៈ ដោយបេះដូង និងអាណិតក្មេងៗ ទើបខ្ញុំសម្រេចមិនផ្លាស់ប្តូរគោលដៅ ប៉ុន្តែផ្លាស់ប្តូរវិធីសាស្ត្រ ទើបសាលាមានកេរ្តិ៍ឈ្មោះដល់ឥឡូវ»។
ក្រោយពីមានសិស្សហើយ ឧបសគ្គផ្សេងទៀត គឺការគ្មានបន្ទប់សិក្សា ហើយនិងគ្មានគ្រូមកបង្រៀន ព្រោះគ្រូមកបង្រៀននៅទីនេះ មិនលើសពីមួយខែទេសុំទៅវិញហើយ ដោយសារកត្តាគ្រូខ្លះគ្រុនឈាម ចាញ់រងា ជ្រុះសក់ និងគ្រូខ្លះទៀតមិនអាចស៊ូទ្រាំនឹងស្ថានភាពនៅទីតាំងនេះបាន។
អ្នកចម្បាំងសំរាមរូបនេះបន្ថែមថា កាលដែលសាលាដូងអាចដំណើរការបានជិត៦ឆ្នាំ និងមានសមិទ្ធផលដូចសព្វថ្ងៃនេះ ព្រោះមានមហាជនខ្មែរចូលរួមវិភាគទានថវិកាដើម្បីទ្រទ្រង់សាលាតាមរយៈមធ្យោបាយផ្សេងៗ និងសប្បុជនខ្លះទៀតបាននាំសម្ភារៈមកឧបត្ថម្ភដល់សាលាដូងផ្ទាល់។ ជាមួយនេះសាលាក៏បានបង្កើត«កាហ្វេសំរាម» ដើម្បីរកចំណូលបន្ថែមទៀតក្នុងការទប់ទល់ទៅលើការចំណាយថ្លៃគ្រូបង្រៀន និងទឹកភ្លើងជាដើម។
លោកអះអាងថា៖ «សាលាយើងមិនមានឧកញ៉ា ឬអ្នកធំណានៅពីក្រោយយើងដើម្បីជួយនោះទេ គឺមានតែកម្លាំងញើសឈាមពលរដ្ឋខ្មែរទូទាំងប្រទេសប៉ុណ្ណោះ ដែលចាំជួយឧបត្ថម្ភ តាមរយៈកម្មវិធីអ៊ែប(app) និងកម្មវិធីផ្សេងៗទៀតដែលសាលាបានអំពាវនាវ»។ ហើយបច្ចុប្បន្នសាលាដូងសាងសង់លើផ្ទៃដី១ហិកតា ដែលដីនេះសម្បទានដោយរដ្ឋ តាមរយៈមន្ទីរអប់រំខេត្តកំពង់ស្ពឺ។
ទន្ទឹមនឹងការធ្វើរឿងបែបនេះ លោក វណ្ណដេ ក៏ទទួលបានការមាក់ងាយមើលស្រាលផងដែរ ដោយមានអ្នកខ្លះបានហៅរូបលោកថាជាមនុស្សសំរាម ហើយខ្លះទៀតហៅថាអាសំរាមក៏មានដែរ ប៉ុន្ដែរូបលោកមិនអន់ចិត្តនឹងអ្នកដែលបានហៅខ្លួនបែបនោះទេ។ ផ្ទុយមកវិញ លោកបានបង្កើតពាក្យស្លោកមួយឃ្លាថា៖ «សំរាមអាចយកទៅកែច្នៃបាន ប៉ុន្ដែបើមនុស្សយ៉ាប់ជាងសំរាមហើយ គឺកែមិនកើតទេ»។ វាមានន័យថា សំរាមឥតប្រយោជន៍យើងអាចកែច្នៃឱ្យមានប្រយោជន៍បាន តែប្រសិនបើមនុស្សកើតមកគ្មានប្រយោជន៍ ទោះខំកែយ៉ាងណាក៏មិនមានប្រយោជន៍ដែរ។ មួយវិញទៀត លោកមិនបានស្អប់សំរាមនោះទេ ប៉ុន្តែលោកស្អប់មនុស្សដែលមិនយល់ពីរបៀបគ្រប់គ្រងសំរាម និងកែច្នៃសំរាម ហើយចេះតែបោះចោលពាសទឹកពាសដីតាមទីសាធារណៈ។

សម្រាប់ពេលបច្ចុប្បន្ននេះ សាលាដូង មានសិស្សានុសិស្ស ដែលកំពុងតែសិក្សានៅទីនេះចំនួនជិត២០០នាក់ ភាគច្រើនសុទ្ធតែក្មេងកំព្រា និងក្មេងមកពីគ្រួសារក្រីក្រ រស់នៅជុំវិញតំបន់ភ្នំគិរីរម្យនេះតែម្ដង។ ដែលសិស្សទាំងនោះរៀនចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី៦។ ហើយការចំណាយប្រចាំខែ ក្នុងសាលាដូង មួយខែៗត្រូវចំណាយប្រាក់ចំនួន៣ពាន់ដុល្លា ដោយគ្រាន់តែគ្រូបង្រៀនចំនួន៧នាក់ ត្រូវចំណាយ ១ ៥០០ដុល្លា និង ១ ៥០០ដុល្លាទៀត ត្រូវចំណាយទៅលើទឹកភ្លើង និងសម្ភារៈសិក្សារបស់សិស្សានុសិស្ស ក្នុងសាលាដូងនេះផ្ទាល់។
យ៉ាងណាមិញ លោកគ្រូ ឧត្តម ជាគ្រូបង្រៀនថ្នាក់កុំព្យូទ័រនៃសាលាដូង បានលើកឡើងថា កន្លងមក សាលាបានបណ្តុះបណ្តាល និងបង្ហាត់បង្រៀនជាច្រើនមុខវិជ្ជា ដូចជា ភាសាខ្មែរ គណិត អង់គ្លេស និងកុំព្យូទ័រជាដើម អាស្រ័យទៅលើកម្រិតសមត្ថភាពរបស់សិស្ស ហើយកិច្ចការបង្រៀនទាំងអស់នេះ ដំណើរការទៅបាន ព្រោះមានមហាជនខ្មែរបានបរិច្ចាគថវិកា ដើម្បីផ្តល់ជាប្រាក់ខែដល់គ្រូបង្រៀន។ ជាមួយនេះ លោកថា ក៏មានការលើកទឹកចិត្ត អប់រំសីលធម៌ និងបណ្តុះចរិយាដល់កូនសិស្សផងដែរ ដោយយោងតាមកម្មវិធីសិក្សា។
លោកបញ្ជាក់ថា៖ «កាលដែលសាលាបង្កើត៦ឆ្នាំមកនេះ យើងពិតជាមិនអាចប្រកែកបានទេ ថាក្មេងមួយចំនួនដែលគាត់ទម្លាប់សុំទានគេ លុតជង្គង់សុំគេតាមថ្នល់ហ្នឹង [ប៉ុន្តែបច្ចុប្បន្ន]ត្រូវបានកាត់បន្ថយសឹងមួយរយភាគរយហើយ ហើយក្មេងៗប្តូរពីទម្លាប់សុំគេ មកពាក់ឯកសណ្ឋានសិស្សចូលសាលា នេះក៏ព្រោះសប្បុរជនមកចូលរួមជួយឧបត្ថម្ភរបស់សប្បុរជនខ្មែរ»។
ចំពោះកុមារី ទ្រី រក្សា រៀនថ្នាក់ទី៥ បានឱ្យដឹងថា រូបគាត់បានចូលរៀននៅសាលាដូង តាំងពីសាលានេះបង្កើតដំបូងអំឡុងឆ្នាំ២០១៧ តែចូលរៀនដំបូងៗរូបគាត់មិនចង់រៀនទេ ព្រោះរវល់ទៅធ្វើផ្លូវ ដើម្បីសុំថវិកាពីភ្ញៀវទេសចរ។ តែយ៉ាងណា កុមារីរូបនេះថា នៅពេលឃើញសប្បុរជនច្រើនផ្តល់ការអប់រំផ្សេងៗ និងសារៈសំខាន់នៃការសិក្សា ព្រមទាំងមានជាអំណោយផងនោះ ជាហេតុផលជំរុញរូបគាត់ យល់ឃើញអំពីតម្លៃនៃការសិក្សា និងប្រឹងប្រែងរៀនសូត្រវិញ។
កុមារី ទ្រី រក្សា បញ្ជាក់ថា៖ «ខ្ញុំរីករាយណាស់ ដែលបានមកសាលារៀន បានរៀនមុខវិជ្ជាភាសាខ្មែរ អង់គ្លេស និងកុំព្យូទ័រពីលោកគ្រូអ្នកគ្រូបង្រៀន ហើយថ្ងៃខ្លះទៀតបានឃើញបងៗមកដល់សាលាដូង ហើយចែករំលែកចំណេះដឹង និងនិយាយរឿងផ្សេងៗឱ្យពួកយើងស្តាប់ ហើយខ្ញុំនៅពេលអនាគតចង់ដូចពួកបងៗដែរ»។
ចំណែកឯកញ្ញា បូ ស្រីនីត ជានិស្សិតនៃសាកលវិទ្យាល័យមេគង្គកម្ពុជា រៀនជំនាញធនាគារ និងហិរញ្ញវត្ថុ ហើយក៏ជាអ្នកស្ម័គ្រចិត្តមួយរូបនៃសមាគមបណ្តាល័យគំនិត ដែលចុះមកធ្វើកម្មវិធីសប្បុរធម៌ដល់ក្មេងៗក្នុងសាលាដូង យល់ឃើញថា សុខភាព និងការអប់រំកុមារពិតជាមានសារៈសំខាន់ ខណៈបច្ចុប្បន្នជាសម័យឌីជីថល ជាហេតុឱ្យកុមារមួយចំនួនមានទូរសព្ទកាន់ពេញដៃតាំងពីក្មេង ដែលនាំឱ្យពួកគេលែងខ្វល់ខ្វាយពីការអានសៀវភៅ ហើយខ្លះទៀតសម្រេចបោះបង់ការសិក្សា នាំឱ្យប្រទេសបាត់បង់ធនធានទំពាំងស្នងឫស្សី។
កញ្ញាបន្តទៀតថា ដូច្នេះឆ្លៀតក្នុងឱកាសនេះ កញ្ញាក៏បានពន្យល់ណែនាំឱ្យសិស្សានុសិស្សយល់ពីតម្លៃនៃការសិក្សា និងចាប់យកឱកាសនេះដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យក្លាយជាធនធានប្រទេសជាតិពិតប្រាកដ។
តែយ៉ាងណា កញ្ញាចាត់ទុកកិច្ចការនេះជាការរួមចំណែកតិចតួចដល់សាលាដូង និងសង្គម ព្រោះសាលាដូងបានបណ្តុះបណ្តាលក្មេងៗបានច្រើនណាស់ ជាពិសេសលោក អ៊ុក វណ្ណដេ ជាស្ថាបនិកបានលះបង់កម្លាំងកាយចិត្ត និងញើសឈាម ផ្តល់ឱកាសឱ្យសិស្សទាំងអស់ឃើញពន្លឺនៃការអប់រំ។
កញ្ញាបញ្ជាក់ថា៖ «ក្នុងនាមជាយុវតីរស់នៅក្នុងសង្គមបានសង្កេតឃើញថា មានអំពើឃាតកម្ម ហិង្សាមានការកើតឡើងរៀងរាល់ថ្ងៃ ទាំងអស់នោះដោយសារតែពួកគេមិនទទួលបានការអប់រំ បណ្តុះបណ្តាលផ្នត់គំនិត មិនអាចគិតគូរដឹងខុសត្រូវ សេពគប់ខុស ភ្លើតភ្លើនជាច្រើន ដូច្នេះហើយសាលាដូងបានចូលរួមជួយអប់រំ និងជួយសង្គមជាតិ ទៅរកមាគ៌ាល្អបាន»៕