ក្រុមហ៊ុន Phoenix ជាក្រុមហ៊ុនផលិតឱសថមួយនៅខេត្តបាត់ដំបង ដែលបានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹងសង្កែកាលពីខែសីហាកន្លងទៅនោះ មិនទាន់បានអនុវត្តតាមបទបញ្ជារបស់ក្រសួងបរិស្ថានដែលតម្រូវឲ្យប្តូរទីតាំងរោងចក្រ និងស្តារបរិស្ថានជុំវិញស្ទឹងនោះទេ។ ក្រុមហ៊ុននេះបានចាប់ផ្តើមដំណើរការឡើងវិញនៅដើមខែធ្នូនេះ។
ក្រសួងបានពិន័យក្រុមហ៊ុននេះជិតកន្លះលានដុល្លារ និងតម្រូវឱ្យក្រុមហ៊ុនប្តូរទីតាំងរោងចក្រចេញពីតំបន់នេះ ទៅតំបន់ផ្សេងទៀតដែលនៅឆ្ងាយពីប្រភពទឹកស្ទឹងសង្កែយ៉ាងតិច១០គីឡូម៉ែត្រ។
មានរយៈពេលជិត៤ខែមកហើយចាប់តាំងពីក្រុមហ៊ុន Phoenix Industrial Co Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយជនជាតិចិនស្ថិតនៅឃុំត្រែង ដែលតាមចោទថា បានបញ្ចេញសំណល់រាវ សំណល់រឹង និងសារធាតុពុលចូលក្នុងស្ទឹង ដែលប៉ះពាល់ដល់ជីវចម្រុះក្នុងតំបន់ និងការរស់នៅរបស់ប្រជាពលរដ្ឋ។
ទោះបីជាមានការកំណត់ឱសានវាទសម្រាប់ការស្ដារបរិស្ថាន និងការប្តូរទីតាំងក៏ដោយ ក៏ក្រុមហ៊ុននេះនៅមិនទាន់បានអនុវត្តតាមបញ្ជារបស់ក្រសួងនៅឡើយ។
នៅថ្ងៃទី៤ ខែសីហា លិខិតមួយច្បាប់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ក្រុមហ៊ុន Phoenix បានបញ្ចេញ “កាកសំណល់រាវពណ៌ខ្មៅ” ចូលក្នុងស្ទឹង និងតម្រូវឲ្យក្រុមហ៊ុននេះផ្អាកប្រតិបត្តិការរយៈពេលពីរសប្តាហ៍។ ក្រសួងបានកត់សម្គាល់ថា នេះគឺជាលើកទី៣ហើយ ដែលក្រុមហ៊ុន Phoenix បង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ។
លោក ហេង សុគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រាប់ខេមបូចាថា ពួកគេកំពុងផ្តោតលើការងារបច្ចេកទេស។ នៅពេលដែលក្រុមហ៊ុនត្រូវបានរកឃើញថា មានកំហុសនោះ នឹងត្រូវផ្អាករយៈពេល២សប្តាហ៍ ហើយបានស្នើឱ្យកែសម្រួលនីតិវិធីបច្ចេកទេស និងការសម្អាតកន្លែងស្តុកកាកសំណល់ឱ្យស្របតាមស្តង់ដារ។
លោក សុគង់ មានប្រសាសន៍ថា ថ្មីៗនេះ មន្ត្រីមកពីវិទ្យាស្ថានស្ដង់ដារ ក៏ដូចជាអ្នកជំនាញគីមីចំណីអាហារបានចុះទៅពិនិត្យរោងចក្រ ហើយបានរកឃើញថា រោងចក្រនេះបានកែលម្អបទដ្ឋានររបស់ខ្លួនស្របតាមតម្រូវការច្បាប់។ ដូច្នេះហើយក្រសួងបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុន Phoenix បើកដំណើរការវិញនៅដើមខែនេះ។
លោក សុគង់ បានមានប្រសាសន៍ថា៖ «កាលពីពីរសប្តាហ៍មុន មន្រ្តីរបស់យើង និងអាជ្ញាធរខេត្តបានចុះទៅពិនិត្យម្តងទៀត ហើយបានរកឃើញថា ក្រុមហ៊ុនបានកែលម្អខ្សែសង្វាក់ផលិតកម្ម បច្ចេកវិទ្យា និងអាងចម្រោះ ដូច្នេះយើងអនុញ្ញាតឱ្យពួកគេបើករោងចក្រឡើងវិញ។ មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយរវាងអាជ្ញាធរ និងក្រុមហ៊ុន ដើម្បីធានាថា មិនមានរឿងនេះកើតឡើងទៀតទេ»។
លោក គុយ វណ្ណូ អភិបាលស្រុករតនមណ្ឌលបានអះអាងថា លោកមិនប្រាកដថា តើក្រុមហ៊ុនបានប្តូរទីតាំង ឬស្តារស្ថានភាពបរិស្ថាននៅតំបន់នោះឬយ៉ាងណាទេ។ ទោះយ៉ាងណាក៏ដោយ មន្ត្រីថ្នាក់ឃុំរបស់លោកបានចូលរួមការវាយតម្លៃទីតាំងជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងបរិស្ថានកាលពីខែវិច្ឆិកា។
លោក វណ្ណូ មានប្រសាសន៍ថា៖ «ខ្ញុំមិនមែនជាអ្នកជំនាញទេ។ អ្នកគួរតែសួរមន្ទីរបរិស្ថាន ឬមន្ទីរឧស្សាហកម្ម និងនវានុវត្តន៍ ព្រោះពួកគាត់អាចមានបទប្បញ្ញត្តិផ្សេងទៀត។ ម្យ៉ាងទៀត បញ្ហានេះស្ថិតនៅថ្នាក់ជាតិ ដែលត្រូវធ្វើការសម្រេចចិត្ត»។
លោក សុខ លូ អភិបាលខេត្តបាត់ដំបង មិនឆ្លើយតបនឹងសំណួរថា តើក្រុមហ៊ុននេះបានប្តូរទីតាំងហើយឬនៅនោះទេ ដោយបញ្ជាក់ថា បញ្ហានេះស្ថិតនៅក្រៅការគ្រប់គ្រងរបស់លោក ហើយស្នើឲ្យខេមបូចាទាក់ទងទៅក្រសួងបរិស្ថាន និងក្រសួងពាក់ព័ន្ធផ្សេងទៀត។
លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងមានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មានថ្មីអំពីការផ្លាស់ប្តូរទីតាំងក្រុមហ៊ុននេះទេ ដោយសារបញ្ហានេះស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ប៉ុន្តែបានដឹងថា ក្រុមហ៊ុន Phoenix បានសាងសង់រចនាសម្ព័ន្ធនៅក្នុងក្រុមហ៊ុន។
លោក បូរ៉ាន់ បានមានប្រសាសន៍ថា៖ «ខ្ញុំបានឮថា ពួកគេបានបញ្ជាក់ [ថាពួកគេនឹងបង់] ប្រាក់ពិន័យ ហើយបានស្នើសុំពន្យារពេលរហូតដល់ចុងខែធ្នូឆ្នាំនេះ ដើម្បីប្តូរទៅទីតាំងថ្មី។ យើងសង្កេតឃើញថា ក្រុមហ៊ុនមានការប្រុងប្រយ័ត្នជាងពេលមុន ហើយកំពុងសាងសង់ទំនប់ ប៉ុន្តែខ្ញុំមិនប្រាកដទេអំពីការសម្រេចចិត្តរបស់ក្រសួងជុំវិញការដាក់ពិន័យនេះ»។
ក្នុងនាមជាប្រធានមន្ទីរបរិស្ថាន លោក បូរ៉ាន់ កំពុងរង់ចាំការសម្រេចចុងក្រោយពីក្រសួងទាក់ទិននឹងក្រុមហ៊ុននេះ។ លោក បូរ៉ាន់ បានបន្ថែមថា៖ «យើងមិនដឹងថា ការដាក់ពិន័យមមានអ្វីហើយលទ្ធផលយ៉ាងណានោះទេ… យើងមិនហ៊ានសួរទេ»។
ក្រសួងបរិស្ថានបានតម្រូវឲ្យក្រុមហ៊ុន Phoenix បង់ប្រាក់ពិន័យចំនួន៤៦៥.០០០ដុល្លារដល់មូលនិធិបរិស្ថាន និងសង្គមត្រឹមថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ និងស្ដារបរិស្ថាននៅក្នុងនិងជុំវិញរោងចក្រឲ្យបានរួចរាល់មុនថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បុគ្គលិកម្នាក់របស់ក្រុមហ៊ុន Phoenix បានប្រាប់ខេមបូចាតាមទូរសព្ទថា ក្រុមហ៊ុនរបស់ខ្លួនបានចាប់ផ្តើមដំណើរការនៅដើមខែនេះ បន្ទាប់ពីក្រុមហ៊ុន «បានសន្យាថា នឹងមិនប្រព្រឹត្តកំហុសដដែល»។ បុគ្គលិកដែលសុំមិនបញ្ចេញឈ្មោះរូបនេះក៏បានអះអាងថា ក្រុមហ៊ុនបានស្តារបរិស្ថានឡើងវិញផងដែរ។
បុគ្គលិករូបនេះបាននិយាយថា៖ «ក្រសួងឧស្សាហកម្ម និងនវានុវត្តន៍បានចេញលិខិតមួយឲ្យពួកយើងចាប់ផ្តើមប្រតិបត្តិការនៅដើមខែនេះ»។
ជុំវិញការប្តូរទៅទីតាំងថ្មី បុគ្គលិករូបនេះបាននិយាយថា ក្រុមហ៊ុន Phoenix បានស្នើសុំទៅក្រសួងបរិស្ថាន ឱ្យអនុញ្ញាតឱ្យខ្លួនដំណើរការនៅទីតាំងដដែល ដោយសន្យាជំនួសវិញថា នឹងស្តារបរិស្ថានជុំវិញរោងចក្រ និងបង់ប្រាក់ពិន័យ។
បុគ្គលិករូបនេះបាននិយាយថា៖ «យើងបានសន្យាថា [ការបំពុល] នេះនឹងមិនកើតឡើងទៀតទេ។ ចំពោះប្រាក់ពិន័យ យើងបានបង់ជូនក្រសួងបរិស្ថានរួចហើយ»។
លោក ហេង គឹមហុង អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៅបណ្តាញយុវជនកម្ពុជា (CYN) មានប្រសាសន៍ថា កង្វះតម្លាភាព និងការខកខានមិនបានធ្វើឱ្យប្រាកដថា ក្រុមហ៊ុនបានអនុវត្តតាមបទបញ្ជា គឺជាការបរាជ័យរបស់ក្រសួង ក្នុងការដោះស្រាយបញ្ហាបំពុល [បរិស្ថាន]។ អាជ្ញាធរគួរអនុវត្តច្បាប់បន្ថែមទៀតឲ្យស្របតាមតម្លាភាព។
លោក គីមហុង មានប្រសាសន៍ថា៖ «រដ្ឋមន្ត្រីថ្មីមិនបានធ្វើបច្ចុប្បន្នភាព [ជូនសាធារណជន] លើករណីនេះទេ ហើយវាមិនច្បាស់ថា តើមានការពិន័យមែនឬយ៉ាងណា។ ប្រសិនបើអាជ្ញាធរអនុញ្ញាតឲ្យក្រុមហ៊ុនមួយចំនួនធ្វើអ្វីតាមអំពើចិត្ត វានឹងនាំឲ្យមានអំពើពុករលួយ និងភាពអនាធិបតេយ្យ»។
យោងតាមលិខិតរបស់ក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមហ៊ុន បានបញ្ចេញសំណល់រាវចូលទៅក្នុងស្ទឹង ដែលធ្វើឲ្យត្រីពុលងាប់ មិនបានសម្អាតសំណល់រាវរបស់ខ្លួនឱ្យបានត្រឹមត្រូវ។ លិខិតដដែលអះអាងថា ក្រុមហ៊ុន Phoenix បានដំណើរអាជីវកម្មដោយពុំមានការឯកភាពលើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។
លោក គឹមហុង លើកឡើងថា ក្រុមហ៊ុនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ត្រូវតែគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិផ្សេងៗ ហើយអនុវត្តស្តង់ដារសុវត្ថិភាព បើមិនដូច្នេះទេ ប្រជាពលរដ្ឋកម្ពុជានឹងក្លាយជាជនរងគ្រោះ។ ប្រជាពលរដ្ឋមិនទទួលបានអត្ថប្រយោជន៍ណាមួយពីការអភិវឌ្ឍដែលប៉ះពាល់ដល់សុខភាពសាធារណៈ និងបរិស្ថានឡើយ។
លោក យិន ម៉េងលី មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តបាត់ដំបងប្រាប់ខេមបូចាថា ក្រសួង មន្ទីរ និងអាជ្ញាធរខេត្ត គួរអនុវត្តឲ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់ក្រសួង និងផ្តល់អាទិភាពដល់ផលប្រយោជន៍សាធារណៈ។
លោក ម៉េងលី បានមានប្រសាសន៍ថា៖ «ក្រសួងមានសិទ្ធិដកហូតអាជ្ញាបណ្ណ ប្រសិនបើក្រុមហ៊ុនមិនគោរពតាមបទបញ្ជា។ ក្រសួងតំណាងឱ្យរដ្ឋាភិបាល ហើយគាត់តំណាងឱ្យផលប្រយោជន៍សាធារណៈ ខណៈដែលក្រុមហ៊ុនគឺជាបុគ្គលម្នាក់។ វាហាក់ដូចជាមិនមានកិច្ចសហប្រតិបត្តិការទេ។ រួមគ្នាគ្រប់គ្រង»។
លោក ម៉េងលី បានស្តីបន្ទោសក្រសួងពាក់ព័ន្ធដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដំណើរការដោយគ្មានការវាយតម្លៃបរិស្ថាន ដែលនាំឱ្យមានបញ្ហាបរិស្ថានប៉ះពាល់ ដល់សាធារណជន។ បញ្ហានេះអាចធ្វើឲ្យអ្នកវិនិយោគផ្សេងទៀតរារែកមិនហ៊ានធ្វើប្រតិបត្តិការក្នុងប្រទេសកម្ពុជា ដោយសារការអនុវត្តច្បាប់មានកម្រិត។
លោក ម៉េងលី បានចោទជាសំណួរថា៖ «ការមិនធ្វើការវាយតម្លៃបរិស្ថាន គឺជាការធ្វេសប្រហែសរបស់ក្រសួងនិងមន្ទីរ។ ហេតុអ្វីបានជាមិនមានការវាយតម្លៃបរិស្ថាន? តើមានអ្វីនៅពីក្រោយការវាយតម្លៃនោះ?»។
អឿន បច្ចនាត អនុប្រធានខុទ្ទកាល័យក្រសួងបរិស្ថាន បានបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយខេមបូចាតាមទូរសព្ទ ហើយបានណែនាំឲ្យធ្វើសំណើសុំសម្ភាសន៍ផ្លូវការ ដោយសរសេរទៅកាន់ក្រសួងរបស់លោកស្រី៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Alleged Sangke River Polluter, Chinese-owned Phoenix Operating Again in Battambang