តំណាងអង្គការសង្គមស៊ីវិល សមាជិកគណបក្សប្រឆាំងនិងសកម្មជនយុវជនបរិស្ថានប្រមាណ១០០នាក់ បានប្រារព្ធពិធីរំឭកខួប៧ឆ្នាំ នៃឃាតកម្មលើបណ្ឌិត កែម ឡី ជាមួយនឹងការតវ៉ាកាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យរដ្ឋាភិបាលផ្តល់យុត្តិធម៌នៅក្នុងសំណុំរឿងនេះ។
កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកវិភាគនយោបាយរូបនេះត្រូវបានគេបាញ់សម្លាប់ ខណៈលោកកំពុងផឹកកាហ្វេពេលព្រឹកនៅស្ថានីយប្រេងឥន្ធនៈកាល់តិចនៅចំណុចស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។ ខ្មាន់កាំភ្លើងត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណថា ឈ្មោះ អឿត អាង ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីឆ្នាំ២០១៧។ អឿត អាង បាននិយាយថា ហេតុផលដែលខ្លួនបាញ់សម្លាប់លោកបណ្ឌិត កែម ឡី គឺបណ្តាលមកពីបញ្ហាជំពាក់ប្រាក់មិនសង។
ប៉ុន្តែក្រុមសិទ្ធិមនុស្ស និងសង្គមស៊ីវិលអះអាងថា ឃាតកម្មនេះគឺជារឿងនយោបាយ និងមិនពេញចិត្តនឹងការស៊ើបអង្កេតរបស់រដ្ឋាភិបាលទេ។
កាលពីព្រឹកថ្ងៃចន្ទ សកម្មជនវ័យក្មេងបានចាក់សារធាតុរាវពណ៌ក្រហមលើក្បាលរបស់ពួកគេ ដើម្បីតំណាងឱ្យអ្វីដែលពួកគេហៅថា «ឈាមនៃការពិត» ហើយបានដើរជាជួរតាមមហាវិថីម៉ៅសេទុងពីក្រសួងកសិកម្មទៅកាន់ស្ថានីយប្រេងឥន្ធនៈ។ ពួកគេបានកាន់បដាដែលបង្ហាញពីរូបភាពនៃការសម្លាប់បណ្ឌិត កែម ឡី ដោយពួកគេស្រោចទឹកថ្នាំពណ៌ក្រហមតាំងពីមុខរហូតដល់អាវ។
កញ្ញា ភួន កែវរស្មី សកម្មជនបរិស្ថានអាយុ២២ឆ្នាំបាននិយាយថា៖ «សូមឲ្យឈាមពិតរបស់លោកបណ្ឌិត កែម ឡី ស្ថិតនៅក្នុងខ្លួនយុវជនខ្មែរជារៀងរហូត»។
អំឡុងពេលប្រារព្វពិធីនោះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានទទូចឲ្យអាជ្ញាធរពាក់ព័ន្ធ និងជាពិសេសមន្ត្រីនគរបាលធ្វើការស៊ើបអង្កេតពិតប្រាកដលើការស្លាប់របស់ បណ្ឌិត កែម ឡី។
លោកបានមានប្រសាសន៍ថា៖ «យើងមិនទាន់ឃើញពន្លឺ នៃយុត្តិធម៌នៅឡើយទេ បន្ទាប់ពីកន្លងផុតទៅប្រាំពីរឆ្នាំ។ ពួកគេគ្រាន់តែចាប់ខ្លួនឃាតកសិប្បនិម្មិត ហើយយុត្តិធម៌ពិតប្រាកដមិនទាន់ត្រូវបានផ្តល់ឱ្យនៅឡើយទេ… យើងនឹងរង់ចាំមើលឃាតកពិត និងអ្នកពាក់ព័ន្ធដែលនៅពីក្រោយឃាតកត្រូវបានផ្តន្ទាទោស» ។
បុរសដែលត្រូវបានផ្តន្ទាទោសពីបទឃាតកម្មបានប្រាប់ឈ្មោះរបស់ខ្លួនពីដំបូងថា «ជួបសម្លាប់ » ហើយបានអះអាងថា បណ្ឌិត កែម ឡី ជំពាក់ប្រាក់ខ្លួន៣.០០០ដុល្លារ។ ក្រោយមក បុរសរូបនេះត្រូវបានគេស្គាល់អត្តសញ្ញាណឈ្មោះ អឿត អាង ហើយត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទឃាតកម្មគិតទុកជាមុន និងកាន់កាប់អាវុធដោយខុសច្បាប់កាលពីខែមីនា ឆ្នាំ២០១៧។
ការស៊ើបអង្កេតលើការសម្លាប់និងសវនាការជំនុំជម្រះលើ អឿត អាង ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយតំណាងអយ្យការខកខានមិនបានរកឲ្យឃើញថា តើ អឿត អាង ធ្លាប់បានជួប បណ្ឌិត កែម ឡី មែនឬយ៉ាងណា។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា សាធារណជនបានមើលឃើញថា អឿត អាង ត្រូវបានគេប្រើប្រាស់ជាឃាតកសិប្បនិម្មិត។ លោកបានទទូចឲ្យមន្ត្រីតុលាការពន្លឿនការស៊ើបអង្កេតលើសំណុំរឿងទីពីរ ដើម្បីរកអ្នកដែលផ្តល់អាវុធសម្លាប់មនុស្ស។
លោកបានមានប្រសាសន៍ថា៖ «[យើង] បន្តអង្វររកឲ្យឃើញឃាតកពិតរួមទាំងអ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធ»។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានច្រានចោលការអះអាងរបស់ក្រុមអង្គការសង្គមស៊ីវិលថា ឃាតកនោះ គឺជាឃាតកសិប្បនិមិ្មត។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើពួកគាត់មានភស្តុតាងផ្សេង ពួកគាត់អាចសហការជាមួយនគរបាល ដើម្បីពិនិត្យមើលសំណុំរឿងនោះឡើងវិញ។ ប៉ុន្តែពួកគាត់មិនមានភស្តុតាងថ្មី ឬសក្ខីកម្មថ្មីទេ ហើយពួកគាត់តែងតែចោទរដ្ឋាភិបាលថា មិនបានផ្តល់យុត្តិធម៌»។
លោក ជិន ម៉ាលីន មានប្រសាសន៍ថា យុត្តិធម៌ត្រូវបានផ្តល់រួចហើយតាមរយៈការកាត់ទោស និងផ្តន្ទាទោស អឿត អាង។
លោកបានមានប្រសាសន៍ថា៖ «ពួកគាត់កំពុងទាមទារយុត្តិធម៌ ដែលយើងមិនអាចផ្តល់ឲ្យបាន ព្រោះយុត្តិធម៌ដែលពួកគាត់កំពុងទាមទារ គឺតាមអារម្មណ៍និងនិន្នាការនយោបាយរបស់ពួកគាត់”»។
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិនិងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។
លោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
នគរបាលបានរារាំងពលរដ្ឋមិនឱ្យចូលរួមពិធីរំឭកខួបនៃមរណភាពលោកបណ្ឌិត កែម ឡី ទេ កាលពីឆ្នាំ២០២០ ប៉ុន្តែមិនមានការជ្រៀតជ្រែករបស់នគរបាលនៅក្នុងពិធីនៅទីក្រុងភ្នំពេញទេ នៅឆ្នាំនេះ។ ការចាប់ខ្លួនជាបន្តបន្ទាប់នូវសកម្មជន បរិស្ថានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលភាគច្រើនជាប់ពាក់ព័ន្ធជាមួយក្រុមអង្គការមាតាធម្មជាតិនោះ ត្រូវបានថ្កោលទោសថា ជារឿងនយោបាយ។
បន្ទាប់ពីប្រារព្ធពិធីនៅស្ថានីយប្រេងឥន្ធនៈកាល់តិច ក្រុមសង្គមស៊ីវិលមួយចំនួនបានប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធបណ្ឌិត កែម ឡី នៅផ្ទះសាមគ្គីស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សមាជិកគ្រួសារបណ្ឌិត កែម ឡី ក៏បានធ្វើពិធីបុណ្យតាមបែបព្រះពុទ្ធសាសនានៅថ្ងៃចន្ទនៅខេត្តតាកែវ ជាទីកន្លែងកំណើតរបស់លោក។
អ្នកស្រី ប៊ូ រចនា ភរិយារបស់លោកបណ្ឌិត កែម ឡី បានប្រារព្ធពិធីរំឭកខួបនៅក្នុងពិធីមួយ ដែលរៀបចំដោយសមាគមខ្មែរនៅរដ្ឋវ៉ិកតូរីយ៉ាកាលពីថ្ងៃអាទិត្យនៅទីក្រុង Springvale ប្រទេសអូស្ត្រាលី។ អ្នកស្រីរួមនឹងកូនប្រុសទាំងប្រាំនាក់របស់បណ្ឌិត កែម ឡី បានភៀសខ្លួនទៅប្រទេសអូស្ត្រាលី បន្ទាប់ពីការស្លាប់របស់បណ្ឌិត កែម ឡី ជាកន្លែងដែលពួកគេទទួលបានសិទ្ធិជ្រកកោន។
អ្នកស្រី ប៊ូ រចនា បានស្នើដល់អ្នកដែលចូលរួមក្នុងពិធីនោះថា «កុំភ្លេចការលះបង់របស់បណ្ឌិត កែម ឡី»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Activists Again Call for Justice on Seventh Anniversary of Kem Ley’s Murder