សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

កសិក្សេត្របរិស្ថាន ជាផ្លូវមួយ​សម្រាប់កសិករ​ខ្មែរ​ក្នុង​ការចាកចេញពីវិបត្តិបំណុល​

កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)
កសិករ​ម្នាក់​កំពុង​បាចជី​ក្នុង​ស្រែ​មួយ​កន្លែង​ក្នុង​ខេត្ត​កណ្ដាលកាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

កសិករ​កម្ពុជា​នៅ​តំបន់ជន​បទ​​បាន​ចាប់​ផ្ដើម​អនុវត្ត​កសិកម្ម​បែប​កសិក្សេត្របរិស្ថាន ដែល​ជា​ផ្នែក​សំខាន់​មួយ​នៃ​យុទ្ធសាស្រ្ត​ស្រោច​ស្រង់​ប្រាក់​ចំណូល​ឡើង​វិញ និង​បង្កើន​ភាព​ធន់ទៅ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ខណៈ​កសិកម្ម​ទំនើប​​ត្រូវ​ចំណាយ​ថ្លៃ​ដើម​ខ្ពស់ និង​បាន​ទិន្នផល​ទាប​។​ 

ប្រជា​ពល​រដ្ឋ​ប្រមាណ​៧០​គ្រួសារ​ដែល​ជា​កសិករ អ្នកស្រែ អ្នកនេសាទ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល បាន​ជួប​ជុំ​គ្នា​ក្នុង​វេទិការពិភាក្សា​មួយ​ស្ដីអំពី​​ «​ការ​ស្វែង​យល់​អំពីវិបត្តិប្រព័ន្ធស្បៀងបច្ចុប្បន្ន និងផលប៉ះពាល់របស់វាទៅលើប្រព័ន្ធស្បៀងមូលដ្ឋាន និងការឆ្លើយតបរបស់សហគមន៍មូលដ្ឋាន និងចលនាអ្នកស្រែ»។​ វេទិកា​នេះ​សហការ​រៀបចំ​ដោយ​អង្គការ​​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក និង​អន្តរជាតិ​ដើម្បី​វិភាគ​លើ​កត្តា​គំរាម​កំហែង​លើ​ប្រព័ន្ធ​សន្តិសុខ​ស្បៀង​នៅ​មូល​ដ្ឋាន ប្រមូល​មតិ​កសិករ​ខ្នាត​តូច និង​ស្វែង​រកពីគម្រូរបស់អ្នកស្រែទៅលើ​ការ​កសាង​ភាព​ជា​ម្ចាស់​លើ​ប្រ​ព័ន្ធ​ស្បៀង​អាហារ​និង​សេដ្ឋកិច្ច​មូលដ្ឋាន។

អ្នក​ស្រី រស់ សុគន្ធី សហប្រធាន​នៃ​អង្គការ Focus on the Global South មាន​ប្រ​សាសន៍​ថា​​ធនធាន​ធម្មជាតិ​បាន​បាត់បង់​ក្រោម​រូបភាព​វិនិយោគ​ទ្រង់ទ្រាយធំ ការ​ច្បាម​យក​ដី ការ​កាប់​បំផ្លាញព្រៃឈើ និង​ការ​ជីក​យក​រ៉ែ ដែល​អ្វី​ទាំង​នេះ​កំពុង​បំផ្លាញ​ប្រព័ន្ធស្បៀង​អាហារ​នៅ​មូល​ដ្ឋាន​។ អ្នកស្រី​បន្ថែម​ថា ​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ជីគីមី និង​ថ្នាំ​ពុល​កសិកម្ម បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស និង​សត្វ​ ធ្វើ​ឱ្យគុណភាពដីធ្លាក់ចុះ និង​បំផ្លាញ​បរិស្ថាន​បន្តិចម្ដងៗ​ផង​ដែរ។​

អ្នកស្រី​គូស​បញ្ជាក់​ថា នេះ​ជា​បន្ទុក​សេដ្ឋកិច្ច​មួយ​ដ៏​ធ្ងន់​ធ្ងរ​សម្រាប់​ប្រជាពល​រដ្ឋ​នៅ​តាម​ជនបទ​។ អ្នក​ស្រី​កត់​សម្កាល់​ឃើញ​ថា ​​តម្លៃ​ឡើង​ចុះ​របស់​កសិផល និង​កង្វះ​ការគាំទ្រ​បច្ចេកទេស និង​វិបត្តិ​អាកាសធាតុ​ ដូច​ជាទឹក​ជំនន់ គ្រោះរាំង​ស្ងួត បាន​រុញច្រាន​កសិករ​តូច​តាច​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​។​

​កសិករ ហ៊ី សុខចាន់ និងជា​លេខាធិការសហគមន៍​អញ្ជាញរូងសម័យថ្មី ក្នុង​ខេត្ត​កំពង់​ឆ្នាំង បាន​មើល​ឃើញ​ថា ​កសិករ​តូច​តាច​កំពុង​បាត់​បង់​ភាព​ជា​ម្ចាស់​លើ​ប្រព័ន្ធ​ស្បៀង​អាហារ​របស់​ខ្លួន​ទៅ​ឲ្យ​​ក្រុមហ៊ុនឬសាជីវកម្មធំៗ​ដែល​គ្រប់​គ្រង​លើ​ខ្សែច្រវ៉ាក់​ផ្គត់ផ្គង់ និង​ធាតុ​ចូល​នានា​របស់​វិស័យ​​កសិកម្ម​។​

​ដើម្បី​​រំដោះ​ខ្លួន​ពី​ការ​ពឹង​ពាក់ទាំង​ស្រុង​លើ​រឿង​នេះ និង​ការពារ​ខ្លួន​ពី​វិបត្តិ​បំណុល អ្នកស្រី​សង្កត់​ធ្ងន់​ថា​កសិករ​ត្រូវ​តែ​កសាង​ប្រភព​ធនធាន​​ក្នុង​ស្រុក​របស់​ខ្លួន​។​

កសិករ​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បន្ត​ថា៖ «ខ្ញុំគ្មានឃើញកសិកររូបណាដែលធ្វើកសិកម្ម[បែបទំនើប]ហើយចំណេញ ឬក៏ជួយស្ដារជីវភាពទេ ប៉ុន្តែមានតែកសិករភាគច្រើនដែលធ្លាក់ចូលទៅក្នុងបំណុលដោយសារតែធាតុចូលទាំងអស់ហ្នឹង​»។​

អ្នក​ស្រី​រំឭក​ថា ​កាល​ជំនាន់​ម្ដាយឪពុក​របស់​អ្នក​ស្រី​ធ្វើ​ស្រែ​កាលពី៣០​ឆ្នាំមុន​មិន​ដែល​ជាប់​បំណុល ហើយ​ពួក​គាត់ធ្វើស្រែ​តែម្ដង​ក្នុង​មួយ​ឆ្នាំ​ជាមួយ​នឹង​ឧបករណ៍​កសិកម្ម​បុរាណ និង​អាច​មាន​ស្រូវ​ក្នុង​​ជង្រុក​ទៀត​ផង​។ ​ប៉ុន្តែ​កសិករ​បច្ចុប្បន្ន​អ្នក​ស្រី​ថា​ធ្វើ​ស្រែ​មួយ​ឆ្នាំ​បី​ដង មាន​ជីគីមី​ទំនើប តែ​ចុង​ក្រោយ​​គ្មាន​អ្វី​នៅ​ក្នុង​ជង្រុក និង​ថែម​ទាំង​ជាប់​បំណុល​ច្រើន​ទៀត​។​

អ្នកស្រី​បន្ថែម​ថា៖ «​កសិកម្ម​ទំនើប​គ្មាន​បាន​អ្វីទេ ក្រៅពី​បំណុល និង​បញ្ហា​សុខភាព​»។​

​ប្រសិន​បើ​កសិករ​មិន​អាច​ប្ដូរ​ពី​ការ​ធ្វើ​កសិកម្ម​ពឹង​លើ​ជីគីមី​បាន​ទេ អ្នក​ទាំង​នោះ​នឹង​ជាប់​បំណុល​កាន់តែ​ច្រើន អាច​បង្ខំឲ្យ​កសិករ​ខ្លះ​បោះបង់ការងារ​កសិកម្ម​ដោយសារ​ទិន្នផល​ទាប​។ បន្ថែម​ពី​នេះ វា​ក៏​ធ្វើ​ឲ្យ​កូន​ចៅជំនាន់​ក្រោយ​មិន​ចង់ធ្វើកសិកម្ម ដោយ​មើល​ឃើញ​ការ​លំបាក​ជាក់​ស្ដែង​ដែល​ឪពុក​ម្ដាយ​បាន​ជួប​ប្រទះ​។​

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ សហគមន៍​របស់​អ្នកស្រី សុខចាន់ បានធ្វើ​ការ​ជាង​មួយ​ឆ្នាំ​មក​ហើយ​ដើម្បី​ទាញ​យក​ការគ្រប់​គ្រង​ការ​ផ្គត់​ផ្គង់​​ស្បៀង​អាហារមក​វិញ តាម​រយៈ​ការចែក​រំលែក​ចំណេះដឹង​អំពី​កសិកម្ម​បែបកសិក្សេត្របរិស្ថាន ដោយ​ការ​ដាំ​ដំណាំ​មិន​ប្រើ​ជី ឬថ្នាំ​គីមី និង​ងាក​មក​ប្រើ​តែ​សម្ភារៈមាន​ក្នុ​ងស្រុក​ជំនួស​ឲ្យ​សម្ភារៈ​លក់​លើ​ទីផ្សារ​។​​

ស្រ្តី​នៅ​ក្នុង​សហគមន៍​បាន​ដឹក​នាំ​​ក្រុមកសិករ​នៅមូលដ្ឋាន​ និង​បង្កើត​មូលនិធិសន្សំ​ ដែល​អាច​ជួយ​ដល់​គ្រួសារ​កសិករ​អាច​ខ្ចី​ប្រាក់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​វិនិយោគលើ​វិស័យ​កសិកម្ម​។​ កសិករ​អាច​រក្សាទុក​គ្រាប់​ពូជ​របស់​ខ្លួន អាច​ធ្វើ​ជី និង​ថ្នាំ​កសិកម្ម​ដោយ​ខ្លួន​ឯង និង​រៀបចំ​ឲ្យ​មាន​ «ពិធីបុណ្យ​គ្រាប់ពូជ» ប្រចាំ​ឆ្នាំ​ជាមួយ​សហគមន៍​ជិត​ខាង​ក្នុងគោល​បំណង​ចែក​រំលែក រក្សាទុក និង​សន្សំ​ពូជ​ក្នុង​ស្រុក​សម្រាប់​អនាគត​ផង​ដែរ។​

ការ​ប្ដូរទៅ​​ធ្វើ​កសិកម្ម​បែប​ធម្មជាតិ​អាច​ជួយ​ឲ្យ​កសិករខ្នាត​តូច​បាន​​ធូរស្រាលពីអន្ទាក់​បំណុល​​ភ្លាមៗ និង​រួច​ផុត​ពី​ការ​បង្ខំ​លក់​កសិផល​របស់​ខ្លួន​។​

អ្នកស្រី​ឲ្យ​ដឹង​ថា៖ «​កន្លង​មក​ មិន​ថា​តម្លៃ​កសិផល​ទាប​កម្រិត​ណា​ទេ ពួក​គាត់ត្រូវ​តែ​បង្ខំចិត្ត​លក់​។ បើ​មិន​លក់ ពួក​គាត់​មិន​មាន​ប្រាក់​សង​[បំណុល]ទេ​…​​ប៉ុន្តែពេល​នេះ​បើ​សិន​ជា​ពួក​គាត់​មិន​អាច​លក់​កសិផល​ខ្លួន​ចេញ ដូច​ជាបន្លែ ពួក​គាត់ទុក​ហូប​ខ្លួន​ឯង ឬ​ទុក​ឲ្យ​សត្វចិញ្ចឹមស៊ី»។​ 

អ្នកស្រី​កត់​សម្គាល់​ថា ​ខណៈ​ពេល​ដែល​តម្លៃ​លក់​ចេញ​កសិផល​នៅ​តែ​មិន​មាន​ស្ថិរភាព និង​​ផលិត​ផល​​គ្មាន​ជាតិ​គីមីមិនអាចលក់ក្នុងតម្លៃខ្ពស់បាន ការ​ចំណាយ​ទុន​ផលិតទាប​ក៏​នៅ​តែ​អាច​ជួយ​កសិករ​មិន​ឲ្យ​ជួប​វិបត្តិ​ថវិកា​ដែរ។​

​យ៉ាងណា អ្នកស្រី​នៅ​មាន​កង្វល់​ចំពោះ​បញ្ហា​ជំងឺមិន​ស្គាល់​មុខ​​​ដែល​កើត​ឡើង«ភ្លាមៗ» ​នៅ​ក្នុង​សហគមន៍ ដែល​ការណ៍​នេះ​អ្នកស្រី​ដាក់​ការ​សង្ស័យ​ថា​មក​ពី​បញ្ហា​អាកាសធាតុ ឬ​ការ​បំពុល​បរិស្ថាន​។​

ជាមួយ​គ្នា​នេះ អ្នក​ស្រី​បញ្ជាក់ថា ​សហគមន៍​របស់​ខ្លួន​ក៏​នៅ​តែ​មិ​នទាន់​អាច​លុប​បំបាត់​ការ​ប្រើ​ប្រាស់ជី​គីមីទាំង​ស្រុង​បាន​ដែរ​។ ប៉ុន្តែ​ថា​ការ​ប្រើប្រាស់​បាន​ធ្លាក់​ចុះ​៥០ភាគរយ​។ ថ្វី​បើ​ការ​​ផ្លាស់​ប្ដូរ​នៅ​មាន​កម្រិត អ្នកស្រី​ថា ​ប្រជាកសិករ​ក៏​បាន​ធូរស្រាល​ពី​វិបត្តិ​បំណុល​ខ្លះ​ដែរ។​

កសិករ​ប្រើ​ប្រាស់​ត្រាក់ទ័រ​ភ្ជួរ​ដីស្រែ​នៅ​ក្នុង​ខេត្ត​កណ្ដាល ​កាលពី​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ២០២៦​។ (ខេមបូចា/ព្រីង សំរាំង)

ឧទាហរណ៍​សម្រាប់​អ្នក​ផ្សេង​ទៀត​

ចំណែក​អ្នកស្រី អោ សំអុល វ័យ​៤២​ឆ្នាំ តំណាង​អ្នក​ភូមិ​ដែល​មាន​ដីរងផល​ប៉ះពាល់​​នៅ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ពន្យល់ថា ​ប្រព័ន្ធ​កសិកម្ម​ទំនើប​គឺ​ជា​អន្ទាក់​សម្រាប់​កសិករ​តូចតាច ព្រោះថា​គ្រាប់ពូជ​​ដែល​លក់​លើទីផ្សារ​មិន​អាច​​ទុក​សម្រាប់​រដូវ​បន្ទាប់​បានទេ ដែល​ធ្វើ​ឲ្យ​កសិករ​ត្រូវ​បង្ខំចិត្ត​បន្ត​ទិញ​ផលិត​ផល​ទាំង​ទោះ​ពីក្រុម​ហ៊ុន​ទៀត​។​

អ្នកស្រី​បន្ត​ថា៖ «​ការ​បាត់​បង់ភាពជា​ម្ចាស់​​លើ​ស្បៀងអាហារ​គឺ​កើត​ឡើង​ពេល​ដែល​កសិករ​​លែង​អាច​ប្រើ​គ្រាប់​ពូជរបស់​ខ្លួន​បាន​ទៀត ហើយ​ត្រូវ​បង្ខំចិត្តទិញ​ពូជ​ និង​ជី​ពី​ក្រុម​ហ៊ុន​…ផលិត​ផល​របស់​ក្រុម​ហ៊ុន​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​ពេល​យើង​លក់​កសិផល​របស់​យើង​ទៅ​លើ​ទីផ្សារ​វិញ មាន​តម្លៃ​ទាប​ខ្លាំង» ។​

អ្នកស្រី​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​ និង​អាជ្ញាធរ​មូល​ដ្ឋាន​បាន​ជំរុញ​ទឹក​ចិត្ត​ឲ្យ​កសិករ​ទិញ​ជី ថ្នាំ​គីមី​ថ្លៃៗ​។ ​ការ​ប្រែ​ប្រួល​អាកាសធាតុ​បណ្ដាល​មកពី​កា​របាត់​បង់ព្រៃ​ឈើ ការ​ចំណាយ​ច្រើន​ផ្នែក​ច្បាប់​ក្នុង​ការ​ទាមទារ​សិទ្ធិ​ដីធ្លី និង​កង្វះ​ប្រព័ន្ធ​គាំពារសុខភាព​​លើ​ជំងឺ​កើត​ចេញ​ពី​ថ្នាំគីមី​កសិកម្ម ធ្វើ​ឲ្យ​កសិករ​តូច​តាច​ក្លា​យ​ជាជន​រងគ្រោះ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​។​

លោក នឹម ឈៀង វ័យ​៧២ឆ្នាំ​ កសិករ​ម្នាក់​ដែល​អនុវត្តកសិកម្ម​បែប​កសិក្សេត្របរិស្ថាន ​បាន​ឲ្យ​ដឹង​ថា ​លោក​សម្រេច​ចិត្ត​ប្ដូរ​ពីការអនុវត្ត​កសិកម្ម​ទំនើប មក​ជាកសិក្សេត្របរិស្ថាន ក្រោយ​មើល​ឃើញ​ការ​បំផ្លាញ​បរិស្ថានធ្វើ​ឲ្យ​ចំនួន​ត្រី​ថយ​ចុះ មាន​ទឹកជំនន់ ព្រមទាំង​ឃើញ​ពី​ការ​ជាប់​បំណុល​របស់​កសិករ​ដូច​គ្នា​ក្នុង​សហគមន៍​។​

តំណាង​សហគមន៍នេសាទ​រាំងពេន​៣ត ក្នុង​ខេត្ត​បាត់ដំបង​ បាន​ឲ្យ​ដឹង​ថា ​ការពឹង​ពាក់​លើ​ពូជ​គីមី ជីគីមី និង​ថ្នាំ​គីមីកសិកម្ម បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ធាតុ​​ចំនួន​បួន​របស់​ធម្មជាតិ​ រួម​មាន​ទឹក ដី ភ្លើង ​ខ្យល់ និងជីវចម្រុះ​។ វា​ក៏​បានធ្វើឲ្យ​ខូច​សុខភាព និង​ធ្វើ​ឲ្យ​កសិករ​ធ្លាក់​ក្នុង​វិបត្តិបំណុល ដែល​បង្ខំ​ឲ្យ​ពួកគេ​លក់ដី និង​ចំណាក​ស្រុក​។​

លោក​បាន​កែប្រែ​ដីកសិកម្ម​​បី​ហិកតា​របស់​លោក​ទៅ​ជា​ដីកសិកម្ម​ធម្មជាតិ​ចម្រុះ​ ដោយដាំបន្លែ និង​​​ធ្វើ​ស្រូវ​សរីរាង្គ និង​ចិញ្ចឹម​សត្វ ដើម្បី​ដោះស្រាយ​បញ្ហា​។ លោក​បាន​អនុវត្ត​វិធី​នេះ ដើម្បី​បាន​ជាគំរូ​ដល់កសិករ​ក្នុង​សហគមន៍​ផ្សេង​ទៀត ព្រមទាំង​បាន​បង្កើត​ការងារ និង​លើក​កម្ពស់​កសិកម្ម​ប្រកប​ដោយ​និរន្តរភាព ដោយ​ផ្ដើម​ពី​ការ​បង្កើន​សុខភាព​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់ និង​អាច​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​មាន​គ្នា​ប្រាំ​បី​នាក់​បាន​ទៀត​ផង​។​

​លោក​ឲ្យ​ដឹង​ថា ​ការ​ងារ​របស់​លោក​ក៏​បាន​ទាក់ទាញ​កសិករ​ជិត​ខាង​បាន​ពីរ​គ្រួសារ​ឲ្យ​ប្ដូរ​មក​អនុវត្ត​កសិកម្ម​បែបកសិក្សេត្របរិស្ថាន​នេះ​ដែរ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ខាតលុយ លក់ដី លក់​ផ្ទះ និង​ធ្លាក់​ក្នុង​វិបត្តិ​បំណុល​ដោយ​សារ​អនុវត្ត​បច្ចេកទេសកសិកម្ម​ទំនើប​។​

លោក ឈៀង ឲ្យ​ដឹងថា ​ការ​ទាក់​ទាញ​កសិករ​វ័យ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បោះបង់​ការ​អនុវត្ត​កសិកម្ម​ទំនើប​ ដូចជាការ​អូសឫស្សីបញ្ច្រាសចុង​អីចឹង​ដែរ ដោយថា​គ្រឿង​ចក្រ​កសិកម្ម​ទំនើប​ៗ​ និង​ជីកសិកម្ម​បាន​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​ពូកគេ​។​ យ៉ាង​ណាលោក​ថា ភាព​ងាយ​ស្រួល​នេះ​គឺ​វា​ត្រូវ​ចំណាយ​ថ្លៃ​ខ្ពស់ តែផ្ដល់មកវិញនូវអាហារមានគុណភាព​ទាប និង​ធ្វើ​ឲ្យ​ខូច​សុខភាព​។​

លោក​បន្តថា៖ ​«​ការ​ផ្លាស់ប្ដូរ​ទៅធ្វើ​កសិកម្ម​បែបធម្ម​ជាតិ​វិញ ​គឺ​មានការ​លំបាក​ខ្លាំង និង​ស៊ីពេល​ច្រើន…យើងត្រូវ​តែ​បង្ហាញ​ភាព​ជាក់ស្ដែង​ដល់​កសិករ ដោយ​បញ្ជាក់​ថា​កសិក្សេត្របរិស្ថាន​បានធ្វើ​ឲ្យ​សុខភាព​អ្នក​ផលិត​ល្អប្រសើរ មានភាពធូរស្រាលផ្នែកហិរញ្ញវត្ថុ និង​ជួយ​បរិស្ថាន[…] កសិករ​មិន​ចាំបាច់​ទាត់ចោល​បច្ចេក​វិទ្យាទំនើប​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ទាត់ចោល​ការអនុវត្ត​ណា​ដែល​បំផ្លាញ​ធាតុ​សំខាន់​របស់​ធម្មជាតិ​»។​

សារព័ត៌មានខេមបូចា​មិន​អាច​ទាក់ទង​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​លោក ឃឹម ហ្វីណង់ ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ភ្លាមៗ​នោះទេ។​

អ្នកចូលរួមប្រមាណ ៧០ នាក់ ដែលជាប្រជាកសិករ អ្នកស្រែ អ្នកនេសាទ និងតំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ បានចូលរួមនៅក្នុងវេទិកាពិភាក្សាមួយនៅឯរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។(ខេមបូចា/ផុន សុទ្ធីរ័ត្ន)

ការស្រេកខ្លាន​ចង់បាន​ប្រាក់ចំណេញ​

លោក Afsar Jafri ​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​របស់​កម្មវិធី​ GRAIN Asia បាន​បង្ហាញ​មេរៀន​សំខាន់​ៗ​​មួយ​ចំនួន​ដែល​កើត​មាន​នៅ​ប្រទេស​របស់​លោក គឺប្រទេស​ឥណ្ឌា​ស្ដី​ពី​ការ​​​ហានិភ័យ​ដែល​អាច​កើត​មាន​ពី​គំរូ​របស់ក្រុម​ហ៊ុនកសិកម្មខ្នា​តធំ។​

លោក​ថ្លែងថា ​ក្នុង​ប្រទេស​ឥណ្ឌា ជិត​៧០ភាគរយ​នៃ​ប្រជា​ជន​១,៤​ពាន់លាន​នាក់​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម ក្នុង​នោះ​កសិករ​ខ្នាត​តូច​មាន​ចំនួន​៨០០​លាន​ ដែល​ភាគច្រើន​នៃ​អ្នក​ទាំង​នោះជា​មនុស្ស​វ័យ​ចំណាស់ និង​ភាគច្រើនជា​ស្រ្តី ដែល​អ្នក​ទាំង​នេះ​ផលិត​ពីរភាគ​បី​នៃ​ស្បៀងអាហារ​សម្រាប់​ទទួល​ទាន​។ លោកបន្តថា៖ «​អាហារ​ភាគច្រើន​ដែល​យើង​ហូប​បាន​ពី​កសិករ​តូច​តាច មិន​មែន​បាន​មក​ពី​ក្រុម​ហ៊ុន​ធំៗនោះទេ​»។​

ប៉ុន្តែ​ បើទោះបីជា​ពួក​គេមាន​តួនាទី​សំខាន់​បែបនេះ​ក្ដី ក៏​កសិករ​ខ្នាតតូច​នៅ​តែ​ត្រូវ​ក្រុម​ហ៊ុន​ធំៗ​បណ្ដេញ​ចេញ រឹបអូស​ធនធាន ទឹក គ្រាប់ពូជ និងព្រៃ​ឈើ ដោយការ «ស្រេកឃ្លានចង់បានប្រាក់ចំណេញ»។​

លោក​បន្ថែម​ថា ​សហជីពអន្តរជាតិ​សម្រាប់ការការពារ​ពូជរុក្ខជាតិ​ថ្មី ឬហៅ​កាត់ថា​UPOV គឺ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​របស់​អ៊ឺរ៉ុប​ដែល​ផ្ដល់សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​មាន​សិទ្ធិ​ធ្វើ​ជាម្ចាស់​លើគ្រាប់ពូជ​ថ្មី និង​អាច​រឹតត្បិត​កសិករ​មិន​ឲ្យ​ប្រើប្រាស់ ឬ​ចែក​រំលែក​ពូជបាន​។​

លោក​ឲ្យ​ដឹង​ថា៖ «UPOV ជា​ទូទៅមិន​អនុញ្ញាត​ឲ្យ​កសិករ​រក្សាពូជទុក​ ដោះដូរពូជគ្នា ចែក​រំលែកពូជគ្នា និង​ប្រើពូជ​ជាថ្មីនោះទេ…​បើសិនជា​យើងធ្វើដូច​នោះ យើង​នឹង​ត្រូវ​ជាប់បណ្ដឹង​នៅ​តុលាការ និង​អាច​ជាប់ពន្ធនាគារ»។​

ដើម្បី​រំដោះ​ខ្លួន​ពី​ការ​ពឹង​ពាក់​លើ​ក្រុម​ហ៊ុន​ទាំង​ស្រុង លោក​បាន​ជំរុញ​ឲ្យ​កសិករ​សម្រប​ខ្លួន​ទៅ​នឹង​កសិកម្ម​បែបកសិក្សេត្របរិស្ថាន និង​មានភាព​ជា​ម្ចាស់​លើប្រព័ន្ធស្ពៀងអាហាររបស់ខ្លួនដែល​វាជា «​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​កសិករ​ខ្នាតតូច»។​

ខុសពី​ក្រុម​ហ៊ុន​កសិកម្ម ដែល​ពឹង​ផ្អែក​តែលើ​​ដំណាំឯកវប្បកម្ម និង​ការកែប្រែ​ហ្សែនលើ​ដំណាំ​ឬសត្វ កសិក្សេត្របរិស្ថាន​ជំរុញ​ឲ្យ​មានការ​អនុវត្តកសិកម្ម​ចម្រុះ​។ លោកថា៖ «​វិធី​សាស្រ្តនេះ​បង្ហាញ​ពី​ការ​គោរព​ដល់​ផែនដី ដែលវាមាន​សារសំខាន់​ខ្លាំង ព្រោះថា​បច្ចេកទេស​កែប្រែហ្សែន និងក្រុម​ហ៊ុនកសិកម្ម​ទាំង​នោះ មិនមាន​ន័យ​អ្វី​ទាំង​អស់​សម្រាប់​ផែន​ដី»។​​

បន្ថែមពី​នេះលោកក៏បន្ថែមថា ​កសិក្សេត្របរិស្ថាន បាន​ចាត់ទុកស្រ្តី​ថា​អ្នកម្ចាស់​ដី​ស្របច្បាប់ និង​បានការពារ​សិទ្ធិ​កាន់​កាប់​ដី​របស់​ពួក​គេ​ផង​ដែរ ដោយ​បាន​កសាង​ដោយ​ផ្ទាល់​នូវទំនាក់ទំនង​ប្រកប​ដោយ​តម្លាភាព​​រវាង​អ្នក​ផលិត និង​អ្នក​ប្រើប្រាស់​។​

ផ្ទុយ​មក​វិញ ក្រុម​ហ៊ុន​កសិកម្ម​ធំៗ​បាន​កាត់​បន្ថយ​ចំនួន​កសិករ​ខ្នាតតូចដែល​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជា​អ្នកប្រើ​ប្រាស់ដែល​ពឹង​ផ្អែក​លើ​វត្ថុធាតុ​ដើម​ថ្លៃៗ។ លោក​បន្ថែមទៀត​ថា៖ «​សម្រាប់​កសិក្សេត្របរិស្ថាន កសិករ​មាន​អត្តសញ្ញាណ​ផ្ទាល់​ខ្លួន។ សម្រាប់​ក្រុម​ហ៊ុន​កសិកម្ម​ធំៗ កសិករ​មិន​មាន​អត្តសញ្ញាណ​ទេ​។ ពួកគេ​គ្រាន់តែ​ជា​អ្នក​ប្រើ​ប្រាស់​មួយ​របស់​ក្រុម​ហ៊ុន​ប៉ុណ្ណោះ»៕

ព័ត៌មានថ្មី

អត្ថបទពេញនិយម