សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងត្រូវបានផ្លាស់ប្តូរតំណែងនិងគ្រូពេទ្យជិតដប់នាក់ទៀតត្រូវទទួលទណ្ឌកម្មវិន័យ

លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចាស់ (អាវធំពណ៌ត្រាវអង្គុយចុងគេ)និងលោកហាន ឧត្តម ប្រធានមន្ទីរពេទ្យថ្មី(អាវធំខ្មៅពាក់វ៉ែនតា)អង្គុយជាប់គ្នា ក្នុងថ្ងៃប្រកាសតែងតាំង និងផ្ទេរភារកិច្ច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)
លោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងចាស់ (អាវធំពណ៌ត្រាវអង្គុយចុងគេ)និងលោកហាន ឧត្តម ប្រធានមន្ទីរពេទ្យថ្មី(អាវធំខ្មៅពាក់វ៉ែនតា)អង្គុយជាប់គ្នា ក្នុងថ្ងៃប្រកាសតែងតាំង និងផ្ទេរភារកិច្ច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

អភិបាលខេត្តបាត់ដំបងបានចេញដីកាសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងដាក់ទណ្ឌកម្មវិន័យលើគ្រូពេទ្យ​៧នាក់ និងគ្រូពេទ្យក្រៅក្របខណ្ឌម្នាក់ត្រូវបានដកចេញលែងឱ្យ​បន្តការងារ បន្ទាប់​ពីធ្លាយព័ត៌មានស្រ្តីមានផ្ទៃពោះម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យនេះ ក្រោយសម្រាលកូនរួច។

ទោះបីយ៉ាងណាសង្គមស៊ីវិលលើកឡើងថា មិនគួរត្រឹមតែផ្ទេរតួនាទី និងដាក់ទណ្ឌកម្មវិន័យ ប៉ុណ្ណឹងនោះទេ គួរត្រូវប្រឈមនឹងមុខច្បាប់បន្ថែមទៀតបើសិនជារកឃើញថា មានចេតនាមិនអើពើ មិនរវីរវល់ចំពោះអ្នកជំងឺទុក​ឱ្យគេស្លាប់។

ដីការបស់រដ្ឋបាលខេត្តបាត់ដំបងត្រូវបានប្រកាសមុខគ្រូពេទ្យរាប់រយនាក់ក្នុងពិធីប្រកាសប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងថ្មី និងអនុប្រធានមន្ទីរពេទ្យមួយរូបកាលពីថ្ងៃទី២៦ ខែមិថុនា។ ដីកាចុះថ្ងៃទី២៤ ខែមិថុនា បានសម្រេចផ្ទេរភារកិច្ចលោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកបាត់ដំបងចាស់ឱ្យទៅបម្រើ ការងារ​នៅការិយាល័យស្រុកប្រតិបត្តិបាត់ដំបង ក្រោមរចនាសម្ព័ន្ធមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង។

ដីកាខេត្តក៏បានសម្រេចដាក់ទណ្ឌកម្មវិន័យលើ លោក អ៊ុច រឿង អនុប្រធានផ្នែកសម្ភព-រោគស្រ្តី លោក សាផុន សារ័ត្ន គ្រូពេទ្យព្យាបាលផ្នែកសម្ភព-រោគស្រ្តី និងលោក សៀង សុគន្ធ គ្រូពេទ្យព្យាបាលផ្នែកជំងឺទូទៅឱ្យទទួលទណ្ឌកម្មវិន័យថ្នាក់លេខ១ ចំណុច «ខ» តាមរូបភាពស្តីបន្ទោសដែលមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន និងចំណុច «ឃ» តាមរូបភាពលប់ឈ្មោះចេញពីបញ្ជីដំឡើងថ្នាក់ក្នុងឆ្នាំ២០២៤។

ដីកាក៏បានសម្រេច​ដាក់ទណ្ឌកម្ម និងវិន័យលោក ភួយ សុណារ័ត្ន អនុប្រធានផ្នែកជំងឺទូទៅ,លោក ប៉ែន សូភី អនុប្រធានផ្នែកជំងឺទូទៅ,លោក ចែត សេរីវឌ្ឍន៍ គ្រូពេទ្យព្យាបាលជំងឺទូទៅ និងលោក មិត្ត ចាន់សុខហេង គ្រូពេទ្យព្យាបាលជំងឺទូទៅ ឱ្យទទួលទណ្ឌកម្មវិន័យថ្នាក់លេខ១ ចំណុច«ខ» តាមរូបភាពស្តីបន្ទោសដែលមានចំណារក្នុងសំណុំលិខិតផ្ទាល់ខ្លួន។ បន្ថែមពីនោះគ្រូពេទ្យក្រៅក្របខណ្ឌមួយរូបត្រូវ បានដកចេញលែងឱ្យបន្តការងារនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងទៀត។

អភិបាលខេត្តបាត់ដំបងសម្រេចផ្ទេរភារកិច្ចប្រធានមន្ទីរពេទ្យ និងដាក់ទណ្ឌកម្មវិន័យលើគ្រូពេទ្យនេះ ក្រោយពីស្រ្តីមានផ្ទៃពោះ៨ខែម្នាក់ គឺអ្នកស្រី​​ ចាន់ ស្រីនុច អាយុ៤៤ឆ្នាំ រស់នៅភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង បានស្លាប់បាត់បង់ជីវិតលើគ្រែពេទ្យក្រោយ​ពីគាត់សម្រាលកូនប្រុសរួចបានបីថ្ងៃប៉ុណ្ណោះ កាលពីអំឡុងចុងខែមេសា ឆ្នាំ២០២៤។ ការស្លាប់របស់ស្រ្តីនេះធ្វើឱ្យកូនៗរបស់គាត់សម្តែង​ប្រតិកម្ម និងថាការស្លាប់របស់ម្តាយខ្លួន គឺជាការធ្វេសប្រហែស និងការមិនយកចិត្តទុកដាក់របស់ក្រុមគ្រូពេទ្យហើយព័ត៌មាននេះត្រូវបានផុសលើបណ្តាញសង្គមនិងចែករំលែកបន្តគ្នាជាច្រើន និងត្រូវអ្នកសារព័ត៌មានចុះ ផ្សាយផងដែរ។

អ្នកស្រី ថុង គឹមហេង កូនស្រី របស់ស្រ្តីរងគ្រោះប្រាប់កន្លងមកថា ក្រោយពីធ្វើបុណ្យ៧ថ្ងៃ ម្តាយនាងរួច ឃើញវត្តមានលោក កាក់ សិលា ប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានមកសំពះរូបថតម្តាយរបស់ គាត់ និងបានប្រគល់លុយ៤លានរៀល ជារបស់មន្ទីរពេទ្យ និង១០០ដុល្លារ លោកថាជាលុយ​ផ្ទាល់ខ្លួន របស់លោកដើម្បីជាការចូលរួមរំលែកទុក្ខគ្រួសារសព។

គឹមហេង បន្តថា៖«ពេលនោះលោកប្រធានមន្ទីរពេទ្យសន្យា ព្រមធ្វើលិខិតទទួលកំហុស និងធ្វើការ សុំទោសជាសាធារណៈដែលគ្រូពេទ្យធ្វេសប្រហេសធ្វើឱ្យម្តាយរបស់ខ្ញុំស្លាប់តាមសំណូមពរ»

ជុំវិញការស្លាប់របស់ស្រ្តីខាងលើនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺ មួយកាលពីថ្ងៃទី១៤ ខែមិថុនា បានបញ្ជាក់ថា មន្ទីរសុខាភិបាលបានអង្កេតស្រាវជ្រាវលើហេតុការណ៍នេះ នៅខែឧសភា ឆ្នាំ២០២៤ និងមានការធ្វើអធិការកិច្ចជាបន្តបន្ទាប់ពីក្រសួងសុខាភិបាល រដ្ឋបាលខេត្តបាត់ដំបង បានរកឃើញថា មានការខ្វះចន្លោះរបស់បុគ្គលិកមួយចំនួន ក្នុងភារកិច្ចវេនយាមប្រចាំការនៅថ្ងៃកើតហេតុ​។

សេចក្តីបំភ្លឺបន្ថែមថា ឆ្លើយតបទៅនឹងចំណុចខ្វះចន្លោះនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត និងរដ្ឋបាលខេត្តបាត់ដំបង បានចាត់វិធានការតឹងរឹង និងដាក់វិន័យដល់បុគ្គលិកពាក់ព័ន្ធដែលធ្វេសប្រហែសក្នុងការ​ផ្តល់សេវា ព្រមទាំងបាននិងកំពុងរៀបចំសម្រួលភារកិច្ច និងចាត់តាំងថ្នាក់ដឹកនាំគ្រប់គ្រងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងជាថ្មី សំដៅធ្វើឱ្យបានប្រសើរឡើងក្នុងការបម្រើសេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋ។

សេចក្តីបំភ្លឺក៏បានបញ្ជាក់ពីស្ថានភាពជំងឺផងដែរដោយរកឃើញថា ស្រ្តីរងគ្រោះខាងលើបានពពោះចំនួន ៧ ដែលមានជំងឺប្រចាំកាយ លើសសម្ពាធឈាម ឡើងជាតិស្ករ និងសម្រាលកូនក្នុងស្ថានភាពជំងឺខ្សោយតម្រងនោមស្រួចស្រាល់ និងខ្សោយថ្លើមធ្ងន់ធ្ងរ ឡើងជាតិពុលដល់ប្រព័ន្ធខួរក្បាលបណ្តាលឱ្យសន្លប់បាត់ស្មារតី វិវត្តធ្ងន់ធ្ងរពាក់ព័ន្ធនឹងផលវិបាកជំងឺរ៉ាំរ៉ៃ និងមានផ្ទៃពោះ នៅវ័យចំណាស់ដែលជាកត្តាប្រឈមនឹងហានិភ័យខ្ពស់ បានទទួលមរណភាពក្នុងរោគវិនិច្ឆ័យ «ពុលប្រព័ន្ធខួរក្បាលដោយសារថ្លើម និងខ្សោយតម្រង់នោមស្រួចស្រាល់ក្រោយសម្រាល»

អ្នកស្រី ថុង គឹមហេង និងថុង គឹមហួយ ផ្តល់បទសម្ភាសន៍ជាមួយ ខេមបូចា បណ្តើរឱ្យប្អូនប្រុសទើបកើតបៅទឹកដោះគោបណ្តើរ ពីមុខរូបថតម្តាយដែលទើបស្លាប់ថ្មីៗ។ រូបថតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

អ្នកស្រី ថុង គឹមហេង អាយុ២២ឆ្នាំជាកូនសពស្រ្តីរងគ្រោះខាងលើធ្លាប់បានប្រាប់ខេមបូចាថា ម្តាយរបស់ នាងមិនមែនស្លាប់ដោយសារជម្ងឺធ្ងន់ធ្ងររបស់គាត់ដូចការអះអាងរបស់គ្រូពេទ្យនោះឡើយ គឺគាត់ស្លាប់ ដោយសារតែការធ្វេសប្រហេស និងការមិនយកចិត្តទុកដាក់របស់មន្ទីរពេទ្យ ។

អ្នកស្រី គឹមហេង បញ្ជាក់ថា៖«បើសិនជាម្តាយខ្ញុំធ្ងន់ធ្ងរ ហេតុអ្វីគ្រូពេទ្យមិនសង្គ្រោះពីដំបូងមក សង្គ្រោះអ្វីនៅដង្ហើមចុងក្រោយរបស់គាត់ សង្រ្គោះទាន់ពេល រឺអត់ មិនទាន់ទេ! រយៈពេលពីរថ្ងៃអ្នកជម្ងឺ លែងដឹងខ្លួនហើយ ដល់ដង្ហើមចុងក្រោយហើយទើបមកសង្គ្រោះតើបានប្រយោជន៍អ្វីដល់អ្នកជម្ងឺ វាគ្មានបានប្រយោជន៍អីទាល់តែសោះ! ម្តាយខ្ញុំអស់កម្លាំងរលីងហើយនោះ

ទោះបីយ៉ាងណាអ្នកស្រី ថុង គឹមហេង បានប្រាប់ខេមបូចាកាលពីថ្ងៃទី២៨ ខែមិថុនា ជាថ្មីថា នាងមិនបាន ដឹងព័ត៌មានទាក់ទងការដកប្រធានមន្ទីរពេទ្យ និងដាក់ពិន័យគ្រូពេទ្យខាងលើនោះទេ ប៉ុន្តែកន្លងមក នាងប្រាប់ថាបានទទួលព័ត៌មានថា លោក កាក់ សិលា ប្រធាន​មន្ទីរពេទ្យបានលាលែងពីតំណែងបន្ទាប់ ពីមានអ្នកគ្រូបង្រៀនម្នាក់ទៀតបានស្លាប់ជាមួយកូនក្នុងផ្ទៃនៅមន្ទីរពេទ្យនេះដែរ។

អ្នកស្រី ថុង គឹមហេង បាននិយាយថា ការដកប្រធានមន្ទីរពេទ្យ និងការដាក់ទណ្ឌកម្មវិន័យ លើគ្រូពេទ្យគឺ ជារឿងល្អមួយ ដើម្បីជាគំរូដល់គ្រូពេទ្យទូទៅ។

អ្នកស្រី ថុង គឹមហេង បន្ថែមថា៖ «សម្រាប់ខ្ញុំ បើពួកគាត់ធ្វើខុសដាក់ពិន័យបែបនេះល្អ កុំឱ្យអ្នកផ្សេង ស្លាប់ដោយសារការធ្វេសប្រហែសបែបហ្នឹងទៀត»

ក្រៅពីករណីស្លាប់ស្រ្តីខាងលើ ក៏មានគ្រូបង្រៀនម្នាក់បានស្លាប់ជាមួយកូនក្នុងផ្ទៃ​ក្នុងមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបងនេះផងដែរ នេះបើតាមគណនីយហ្វេសប៊ុកមួយឈ្មោះ Dalin Voeun បានបង្ហោះកាលពី​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

គណនីយហ្វេសប៊ុកនេះបញ្ជាក់ថា រូបគាត់ជាបងជីដូនមួយគ្រូបង្រៀនថ្នាក់មត្តេយ្យនៅសាលាបឋមសិក្សាស្វាយធំ ដែលស្លាប់ទាំងម្តាយទាំងកូនក្នុងពោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(អតីតមន្ទីរពេទ្យធំ)​។

ស្រ្តីដែលជាម្ចាស់គណនីយហ្វេសប៊ុក Dalin Voeunបានសរសេរបន្ថែមថា៖ «ធ្វើ​ការធ្វេសប្រហែស​ យកជីវិតគេមកលែងសើច​ ដឹងទេថាគេឈឺចាប់ប៉ុណ្ណា​! ពេទ្យអើយពេទ្យ!​ យកបេះដូងមកធ្វើការផង អាយុជីវិត​គេ​ណា​! សូមប្អូនស្រីនិងកូនទៅអោយបានសុខ​ ជាតិក្រោយកុំឱ្យអាយុខ្លីចឹងទៀត»

ខេមបូចាមិនអាចទំនាក់ទំនងលោក កាក់ សិលា អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដើម្បីបំភ្លឺ បន្ថែមបាននោះទេ។

ទោះបីយ៉ាងណាលោក ហាន ឧត្តម មានឋានន្តរស័ក្តិមន្រ្តីសុខាភិបាលជាន់ខ្ពស់ដើមខ្សែពិសេសថ្នាក់លេខ៦នៃក្របខណ្ឌមន្រ្តីសុខាភិបាលជាន់ខ្ពស់ ដែលត្រូវបានប្រកាសតែងតាំងឱ្យកាន់ដំណែងជាប្រធានមន្ទីរពេទ្យបង្អែកបាត់ដំបងថ្មី បានសម្តែងក្តីរន្ធត់ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើងកន្លងមក។

លោក ហាន ឧត្តម បានសន្យាក្នុងពេលប្រកាសតំណែងថា នឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ជាមួយសហការី និងបងប្អូនទាំងអស់គ្នាដើម្បីធ្វើកិច្ចការងារបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ។

លោកបន្តថា៖«យើងត្រូវរួមគ្នាសាមគ្គីជាធ្លុងមួយ ជួយគ្នាទៅវិញទៅមក ផ្លាស់ប្តូឥរិយាបទ ទម្លាប់ធ្វើការងារ ប្រកាន់យកក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនដើម្បីបម្រើសេវាសុខភាពជូនប្រជាជនឱ្យបានល្អប្រសើរឡើង ប្រកបដោយគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព»

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានថ្លែងក្នុងពិធីប្រកាសប្រធានមន្ទីរពេទ្យបង្អែកបាត់ដំបងថ្មីថាការដាក់ទណ្ឌកម្មវិន័យលើមន្រ្តីសុខាភិបាលខាងលើនេះ គឺជាគំរូមួយសម្រាប់អនុវត្តន៍ទូទាំងប្រទេសពីព្រោះការស្លាប់របស់អ្នកជំងឺនេះ គឺកើតឡើងគ្រប់កន្លែងសូម្បីមន្ទីរពេទ្យនៅភ្នំពេញ រឺមន្ទីរពេទ្យបរទេសក៏មានដូចគ្នា។

លោក សុខ លូ បានជម្រុញឱ្យប្រធានមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងថ្មីរៀបចំពិនិត្យមើលសេវាឡើងវិញទាំងអស់ក្នុងមន្ទីរពេទ្យដើម្បីបម្រើសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការគ្រប់គ្រងហិរញ្ញប្បទានឡើងវិញ​។

លោក សុខ លូ បន្ថែមថា៖ «ខ្ញុំប្រគល់សិទ្ធិឱ្យប្រធានមន្ទីរពេទ្យថ្មីរៀបចំមើលសេវាឡើងវិញទាំងអស់ ប្រើធម៌ក្តៅខ្លះមើល ខ្ញុំនឹងចូលរួមរៀបចំការងារនេះ មិនឱ្យរខេករខាកទៀតនោះទេខ្ញុំប្រាប់ឱ្យហើយ»

លោក សុខ លូ បន្តថា៖ «លើកនេះខ្ញុំនឹងចូលរួមជួយ ទាំងមន្ទីរសុខាភិបាលខេត្ត ទាំងមន្ទីរពេទ្យខេត្ត ស្រុកប្រតិបត្តិ ការិយាល័យផ្សេងៗ ត្រូវជួយកិច្ចការហ្នឹង! អ្វីយើងធ្វើបានយើងត្រូវធ្វើ! អ្វីយើងធ្វើមិន បាន ទំហំថវិកាធំយ៉ាងម៉េច?យើងពិភាក្សាស្នើសុំថ្នាក់លើបន្ថែមទៀត»។

ទិដ្ឋភាពពីមុខមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងដែលមានអ្នកជំងឺចេញចូល ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺ។ រូបថតថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ មាស ភារុណ)

លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធភាពគណនេយ្យភាពសង្គមកម្ពុជា បានកត់សម្គាល់ថា ការផ្ទេរតួនាទីនិងដាក់ទណ្ឌកម្មវិន័យចំពោះមន្រ្តី វាជារឿងមួយហើយ ក៏ប៉ុន្តែសួរថាក្រោយបញ្ហាកើតឡើង មានអ្វីជាវិធានការថ្មី ដើម្បី​ធានានូវការមិន​ឱ្យកើតមាននៅបាតុភាព រឺកើតមានផលប៉ះពាល់បែបនេះទៀតក្នុងវិស័យសុខាភិបាលទេ។

លោក សន ជ័យ បន្ថែមថា៖ «ការរៀបចំវិធានការថ្មីបន្ថែមទៀតដើម្បីធានាថាប្រព័ន្ធនៃការផ្តល់សេវាសុខាភិបាលក្នុងរដ្ឋបាលខេត្ត ត្រូវបានពង្រឹង ត្រូវបានរកវិធីសាស្រ្ត មធ្យោបាយផ្សេងៗសម្រាប់ជាដំណោះស្រាយ ដើម្បីកុំឱ្យរឿងដដែលៗកើតឡើងបន្តទៀត នេះជាអ្វីមួយដែលយើងចង់ឃើញចង់លឺអំពីវិធានការផ្សេងៗដើម្បីប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាល និងដើម្បីបង្ការនូវបញ្ហានេះកុំឱ្យវាកើតឡើងបន្តទៀត»

ចំណែកលោក យង់ គិមអេង នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព បានថ្លែងថា ការបាត់បង់ជីវិតមនុស្សដោយមិនសមហេតុផលនេះគឺជាក្តីសោកសៅមួយ និងក៏ជាការសោកស្តាយ​បំផុត ដែលមន្ទីរពេទ្យនៅតែបណ្តែតបណ្តោយ​ឱ្យមានការស្លាប់បាត់បង់ជីវិតដោយមិនបានយកចិត្តទុកដាក់ឱ្យបានដិតដល់។ លោកបន្តថា ការដកពួកគាត់ចេញពីតួនាទី និងដាក់ទណ្ឌកម្មវិន័យ គឺជារឿងមួយ បើសិនជារកឃើញថា ពួកគាត់ព្រងើយកន្តើយចំពោះការអនុវត្តតួនាទីភារកិច្ចគួរតែដាក់ទោសទណ្ឌ ប្រឈមមុខនឹងតុលាការបន្តទៀត។

លោក យង់ គិមអេង បន្ថែមថា៖ «ព្រោះយើងមិនអាចថា គ្រាន់តែដកតំណែងប៉ុណ្ណឹង រួចខ្លួនមិនចឹងទេបាទ! បើសិនគាត់អនុវត្តន៍ក្នុងតួនាទីរបស់គាត់ មានបញ្ហាបច្ចេកទេសខ្លះអានឹងវាមិនអីទេ! បើសិនគាត់មានចេតនាមិនអើពើ មិនរវីរវល់ចំពោះអ្នកជំងឺទុក​ឱ្យគេស្លាប់ ឧបមាថា ទារលុយមុនហូរហែជាដើមនោះ គឹមិនមែនគ្រាន់តែដាក់ទណ្ឌកម្ម ដកហូតតួនាទីតំណែងទេ ត្រូវតែយកទៅប្រឈមមុខចំពោះច្បាប់ ត្រូវឱ្យតុលាការសម្រេចសេចក្តី បើថាទោសគាត់ត្រូវជាប់ពន្ធនាគារ ត្រូវដាក់ពន្ធនាគារបានទៅរួច»

លោកបន្ថែមថា៖ «កុំឱ្យមានគំរូមិនល្អដល់ក្រោយទៀត គេយកគំរូតាមនឹងជាបញ្ហា វាអាចជះឥទ្ធិពលអាក្រក់សម្រាប់វិស័យសុខាភិបាលនៅប្រទេសកម្ពុជាយើងជាបន្តបន្ទាប់ នេះហើយដែលធ្វើឱ្យគេរាងចាលគេខ្លាច គេមិនហ៊ានចូលទៅព្យាបាលហើយជ្រើសរើសយកការព្យាបាលក្រៅប្រទេស»

ខេមបូចា បានទាក់ទងសុំការបំភ្លឺបន្ថែមតាមទូរស័ព្ទពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនារសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤​ ដោយលោកជំទាវឆ្លើយយ៉ាងខ្លីរួចបិទទូរស័ព្ទ។

លោកស្រីវេជ្ជបណ្ឌិត វណ្ណឌីន មានប្រសាសន៍ខ្លីថា៖ «សុំទោស ក្មួយអើយ គេកែទម្រង់ហើយ ក្មួយណា! សុំទោសៗ!»

ក្រសួងសុខាភិបាលបានបង្ហាញរបាយការណ៍ក្នុងថ្ងៃទិវាជាតិ«សុខភាពមាតា​ទារកនិងកុមារ»នាថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឱ្យដឹងថា អត្រាមរណភាពទារក កុមារ និងកុមារអាយុក្រោម៥ឆ្នាំ បានថយចុះច្រើនជាងពាក់កណ្តាលធៀបនឹងឆ្នាំ២០១៤ មកត្រឹម ៨,១២ និង១៦ ក្នុង ១ ០០០កំណើតរស់ នាឆ្នាំ២០២១​-២០២២។ នេះមានន័យថា ប្រទេសកម្ពុជាសម្រេចបានរួចហើយនូវគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាព​នៅឆ្នាំ២០៣០ ក្នុងការបញ្ចប់ការស្លាប់ដែលអាចបង្ការបានរបស់ទារក កុមារក្រោម១ឆ្នាំ និងកុមារអាយុ​ក្រោម៥ឆ្នាំ។

ក្រសួងសុខាភិបាលបានបញ្ជាក់លើផេកផ្លូវការរបស់ក្រសួងថាបន្ថែមថា ស្ត្រីមានផ្ទៃពោះស្ទើរតែទាំងអស់ទទួលបានការថែទាំផ្ទៃពោះមុនពេលសម្រាលកូន៩៩នាក់ក្នុង១០០នាក់ បានរាយការណ៍បានទទួលការថែទាំពីបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាលក្នុងកំឡុងពេលមានផ្ទៃពោះដែលអត្រានេះ ជាការកើនឡើងគួរឱ្យកត់សម្គាល់ពី៣៨%ក្នុងឆ្នាំ២០០០។ ដូចគ្នានេះដែរ ស្ទើរតែគ្រប់ការសម្រាលទាំងអស់នៅកម្ពុជា គឺដោយបុគ្គលិកសុខាភិបាលដែលបានបណ្តុះបណ្តាល ដែលបានកើនពី៣២%ក្នុងឆ្នាំ២០០០ ដល់៩៩%ក្នុងឆ្នាំ២០២១-២០២២៕

175 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម