សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

របាយការណ៍របស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៖ កម្ពុជាមិនបានគោរពតាម «ស្តង់ដារអប្បបរមា» ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

ទីតាំងឆបោកនៅលើភ្នំបូកគោ ខេត្តកំពត (ខេមបូចា/ Jack Brook)
ទីតាំងឆបោកនៅលើភ្នំបូកគោ ខេត្តកំពត (ខេមបូចា/ Jack Brook)

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញ​របាយ​ការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកម្ពុជាមិន​បាន​គោរ​ព​តាម «ស្តង់ដារអប្បបរមា» ក្នុង​ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ហើយ «មិនបានខិតខំប្រឹងប្រែងជា​ដុំកំភួន​ ដើម្បីធ្វើដូច្នេះទេ» ក្នុងរយៈពេល​ពីរ​ឆ្នាំ​ជាប់គ្នា​នេះ។

របាយការណ៍ថ្មីបំផុត ស្តីពី​ការជួញដូរមនុស្ស (TIP) របស់ក្រសួងការបរទេសអាមេរិក​បានបន្ត​ដាក់​​​ប្រទេសកម្ពុជាក្នុងកម្រិត៣ដដែល​ ជាចំណាត់ថ្នាក់ទាបបំផុតដែលមានន័យថា រដ្ឋាភិបាល​មិន​បានខិតខំប្រឹងប្រែង «ជាដុំកំភួន​ និងប្រកប​ដោយ​និរន្តរភាព» ដើម្បីលុប​បំបាត់​ការជួញដូរមនុស្ស និងដាក់​ឱ្យជនល្មើស​ទទួលខុសត្រូវ។

របាយការណ៍នេះបានគូសបញ្ជាក់អំពីការ​រីករាលដាល​ នៃឧស្សាហកម្មឆបោកតាម​អ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ដោយប៉ាន់ស្មានថា ជនរងគ្រោះជាង ១០ ០០០នាក់ ត្រូវបានឃុំខ្លួននៅតាម​ទីតាំងឆបោកនៅក្នុងប្រទេសនេះ​។

លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃមាន​ប្រសាសន៍​ថា កម្ពុជា​មិន​មាន​ការ​​ព្រួយ​បារម្ភ​ចំពោះ​ការ​រក​ឃើញ​របស់​របាយការណ៍ TIP ទេ។ ក្រសួងមហាផ្ទៃគ្រប់​គ្រង​អគ្គស្នងការ​នគរបាលជាតិ ហើយមានភារកិច្ចដឹកនាំកិច្ចប្រឹងប្រែងប្រឆាំង​ការជួញដូរមនុស្ស​នៅកម្ពុជា។

លោក ខៀវ សុភ័គ បាន​ថ្លែងថា៖ «​វា​ជា​សិទ្ធិ​របស់​ពួកគេ [រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក]។ ​ពួកគេ​ចង់​និយាយអ្វីក៏និយាយទៅ​ ហើយ​យើង​នឹង​នៅ​តែ​បន្ត​ធ្វើ​ការងារ​របស់​យើង​ដដែល»។ លោក​បន្ត​ថា៖ «​ពួកគេ​មិន​គួរ​ពាក់ព័ន្ធ​ជាមួយ​កម្ពុជា​ទេ វា​[ ប្រទេស]ផ្សេង​គ្នា​ រវាង​សហរដ្ឋ​អាមេរិក និង​កម្ពុជា ហើយ​អធិបតេយ្យភាព​ទឹកដី​ផ្សេង​គ្នា»

របាយការណ៍ TIP កត់សម្គាល់ថា៖ «កាន់តែខ្លាំងឡើង ក្រុមឧក្រិដ្ឋជនដែលមានការ​ចាត់​តាំង​និង​មាន​មូលដ្ឋាននៅប្រទេសចិន​ បន្លំធ្វើជាមេខ្យល់រក​ការងារឱ្យធ្វើ​ និង​ប្រើប្រាស់បណ្តាញ​សង្គម ដើម្បីជ្រើសរើសពលករអាហ្វ្រិកខាងកើត និងអាស៊ី ដែលមានជំនាញភាសាអង់គ្លេស ឬចំណេះដឹងបច្ចេកទេសសម្រាប់បម្រើ​ការងារ ដែលអាចរកប្រាក់បានច្រើន​សន្ធឹកសន្ធាប់ ដូចជានៅក្នុងប្រទេសកម្ពុជា ថៃ ឡាវ និងកន្លែងផ្សេងទៀតនៅក្នុងតំបន់»

របាយការណ៍ដដែល​បានរកឃើញថា ក្រុម​ជួញដូរមនុស្ស​បានប្រើតារាងការងារក្លែង​ក្លាយ​ទាំង​នេះ ដើម្បីអូសទាញមនុស្សមកពី «រាប់សិបប្រទេស» ចូលទៅក្នុងទីតាំង ដែលមានការ​យាម​កាម ដែលគេហៅ​ថា ជា«មជ្ឈមណ្ឌលឆបោក»ជាទី​ដែលពួកគេ​ត្រូវបានបង្ខំឱ្យ​អនុវត្តការ​ឆបោក​​តាមអន​ឡាញ​។ ការឆបោកទាំងនោះ​​រួមមាន «ការលក់ក្លែងបន្លំផ្អែកលើកូតា។ ល្បែង​អនឡាញខុសច្បាប់ និងគម្រោងវិនិយោគ​ និងការឆបោកតាម​រយៈបង្កើត​ទំនាក់ទំនង​ស្នេហា»

របាយ​ការណ៍​បាន​បន្ត​ថា ជន​រង​គ្រោះ​ដោយ​ការ​ជួញ​ដូរ​ក៏​ត្រូវ​រង​ការ​រំលោភ​បំពាន​លើ​រាង​កាយ អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​បង្ខាំង​​នៅ​ក្នុង​ទីតាំង​​ទាំង​នេះ​ផង​ដែរ។

របាយការណ៍បានរកឃើញថា៖ «ក្រុមហ៊ុនកាស៊ីណូ និងក្រុមហ៊ុន​ដែល​មិន​ធ្វើ​ជំនួញ​ ដែល​ប្រតិបត្តិការនៅតាម​សណ្ឋាគារ ដែលមិនប្រើប្រាស់ និងទីតាំង​ពាណិជ្ជកម្មដែល​គេ​ជួល និង​រៀប​​ចំ​​ទុក​ផ្សេងទៀតបានក្លាយជាចំណុចប្រមូល​ផ្តុំ​សម្រាប់សកម្មភាពឧក្រិដ្ឋកម្ម ដែលកំពុង​កើនឡើងនេះ ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដាច់ស្រយាល ព្រំប្រទល់​ក្រុង និង​តំបន់ភូមិសាស្រ្តស្មុគស្មាញផ្សេងទៀត ដែលត្រូវបានគេស្គាល់ថា សម្រាប់និទណ្ឌភាព​សិទ្ធិ​មនុស្ស និងការជ្រៀតជ្រែក​ក្នុងការ​អនុវត្តច្បាប់តិចតួច»

លោកស្រី ជូ ប៊ុនអេង អនុប្រធានគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស (NCCT) នៃក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សហរដ្ឋអាមេរិក «គ្មានការអៀនខ្មាសទេ»ហើយមិន​បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបការជួញដូរមនុស្ស និង​ប្រតិបត្តិការ​ឆបោកកាលពីឆ្នាំកន្លងទៅ​។

លោកស្រីបានប្រាប់ខេមបូចានៅសប្តាហ៍នេះថា៖ «វាមិនគួរត្រូវបានប្រើប្រាស់ជាការ​ឆ្លុះ​បញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងប្រឆាំងការជួញដូរទាំងមូលរបស់កម្ពុជានោះទេ។ យើង​កំពុង​ធ្វើការយ៉ាងលំបាក»

លោកស្រីបានថ្លែងទៀតថា៖ «ខ្ញុំចង់និយាយថា វាគ្មានការលើកទឹកចិត្តទេ ហើយប្រសិន​បើពួក​គេ [រដ្ឋាភិបាលសហរដ្ឋអាមេរិក] ប្តេជ្ញាមកជួយកម្ពុជា មានរឿងអ្វីក៏ដោយ ពួកគេ​មិនដែល​ផ្តល់​យោបល់​ដល់យើងទេ ហើយយើងចង់សហការជាមួយ [សហរដ្ឋអាមេរិក] ប៉ុន្តែមិនដឹងថា ពួក​គេ​​នៅ​ឯណា ដូច្នេះ​មិន​ចាំ​បាច់​ធ្វើ​ការ​វាយ​តម្លៃ​ទេ ​មើល [របាយការណ៍] ខ្លួន​ឯងទៅ​»

លោកស្រី Stephanie Arzate អ្នកនាំពាក្យស្ថានទូតអាមេរិកបាន​ថ្លែងនៅក្នុងសេចក្តី​ថ្លែងការណ៍​តាមអ៊ីមែលថា សហរដ្ឋអាមេរិក «នឹងបន្តធ្វើការជាមួយភាគីពាក់ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស»

លោក​ស្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានចាត់វិធានការ «មួយចំនួន​ ដើម្បី​ដោះស្រាយ​បញ្ហា​ជួញដូរមនុស្ស” ដូចជា «ផ្តន្ទាទោសអ្នកជួញដូរមនុស្ស​មួយចំនួន»និង «កំណត់​អត្តសញ្ញាណ និងផ្តល់សេវាដល់​ជនរងគ្រោះមួយចំនួន»។  ប៉ុន្តែ «ការអនុវត្ត​ច្បាប់​បានបរាជ័យក្នុងការដោះស្រាយបញ្ហា​ពល​កម្ម​ដោយបង្ខំនៅ​ក្នុងប្រតិបត្តិការឆបោក​តាម​អ៊ីនធឺណិត»

ចំណាត់ថ្នាក់កម្រិត៣មួយផ្នែក គឺផ្អែកលើ «វិសាលភាពដែលមន្ត្រី ឬបុគ្គលិករដ្ឋាភិបាលបាន​ចូល​ដៃ​ក្នុង​ទម្រង់នៃការជួញដូរធ្ងន់​ធ្ងរ» កត្តាផ្សេងទៀតរួមមានវិធាន​ការណ៍ ក្នុងការនាំយក​ជនល្មើសមក​ទទួលខុសត្រូវ និងធនធានដែលគេលៃលក​ទុក ដើម្បីការពារជនរងគ្រោះ។ កម្ពុជា​​ត្រូវ​បាន​ទម្លាក់​ចំណាត់​ថ្នាក់​ជា​លើក​ដំបូង​មក​នៅកម្រិត​៣ កាល​ពី​ខែ​កក្កដា​មុន​។

អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានថ្លែងថា តាម​ច្បាប់របស់សហរដ្ឋអាមេរិក ប្រទេស​ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់កម្រិត​៣ អាចប្រឈមនឹងការរឹតបន្តឹងលើ «ការផ្តល់មូលនិធិ​ជំនួយ​អាមេរិកមួយចំនួន»ដូចដែលលោក​ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បាន​ប្តេជ្ញា​ចិត្ត​។

អ្នកនាំពាក្យរូប​នេះ មិនបាននិយាយថា តើលោក Biden បានសម្រេចចិត្តថា តើកម្ពុជានឹង​ប្រឈម​នឹងការរឹតបន្តឹងការផ្តល់មូលនិធិដោយសារលទ្ធផលនៃចំណាត់ថ្នាក់កម្រិត​៣របស់​ប្រទេសនេះ​ឬយ៉ាងណា​នោះ​ទេ។

ប្រទេសមួយចំនួន​ទៀតដែលស្ថិតក្នុងកម្រិត​៣ ដែល​រួមមាន ចិន កូរ៉េខាងជើង និងរុស្ស៊ី។ ប្រទេស​អាស៊ី​អាគ្នេយ៍​មួយទៀត​​ដែល​ស្ថិត​ក្នុង​កម្រិត៣នេះដែរ គឺ​មីយ៉ាន់ម៉ា។

វៀតណាម ប្រ៊ុយណេ និងម៉ាឡេស៊ី ត្រូវបានបញ្ចូលក្នុងបញ្ជីតាមដានកម្រិត២ មានន័យថា ពួកគេអាចធ្លាក់​មក​ចំណាត់ថ្នាក់កម្រិត៣ ប្រសិនបើមិន​មាន​ការកែលម្អកិច្ចខិតខំប្រឹងប្រែង​ប្រឆាំងការជួញដូរមនុស្ស។

ទីម័រខាងកើត ថៃ ឡាវ និងជប៉ុន ត្រូវបានរាប់បញ្ចូលជាប្រទេសស្ថិតក្នុងកម្រិត​២ «ដោយ​ខិត​ខំ​ប្រឹងប្រែងគួរឲ្យកត់សម្គាល់​» ដើម្បីអនុវត្តតាមស្តង់ដារនៃរបាយការណ៍នេះ។

សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស សិង្ហបុរី និង​បារាំង ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​កម្រិត​១ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា៖​ «ធ្វើ​បាន​ពេញលេញ​តាម​ស្តង់ដារ​​»

របាយការណ៍ TIP បានកត់សម្គាល់ថា ប្រទេសមួយចំនួនបានចាប់ផ្តើម «ប្រមូលធនធាន និង​យុទ្ធសាស្ត្រ» ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរបស់ខ្លួន ដែលជាប់នៅ​ក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀត។

របាយ​ការណ៍ TIP បានបញ្ជាក់ថា មាន​ការ​ចោទ​ប្រកាន់​ចំនួន ៤​ ៥៧០នាក់​នៅទូទាំង​អាស៊ី​បូព៌ា និងប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានការកាត់ទោសចំនួន ១ ៦០៧នាក់​​ និងកំណត់​អត្តសញ្ញាណជនរងគ្រោះ ៤ ៦៣៥នាក់។ នេះគឺជាការកើនឡើងបើធៀបនឹង​ឆ្នាំ២០២១ ដែល​ពេលនោះ​ TIP រកឃើញ​ថា មាន​ការចោទប្រកាន់​ចំនួន១.៤៤០នាក់ និងការផ្តន្ទាទោស​ចំនួន ១ ០៦៦ និង​កំណត់​អត្តសញ្ញាណ​ជនរងគ្រោះបានចំនួន ៣ ៣៤៨នាក់។

របាយការណ៍នេះបានគូសបញ្ជាក់ពី​កោះតៃវ៉ាន់ ផងដែរ ដែលកាលពីដើមឆ្នាំនេះ​បានចាប់​ផ្តើម​បើកដំណើរការ​ការិយាល័យប្រឆាំងការឆបោក​ ដើម្បីប្រយុទ្ធប្រឆាំងនឹងជនប្រព្រឹត្ត​អំពើ​ឆបោក។

របាយការណ៍ TIP បានកត់សម្គាល់ថា កាលពីឆ្នាំមុន កោះតៃវ៉ាន់ «បានកំណត់ទីតាំង និង​ធ្វើ​មាតុភូមិនិវត្តន៍មនុស្សរាប់រយនាក់ពីប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត​នៅក្នុងប្រទេសកម្ពុជា​ទៅវិញ​ ហើយបានចោទប្រកាន់ជនជាតិ​តៃវ៉ាន់រាប់សិបនាក់ ដែលតាម​ចោទថា បានចូលដៃ​ក្នុងការជ្រើសរើសបុគ្គលិក»

មួយផ្នែក កិច្ចខិតខំប្រឹងប្រែងទាំងនេះ ពាក់ព័ន្ធនឹងការជួយសង្គ្រោះជនជាតិតៃវ៉ាន់ ចេញ​ពីទី​តាំង​​នៅ​ភ្នំបូកគោ និងកាត់ទោសក្រុម​ជន​ខិលខូចឆបោក ដោយប្រើប្រាស់សណ្ឋាគារមួយ ដែល​ជាកម្មសិទ្ធិរបស់សេដ្ឋី​កម្ពុជា ដែលមានខ្នងក្រាស នេះបើសេចក្តី​រាយការណ៍របស់​ខេមបូចា កាលពីខែកុម្ភៈ។

ចាប់តាំងពីឆ្នាំ២០២១មក ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ ដែលដឹកនាំមុខ​គេ ដោយ​ស្ថាប័ន​​ព័ត៌មាន​សំឡេងប្រជាធិបតេយ្យ​(VOD) បានធ្វើ​សេចក្តី​រាយ​ការណ៍ជាច្រើនស្តីពីការ​ជួញដូរមនុស្ស ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកនៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ម៉ិច ដារា អ្នកសារព័ត៌មាន​កម្ពុជាទទួលបានពានរង្វាន់ “TIP Hero Award” ពីរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីថ្ងៃព្រហស្បតិ៍។ (រូបភាពផ្តល់ឱ្យ)

ក្រសួងការបរទេសសហរដ្ឋអាមេរិកបានផ្តល់​ពាន​រង្វាន់​ «TIP Report Hero» ដល់​ អ្នកសារព័ត៌មាន​ ម៉ិច ដារា សម្រាប់អត្ថបទ​ស៊ើបអង្កេតស្តីពីឧស្សាហកម្មឆបោកនៅ​ក្នុង​ប្រទេស​កម្ពុជា។

របាយការណ៍​អះអាងថា៖ «សេចក្តី​រាយការណ៍របស់លោក ម៉ិច ដារា ស្តីពីការកើនឡើងនៃ​ករណី​ជួញដូរ​មនុស្សនៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងការឆបោកតាមអ៊ីនធឺណិត​ជា​សាកល គឺជាផ្នែក​ស៊ើបអង្កេតស៊ីជម្រៅដំបូងបង្អស់លើប្រធានបទនេះ ដែលនាំមកនូវការចាប់​អារម្មណ៍ពីអន្តរជាតិ និងការរីកចម្រើន​នៅក្នុងវិធានការប្រឆាំងនឹងការជួញដូរមនុស្ស​របស់​រដ្ឋាភិបាលកម្ពុជា»

រដ្ឋាភិបាល​កម្ពុជា​បាន​ដក​អាជ្ញាប័ណ្ណរបស់​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ​កាល​ពី​ខែ​កុម្ភៈ។

កាលពីថ្ងៃព្រហស្បតិ៍ លោក ដារ៉ា និងក្រុមការងារនៃអត្ថបទ​ស៊ើបអង្កេតរបស់VOD ដែលមាន​ចំណងជើងថា«ធ្វើជាទាសករ» ដែលបាន​លាតត្រដាងអំពីប្រតិបត្តិការឧស្សាហ៍កម្ម​បោក​ប្រាស់​ដែលពាក់ព័ន្ធ​នឹង​នយោបាយ ក្នុងប្រទេសកម្ពុជា​ បានទទួលពានរង្វាន់ the Society of Publishers in Asia (SOPA) Carlos Tejada Award for Excellence in Investigative Reporting។

ចៅក្រមរបស់​ SOPA ម្នាក់បានអះអាងថា៖ «អ្នកសារពត៌មានដ៏ក្លាហាន និងដ៏សំខាន់លើ​ប្រធានបទ​ដ៏គួរ​ឲ្យ​ខ្លាច​។ រឿងទាំងនេះបានពិពណ៌នា​អំពី​រូបភាពដ៏ក្រៀម​ក្រម​​នៃអ្នក​ដែល​ជាប់​ក្នុងប្រព័ន្ធនេះ ​តាំង​ពី​ការលក់​ដូរមនុស្សពី​អគារមួយ​ទៅអគារមួយ​ក្នុងក្រុងព្រះសីហនុ រហូត​ដល់​មាន​ការ​សម្រេច​កិច្ច​ព្រមព្រៀង​តាម​តេឡេក្រាមជាដើម»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia Fails to Meet “Minimum Standards” for Combating Human Trafficking, US Gov’t Reports

345 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម